ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

បើក​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​មន្ត្រី​សម្ភាសន៍​ និង​មន្ត្រី​ត្រួត​ពិនិត្យ​ជំរឿន​ប្រជារាស្ត្រ

ទិដ្ឋភាព​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​មន្ត្រី​ជំរឿន (រូបថត ហុងរី)ខេត្ត​បាត់ដំបង​ ៖ មន្ត្រី​សម្ភាសន៍ ​និង​មន្ត្រី​ត្រួតពិនិត្យ​ជំរឿន​ចំនួន​៣៣៦​នាក់​ នៅ​ក្នុង​ស្រុក​បាត់ដំបង បាន​មក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​មន្ត្រី​សម្ភាសន៍​ និង​មន្ត្រី​ត្រួតពិនិត្យ​ជំរឿន​ទូទៅ​នៅ​ប្រជារាស្ត្រ​កម្ពុជា​ឆ្នាំ​២០០៨ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាលាស្រុក​នា​ព្រឹក​ថ្ងៃ​ទី​១១​ កុម្ភៈ ក្រោម​អធិបតីភាព​លោក​ ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត​និង​ជា​ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន។ អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​មាន​ប្រធាន​មន្ទីរ​ផែន​ការ​ខេត្ត មន្ត្រី​ជំរឿន​តំបន់​ លោក អ៊ុយ រី អភិបាល​ស្រុក​បាត់ដំបង និង​អភិបាលរង​ស្រុក​ទាំងអស់​ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ មន្ត្រី​ប៉ូលិស កងរាជអាវុធហត្ថ និង​យោធា ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ទាំង​១០​ក្នុង​ស្រុក​ និង​លោកគ្រូ អ្នកគ្រូ​យ៉ាង​ច្រើន​កុះករ។

 លោក អ៊ុយ រី អភិបាល​ស្រុក​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​ជំរឿន​ស្រុក​បាន​ថ្លែង​ថា ក្នុង​នាម​អាជ្ញាធរ​ស្រុក និង​ក្នុង​នាម​គណៈកម្មការ​ជំរឿន​ទូទៅ​នូវ​ប្រជារាស្ត្រ​ស្រុក​ខ្ញុំ​ចាត់​ទុក​ថា ការងារ​ជំរឿន​ទូទៅ​នៅ​ប្រជា​រាស្ត្រ​ក្នុង​ឆ្នាំ​២០០៨ ពិត​ជា​មាន​សារសំខាន់​ណាស់​ ពីព្រោះ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចប់​អាណត្តិ​៥​ឆ្នាំ​របស់​ខ្លួន ជា​រយៈពេល​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវការ​ពិនិត្យ​វាយ​តម្លៃ​ឡើង​វិញ នូវ​លទ្ធផល​នៃ​ការ​អនុវត្តន៍​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ខ្លួន​ផង​ដែរ។ ដូច្នេះ​ការ​ធ្វើ​ជំរឿន​ទូទៅ​នូវ​ប្រជារាស្ត្រ​ប្រទេស​កម្ពុជា​ គឺ​ជា​មូលដ្ឋាន​ព័ត៌មាន​មួយ​ដ៏​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​ថា​តើ​ទទួល​ជោគជ័យ​កម្រិត​ណា? ហើយ​អ្វី​ខ្លះ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​សម្រាប់​អាណត្តិ​ក្រោយ។ ស្រុក​បាត់ដំបង​ជា​ស្រុក​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​គេ​នៅ​ទូទាំង​ខេត្ត​បាត់ដំបង​ទាំងមូល​ ដោយ​សារ​ស្រុក​នេះ​មាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ ហើយ​លំនៅឋាន​នីមួយ​ៗ​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន​ ដូចជា​លំនៅឋាន​ប្រភេទ​ភូមិគ្រឹះ លំនៅឋាន​លាយឡំ​គ្នា​ច្រើន ជា​ប្រ​ភេទ​ផ្ទះ​ល្វែង ហាង​ទំនិញ​ សណ្ឋាគារ កន្លែង​ស្ថាប័ន​នានា​ សំណង់​អនាធិបតេយ្យ។ល។ ដែល​ធ្វើ​អោយ​មាន​កា​លំបាក​ចូល​ទៅ​សម្ភាសន៍​ និង​ពិបាក​ស្វែងរក​ជួប​ម្ចាស់​លំនៅឋាន ដើម្បី​ធ្វើ​សម្ភាសន៍​ជា​ដើម។

