ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

តម្លៃ​នៃ​ការ​ចូលរួម​របស់​កុមារ​ក្នុង​ការងារ​អភិវឌ្ឍន៍​សង្គម

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ កុមារ​ដែល​ជា​ទូទៅ​ត្រូវ​បាន​កំណត់​ថា​ ជា​ក្រុម​មនុស្ស​ដែល​មាន​​អាយុ​ក្រោម​១៨​ឆ្នាំ។ ជា​រឿយៗ​ក្រុម​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ងាយ​រងគ្រោះ​ និង​ពុំ​សូវ​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​ចូល​រួម​នៅ​ក្នុង​សង្គម។

លោក​ កែវ​ ផល្លា​ មន្ត្រី​ផ្នែក​​ការ​ចូល​រួម​របស់​កុមារ​​នៃ​អគ្គលេខាធិការដ្ឋាន​​របស់​គណៈកម្មាធិការ​​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​សិទ្ធិ​កុមារ​បាន​ឲ្យ​ដឹង​តាមរយៈ​បទពិសោធន៍​ការងារ​កន្លង​មក​ថា​ ថ្វី​ត្បិត​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ល្អ​ប្រសើរ​ជាង​មុន​ ក៏​ការ​ឲ្យ​តម្លៃ​​លើ​ការ​ចូល​រួម​របស់​កុមារ​​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​​ពុំ​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ​នៅ​ឡើយ។ មនុស្ស​ចាស់​ភាគ​ច្រើន​ពុំ​​បាន​​ឲ្យ​តម្លៃ​ពេញលេញ​ដល់​គំនិត​ទស្សនៈ​របស់​កុមារ​ ដោយ​យល់​ឃើញ​ថា​ កុមារ​នៅ​មាន​ភាព​ក្មេង​ខ្ចី​ទាំង​វ័យ​ ចំណេះដឹង​ និង​បទពិសោធន៍​ជីវិត។ ពួក​គាត់​ពុំ​បាន​​មើល​ឃើញ​ពី​តម្លៃ​ និង​ប្រយោជន៍​ដែល​កុមារ​អាច​ចូល​រួម​ចំណែក​ចំពោះ​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ឡើយ។ លោក​ ផល្លា​ បាន​បន្ត​ឲ្យ​ដឹង​ថា​ ជា​ឧទាហរណ៍​ជាក់ស្ដែង​ សុភាសិត​បុរាណ​មួយ​ឃ្លា​ដែល​ពោល​ថា​ "មិន​ជឿ​ចាស់​ស្រឡះ​ដៃ​ធេង​ បើ​ជឿ​​ក្មេង​រលីង​សក់​ក្បាល"​ នៅ​​តែ​ដក់​ជាប់​ក្នុង​គំនិត​ទស្សនៈ​របស់​មនុស្ស​​ចាស់​មួយ​ចំនួន​ធំ។ ទស្សនៈ​នេះ​បាន​ និង​កំពុង​បង្ក​ជា​ឧបសគ្គ​ដ៏​ធំធេង​ដល់​ដំណើរការ​លើក​កម្ពស់​​ការ​ចូល​រួម​របស់​កុមារ​នៅ​ប្រទេស​កម្ពុជា។

