ភ្នំពេញ៖ ចន្នា សង្ឃឹមថាបុរសមហាសេដ្ឋីអង់គ្លេសម្នាក់នឹងមករៀបការជាមួយនាង ដោយនាំយកមកនូវបណ្ណាការរហូតដល់ទឹកប្រាក់ក្នុងរង្វង់មួយលានដុល្លារ។ ដូច្នេះចន្នាមិនអល់អែកឡើយក្នុងការអញ្ជើញភ្ញៀវសម្រាប់មង្គលការ ហើយកក់កន្លែងសម្រាប់អាពាហ៍ពិពាហ៍របស់នាង។ ប៉ុន្តែនៅពេលដែលនាងទៅរង់ចាំនៅព្រលានយន្តហោះ បុរសនោះមិនបានបង្ហាញខ្លួនតាមកាលកំណត់ឡើយ។ ចន្នា បានក្លាយទៅជាស្ត្រីម្នាក់ដែលចាញ់បោកមនុស្សនៅក្រៅប្រទេស តាមរយៈការទំនាក់ទំនងតាមអ៊ីនធឺណិតរហូតដល់អស់លុយជាច្រើនពាន់ដុល្លារ។
ករណីបោកប្រាស់តាមអ៊ីនធឺណិត កំពុងតែគំរាមកំហែងដល់ពលរដ្ឋខ្មែរមួយចំនួន ដែលងាយនឹងជឿចំពោះការសន្យារៀបការ ការប្រកាសរកស៊ី ហ៊ុនគ្នារាប់លានដុល្លារ ការផ្ទេរមរតករាប់លានដុល្លារ ឬក៏ការប្រាប់អំពីការត្រូវឆ្នោតរាប់លានដុល្លារជាដើម។ ដូច្នេះវាតម្រូវឲ្យប្រជាជនខ្មែរមានការប្រយ័ត្នខ្ពស់បំផុត បើសិនជាពួកគេមិនចង់ខាតបង់លុយ និងពេលវេលាដោយការបោកប្រាស់ឆ្លងដែនក្នុងសម័យបច្ចេកវិជ្ជារីកចម្រើននេះទេ។
ចន្នា (ឈ្មោះរបស់អ្នកនិពន្ធដាក់ឲ្យ) បានរៀបរាប់អំពីសាច់រឿងដែលនាំនាងដល់ការចាញ់បោកនេះថា កាលពីរយៈពេលជាងមួយខែមុន នាងបានជជែកតាមអ៊ីនធឺណិត ហើយស្គាល់បុរសម្នាក់ឈ្មោះចែម ដែលអះអាងថា ខ្លួនជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្តដ៏ធំមួយនៅអង់គ្លេស។ ចន្នា សប្បាយចិត្តណាស់ចំពោះការស្គាល់គ្នានោះ។ ចាប់តាំងពីពេលនោះមកគាត់ក៏បន្តទំនាក់ទំនង បុរសនោះហើយទីបំផុតអ្នកទាំងពីរក៏ឈានដល់ទំនាក់ទំនងស្នេហាហើយសន្យាគ្នានឹងចូលរោងការតាមប្រពៃណីខ្មែរ។ ចន្នា សែនសប្បាយចិត្តចំពោះទំនាក់ទំនងនេះ។
ទីបំផុត ចែម បានប្រាប់ដល់ ចន្នាថា ខ្លួននឹងមករៀបការជាមួយ ចន្នា នៅសប្ដាហ៍កន្លងទៅ។ ចន្នាបានរៀបចំការកក់តុការ កន្លែងរៀបចំមង្គលការ និងការត្រៀមផ្សេងៗទៀត ដើម្បីទទួលចែម។ ចែមបានប្រាប់ឲ្យ ចន្នា ទៅទទួលអនាគតប្ដីសេដ្ឋីនៅឯព្រលានយន្ដហោះទីក្រុងភ្នំពេញ។ ប៉ុន្តែ ចន្នា ចាំបាត់ៗហើយក៏ទទួលទូរស័ព្ទថា ចែមជាប់នៅទីក្រុងកូឡាឡាំពួរដោយសារការយកលុយច្រើនពេក (មួយលានដុល្លារ) មកជាប់ជាមួយខ្លួន។ ឥឡូវចែមត្រូវការលុយដើម្បីរត់ការយកលុយនោះមកកម្ពុជា។ ចែមបានឲ្យចន្នាបញ្ជូនលុយឲ្យចំនួន២,០០០ដុល្លារដើម្បីរត់ការ។ ចន្នាមិនអល់អែកឡើយ ហើយក៏បញ្ជូនលុយឲ្យតាមការស្នើសុំ។ ប៉ុន្តែនៅពេលចន្នាព្យាយាមទំនាក់ទំនងបន្តទៀតបន្ទាប់ពីបានប្រគល់លុយទៅឲ្យបុរសនោះហើយ ចន្នាមិនអាចទាក់ទងចែមបានឡើយ។ ទីបំផុតចន្នាបានដឹងខ្លួនថានាងបានចាញ់បោកបុរសនោះ។
មានករណីមួយចំនួនទាក់ទងទៅនឹងការចាញ់បោកតាមរយៈអ៊ីនធឺណិតនេះ ដោយរួមទាំងមន្ត្រីរដ្ឋាភិបាលផង។ ការចាញ់បោកភាគច្រើន គឺទាក់ទងទៅនឹងការលោភលន់ចង់បានលុយជាច្រើនម៉ឺននិងលានដុល្លារនេះឯង។
- ស្ទីលបោកផ្សេងៗតាមអ៊ីនធឺណិត
អ៊ីនធឺណិតបានធ្វើឲ្យយើងភ្ជាប់ខ្លួនទៅនឹងពិភពលោកខាងក្រៅយ៉ាងរហ័ស និងចំណាយថវិកាតិច។ វាផ្ដល់ប្រយោជន៍យ៉ាងច្រើនណាស់ដល់មនុស្សលោក។ ប៉ុន្តែជាអកុសលវាក៏បានក្លាយទៅមធ្យោបាយបោកប្រាស់យ៉ាងប៉ិនប្រសប់ ហួសពីការនឹកឃើញរបស់យើងទៅទៀត។ វិធីបោកទាំងនោះរួមមានការសន្យារៀបការ និងផ្ដល់លុយយ៉ាងច្រើនដូចជាករណីចន្នា ការលួចអ៊ីមែលរបស់អ្នកដែលយើងស្គាល់ហើយសរសេរអ៊ីមែលមកខ្ចីលុយ ការអូសទាញរកស៊ីចូលគ្នា ការប្រាប់ពីការត្រូវរង្វាន់ប្រាក់លានដុល្លារ និងការផ្ទេរមរតកជាដើម។
-ការលួចអ៊ីមែលរបស់មនុស្សដែលយើងស្គាល់ហើយសរសេរអ៊ីមែលមកសុំខ្ចីលុយ
នេះគឺជាការបោកប្រាស់តាមអ៊ីនធឺណិត ដែលយើងងាយនឹងចាញ់បោកបំផុត ដោយសារយើងយល់ថា មនុស្សដែលបញ្ជូនអ៊ីមែលកមកាន់យើងនោះគឺជាមនុស្សដែលស្គាល់យើងដូចបងប្អូនយើង ឬក៏មិត្តភ័ក្ដិយើងជិតស្និទ្ធរបស់យើង។ អ៊ីមែលមិនមែនសុវត្ថិភាពមួយរយភាគរយឡើយ។ ពេលខ្លះគេអាចលួចអ៊ីមែល និងលេខសម្ងាត់របស់យើងបានយកទៅប្រើប្រាស់។
រ័ត្នអតីតនិស្សិតអនុបណ្ឌិតនៅហ្វីលីពីនបាននិយាយថា មានពេលមួយនោះខ្លួនបានទទួលអ៊ីមែល ដ៏គួរឲ្យរន្ធត់មួយពីគ្រូជនជាតិហ្វីលីពីនរបស់ខ្លួន ដែលត្រូវចោរប្លន់នៅអង់គ្លេសហើយមិនអាចធ្វើដំណើរត្រឡប់ទៅកាន់ហ្វីលីពីនបាន ហើយបានសរសេរអ៊ីមែលមកកាន់រ័ត្ន និងនិស្សិតផ្សេងទៀតដើម្បីសុំខ្ចីលុយចំនួន៣,០០០ដុល្លារដើម្បីទិញសំបុត្រយន្តហោះ និងទូទាត់ថ្លៃបន្ទប់សណ្ឋាគារ។ មនុស្សដែលអះអាងថាខ្លួនជាសាស្ត្រាចារ្យនោះ បានតម្រូវឲ្យបញ្ជូនលុយតាម Western Union។ ប៉ុន្តែនៅពេលដែលធ្វើការត្រួតពិនិត្យទៅទើបដឹងថា អ៊ីមែលរបស់សាស្ត្រាចារ្យនោះត្រូវបានគេលួចចូលប្រើ ហើយក្លែងបន្លំជាសាស្ត្រាចារ្យនោះដើម្បីបោកយកលុយនិស្សិតបរទេសមួយក្រុម ដែលធ្លាប់រៀនជាមួយគាត់។
