យោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈលើកុមារីក្នុងអំឡុងពេល ៣ ខែ ដើមឆ្នាំ២០០៧ មានដល់ទៅ ១០៣ ករណី ក្នុងនោះបើធ្វើប្រៀបធៀបក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០០៨ គឺមានត្រឹមតែ ៤៧ ករណីតែប៉ុណ្ណោះ គឺមានការថយចុះ ៥៦ ករណី។ ទោះបីជាតួលេខបានបញ្ជាក់ថា មានការថយចុះយ៉ាងណាក្ដី ប៉ុន្តែអ្វីដែលជាក្ដីព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលបច្ចុប្បន្ននេះ គឺរាល់ការដោះស្រាយពាក្យបណ្ដឹងកន្លងមកស្ទើរតែ ១០០% ត្រូវធ្វើឡើងតាមរយៈការផ្ដល់ជាសំណងផ្លូវចិត្តរវាងជនរងគ្រោះ និងជនដែលបានប្រព្រឹត្តបទល្មើស។ ជាមួយនិងការតបស្នងសំណងផ្លូវចិត្តពីជនល្មើស និងជនរងគ្រោះនេះ ស្ថាប័នក្រៅរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា៖ "សំណងផ្លូវចិត្តលើករណីរំលោភសេពសន្ថវៈកុមារ គឺអាចជាកត្តាជំរុញឲ្យអំពើនេះមានការកើនឡើងកាន់តែច្រើន"។
លោក ប៉ិ វណ្ណៈ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិកុមារកម្រិតខ្ពស់នៃអង្គការលើកាដូ បានថ្លែងឲ្យដឹងថា "ការរំលោភលើកុមារត្រូវបានគេដោះស្រាយដោយសម្រួលបញ្ចប់រឿងនៅត្រឹមអាជ្ញាធរមូលដ្ឋាន ឬអាចមកជាប់គាំងនៅដំណាក់កាលតុលាការ ដោយជនរងគ្រោះបានទទួលសំណងផ្លូវចិត្តពីភាគីក្រុមគ្រួសារជនល្មើសក្នុងការទាមទារឲ្យជនរងគ្រោះដកពាក្យបណ្ដឹងបញ្ចប់ក្ដីទាំងបង្ខំ ហើយអាជ្ញាធរក៏លែងបន្ត និងសហការស៊ើបអង្កេតរឿងក្ដីនេះតទៅទៀតដោយគាត់សម្អាងថា ភាគីទាំងសងខាងគេបានសម្រួលគ្នារួចហើយ។ ដូច្នេះករណីនេះមានន័យថា ជនល្មើសមិនត្រូវបានទទួលទោសទេ ហើយជនល្មើសអាចនឹងមានឱកាសប្រព្រឹត្តនូវទង្វើបែបនេះជាបន្តទៀត។ ទាំងនេះវាហាក់ដូចជាការជំរុញឲ្យករណីនេះកាន់តែកើតឡើងច្រើន"។
អ្នកសង្កេតការណ៍បានឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជាដែលមិនសូវអនុវត្តន៍ទោសព្រហ្មទណ្ឌទៅតាមនីតិវិធីឲ្យបានត្រឹមត្រូវទេដែលនេះជាឱកាសធ្វើឲ្យជនល្មើសអាងមានអំណាច មានលុយ ងាយស្រួលក្នុងការប្រព្រឹត្តបទល្មើសកាន់តែច្រើនឡើង ព្រោះជនល្មើសយល់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានេះ គឺមិនអាចដាក់ទោសទណ្ឌលើជនទាំងអស់នោះបានទេ ប្រសិនបើគេមានលុយកាក់ធ្វើការសម្របសម្រួល ឬក៏សងជាសំណងផ្លូវចិត្តនេះជាដើម។
ជាមួយគ្នានេះ លោក នី ចរិយា មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា៖ "យើងតែងសង្កេតឃើញថា ករណីនេះមានការចាត់វិធានការឃើញថា ករណីនេះមានការចាត់វិធានការខុសនឹងនីតិវិធីច្បាប់ ព្រោះករណីរំលោភសេពសន្ថវៈ គឺជាករណីព្រហ្មទណ្ឌ។ ដូច្នេះបើទោះបីជាមានការសម្របសម្រួលរឿងរដ្ឋប្បវេណីក្ដី ក៏ករណីព្រហ្មទណ្ឌមិនអាចរលត់បានដែរ"។ លោកបានគូសបញ្ជាក់បន្ថែមទៀតថា៖ "បើទោះបីជាមានការសម្របសម្រួលសងជាលុយកាក់មែនពិត ប៉ុន្តែបណ្ដឹងព្រះរាជអាជ្ញា តុលាការត្រូវតែចាត់វិធានការតាមនីតិវិធីជាបន្តទៀត"។
ទាក់ទងនឹងបញ្ហានេះ លោកស្រី សាន្ត អារុណ អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីមានប្រសាសន៍ថា ចំពោះករណីនេះ បើតាមច្បាប់ជនល្មើសត្រូវតែទទួលទោស។ លោកស្រីបានថ្លែងថា៖ "ប្រសិនបើតាមផ្លូវតុលាការវិញ ទោះបីជនល្មើសនោះត្រូវទទួលសំណងរដ្ឋប្បវេណី ឬក៏សម្របសម្រួលយ៉ាងណាក្ដី ប៉ុន្តែព្រះរាជអាជ្ញាត្រូវមានតួនាទីមួយធ្វើបណ្ដឹងជាបន្តទៀត"។ លោកស្រីគូសបញ្ជាក់ថា៖ "ជាមួយគ្នានោះដែរ ក្រសួងកិច្ចការនារីតែងធ្វើការផ្សព្វផ្សាយទាក់ទង នឹងច្បាប់លើការរំលោភសិទ្ធិកុមារនេះ ហើយយើងតែងតែធ្វើការផ្សព្វផ្សាយអប់រំចំពោះគ្រួសារ និងកុមារនៅតាមជនបទឲ្យគាត់យល់អំពីស្ថានភាពនៃការចាប់រំលោភនេះជាដើម"៕