បើ​តាម​ទស្សនៈ​របស់​លោក​ការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​យល់​ដឹង​​ច្បាស់លាស់​អំពី​សិទ្ធិ​ និង​តម្លៃ​​នៃ​ការ​​ចូលរួម​របស់​កុមារ​ និង​អប់រំ​ឲ្យ​មាន​ការ​យល់​គ្នា​បាន​ល្អ​​រវាង​មនុស្ស​ចាស់​ និង​កុមារ​ ជា​វិធីសាស្ត្រ​ល្អ​មួយ​សម្រាប់​ជួយ​ដល់​ការ​លើក​កម្ពស់​​ការ​ចូល​រួម​របស់​​កុមារ។ ការ​ចូល​រួម​របស់​កុមារ​​បាន​ផ្ដល់​នូវ​តម្លៃ​ និង​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​កុមារ​​ផ្ទាល់​ និង​សង្គម​ជាតិ​ទាំង​​មូល​ រួម​មាន​ដូចជា​ ជួយ​រួម​ចំណែក​ដល់​​ការ​អភិវឌ្ឍន៍​ទាំង​ផ្នែក​រាងកាយ​ និង​បញ្ញា​ស្មារតី​របស់​កុមារ​ ដើម្បី​អាច​​ឲ្យ​ពួកគេ​បាន​បំពេញ​តួនាទី​ជា​កូន​ល្អ​​ សិស្ស​ល្អ​ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ​នៅ​ថ្ងៃ​អនាគត​ជា​ដើម។ ម្យ៉ាង​ទៀត​ការ​ផ្ដល់​ឱកាស​​ឲ្យ​កុមារ​​បាន​ចូល​រួម​មាន​ន័យ​ថា​ បាន​ផ្ដល់​ឱកាស​​ឲ្យ​ពួក​គេ​បាន​ចូល​រួម​ចំណែក​កសាង​សង្គម​ និង​បាន​ត្រៀម​ខ្លួន​ដើម្បី​​ក្លាយ​ខ្លួន​ជា​អ្នក​​ដឹកនាំ​​សង្គម​នៅ​ថ្ងៃ​ខាង​មុខ។

កន្លង​មក​ រាជរដ្ឋាភិបាល​ ជា​ពិសេស​​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​​ដែល​មាន​ក្រុម​ប្រឹក្សា​​ជាតិ​ដើម្បី​កុមារ​ជា​សេនាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​​ជាតិ​ និង​អន្តរជាតិ​​ជា​ច្រើន​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​​ការ​លើក​កម្ពស់​ស្ថានភាព​​នៃ​ការ​ចូល​រួម​របស់​កុមារ​នៅ​ក្នុង​សង្គម​កម្ពុជា។ ជាក់ស្ដែង​​តាមរយៈ​គម្រោង​​តស៊ូ​មតិ​ដើម្បី​ការ​ចូល​រួម​របស់​កុមារ​របស់​គណៈកម្មាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ​ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​​ភ្លែន​អន្តរជាតិ​កម្ពុជា​ (PLAN International Cambodia) និង​អង្គការ​ន័រវេស្ស៍​សង្គ្រោះ​កុមារ​នៅ​កម្ពុជា​ (Save the Children Norway in Cambodia) កុមារ​​ដែល​ជា​សមាជិក​ក្លឹប​កុមារ​ចំនួន​​ជាង​​២០០​ក្លឹប​នៅ​១១​ខេត្ត​-ក្រុង​ បាន​ទទួល​នូវ​ការ​បណ្ដុះបណ្ដាល​ពង្រឹង​​សមត្ថភាព​​ទាំង​ចំណេះដឹង​ទូទៅ​ និង​ចំណេះដឹង​​ជំនាញ​ជា​ប្រចាំ​ពី​អង្គការ​សាមី​ និង​គណៈកម្មាធិការ​អង្គការ​មិនមែន​​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ។ ក្លឹប​កុមារ​​ដែល​សម្របសម្រួល​ដោយ​អង្គការ​​មិនមែន​រដ្ឋាភិបាល​​ជាតិ​ និង​អន្តរជាតិ​​ទាំង​នេះ​បាន​ចងក្រង​ជា​បណ្ដាញ​មួយ​ឈ្មោះ​ថា​ បណ្ដាញ​​កុមារ​​អ្នក​តស៊ូ​មតិ។ បណ្ដាញ​នេះ​ត្រូវ​​បាន​ផ្ដួចផ្ដើម​​ចងក្រង​​ដោយ​គណៈកម្មាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ​ (គ.អ.ស.ក) ក្នុង​គោល​បំណង​​ពង្រឹង​សមត្ថភាព​ក្រុម​កុមារ​ឲ្យ​​មាន​សមត្ថភាព​​គ្រប់គ្រាន់​ក្នុង​ការងារ​​តស៊ូ​មតិ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កុមារ​​ទាំង​ក្នុង​សហគមន៍​ ថ្នាក់​ជាតិ​​ និង​អន្តរជាតិ។ ជា​សក្ខីភាព​ កុមារ​ដែល​ត្រូវ​បាន​បោះឆ្នោត​​ឲ្យ​ធ្វើ​ជា​តំណាង​​បណ្ដាញ​តាម​ខេត្ត​ក្រុង​នីមួយៗ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​ការ​ផ្ដល់​អនុសាសន៍​លើ​របាយការណ៍​របស់​រដ្ឋាភិបាល​​ស្ដី​ពី​ការ​អនុវត្តន៍​សិទ្ធិ​កុមារ​​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​មក។ ក្រុម​កុមារ​ដែល​ជា​សមាជិក​អ្នក​ដឹកនាំ​បណ្ដាញ​កុមារ​អ្នក​តស៊ូ​មតិ​ទាំង​នោះ​ ក៏​ធ្លាប់​បាន​​ចូល​រួម​ជា​តំណាង​​ឲ្យ​កុមារ​កម្ពុជា​ក្នុង​សន្និបាត​ថ្នាក់​តំបន់​ និង​ថ្នាក់​ពិភពលោក​ស្ដី​ពី​ការ​រៀបចំ​ផែនការ​ និង​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​​នឹង​បញ្ហា​កុមារ​ផង​ដែរ។

