ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​​កម្ពុជា​ អត្រា​ស្លាប់​របស់​កុមារ​នឹង​នៅ​តែ​ជា​ការ​បារម្ភ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ ទោះ​បី​ជា​ការ​​ពិនិត្យ​ជា​តួ​លេខ​បង្ហាញ​ថា​​ និន្នាការ​អត្រា​មរណភាព​របស់​កុមារ​ក្នុង​ប្រទេស​​កម្ពុជា​មាន​ការ​ថយ​ចុះ​ក៏​ដោយ​ ប៉ុន្តែ​ផ្នែក​សង្គម​ស៊ីវិល​ដែល​​ធ្វើ​សកម្មភាព​គាំពារ​ដល់​កុមារ​នៅ​តែ​សម្ដែង​ការ​ព្រួយបារម្ភ​នៅ​ឡើយ​ប្រសិន​បើ​សេវា​សុខភាព​មិន​ត្រូវ​បាន​លើក​កម្ពស់​ឲ្យ​ប្រសើរ​ជាង​នេះ​​ថែម​ទៀត​ទេ​ខណៈ​ដែល​គោលដៅ​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៥​​ខាង​មុខ។

គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​កាត់​បន្ថយ​​អត្រា​មរណភាព​របស់​កុមារ​ នា​ខែ​កញ្ញា​​ឆ្នាំ​២០០០​ ប្រទេស​ចំនួន​១៨៩​​បាន​ឯកភាព​​គ្នា​ នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដោយ​អនុម័ត​លើ​សេចក្ដី​ប្រកាស​ សហស្សវត្សរ៍​ហើយ​ដែល​សេចក្ដី​​ប្រកាស​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ដែល​កម្ពុជា​ បាន​អនុម័ត​នៅ​ឆ្នាំ​២០០៣​ ហើយ​ការ​សម្រេច​កាត់​បន្ថយ​​អត្រា​​មរណភាព​កុមារ​​ស្ថិត​ក្នុង​គោលដៅ​ទី​៤​ ក្នុង​ចំណោម​គោលដៅ​​ទាំង​៩​ ​​ដែល​កម្ពុជា​​បាន​ដាក់​ចេញ។

ប៉ុន្តែ​​អ្វី​ដែល​យើង​​លើក​យក​មក​​ពិនិត្យ​មើល​នៅ​ទី​នេះ​ គឺ​ចំណុច​គោលដៅ​​ទី​៤​ គឺ​ការ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ។ យោង​តាម​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ដែល​បោះពុម្ព​ឆ្នាំ​២០០៣​ បាន​បង្ហាញ​​ពី​សូចនាករ​ និង​ចំណុច​​ដៅ​របស់​ខ្លួន​ទាក់ទង​​ទៅ​នឹង​ការ​កាត់បន្ថយ​អត្រា​មរណភាព​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ថា​​ រហូត​ដល់​ឆ្នាំ​២០១៥​ គឺ​ទី​១- កាត់បន្ថយ​​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ក្នុង​១០០០​កំណើត​ រស់នៅ​ពី​១២៤​នៅ​ឆ្នាំ​១៩៩៨​ ឲ្យ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​​៦៥​នៅ​ឆ្នាំ​២០១៥។ ទី​២- កាត់បន្ថយ​អត្រាមរណភាព​ទារក​ក្នុង​១០០០​កំណើត​ រស់នៅ​ពី​ចំនួន​​៩៥​នៅ​ឆ្នាំ​១៩៩៨​ ឲ្យ​មក​នៅ​ត្រឹម​៥០​នៅ​ឆ្នាំ​២០១៥​ ទី​៣- បង្កើន​សមាមាត្រ​នៃ​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​​បាន​ទទួល​ការ​ចាក់​ថ្នាំ​ការពារ​កញ្ជ្រឹល​ពី​ ៤១,៤ភាគរយ​នៅ​ឆ្នាំ​២០០០​ ឲ្យ​កើន​ដល់​៩០​ភាគរយ​នៅ​ឆ្នាំ​២០១៥។ ទី​៤- បង្កើន​សមាមាត្រ​នៃ​កុមារ​អាយុ​ ៦-៥៩​ខែ​ បាន​ទទួល​ថ្នាំ​វីតាមីន​អា​ពី​​២៨​ភាគរយ​ នៅ​ឆ្នាំ​២០០០​ទៅ​៩០​​ភាគរយ​នៅ​ឆ្នាំ​២០១៥។ ទី​៥-​បង្កើន​សមាមាត្រ​នៃ​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​បាន​ទទួល​ការ​ចាក់​​ថ្នាំ​ការពារ​ជំងឺ​ខាន់ស្លាក់​ ក្អក​មាន់​ តេតាណូស​ ពី​៤៣​ភាគរយ​នៅ​ឆ្នាំ​២០០០ ​ទៅ​៩០​នៅ​ឆ្នាំ​២០១៥។ ទី​៦- បង្កើន​សមាមាត្រ​នៃ​ទារក​ត្រូវ​បាន​​បំបៅ​ដោះ​ដល់​អាយុ​៦​ខែ​ពី​១១,៤​ភាគរយ​នៃ​ឆ្នាំ​២០០០​ ទៅ​៤៩​ភាគរយ​នៃ​ឆ្នាំ​២០១៥។ ទី​៧- បង្កើន​សមាមាត្រ​នៃ​ម្ដាយ​ដែល​ចាប់​ផ្ដើម​បំបៅ​ដោះ​ទារក​ទើប​នឹង​កើត​ក្នុង​រយៈពេល​១​ម៉ោង​ នៃ​កំណើត​ពី​១១​ភាគរយ​នៅ​ឆ្នាំ​២០០០​ ទៅ​៦២​ភាគរយ​នៅ​ឆ្នាំ​២០១៥។

