ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អាជ្ញាធរ​​ក្រុង​ភ្នំពេញ​ហាម​មិន​ឲ្យ​ រថយន្ត​ឡើង​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន​ នៅ​ថ្ងៃ​បោះឆ្នោត

អាជ្ញាធរ​ក្រុង​ភ្នំពេញ​​បញ្ជាក់​ឲ្យ​ដឹង​កាល​ពី​ចុង​​សប្ដាហ៍​មុន​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ផាក​ពិន័យ​ឬ​ ដក​ហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ និង​ម្ចាស់​​ចំណត​បង់​ប្រាក់​​ណា​មួយ​ដែល​បាន​ដំឡើង​​ថ្លៃ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ​​ទៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​ នៅ​ក្នុង​ឱកាស​យុទ្ធនាការ​ ក៏​ដូចជា​​ក្នុង​ថ្ងៃ​បោះឆ្នោត​​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៤​ ដែល​នឹង​​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ខាង​មុខ​នេះ។

ដោយ​បារម្ភ​ខ្លាច​​ថា​ ថ្លៃ​រថយន្ត​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​យុទ្ធនាការ​​ឃោសនា​មាន​តម្លៃ​​ខ្ពស់​នោះ​ លោក​ ប៉ា​ សុជាតិវង្ស​ អភិបាល​រង​ក្រុង​ភ្នំពេញ​ បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​៥​ កក្កដា​ ថា​"សាលា​ក្រុង​បាន​កោះ​ហៅ​ក្រុមហ៊ុន​​ទាំងអស់​​ដែល​ពាក់ព័ន្ធ​នឹង​ការ​​ដឹកជញ្ជូន​អ្នក​ដំណើរ​មក​ជួប​ប្រជុំ​​ដើម្បី​កំណត់​នូវ​តម្លៃ​របស់​ខ្លួន​ឲ្យ​នៅ​ធម្មតា​មិន​ឲ្យ​ដំឡើង​​ថ្លៃ​អ្វី​ទាំងអស់។ បើ​ក្រុមហ៊ុន​ណា​មួយ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​ បើ​យើង​ដឹង​ យើង​នឹង​ដក​ឡាយសិន​ (អាជ្ញាប័ណ្ណ)​ ពី​ក្រុមហ៊ុន​នោះ"។ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​គូស​បញ្ជាក់​បន្ថែម​​ទៀត​ថា៖ "ការ​គំរាម​ដក​​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ណា​ដែល​ហ៊ាន​ដំឡើង​​ថ្លៃ​ឈ្នួល​ធ្វើ​ដំណើរ​ នៅ​ក្នុង​អំឡុង​​ពេល​យុទ្ធនាការ​បោះឆ្នោត​នេះ​ គឺ​ជា​វិធានការ​​មួយ​ដើម្បី​ជួយ​ដល់​កម្មករ​ ប្រជាពលរដ្ឋ​ដែល​ត្រូវ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​នៅ​ថ្ងៃ​​បោះឆ្នោត។ ជា​ពិសេស​នៅ​មុន​ និង​ក្រោយ​មួយ​ថ្ងៃ​ គឺ​ជា​ពេលវេលា​ដែល​យើង​អនុញ្ញាត​ឲ្យ​បងប្អូន​ឈប់​សម្រាក​ដើម្បី​ទៅ​បោះឆ្នោត​ គឺ​តម្លៃ​​ធ្វើ​ដំណើរ​​ត្រូវ​រក្សា​ទុក​ឲ្យ​នៅ​តម្លៃ​​ធម្មតា​ដដែល"។ "ការ​តម្រូវ​ឲ្យ​​រក្សា​ទុក​ថ្លៃ​​ធ្វើ​ដំណើរ​​ដល់​ម្ចាស់​​រថយន្ត​ទាំងអស់​​ឲ្យ​នៅ​ថ្លៃ​​ធម្មតា​​នៅ​​ក្នុង​អំឡុង​​ពេល​យុទ្ធនាការ​​បោះឆ្នោត​នេះ​ ត្រូវ​បាន​ឯកភាព​​ពី​ម្ចាស់​​ក្រុមហ៊ុន​ទាំងអស់​ មិន​មាន​ជា​បញ្ហា​​អ្វី​នោះ​ទេ​ មិន​ថា​ ឡាន​ក្រុង​ធំៗ​ ឬ​រថយន្ត​តាក់ស៊ី​តូចៗ​នោះ​ទេ​ គឺ​តម្លៃ​នៅ​ធម្មតា​ដូច​ដើម" លោក​ ប៉ា​ សុជាតិវង្ស​ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ។