លោក អ៊ុយ រី បាន​បន្ត​ទៀត​ថា​ ដើម្បី​កាត់​បន្ថយ​ការ​លំបាក​ទាំង​នេះ សូម​លោក​មេឃុំ​ និង​មន្ត្រី​ទទួល​បន្ទុក​ជំរឿន​គ្រប់​លំដាប់​ថ្នាក់ សហការ​និង​យក​ចិត្ត​ទុកដាក់​ដោយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ស្រទាប់​ប្រជាជន​នៅ​មូលដ្ឋាន​តាម​រយៈ​បដា និង​ខិត្តប័ណ្ណ​ ដែល​មន្ទីរ​ផែនការ​បាន​ចែក​ជូន​តាម​បណ្ដា​ឃុំ​នីមួយ​ៗ​ សម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​ដើម្បី​ឱ្យ​ប្រជាជន​ក្នុង​ស្រុក​របស់​យើង​បាន​យល់​ដឹង​ជ្រួត​ជ្រាប​ទាំង​អស់​គ្នា។ ខ្ញុំ​សង្ឃឹម​និង​ជឿជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ពី​ព្រោះ​លោកគ្រូ អ្នកគ្រូ និង​អស់​លោក​ លោកស្រី​ដែល​ជា​មន្ត្រី​ត្រួតពិនិត្យ​ និង​មន្ត្រី​សម្ភាសន៍​ជំរឿន​ភាគ​ច្រើន​ដែល​បាន​ជ្រើសរើស​សុទ្ធ​តែ​មាន​បទពិសោធន៍​ចូលរួម​ធ្វើ​ជំរឿន​ក្នុង​ឆ្នាំ​១៩៩៨ ម្ដង​រួច​មក​ហើយ។ ដូច្នេះ​ត្រូវ​យោគយល់​ថា ការងារ​ជំរឿន​ទូទៅ​នូវ​ប្រជារាស្ត្រ​នេះ​ ជា​យុទ្ធនាការ​របស់​ជាតិ​តម្រូវ​ឱ្យ​យើង​ចូល​រួម​ទាំង​អស់​គ្នា ទើប​ការ​ធ្វើ​ជំរឿន​នេះ​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ​តាម​ការ​ចង់​បាន​របស់​រាជរដ្ឋាភិបាល។

លោក ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ការងារ​ជំរឿន​ទូទៅ​នូវ​ប្រជារាស្ត្រ គឺ​ជា​ការងារ​មួយ​ដ៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​របស់​ជាតិ ដើម្បី​ប្រមូល​នូវ​ទិន្នន័យ​ដ៏​ជាក់លាក់​អំពី​ចំនួន​សមាសភាព​ និង​ចរិតលក្ខណៈ​ប្រជាជន​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​នានា សម​ស្រប​ទៅ​តាម​តម្រូវ​ការ​និង​លទ្ធភាព​ធនធាន​ជាក់​ស្ដែង​របស់​ប្រទេស​ជាតិ។ ក្នុង​នាម​អភិបាល​ខេត្ត​ ខ្ញុំ​ស្នើ​សុំ​ឱ្យ​លោក​អភិបាល​ស្រុក​ លោក​មេឃុំ​គ្រប់​ឃុំ​ ពេល​យុទ្ធនាការ​ត្រូវ​ធ្វើ​ការ​តាមដាន​ឱ្យ​បាន​ដិតដល់​ចំពោះ​សកម្មភាព​ប្រតិបត្តិការ​របស់​មន្ត្រី​សម្ភាសន៍​ ហើយ​មាន​វិធានការ​ដោះស្រាយ​អោយ​បាន​ទាន់​ពេលវេលា​រាល់​ការ​លំបាក​នានា និង​ត្រូវ​មាន​វិធានការ​អោយ​បាន​ម៉ត់ចត់​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​មន្ត្រី​សម្ភាសន៍ មន្ត្រី​ត្រួតពិនិត្យ​ជំរឿន​ដែល​ត្រូវ​ចុះ​ប្រតិបត្តិការ​តាម​មណ្ឌល​ជំរឿន​ទាំង​អស់​ឱ្យ​បាន​១០០%។

លោក​អភិបាលរង​ខេត្ត​បន្ត​ទៀត​ថា ការ​បណ្ដុះបណ្ដាល​មន្ត្រី​ជំរឿន​ខេត្ត មន្ត្រី​ជំនួយ​ការ​ជំរឿន​ខេត្ត និង​គ្រូ​បង្វឹក​ជំរឿន​សម្រាប់​ស្រុក សរុប​មាន​ចំនួន​៣៨​នាក់ បាន​ធ្វើ​រួចរាល់​ហើយ ហើយ​ថ្ងៃ​នេះ​ជា​ការងារ​ថ្មី​មួយ​ទៀត​ដែល​គណៈកម្មការ​ជំរឿន​ទូទៅ​នូវ​ប្រជារាស្ត្រ​ខេត្ត ធ្វើ​ការ​បណ្ដុះបណ្ដាល​ព្រម​គ្នា​ដល់​មន្ត្រី​ត្រួត​ពិនិត្យ មន្ត្រី​សម្ភាសន៍​ជំរឿន មន្ត្រី​ជំរឿន​ឃុំ និង​មន្ត្រី​បម្រុង​នៅ​ទូទាំង​ខេត្ត ក៏​ដូច​ជា​ស្រុក​បាត់ដំបង​នេះ​ដែរ។ មន្ត្រី​ត្រួតពិនិត្យ​ជំរឿន មន្ត្រី​សម្ភាសន៍​ជំរឿន​ មន្ត្រី​ជំរឿន​ឃុំ និង​បម្រុង​ក្នុង​ម្នាក់​ៗ​ត្រូវ​ចូលរួម​បណ្ដុះបណ្ដាល​១​វគ្គ ​រយៈ​ពេល​៥​ថ្ងៃ​ពេញ ដែល​វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​បាន​ចែក​ជា​ពីរ​វគ្គ​ផ្សេង​គ្នា គឺ​វគ្គ​ទី​១​ពី​ថ្ងៃ​ទី​១១-១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៨ ហើយ​វគ្គ​ទី​២​ ពី​ថ្ងៃ​ទី​១៨-២២ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨។ សិក្ខាកាម​សរុប​នៅ​ទូទាំង​ខេត្ត​មាន​ចំនួន​២.៨៣៩​នាក់៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 14 Feb 2008