ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

បូក​សរុប​ការងារ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​២០០៧​ និង​ទិសដៅ​២០០៨

ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ក្នុង​កិច្ច​ប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ហ៊ុន សែន (រូប​ថត ច័ន្ទថា)រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ប្រចាំ​ឆ្នាំ​២០០៧​ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០០៨​ នៅ​ទីស្ដីការ​បណ្ដោះ​អាសន្ន​នៃ​គណៈរដ្ឋមន្ត្រី​ ។

សុន្ទរកថា​របស់​លោក​ជំទាវ​ អ៊ឹង​ កន្ថាផាវី​ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ បាន​ឲ្យ​ដឹង​ថា​ ឆ្នាំ​២០០៧​ កន្លង​ទៅ​ក្រសួង​ ស្ថាប័ន​ និង​ខេត្ត​ -​ ក្រុង​មួយ​ចំនួន​ ដែល​បាន​បើក​សិក្ខាសាលា​រួច​បាន​សហការ​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​យ៉ាង​សកម្ម​ ។​ សកម្មភាព​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​សង្កត់​ធ្ងន់​លើ​ការងារ​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសញ្ញា​ CEDAW​ និង​យោបល់​សន្និដ្ឋាន​៤២​ ចំណុច​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​ CEDAW​ នៅ​អង្គការ​សហប្រជាជាតិ​ នៅ​ថ្នាក់​ជាតិ​បាន​ចប់​ជា​ស្ថាពរ​ចំនួន​២៥​ក្រសួង​ ស្ថាប័ន​ និង​ថ្នាក់​ខេត្ត​ -​ ក្រុង​ចំនួន​១៥​ ព្រម​ទាំង​មាន​ការ​យក​ចិត្ត​ទុកដាក់​ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ ស្ថាប័ន​ និង​សមាជិក​ -​ សមាជិកា​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ ។​ ជាង​នេះ​ទៅ​ទៀត​លោក​ លោកស្រី​ ដែល​ជា​សមាជិក​ សមាជិកា​ក.ជ.ក.ស​ បាន​ចូលរួម​ដឹកនាំ​គណៈប្រតិភូ​ចុះ​ទៅ​ផ្សព្វផ្សាយ​អនុសញ្ញា​ CEDAW​ និង​ យោបល់​សន្និដ្ឋាន​៤២​ ចំណុច​នៅ​ខេត្ត​ -​ ក្រុង​ ។

លោក​ជំទាវ​អ៊ឹង​ កន្ថាផាវី​ បញ្ជាក់​ថា​ ការងារ​ចុះ​ផ្សព្វផ្សាយ​យ៉ាង​ផុលផុស​បាន​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​គ្រប់​រូបភាព​ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ និង​កាន់​តែ​ទទួល​ស្គាល់​ការងារ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ (ក.ជ.ក.ស)​ ព្រម​ទាំង​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ថែម​ទៀត​ ។​ ទាក់​ទិន​ នឹង​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០០៨​លោក​ស្រី​អ៊ឹង​ កន្ថាផាវី​ មាន​ប្រសាសន៍​ថា​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ ការ​ត្រៀម​សរសេរ​របាយការណ៍​ជាតិ​លើក​ទី​៤​ លើក​ទី​៥​ ស្ដីពី​ការ​អនុវត្ត​អនុសញ្ញា​ CEDAW​ នៅ​កម្ពុជា​ទៅ​អង្គការ​សហប្រជាជាតិ​។​ ត្រៀម​រៀបចំ​នីតិវិធី​នៃ​ការ​ផ្ដល់​សច្ចាប័ន​លើ​ពិធី​សារ​តាម​ជម្រើស​របស់​អនុសញ្ញា​ CEDAW​ ដែល​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​នា​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០០១​ កន្លង​មក​ ។​ ការងារ​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសញ្ញា​ CEDAW​ និង​យោបល់​សន្និដ្ឋាន​៤២​ចំណុច​របស់​អ.ស.ប​ ។​ បន្ត​ការ​ផ្សព្វផ្សាយ​នៅ​តាម​ក្រសួង​៣​ទៀត​ គឺ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​អន្តរជាតិ​ ក្រសួង​ផែនការ​ និង​ក្រសួង​យុត្តិធម៌​ និង​តាម​ខេត្ត​ក្រុង​ដូចជា​ខេត្ត​រតនគិរី​ មណ្ឌលគីរី​ ស្ទឹងត្រែង​ ព្រះវិហារ​ បន្ទាយ​មានជ័យ​ កណ្ដាល​ កោះកុង​ និង​ក្រុង​ប៉ៃលិន​ ។​ ត្រៀម​សហការ​ជាមួយ​អង្គការ​សន្តិភាព​ និង​អភិវឌ្ឍន៍​របស់​ប្រទេស​អេស្ប៉ាញ​ ដើម្បី​ចុះ​ផ្សព្វផ្សាយ​អនុសញ្ញា​ CEDAW​ នៅ​តាម​ស្រុក​ក្នុង​ខេត្ត​៤​ គឺ​ខេត្ត​ក្រចេះ​ មណ្ឌល​គិរី​ ស្ទឹងត្រែង​ និង​រតនគិរី​ ។​ ការ​ចុះ​តាមដាន​វាយ​តម្លៃ​ការ​អនុវត្តន៍​ច្បាប់​អំពី​ហិង្សា​លើ​ស្ត្រី​ ។​ ការងារ​តាមដាន​ និង​វាយតម្លៃ​ការងារ​ផ្សព្វផ្សាយ​ខ្លឹមសារ​អនុសញ្ញា​ CEDAW​ ។​ ការងារ​ប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០០៨​ និង​លើក​ទិសដៅ​សកម្មភាព​ឆ្នាំ​២០០៩​របស់​ក.ជ.ក.ស​ ។