ការ​ឆ្លើយតប​ ពី​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​គោលដៅ​នេះ​លោក​សាស្ត្រាចារ្យ​ សាន់​ ចាន់សឿន​ ប្រធាន​កម្មវិធី​ជាតិ​ចាក់ថ្នាំ​បង្ការ ​បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្ដល់​​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រិល​ និង​វ៉ាក់សាំង​ចំនួន​៦​​មុខ​ទៀត​ដល់​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ និង​អាយុ​ក្រោម​៥​ឆ្នាំ​​បាន​សម្រេច​មុន​គោលដៅ​ឆ្នាំ​២០១៥​ស្ទើរ​១០០​ភាគរយ​ មក​ទល់​បច្ចុប្បន្ន​នេះ។ ការ​ផ្ដល់​​គ្រាប់​ថ្នាំ​វីតាមីន​អា បាន​កើន​ឡើង​ជិត​ដល់​គោលដៅ​ផង​ដែរ​ ដោយ​រហូត​មក​ទល់​ពេល​នេះ​ សម្រេច​បាន​៨២​ភាគរយ​ លើ​គោលដៅ​១០០​ភាគរយ។

យោង​តាម​សូចនាករ​ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​របាយការណ៍​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​​ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៣​ បាន​បង្ហាញ​ថា​ សមាមាត្រ​នៃ​ទារក​ដែល​បាន​បំបៅ​ដោយ​ទឹក​ដោះ​សុទ្ធ​ដល់​រយៈពេល​​៦​ខែ​បាន​កើន​ពី​ ១១,៤​ភាគរយ ​នៅ​ឆ្នាំ​២០០០​ ដល់​២០​ភាគរយ​ នៅ​ឆ្នាំ​២០០៥​ ហើយ​កំណត់​ឲ្យ​បាន​៣៤​ភាគរយ​ នៅ​ឆ្នាំ​២០១០​ និង​ដល់​៤៩​ភាគរយ​ ​ដល់​ឆ្នាំ​២០១៥។ សមាមាត្រ​នៃ​ម្ដាយ​ដែល​បាន​ចាប់​ផ្ដើម​បំបៅ​ដោះទារក​ទើប​នឹង​កើត​ក្នុង​ចន្លោះ​រយៈពេល​មួយ​ម៉ោង​នៃ​កំណើត​មាន​១១​ភាគរយ​​ នៅ​ឆ្នាំ​២០០០​ ដល់​២៨​​ភាគរយ ​នៅ​ឆ្នាំ​២០០៥​ ដែល​ទិសដៅ​កំណត់​ត្រូវ​សម្រេច​ឲ្យ​បាន​៤៥​ភាគរយ ​នៅ​ឆ្នាំ​២០១០​ និង​ដល់​​៦២​ភាគរយ​ នៅ​ឆ្នាំ​២០១៥។ សំដៅ​ការ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​លោក​សាស្ត្រាចារ្យ​ សាន់​ ចាន់សឿន​ បាន​បន្ត​ថា​ យើង​សង្កេត​ឃើញ​ថា​ ការ​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ និង​ក្រោម​ឆ្នាំ​៥​ឆ្នាំ​​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ដោយ​ការ​អង្កេត​ប្រជាសាស្ត្រ​ និង​សុខភាព​កម្ពុជា​ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ផែនការ​ឆ្នាំ​២០០០​ និង​២០០៥​ បាន​បង្ហាញ​ថា​ អត្រា​ស្លាប់​របស់​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​ បាន​ថយ​ចុះ​ពី​៨៣​ នៅ​ឆ្នាំ​២០០០​មក​នៅ​ត្រឹម​៦៦​ ហើយ​កុមារ​​អាយុ​ក្រោម​៥​ឆ្នាំ​បាន​ថយ​ចុះ​ពី​១២៤ ​នៅ​ឆ្នាំ​២០០០​មក​នៅ​ត្រឹម​៨៣​ក្នុង​១.០០០​កំណើត​រស់។ ប៉ុន្តែ​អត្រា​ស្លាប់​របស់​ទារក​កើត​ភ្លាមៗ​ មាន​អត្រា​ស្លាប់​២៧​លើ​១.០០០​កំណើត​រស់។​ បញ្ហា​ប្រឈម​ចំពោះ​មុខ។

អ្វី​ជា​បញ្ហា​ត្រូវ​ប្រឈម​ចំពោះ​មុខ​លោក​សាស្ត្រាចារ្យ​ សាន់​ ចាន់សឿន​ បាន​បន្ត​ថា​ បញ្ហា​ប្រឈម​របស់​យើង​ដោយសារ​ប្រជាជន​កម្ពុជា​ជាង​៩០​ភាគរយ​រស់នៅ​​ជនបទ​ ការ​យល់​ដឹង​ពី​បញ្ហា​សុខភាព​នៅ​មាន​កម្រិត​កង្វះ​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ ពិសេស​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​មាន​កម្រិត​ទាប​ហេដ្ឋារចនាសម្ព័ន្ធ​​នៅ​មាន​ការ​​លំបាក​នៅ​ឡើយ។ នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​ ជា​ហេតុ​ធ្វើ​ឲ្យ​​ការ​បញ្ជូន​​កុមារ​ ទារក​ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​​មក​មណ្ឌល​សុខភាព​យឺត​ សុទ្ធ​ជា​បញ្ហា​ប្រឈម​ដែល​ធ្វើ​ឲ្យ​កុមារ​ ទារក​ និង​ស្ត្រី​មាន​អត្រា​ស្លាប់​ខ្ពស់។

លោក​បាន​បន្ត​ ដោយ​ពន្យល់​ប្រាប់​ពី​មូលហេតុ​ធ្វើ​ឲ្យ​កុមារ​ឈឺ​ថា​ កត្តា​បរិស្ថាន​ កង្វះ​អនាម័យ​ ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ជីវភាព​​រស់នៅ​របស់​ប្រជាជន​ ពិសេស​ការ​យល់​ដឹង​ពី​ការ​ធ្វើ​​​អនាម័យ​របស់​ប្រជាជន​នៅ​តាម​កម្រិត​ជា​មូលហេតុ​បណ្ដាល​ឲ្យ​កុមារ​ឈឺ​ ដោយសារ​ជំងឺ​ទាំង​នេះ​ច្រើន។ ជំងឺ​អ្វី​ជា​ដើម​ចម​ដែល​បណ្ដាល​ឲ្យ​កុមារ​​ស្លាប់​ច្រើន​ជាង​គេ។