កុមារា​ ជា​ សុជាតិ​ អាយុ​១១​ឆ្នាំ​​ជា​អនុ​ប្រធាន​បណ្ដាញ​កុមារ​អ្នក​តស៊ូ​មតិ​ប្រចាំ​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​​របស់​ខ្លួន​ដែល​ទទួល​បាន​នូវ​ចំណេះដឹង​ជា​ច្រើន​នា​ពេល​កន្លង​មក​ តាមរយៈ​អង្គការ​សហគមន៍​សុវត្ថិភាព​កុមារ​ CCBO និង​ គ.អ.ស.ក រួម​មាន​​ដូចជា​​ចំណេះដឹង​​ស្ដី​ពី​សិទ្ធិ​កុមារ​ ការ​ចូល​រួម​របស់​កុមារ​ ពលកម្ម​កុមារ​ អំពើហិង្សា​លើ​កុមារ​ មិត្ត​អប់រំ​មិត្ត​ ការ​តស៊ូ​មតិ​ និង​ភាព​​ជា​អ្នក​ដឹកនាំ​ជា​ដើម។ ជាមួយ​នឹង​ចំណេះដឹង​​ដ៏​មាន​សារសំខាន់​ទាំង​នេះ​ សុជាតិ​តែង​តែ​ឆ្លៀត​ឱកាស​​ផ្សព្វផ្សាយ​ចែក​រំលែក​ដល់​សមាជិក​ក្នុង​គ្រួសារ​​ និង​មិត្ត​​ភក្ដិ​នៅ​សាលា​ជា​រឿយៗ។ សុជាតិ​បាន​និយាយ​ថា​ "ពេល​ណា​ខ្ញុំ​បាន​មក​រៀន​ ពេល​ត្រឡប់​ដល់​​ផ្ទះ​វិញ​ អ៊ំ​និង​បងៗ​តែង​ជជីក​សួរ​ខ្ញុំ​ថា​ តើ​ឯង​ទៅ​រៀន​បាន​ចេះ​អ្វី​ខ្លះ? ហើយ​ពួក​គាត់​បាន​ឲ្យ​ខ្ញុំ​និយាយ​​រៀបរាប់​ពី​អ្វី​ដែល​ខ្ញុំ​បាន​​រៀន​​ឲ្យ​ពួក​គាត់​ស្ដាប់"។ សុជាតិ​​មិន​ត្រឹម​តែ​បាន​ចែក​រំលែក​ការ​យល់​ដឹង​របស់​ខ្លួន​​ទៅ​ដល់​គ្រួសារ​ និង​កុមារ​ក្នុង​សហគមន៍​​ប៉ុណ្ណោះ​ទេ​ គេ​ថែម​​ទាំង​បាន​​ប្រើប្រាស់​ចំណេះដឹង​ទាំង​នេះ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កុមារ​ក្នុង​សហគមន៍​​ទៀត​ផង។ "ខ្ញុំ​ធ្លាប់​​ជួយ​កុមារ​ម្នាក់​នៅ​ក្បែរ​ផ្ទះ​ដែល​ខ្ញុំ​រស់នៅ"។