កម្រង​អនុសាសន៍​សម្រាប់​អនុវត្ត​ការងារ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​សំដៅ​ទប់ស្កាត់​ បង្ការ​ បង្ក្រាប​ និង​ផ្ដន្ទាទោស​ជនល្មើស​ដើម្បី​លើក​ឡើង​នូវ​វិធានការ​ជួយ​ជនរងគ្រោះ​ មាន​កិច្ច​សហការ​ល្អ​រវាង​ស្នងការ​នគរបាល​ និង​តុលាការ​ខេត្ត​ -​ ក្រុង​ គឺ​ជា​កត្តា​កំណត់​ជោគជ័យ​ ឬ​បរាជ័យ​ក្នុង​ការ​ផ្ដន្ទាទោស​ជន​ល្មើស​ ។​ ខេត្ត​ -​ ក្រុង​ នានា​ដែល​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំង​ពីរ​សហការ​គ្នា​ល្អ​ ការ​អនុវត្ត​ច្បាប់​ គឺ​មាន​ប្រសិទ្ធភាព​ ។​ ដោយ​ឡែក​ខេត្ត​ -​ ក្រុង​ណា​ដែល​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំងពីរ​មើល​បំណាំ​គ្នា​ ឆ្លើយ​ដាក់​គ្នា​ គឺ​ការ​អនុវត្ត​ច្បាប់​ពុំ​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ជន​ល្មើស​រួច​ខ្លួន​ពី​ទោស​ទណ្ឌ​ ។

អនុសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី​ សូម​ឲ្យ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌​ ជួយ​ណែនាំ​បន្ថែម​ដល់​មន្ទីរ​ទាំង​ពីរ​ខាង​លើ​ ឲ្យ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ ។​ សំណូម​ពរ​អាជ្ញាធរ​ខេត្ត​ -​ ក្រុង​បិទ​កន្លែង​បញ្ចាំង​វីដេអូ​អាសអាភាស​ ដែល​ជា​កត្តា​អាក្រក់​បំផុត​នាំ​ឲ្យ​កើត​ឡើង​នូវ​អំពើ​ចាប់​រំលោភ​សេពសន្ថវៈ​ ជួញដូរ​មនុស្ស​ និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ។​ សូម​ជួយ​ធ្វើ​ការ​អប់រំ​ដល់​សាធារណជន​ឲ្យ​យល់​ដឹង​អំពី​សិទ្ធិ​ និង​ អំពី​នីតិវិធី​តុលាការ​ និង​ជួយ​ហ្វឹកហ្វឺន​ដល់​មន្ត្រី​ប៉ូលិស​យុត្តិធម៌​ រដ្ឋ​អំណាច​មូលដ្ឋាន​ឲ្យ​យល់​ដឹង​អំពី​ច្បាប់​ និង​កាតព្វកិច្ច​របស់​ខ្លួន​ ។ទាក់​ទង​នឹង​ការ​ធ្វើ​កោសល្យ​វិច័យ​ គឺ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​នៅ​តាម​មូលដ្ឋាន​ឃុំ​ -​ ភូមិ​ ដោយ​មណ្ឌល​សុខភាព​បង្អែក​ពុំ​អាច​ចេញ​លិខិត​បញ្ជាក់​លទ្ធផល​ឲ្យ​ទាន់​ពេល​វេលា​ និង​ទាមទារ​មាន​ការ​ចំណាយ​ថវិកា​ច្រើន​ ហើយ​ជួនកាល​ហួស​កាល​រយៈ​២៤​ម៉ោង​បាត់​ភស្តុតាង​ធ្វើ​ឲ្យ​ជនល្មើស​រួច​ខ្លួន​ ។​ ពាក់ព័ន្ធ​បញ្ហា​នេះ​សូម​ក្រសួង​សុខាភិបាល​គួរ​ពិនិត្យ​ផ្ដល់​សេវា​ឲ្យ​ទាន់​ពេល​វេលា​ ដោយ​យក​តម្លៃ​ទាប​ឬ​មិន​ចាច់​បង់​ថ្លៃ​ និង​ត្រូវ​មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​ ។

ក្នុង​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​លើ​កូន​ស្រី​បង្កើត​ ក្មួយ​ស្រី​បង្កើត​ កូន​ប្រពន្ធ​ដើម​ និង​ការ​លក់​ដូរ​កូន​ស្រី​ឲ្យ​ធ្វើ​ជា​ពេស្យាចារ​ ដោយ​មូលហេតុ​ក្រីក្រ​នោះ​ ធ្វើ​ឲ្យ​ស្រុត​ចុះ​យ៉ាង​ខ្លាំង​នូវ​សីលធម៌​សង្គម​ និង​តម្លៃ​គ្រួសារ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ ។​ អនុសាសន៍​សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​សីលធម៌​សង្គម​ និង​តម្លៃ​គ្រួសារ​ខ្មែរ​ និង​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​ដល់​ជន​ល្មើស​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ អនុសាសន៍​សូម​ឲ្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ថ្មី​បន្ថែម​ទៀត​សម្រាប់​គ្រប់គ្រង​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ល្អ​ ហើយ​ស្ថានទូត​ខ្មែរ​នៅ​បរទេស​គួរ​មាន​វិធានការ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ ។​ អនុសាសន៍​ទាំង​នេះ​ជា​កត្តា​សំខាន់​ណាស់​ចំពោះ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​រិះរក​វិធានការ​ទប់ស្កាត់​ ភាព​អសកម្ម​នៃ​ការ​អនុវត្តន៍​ច្បាប់​ ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ពុធ 20 Feb 2008