ក្រុម​មន្ត្រី​សុខាភិបាល​សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ ចាប់​តាំង​ពី​ទសវត្សរ៍​ទី​៩០​រហូត​មក​​ទល់​បច្ចុប្បន្ន​នេះ​ ជំងឺ​ផ្លូវ​​ដង្ហើម​ ជំងឺ​រាករូស​ ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ ជំងឺ​ឆ្លង​តាម​រដូវកាល​ ដូចជា​ជំងឺ​គ្រុន​ឈាម​ នៅ​តែ​​នាំ​មុខ​គេ​នៅ​កម្ពុជា​ ក៏​ដូចជា​​បណ្ដា​ប្រទេស​ក្នុង​តំបន់។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ឈួ​ អ៊ីម៉េង​ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​​ បាន​មាន​ប្រសាសន៍​ថា​​ អត្រា​ស្លាប់​ក្នុង​មន្ទីរពេទ្យ​មាន​ការ​ថយចុះ​ពី​៤​ភាគរយ ​នៅ​ដើម​ទសវត្សរ៍​ទី​៩០​មក​នៅ​ត្រឹម​២,៤​ភាគរយ​ នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ដដែល​ និង​ធ្លាក់​ចុះ​រហូត​ដល់​១,១២​ភាគរយ​នៅ​បច្ចុប្បន្ន​នេះ។ លោក​បន្ត​ថា​ បច្ចុប្បន្ន​ជំងឺ​ផ្លូវ​ដង្ហើម​គ្របដណ្ដប់​​១២​ភាគរយ​ ជំងឺ​​រាកមួល​ និង​ជំងឺ​គ្រុនពោះវៀន​៣​ភាគរយ​ ជំងឺ​ទារក​ទើប​នឹង​កើត​ប្រមាណ​​០,៧​ភាគរយ​នៃ​កុមារ​​ដែល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ និង​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត។ កាល​ពី​ឆ្នាំ​​២០០៨​កន្លង​មក​នេះ​ មន្ទីរពេទ្យ​​ទទួល​កុមារ​កើត​ជំងឺ​ចូល​សម្រាក​ព្យាបាល​ចំនួន​១០.៤៧៨​នាក់។

លោក​វេជ្ជបណ្ឌិត​ អ៊ូ​ ឃីឡាយ​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​ក្រចេះ​ និង​លោក​វេជ្ជបណ្ឌិត​ អ៊ាវ​ តារាវុធ​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ "អត្រា​ស្លាប់​របស់​កុមារ​ និង​ទារក​ទើប​នឹង​កើត​មាន​ការ​ថយចុះ​ជាង​មុន​ហើយ​ករណី​ស្លាប់​ភាគ​ច្រើន​បណ្ដាល​មក​ពី​មូលហេតុ​នៃ​ការ​បញ្ជូន​កុមារ​មាន​ជំងឺ​មក​កាន់​សេវា​សុខាភិបាល​មាន​ការ​យឺតយ៉ាវ"។

  • ដំណោះស្រាយ​ចំពោះ​មុខ

ក្នុង​ឋានៈ​ជា​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ខាង​នយោបាយ​ លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​​ក្រសួង​​សុខាភិបាល​​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​ ត្រូវ​ចាប់​​ផ្ដើម​តាំង​ពី​ស្ត្រី​មាន​ផ្ទៃ​ពោះ​ តាមរយៈ​ការ​អប់រំ​​ឲ្យ​ពួក​គេ​ទៅ​ពិនិត្យ​ផ្ទៃពោះ​​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​​ដែល​មាន​ឆ្មប​ជំនាញ។ បន្ទាប់​មក​ជំរុញ​ឲ្យ​កុមារ​​បាន​ទទួល​វ៉ាសាំង​បង្ការ​ជំងឺ​៧​មុខ​ ការ​ផ្ដល់​គ្រាប់​ថ្នាំ​ជីវភាព​អា​ ការ​បំបៅ​ដោះម្ដាយ​​ឲ្យ​គ្រប់​អាយុ​៦​ខែ​​ឲ្យ​បាន​គ្រប់ៗ​គ្នា​ និង​ការ​ផ្ដល់​អាហារ​បំប៉ន​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​កុមារ។