ពាក់ព័ន្ធ​​នឹង​ការ​កំណត់​តម្លៃ​រថយន្ត​តាក់ស៊ី​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ ក៏​ដូច​ជា​ថ្ងៃ​បោះឆ្នោត​នេះ​ដែរ​ លោក​ វ៉ន​ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ មាន​ប្រសាសន៍​ថា៖ "ការ​កំណត់​តម្លៃ​​រថយន្ត​ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ​ សមាគម​ខ្ញុំ​ត្រៀម​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ជម្រាប​ទៅ​ដល់​រដ្ឋាភិបាល​ ក៏​ដូច​ជា​អំពាវនាវ​ដល់​ក្រុម​អ្នក​​រត់​តាក់ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​សូម​មេត្តា​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជិះ​ទៅ​ចូល​រួម​ការ​បោះឆ្នោត​​ជ្រើសរើស​មេ​ដឹកនាំ​ដ៏​ល្អ​​សម្រាប់​អភិវឌ្ឍន៍​ប្រទេស"។ លោក​ វ៉ន​ ពៅ​ បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ "បើ​សិន​ជា​ម្ចាស់​​រថយន្ត​តាក់ស៊ី​ទាំងអស់​ដំឡើង​​ឈ្នួល​ចំពោះ​អ្នក​ជិះ​ក្នុង​ពេល​បោះឆ្នោត​បាន​ន័យ​ថា​ យើង​កំពុង​តែ​កម្ទេច​ប្រទេស​ជាតិ​ យើង​កំពុង​តែ​បំបិទ​សិទ្ធិ​សេរីភាព​​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច​ដែល​ចង់​ទាមទារ​​នូវ​សិទ្ធិ​សេរីភាព​ ទាមទារ​នូវ​អ្នក​ដឹកនាំ​​ថ្មី​សម្រាប់​ដឹកនាំ​ប្រទេស​ឲ្យ​សម្បូរ​រុង​រឿង។ មិន​តែ​ប៉ុណ្ណោះ​ បើ​សិន​ជា​អ្នក​រត់​តាក់ស៊ី​ចង់​ដំឡើង​ថ្លៃ​មែន​នោះ​ ហើយ​បើ​សិន​​ជា​មិន​មាន​​អ្នក​ទៅ​បោះឆ្នោត​គ្រប់គ្រាន់​ទេ​ កុំ​សង្ឃឹម​ថា​ តម្លៃ​សាំង​នៅ​ប្រទេស​កម្ពុជា​​មាន​តម្លៃ​ថោក​ឲ្យ​សោះ" លោក​ វ៉ន​ ពៅ​ បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ"។

ទាក់ទង​នឹង​ការ​បោះឆ្នោត​អាណត្តិ​ទី​៤​ ខាង​មុខ​នេះ​ដែរ​ សហភាព​សហជីព​កម្ពុជា​ដឹកនាំ​ដោយ​លោក​ រ៉ុង​ ឈុន​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ បាន​ចេញ​សេចក្ដី​អំពាវនាវ​ចំហ​មួយ​​ច្បាប់​អំពាវនាវ​​ទៅ​ដល់​សមាជិក​- សមាជិកា​ លោកគ្រូ​ អ្នកគ្រូ​ បងប្អូន​ កម្មករ​-កម្មការិនី​ មន្ត្រី​រាជការ​ និង​បងប្អូន​ជន​រួម​ជាតិ​ទាំងអស់​ទៅ​ចូល​រួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ឲ្យ​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​​ប្រទេស​​ម្ដង​ ដើម្បី​ការពារ​អធិបតេយ្យភាព​ បូរណភាព​ទឹកដី​ និង​ស្ដារ​នូវ​កេរ្ដិ៍​ឈ្មោះ​ជាតិ​យើង​ឡើង​វិញ​ ជា​ពិសេស​ការ​លើក​កម្ពស់​ជីវភាព​​រស់នៅ​របស់​បងប្អូន​ជន​រួម​ជាតិ​​ឲ្យ​បាន​រស់​នៅ​ជា​មនុស្ស​ប្រកប​ដោយ​កិត្តិយស​ និង​មាន​សេរីភាព​​ក្នុង​លោក​នេះ។

បន្ថែម​លើ​សេចក្ដី​អំពាវនាវ​តាម​លិខិត​ឲ្យ​ពលរដ្ឋ​ទៅ​ចូល​រួម​បោះឆ្នោត​ឲ្យ​បាន​ច្រើន​លោក​ រ៉ុង​ ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​អំពាវនាវ​​ដល់​ថៅកែ​ក្រុមហ៊ុន​ រោងចក្រ​កាត់ដេរ​ រោងចក្រ​ស្បែក​ជើង​ក៏​ដូច​ជា​ ហាង​ខារ៉ាអូខេ​ កាស៊ីណូ​ សណ្ឋាគារ​ បើក​ប្រាក់​ខែ​មុន​ថ្ងៃ​ទី​២៤​ កក្កដា​​ នេះ​ ដើម្បី​​បង្ក​ឲ្យ​ពួក​គាត់​​មាន​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​បោះឆ្នោត​ ម្យ៉ាង​ទៀត​សូម​ឲ្យ​ផ្ដល់​​លទ្ធភាព​មាន​ប្រាក់​បុរេបទាន​ឲ្យ​លោកគ្រូ​ អ្នកគ្រូ​ បងប្អូន​ កម្មករ​- កម្មការិនី​ មន្ត្រី​រាជការ​ អ្នក​ធ្វើ​ការ​តាម​ហាង​ខារ៉ាអូខេ​ កាស៊ីណូ​ សណ្ឋាគារ​ ទាំងអស់​ឲ្យ​ពួក​គាត់​​បាន​ខ្ចី​ដើម្បី​​មាន​ប្រាក់​សម្រាប់​ធ្វើ​សោហ៊ុយ​ទៅ​ចូល​រួម​ធ្វើ​ការ​បោះឆ្នោត"៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ច័ន្ទ 07 Jul 2008