ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើការកត់សម្គាល់ថា ការប្រយុទ្ធប្រឆាំងជំងឺអេដស៍មិនទាន់ទទួលបានជោគជ័យនោះទេ ហើយវានៅមានលក្ខណៈផុយស្រួយណាស់ បើប្រៀបធៀបទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ ដូចជាជំងឺស្វិតដៃជើងជាដើម។
សម្ដេចបានមានប្រសាសន៍នេះក្នុងឱកាសអនុញ្ញាតឲ្យគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ដឹកនាំដោយលោក នុត សុខុម ទេសរដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងបណ្ដាក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលរួមមានអង្គការយូអ៊ិនអេដស៍ចូលជួបនាព្រឹកថ្ងៃទី២៩ ខែមិថុនា ២០០៩ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងកិច្ចជំនួបនោះ សម្ដេចតេចជោហ៊ុន សែន បានក្រើនរំលឹកថា ការប្រយុទ្ធប្រឆាំងជំងឺអេដស៍មិនទានទទួលបានជោគជ័យនោះទេ ហើយវានៅមានលក្ខណៈផុយស្រួយណាស់បើប្រៀបធៀបនឹងយុទ្ធនាការនានាដែលក្រសួងសុខាភិបាលបានធ្វើកន្លងមក ព្រោះយើងនៅមានបញ្ហាប្រឈមយ៉ាងច្រើនដូចជា ស្ត្រីរកស៊ីផ្លូវភេទនៅតែមានប្រព្រឹត្តដោយលួចលាក់ខុសច្បាប់ ដែលការរកស៊ីខុសច្បាប់នេះបានធ្វើឲ្យមានការរីរាលដាលនៃមេរោគអេដស៍បញ្ហាចាក់គ្រឿងញៀនរួមគ្នាការកើនឡើងនៃក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ទាំងអស់នេះសុទ្ធតែផ្ដល់ផលអាក្រក់ដល់ការកើនឡើងនៃមេរោគអេដស៍។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយរិះគន់ទៅលើបណ្ដាប្រទេសមួយចំនួនដែលបានបញ្ជូនកងទ័ពចូលរួននៅក្នុងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជាមិនបានបង្ហាញពីការទទួលខុសត្រូវឡើយ ដោយបញ្ជូនទាហាន ប៉ូលិស និងមន្ត្រីរបស់ខ្លួនដែលផ្ទុកដោយមេរោគអេដស៍មកចម្លងដល់ប្រជាជនកម្ពុជា។ សម្ដេចបានបន្តថា កម្ពុជាមិនធ្វើដូច្នេះទេ កម្ពុជាមានការទទួលខុសត្រូវខ្ពស់ណាស់ មុនពេលបញ្ជូនកងទ័ពរបស់ខ្លួនចូលរួមក្រោមប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ យើងតែងតែធ្វើការពិនិត្យឈាមរកមេរោគអេដស៍ហើយបើយុទ្ធជនណាម្នាក់មានផ្ទុកមេរោគអេដស៍ គឺមិនអនុញ្ញាតឲ្យចេញទៅប្រតិបត្តិការឡើយ។
សម្ដេចតេជោ ហ៊ុន សែនបានស្នើឲ្យអាជ្ញាធរអេដស៍ត្រូវខិតខំយកចិត្តទុកដាក់លើវិធានការមួយចំនួនដូចជា ការបើកយុទ្ធនាការណាមួយ ត្រូវតែធ្វើឲ្យបានស្រុះគ្នានៅទូទាំងប្រទេសមិនត្រូវធ្វើមុន ធ្វើក្រោយនោះទេ ដូចជាករណីបង្ក្រាបបនស្រី ត្រូវតែធ្វើទូទាំងប្រទេសបើមិនដូច្នេះទេវានឹងធ្វើឲ្យមានការរត់គេចពីកន្លែងមួយទៅកន្លែងមួយ។ ត្រូវជំរុញឲ្យមានការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ហើយត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីបញ្ហាអេដស៍ ជាមួយនេះត្រូវបញ្ចៀសឲ្យបាននៅការរើសអើងអ្នកកើតជំងឺអេដស៍។
លោក នុត សុខុម បានមានប្រសាសន៍ឲ្យដឹងថា មេរោគអេដស៍បានចាប់ផ្ដើមមាននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ហើយជំងឺនេះបានចាប់ផ្ដើមរីករាលដាលខ្លាំងនៅក្នុងឆ្នាំ១៩៩៧-១៩៩៨ ដែលធ្វើឲ្យអត្រាអ្នកផ្ទុកមេរោគអេដស៍បានកើនឡើងចំនួន៣ភាគរយក្នុងចំណោមមនុស្សមានអាយុពី១៥ឆ្នាំដល់៤៩ឆ្នាំ។ ក៏ប៉ុន្តែដោយមានការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងមានការជួយគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិមួយចំនួនបានធ្វើឲ្យអត្រានៃអ្នកផ្ទុកមេរោគអេដស៍បានថយចុះមកនៅត្រឹមក្រោមមួយភាគរយនៅក្នុងឆ្នាំ២០០៦៕