លោក​បន្ត​ថា​ យើង​​ក៏​ជំរុញ​​ឲ្យ​គ្រូពេទ្យ​តាមដាន​ការ​លូតលាស់​របស់​កុមារ​ និង​អប់រំ​​ប្រជាជន​​ឲ្យ​ចេះ​សម្អាត​អនាម័យ​បរិស្ថាន​ អនាម័យ​ខ្លួន​ប្រាណ​ដើម្បី​ជៀសផុត​ពី​ជំងឺ​ដង្ហើម​ ជំងឺ​រាករូស​ និងជំងឺ​ផ្សេងៗ​ទៀត​ ដែល​អាច​ការពារ​បាន។ លោក​បន្ត​ថា​ ការ​អប់រំ​ប្រជាជន​​ឲ្យ​យល់​ដឹង​មាន​សារសំខាន់​ណាស់​ ដើម្បី​ឲ្យ​គាត់​អាច​បញ្ជូន​កូន​​មក​មន្ទីរពេទ្យ​​បាន​ទាន់​ពេលវេលា​ ព្រោះ​ការ​បញ្ជូន​កូន​​មក​យឺត​នឹង​នាំ​​ឲ្យ​មាន​​គ្រោះថ្នាក់​​ដល់​ជីវិត​កុមារ។ លោក​រដ្ឋមន្ត្រី​​បាន​បន្ត​ថា​ យើង​កំពុង​ពង្រឹង​​ការងារ​​នេះ​​​ត​ទៅ​ទៀត​ ធ្វើ​ម៉េច​ឲ្យ​អស់​​លទ្ធភាព​​របស់​យើង​ ដើម្បី​កាត់បន្ថយ​​ការ​ស្លាប់​របស់​កុមារ​ និង​ទារក​ និង​លើក​កម្ពស់​សុខភាព​កុមារ​​ឲ្យ​បាន​រឹងមាំ​សម​នឹង​ពាក្យ​ថា​ សុខភាព​កុមារ​​ល្អ​អនាគត​បវរ​រុងរឿង"។ ​​​លោក​​បន្ត​ថា​ យើង​កំពុង​ខិតខំ​រួម​គ្នា​ដើម្បី​សម្រេច​​ទិសដៅ​របស់​​យើង​ បើ​ទោះ​ជា​យើង​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សកល​ក្ដី។ យើង​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​២​ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សុខាភិបាល"។

ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​​ក្នុង​ពិធី​បើក​សន្និបាត​សុខាភិបាល​លើក​ទី​៣០​ កាល​ពី​ថ្ងៃ​ទី​២៣​មីនា​ ឆ្នាំ​២០០៩​​កន្លង​មក​ថា​​ បាន​ណែនាំ​​ដល់​ក្រសួង​សុខាភិបាល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ដៃ​គូ​អភិវឌ្ឍន៍​​ទាំងអស់​ ត្រូវ​បន្ត​រួម​គ្នា​​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​២០០៨-២០១៥​ ដោយ​យក​ចិត្ត​ទុកដាក់​ជា​ពិសេស​លើ​ការ​​ផ្ដល់​ហិរញ្ញវត្ថុ​​ និង​បច្ចេកទេស​​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​គោលនយោបាយ​ និង​អ្នក​​អនុវត្ត​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​លើក​កម្ពស់​វិស័យ​សុខាភិបាល​ទូទាំង​ប្រទេស។