លោករ៉ាក់ ក៏មានបទពិសោធន៍ស្រដៀងគ្នានេះដែរ។ ខ្លួនបានទទួលអ៊ីមែលពីមិត្តភ័ក្ដិម្នាក់ឈ្មោះ ផាត ឲ្យបញ្ជូនលុយជាបន្ទាន់ដោយសារចោរបានលួចលុយអស់នៅម៉ាឡេស៊ី។ ប៉ុន្តែនៅពេលដែលលោកទំនាក់ទំនងទៅគ្រួសាររបស់ផាត ហើយក៏ដឹងថាផាតតាមពិតនៅក្នុងប្រទេស ហើយមិនបានសរសេរអ៊ីមែលនោះឡើយ។
តាមករណីទាំងពីរនេះ ឪពុកម្ដាយ ប្ដីប្រពន្ធ កូន ឬមិត្តភ័ក្ដិត្រូវតែពិនិត្យឲ្យច្បាស់លាស់នៅពេលទទួលអ៊ីមែលឲ្យបញ្ជូនលុយ ដើម្បីចៀសវាងការចាញ់បោកដោយសារតែមានការលួចចូលប្រើអ៊ីមែលរបស់កូន ឬប្ដី ឬប្រពន្ធ ឬមិត្តភ័ក្ដិ។
-របៀបបោកផ្សេងទៀតតាមអ៊ីនធឺណិត
ចន្ថាមានការរំភើបបន្ទាប់ពីបានទទួលអ៊ីមែលថា ខ្លួនត្រូវឆ្នោតចំនួន៥លានដុល្លារ ហើយក៏បាបំពេញបែបបទតាមការប្រាប់របស់អ៊ីមែលនោះ។ ក្រោយកមចន្ថាក៏ទទួលទូរស័ព្ទប្រាប់ថា ដើម្បីបញ្ជូនលុយ៥លានដុល្លារនោះ ចន្ថាត្រូវបង់លុយចំនួន២,០០០ដុល្លារ ដើម្បីឲ្យគេរៀបចំឯកសារឲ្យ។ ចន្ថាក៏ព្រមបញ្ជូនលុយនោះ។ ប៉ុន្តែក្រោយមកចន្ថាក៏បាត់ដំណឹងឈឹងមិនអាចទាក់ទងបានមនុស្សដែលបានបញ្ជូនអ៊ីមែលនោះ។ ទីបំផុតខ្លួនក៏ដឹងថាបានចាញ់បោកគេទៅហើយ ដោយត្រូវចំណាយលុយអស់២,០០០ដុល្លារដោយគ្មានបានអ្វីឡើយ។
ក្រៅពីការអូសទាញដោយវិធីប្រាប់ថា ត្រូវឆ្នោតជាច្រើនលានដុល្លារនេះ របៀបបោកតាមអ៊ីនធឺណិតផ្សេងទៀត គឺការសហការគ្នាបង្វិលលុយមរតកជាច្រើនលានដុល្លារ ឬក៏ការរកស៊ីរួមគ្នាជាច្រើន។ ដូច្នេះនៅពេលដែលប្រជាជនខ្មែរទទួលអ៊ីមែលបែបនេះមិនត្រូវបញ្ជូនលុយទៅក្រៅប្រទេសឡើ បើសិនជាមិនចង់ចាញ់បោកគេទេនោះ។
មន្ត្រីធនាគារ អេស៊ិលីដា និយាយប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី៣ សីហាថា ករណីខាងលើពិតជាធ្លាប់កើតមានមែនទោះបីមិនច្រើនក្ដី។ ប៉ុន្តែពេលខ្លះធនាគារអាចជួយទប់ស្កាត់បាន ដោយធ្វើការពន្យល់អំពីលទ្ធភាពនៃការចាញ់បោកនេះ។ អ្នកខ្លះក៏សម្រេចលែងបញ្ជូនលុយទៅវិញ បន្ទាប់ពីមានការពន្យល់នេះ៕