តាម​ការ​រៀបរាប់​របស់​សុជាតិ​មាន​កុមារ​ម្នាក់​រស់នៅ​ក្បែរ​ផ្ទះ​របស់​ប្អូន​ក្នុង​ភូមិ​កំពេញ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ដែល​ធ្លាប់​ជា​សិស្ស​ឆ្នើម​មួយ​រូប​ក្នុង​ថ្នាក់​ បាន​ធ្លាក់​ខ្លួន​រៀនសូត្រ​ពុំ​បាន​​លទ្ធផល​ល្អ​ ដោយសារ​តែ​ពុំ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​ម្ដាយ​ និង​តែង​ទទួល​​នូវ​ការ​វាយ​ធ្វើ​បាប​ជា​ញឹកញាប់។ សុជាតិ​​បាន​ជួយ​ដោះស្រាយ​បញ្ហា​របស់​មិត្ត​ខ្លួន​តាមរយៈ​ការ​ស្វែង​​រក​ពេលវេលា​ទំនេរ​ ដើម្បី​ជជែក​​លេង​ជាមួយ​ម្ដាយ​របស់​កុមារ​នោះ​ ដើម្បី​ព្យាយាម​ពន្យល់​គាត់​​ឲ្យ​យល់​​ពី​តម្រូវ​ការ​ភាព​កក់ក្ដៅ​ និង​ការ​លើក​ទឹកចិត្ត​​របស់​កុមារ​ និង​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ផ្លូវ​ចិត្ត​របស់​កូន​ដែល​មិន​ត្រឹម​ធ្វើ​​ឲ្យ​កូន​សប្បាយ​ចិត្ត​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​អាច​ជា​ឈ្នួន​ជួយ​​ដល់​ការ​សិក្សា​របស់​កុមារ​ទៀត​ផង។ សុជាតិ​ ក៏​បាន​ពន្យល់​ម្ដាយ​កុមារ​​ឲ្យ​យល់​​ពី​សញ្ញាណ​នៃ​សិទ្ធិ​កុមារ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ សុជាតិ​ក៏​មិន​ភ្លេច​ណែនាំ​​មិត្ត​របស់​ខ្លួន​ កុំ​ឲ្យ​ធ្វើ​កិច្ចការ​​ដែល​ម្ដាយ​​មិន​សប្បាយ​ចិត្ត​ និង​ព្យាយាម​​ស្ដាប់​​ដំបូន្មាន​របស់​គាត់​ផង​ដែរ។

ជា​ការ​ពិត​គំនិត​​ និង​សម្ដី​​របស់​កុមារ​​អាយុ​ជាង​​១០​ឆ្នាំ​រូប​នេះ​ ពុំ​ទទួល​​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ និង​ពិចារណា​ពី​ម្ដាយ​​របស់​កុមារ​​ភ្លាមៗ​ឡើយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ការ​ព្យាយាម​​និង​ភាព​ប៉ិនប្រសប់​ របស់​សុជាតិ​​បាន​ជួយ​ឲ្យ​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចការ​សប្បុរសធម៌​របស់​ខ្លួន​នៅ​ពេល​ក្រោយ​មក។ "រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​ មីង​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ​នេះ​ លែង​​សូវ​វាយ​ជេរ​ស្ដី​​មិត្ត​របស់​ខ្ញុំ​ទៀត​ហើយ​ ហើយ​មិត្ត​ខ្ញុំ​​ក៏​ចាប់​ផ្ដើម​រៀន​បាន​ពូកែ​​ឡើង​វិញ​ដែរ"។ នេះ​​បើ​តាម​សម្ដី​របស់​សុជាតិ​ ទង្វើ​របស់​កុមារ​សុជាតិ​ជា​គំរូ​ល្អ​មួយ​ដែល​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ចូល​រួម​​របស់​កុមារ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កុមារ​ក្នុង​សហគមន៍។