លោក​ កែម​ ឡី​ ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ប្រយុទ្ធ​ជំងឺ​​អេដស៍ ដែល​​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ​បាន​​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ យោង​តាម​ការ​សិក្សា​នៅ​តាម​សហគមន៍​ និង​មណ្ឌល​សុខភាព​មួយ​ចំនួន​ ដោយ​មាន​ការ​ជួប​ជាមួយ​ប្រជាជន​មូលដ្ឋាន​ ឆ្មប​និង​មន្ត្រី​បំពេញ​ការងារ​ដទៃ​ទៀត​ នៅ​រាជធានី​ភ្នំពេញ​​តាកែវ​ និង​ខេត្ត​កំពង់ស្ពឺ​ ដែល​បាន​ចាប់​ផ្ដើម​ ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨​ ដល់​ខែ​កុម្ភៈ​ឆ្នាំ​នេះ​បាន​រក​ឃើញ​ថា​ "ប្រសិន​បើ​រដ្ឋាភិបាល​​មិន​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​ធ្វើ​ការងារ​ និង​យុទ្ធសាស្ត្រ​ធ្វើការ​ ខ្ញុំ​មិន​សង្ឃឹម​ថា​ យើង​អាច​សម្រេច​បាន​តាម​ទិសដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នោះ​ទេ។ លោក​បន្ថែម​ថា​ អត្រា​ស្លាប់​របស់​កុមារ​មិន​ធ្ងន់ធ្ងរ​ទេ​ បើ​សង្គ្រោះ​​កុមារ​បាន​ល្អ​នាំ​ឲ្យ​ការ​ថែទាំ​កុមារ​បាន​ល្អ។

លោក​បន្ត​ថា​ បើ​ក្រសួង​ដទៃ​ទៀត​មាន​ប្រាក់​ឧបត្ថម្ភ​ទាប​ វា​មិន​ជះឥទ្ធិពល​​ធ្ងន់ធ្ងរ​ទេ​ ប៉ុន្តែ​​កង្វះ​ថវិកា​ក្នុង​វិស័យ​សុខាភិបាល​ ​និង​ក្រសួង​អប់រំ​វា​ជា​បញ្ហា​ធំ​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​មិន​បាន​ជួប​ពេទ្យ​ កុមារ​មិន​បាន​ទៅ​សាលា​រៀន។ លោក​បន្ត​ថា​ ដោយសារ​ប្រាក់​ឧបត្ថម្ភ​ទាប​ បាន​ធ្វើ​ឲ្យ​ប្រជាជន​ទៅ​រក​ឆ្មប​មិន​ឃើញ​នៅ​តាម​មណ្ឌល​សុខភាព​ព្រោះ​មួយ​ថ្ងៃ​គាត់​ធ្វើ​​ការ​តែ​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ។

លោក​ ហង្ស​ វុទ្ធី​ អ្នក​គ្រប់គ្រង​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​សង្គ្រោះ​​កុមារ​ដែល​កំពុង​ធ្វើការ​លើ​វិស័យ​សុខាភិបាល​អប់រំ​ និង​សង្គម​កិច្ច​បញ្ហា​កុមារ​​ បាន​មាន​ប្រសាសន៍​ថា​ អង្គការ​ការ​សង្គ្រោះ​កុមារ​បាន​ និង​កំពុង​រួម​ចំណែក​លើក​កម្ពស់​សុខុមាលភាព​​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ទារក​ និង​កុមារ​​តាមរយៈ​ការ​អប់រំ​ប្រជាជន​ឲ្យ​យល់​ដឹង​​ពី​វិធី​ការពារ​ជំងឺ​​បញ្ចៀស​ការ​ស្លាប់​ដែល​អាច​ការពារ​​បាន​និង​ការ​ថែទាំ​ស្ត្រី​ និង​កុមារ។ លោក​បន្ត​ថា ​​អង្គការ​ក៏​បាន​ជួយ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​មន្ត្រី​សុខាភិបាល​ដើម្បី​ឲ្យ​ពួក​គេ​ផ្ដល់​សេវា​សុខាភិបាល​​ប្រកប​ដោយ​គុណភាព​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ។

នៅ​ពេល​សួរ​ថា​ តើ​លោក​គិត​ថា​ កម្ពុជា​នឹង​អាច​សម្រេច​បាន​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ក្នុង​ការ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ និង​ទារក​ឬ​ទេ​ លោក​ ហង្ស​ វុទ្ធី​ បាន​មាន​ប្រសាសន៍​ថា​ "ខ្ញុំ​មាន​ការ​សង្ឃឹម​ខ្លាំង​ថា​ យើង​នឹង​សម្រេច​បាន​ បើ​យើង​មាន​ការ​ប្រឹងប្រែង​រួម​គ្នា​រវាង​រដ្ឋាភិបាល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​​ដៃ​គូ​អភិវឌ្ឍន៍​នានា​យើង​នឹង​ទៅ​ដល់​គោលដៅ​ដែល​បាន​ដាក់​ចេញ"។

លោក​បន្ត​ថា​ ដើម្បី​សម្រេច​គោលដៅ​នេះ​ យើង​ត្រូវ​​ឈរ​​លើ​មូលដ្ឋាន​៥​ ទី​១- កៀរគរ​មូលនិធិ​ដើម្បី​យើង​​អាច​​មាន​លទ្ធភាព​ក្នុង​ការ​អនុវត្តន៍​កម្មវិធី​នានា​ដែល​បាន​ដាក់​ចេញ​ ទី​២- ក្រសួង​សុខាភិបាល​ត្រូវ​ទម្លាក់​ឆ្មប​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​ទៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ ទី​៣- បណ្ដុះបណ្ដាល​មន្ត្រី​អនុវត្ត​ការងារ​បន្ថែម​ ទី​៤- រៀបចំ​ប្រព័ន្ធ​​ប្រព័ន្ធ​បញ្ជូន​អ្នក​ជំងឺ​ពី​សហគមន៍​ទៅ​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​បង្អែក​នានា​ឲ្យ​បាន​ឆាប់​រហ័ស​ និង​ទី​៥- បង្កើន​ការ​អប់រំ​ដល់​ម្ដាយ​ និង​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ផល​ប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ ការ​សម្រាល​ កូន​ដោយ​ឆ្មប​​មាន​ជំនាញ​ និង​​ឲ្យ​គាត់​យល់​ដឹង​ពី​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​មាតា​ ទារក​ និង​កុមារ។

លោក​ រីឆាត ប្រាយដល​ (Richard Bridle) ប្រធាន​តំណាង​​អង្គការ​ យូនីសេហ្វ​ប្រចាំ​កម្ពុជា​ បាន​​មាន​ប្រសាសន៍​​ប្រាប់​ក្រុម​អ្នក​កាសែត ​ក្នុង​សន្និសីទ​សារព័ត៌មាន ​កាល​ពី​ចុង​ខែ​កញ្ញា​ថា​ ការ​អភិវឌ្ឍន៍​កុមារ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ ដូច​ជា​ក្នុង​វិស័យ​សុខាភិបាល ​អប់រំ ​ផ្គត់ផ្គង់​ទឹក​ជនបទ​ អនាម័យ ​កិច្ច​ការពារ​សង្គម​ និង​ការ​អភិវឌ្ឍន៍​​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ជា​ពិសេស​​ការ​បង្កើន​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះម្ដាយ​តែ​មួយ​​មុខ​គត់​ពី​១២​ភាគរយ​នៅ​ឆ្នាំ​២០០០​ ដល់​៦៦​ភាគរយ​នៅ​ឆ្នាំ​២០០៨​ ដែល​ជា​តួ​លេខ​ដ៏​ខ្ពស់​ជាង​គេ​​មួយ​នៅ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី។

លោក​បន្ត​ថា​ "វា​​មាន​សារ​សំខាន់​​ណាស់​ដែល​ត្រូវ​រក្សា ​និង​បន្ត​ការ​បង្កើន​ថវិកា​សម្រាប់​វិស័យ​សង្គម​ និង​ពង្រីក​បន្ថែម​​នូវ​សំណាញ់​សុវត្ថិភាព​សង្គម​រយៈពេល​វែង​ដើម្បី​ឲ្យ​កុមារ​​នៅ​តែ​អាច​បន្ត​រស់នៅ​ជាមួយ​គ្រួសារ​របស់​​ពួក​គេ​ និង​បន្ត​ទទួល​​បាន​ការ​អប់រំ និង​​ការ​ទទួល​បាន​លទ្ធភាព​ថែទាំ​សុខភាព​ក្នុង​តម្លៃ​សមស្រប"។