ជាមួយ​គ្នា​នេះ​ កុមារ​នៅ​អាច​​ចូល​រួម​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​សេចក្ដី​​សម្រេច​ចិត្ត​ទាក់ទង​​នឹង​បញ្ហា​កុមារ​ក្នុង​សហគមន៍​របស់​ខ្លួន​ផង​ដែរ។ ជាក់ស្ដែង​តំណាង​បណ្ដាញ​កុមារ​អ្នក​តស៊ូ​​មតិ​មក​ពី​ភូមិ​ជីចេះ​ ភូមិ​ស្វាយ​សរ​ និង​ភូមិ​ថ្មី​ ឃុំ​ស្នាអន្សា​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ បាន​ចូល​ជួប​តំណាង​ក្រុមប្រឹក្សា​​ឃុំ​ និង​តំណាង​អាជ្ញាធរ​មូលដ្ឋាន​ស្នាអន្សា​ ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ពេល​កន្លង​មក​ ដើម្បី​លើក​ពី​បញ្ហា​កុមារ​ដែល​​កំពុង​​កើត​មាន​ក្នុង​សហគមន៍​ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​ក្រុមប្រឹក្សា​ឃុំ​ និង​អាជ្ញាធរ​មូលដ្ឋាន។ បញ្ហា​ចម្បងៗ​ដែល​កុមារ​បាន​លើក​ឡើង​​នា​ឱកាស​​នោះ​មាន​ដូចជា​ កុមារ​ប្រកប​មុខរបរ​​ឡើង​ត្នោត​ និង​កុមារ​បោះបង់​ការ​សិក្សា​ទៅ​រក​ការងារ​ធ្វើ​​នៅ​ទី​ក្រុង​ និង​ខេត្ត​ផ្សេងៗ។

លោក​ មេ​ឃុំ​ និង​ជំទប់​បាន​ប្រាប់​តំណាង​​កុមារ​ថា​ លោក​ក៏​បាន​ដឹង​ពី​​រឿង​នេះ​ដែរ​ ថែម​ទាំង​ធ្លាប់​​បាន​ចុះ​​និយាយ​អប់រំ​ឪពុក​ម្ដាយ​កុមារ​ទាំង​នោះ​​ទៀត​ផង​ ហើយ​បច្ចុប្បន្ន​លោក​កំពុង​​តែ​ស្វែង​​រក​អង្គការ​​ដែល​មាន​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​ត្បាញ​កន្ទេល​ ហូល​ ស៊ឹង​ ក្រមា​ ភ្លេង​ការ​ ភ្លេង​ពិណពាទ្យ...​ដើម្បី​​លើក​កម្ពស់​​ជីវភាព​​ប្រជាជន​ និង​​ទប់ស្កាត់​​ការ​ធ្វើ​​ចំណាក​ស្រុក។ លោក​ក៏​មាន​គម្រោង​សហការ​ជាមួយ​​នាយក​សាលា​គ្រប់​ភូមិ​គោលដៅ​ ដើម្បី​ផាកពិន័យ​ឪពុក​ម្ដាយ​ណា​ ដែល​មិន​ឲ្យ​​កូន​ទៅ​រៀន​ ឬ​ប្រើប្រាស់​​​អំពើហិង្សា​លើ​កុមារ។ លោក​ក៏​ធ្លាប់​បាន​ចុះ​ណែនាំ​​អប់រំ​ដល់​ប្រជាជន​ក្នុង​ភូមិ​ឲ្យ​​យល់​ពី​តម្លៃ​កុមារ​ គុណ​ប្រយោជន៍​នៃ​ការ​សិក្សា​​របស់​កុមារ​ ផល​ប៉ះពាល់​អាក្រក់​នៃ​ការ​​កេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ​ និង​ការ​​ប្រើប្រាស់​អំពើហិង្សា​​លើ​កុមារ។ ជាមួយ​នឹង​សកម្មភាព​ទាំងនេះ​ លោក​មេឃុំ​បាន​​ជួប​រឿង​ព្រៃផ្សៃ​ជាក់ស្ដែង​​មួយ​ ដែល​គ្រួសារ​​មួយ​បាន​ប្រើ​អំពើហិង្សា​លើ​កូន​​បង្កើត​របស់​ខ្លួន​ដោយ​ចង​ព្យួរ​ជើង​ឡើង​លើ​វាយ​ធ្វើ​បាប​ដូច​សត្វ​ធាតុ។ លោក​បាន​ចុះ​ណែនាំ​​ពន្យល់​ហេតុ​ផល​​ដើម្បី​ឲ្យ​​គ្រួសារ​នោះ​បញ្ឈប់​អំពើ​ព្រៃផ្សៃ​បែប​នេះ​ ទី​បំផុត​​គ្រួសារ​​នោះ​បាន​ធ្វើ​ចំណាកស្រុក​ចេញ​ឆ្ងាយ​ពី​ឃុំ​របស់​លោក។ លោក​មេឃុំ​ក៏​​បាន​អំពាវនាវ​សុំ​ឲ្យ​កុមារ​​នៅ​តាម​ក្លឹប​ជួយ​តាម​ដាន​ និង​រាយការណ៍​រាល់​បញ្ហា​ទាំងឡាយ​​ណា​ដែល​បាន​ជួប​ប្រទះ​ ដើម្បី​ងាយស្រួល​ដល់​ក្រុមប្រឹក្សា​ឃុំ​ចាត់​វិធានការ​​អន្តរាគមន៍​ទាន់​ពេល​​ ជា​ពិសេស​សូម​ឲ្យ​កុមារ​នៅ​ក្នុង​ក្លឹប​​ជួយ​ណែនាំ​ដល់​មិត្ត​​ភក្ដិ​ដែល​ឈប់​រៀន​ ឲ្យ​ចូល​សាលារៀន​វិញ​ផង។ គួរ​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​ស្រដៀង​គ្នា​នេះ​ តែងតែ​​ត្រូវ​បាន​រៀបចំ​ជា​រឿយៗ​នៅ​តាម​ខេត្ត​-ក្រុង​ទាំង​១១​ដែល​ប្រតិបត្តិការ​​ដោយ​ គ.អ.ស.ក​ និង​អង្គការ​ដៃ​គូ។