លោកធីម៉ូធី​ ចនស្ដន់​ (Timothy Johnston) អ្នក​ជំនាញ​​ជាន់​ខ្ពស់​ផ្នែក​សុខភាព​​របស់​ធនាគារ​ពិភពលោក​ បាន​បង្ហាញ​នូវ​ការ​កត់សម្គាល់​របស់​លោក​ថា​ កម្ពុជា​កំពុង​បោះ​ជំហាន​​យ៉ាង​ត្រង់​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​អត្រា​មរណភាព​នៃ​កុមារ។ ប៉ុន្តែ​កម្ពុជា​​នៅ​ត្រូវ​​ការ​កិច្ច​ប្រឹងប្រែង​បន្ត​ទៀត​ដើម្បី​សម្រេច​គោលដៅ​សហស្សវត្សរ៍​ក្នុង​ឆ្នាំ​២០១៥។ លោក​និយាយ​បន្ត​ទៀត​ថា​ មាន​ចំណុច​អាទិភាព​​ចំនួន​៣ ​ដើម្បី​សម្រេច​​គោលដៅ​សហស្សវត្សរ៍​ក្នុង​ផ្នែក​កាត់​បន្ថយ​​អត្រា​មរណៈ​របស់​កុមារ​​នេះ។ ទី​១​ កែ​លំអ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​ក្រីក្រ​ទទួល​បាន​សេវា​សុខភាព​។ ទី​២​ បង្កើន​គុណភាព​​ការ​ថែទាំ​កុមារ​តាមរយៈ​ការ​បំពាក់​បំប៉ន​ការ​ធានា​​អំពី​ការ​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​​ និង​គ្រឿង​បរិក្ខា​ចាំបាច់​នានា​ និង​ការ​លើក​​ទឹក​ចិត្ត​ដល់​បុគ្គលិក​សុខាភិបាល។ ទី​៣​ ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​​ទៅ​ក្នុង​សហគមន៍​ដែល​មាន​អត្រា​មរណភាព​​នៃ​កុមារ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ការ​ផ្ដល់​អាហារូបត្ថម្ភ​​ដល់​កុមារ​បរិស្ថាន​​អនាម័យ​ល្អ​ជា​ដើម។

​នៅ​ពេល​​សួរ​ថា​ តើ​ធនាគារ​ពិភពលោក​​អាច​​ចូល​រួម​ចំណែក​អ្វី​ខ្លះ​ក្នុង​ការ​កាត់បន្ថយ​អត្រា​​ អត្រា​មរណភាព​កុមារ? លោក​បាន​និយាយ​ថា​ ធនាគារ​ពិភពលោក​កំពុង​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ដល់​គម្រោង​គាំទ្រ​ផ្នែក​សុខភាព​​ចំនួន​២។ ធនាគារ​ពិភពលោក​បាន​ផ្ដល់​ជំនួយ​​៣០​លាន​ដុល្លារ​ ទៅ​លើ​គម្រោង​​គាំទ្រ​​ផ្នែក​សុខភាព​ទី​២។ គម្រោង​​គាំទ្រ​ផ្នែក​សុខភាព​ទី​២​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​​ផ្ដល់​ការ​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​ផ្នែក​សុខភាព​​របស់​​រដ្ឋាភិបាល។

គួរ​និយាយ​ឲ្យ​ដឹង​ថា​ដែរ​ថា​ យុទ្ធនាការ​ជា​សកល​អំពី​ការ​រស់រាន​​មាន​ជីវិត​របស់​កុមារ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥​ ខែ​តុលា​ ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​ ២០១៥​ ដែល​បញ្ហា​នេះ​មិនមែន​​មាន​ការ​យក​ចិត្ត​ទុកដាក់​តែ​នៅ​ប្រទេស​កម្ពុជា​ទេ​ ប៉ុន្តែ​​អង្គការ​​សង្គ្រោះ​កុមារ​​បាន​ធ្វើ​យុទ្ធនាការ​នេះ​ទូទាំង​ពិភពលោក៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ អង្គារ 13 Oct 2009