នៅ​ក្នុង​បរិបទ​ជា​ច្រើន​ គេ​សង្កេត​​ឃើញ​​​​មាន​ការ​ផ្ដល់​ឱកាស​​ឲ្យ​កុមារ​​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​របស់​សង្គម ​ប៉ុន្តែ​​ក៏​មាន​ការ​ចូល​រួម​ជា​ច្រើន​ធ្វើ​ឡើង​​គ្រាន់​តែ​​យក​កុមារ​​ឲ្យ​ចូល​រួម​ដើម្បី​ល្អ​​មើល​ ដោយ​ពុំ​បាន​ផ្ដល់​នូវ​ការ​ចូល​រួម​ដ៏​ពេញលេញ​មួយ​ដល់​ពួក​គេ។ លោក​ កែវ​ ផល្លា​ បាន​ធ្វើ​ការ​កត់សម្គាល់​ផ្ទាល់​​ខ្លួន​ថា​ នៅ​មាន​ការ​យល់​ពុំ​ច្បាស់លាស់​នៅ​ឡើយ​ក្នុង​សង្គម​កម្ពុជា​​សព្វថ្ងៃ​​ពី​អត្ថន័យ​ពិត​នៃ​ការ​ចូល​រួម​របស់​កុមារ។ លោក​បាន​បង្ហាញ​ថា​ ការ​ចូល​រួម​របស់​កុមារ​ពិត​គឺ​ជា​ដំណើរការ​ដែល​កុមារ​​អាច​ចូល​រួម​សម្ដែង​គំនិត​ ទស្សនៈ​ ដែល​គំនិត​ទស្សនៈ​ទាំង​នោះ​ ត្រូវ​បាន​គេ​យក​ទៅ​ពិចារណា​​ថ្លឹងថ្លែង​ ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​គោលបំណង​​ការពារ​​ឧត្ដម​ប្រយោជន៍​របស់​កុមារ។

គណៈកម្មាធិការ​​អង្គការ​​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ​បាន​ធ្វើ​ការ​អំពាវនាវ​ថា​ ប្រសិន​ជា​មាន​អ្វី​ដែល​ទាក់ទង​ទៅ​ដល់​កុមារ​ គឺ​អាច​ទំនាក់ទំនង​​មក​គណៈកម្មាធិការ​នេះ​បាន​តាមរយៈ​លោក​ពិសី​មន្ត្រី​នៃ​អង្គការ​​នេះ​ដែល​មាន​លេខ​ទំនាក់ទំនង​ ០២៣​ ៨៨២​ ៤១២៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ច័ន្ទ 16 Mar 2009