ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៨ ជាពេលវេលានៃការធ្វើយុទ្ធនាការជំរឿនប្រជារាស្ត្រកម្ពុជា ឆ្នាំ២០០៨ ។
ជំរឿនប្រជារាស្ត្រ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ជាតិ ដែលត្រូវដំណើរការអនុវត្តន៍ក្នុងការរាប់មនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា លើកលែងតែអង្គទូត ក្នុងគោលដៅផលិតបាននូវទិន្នន័យសម្បូរបែបមួយគួរជឿទុកចិត្តបាន សម្រាប់អ្នករៀបចំគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចអង្គការជាតិ និងអង្គការអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព ។
សំដៅលើព្រឹត្តិការណ៍ដែលនឹងចាប់ផ្ដើមឆាប់ៗខាងមុខនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារអំពាវនាវមួយជូនចំពោះប្រជារាស្ត្រ អំពីការធ្វើជំរឿនប្រជារាស្ត្រកម្ពុជានេះថា ជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជាត្រូវធ្វើឡើងពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៨នេះ ។
សារអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នេះជាជំរឿនប្រជារាស្ត្ររបស់ប្រទេសកម្ពុជាលើកទីពីរ បន្ទាប់ពីជំរឿនលើកទីមួយនៅឆ្នាំ១៩៩៨ ក្រោយពីប្រទេសជាតិត្រូវបានរំដោះ គឺរយៈពេលដប់ឆ្នាំគត់ ស្របតាមច្បាប់ស្ដីពីស្ថិតិដែលបានកំណត់នូវកាតព្វកិច្ចរបស់ប្រជារាស្ត្រម្នាក់ៗត្រូវចូលរួមសហការក្នុងការធ្វើជំរឿន ។
ការធ្វើជំរឿនប្រជារាស្ត្រកម្ពុជានេះ ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារសំខាន់ណាស់ ហើយជាការងារស្ថិតិពិតប្រាកដ ។ ការធ្វើជំរឿនប្រជារាស្ត្រ ជាការងារដែលប្រទេសទាំងអស់នៅលើពិភពលោកគេធ្វើគ្រប់ៗគ្នា ។ រាជរដ្ឋាភិបាលកម្ពុជាយើងត្រូវធ្វើជំរឿនប្រជារាស្ត្រនេះ ដើម្បីបង្ហាញជូនមតិជាតិ និងអន្តរជាតិ ពីភាពរីកចម្រើនរបស់សង្គមជាតិយើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ជំរឿនប្រជារាស្ត្រនេះ ច្បាស់ជានាំមកនូវព័ត៌មានពិតប្រាកដអំពីចំនួនប្រជារាស្ត្រ និងលក្ខណៈប្រជារាស្ត្ររបស់ប្រជារាស្ត្រយើងសម្រាប់រាជរដ្ឋាភិបាលអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកសាង និងតាមដានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសំដៅដោះស្រាយការលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជារាស្ត្រ ។
នៅក្នុងសារអំពាវនាវនេះសម្ដេចបានបញ្ជាក់ថា ជំរឿនទូទៅនូវប្រជារាស្ត្រនេះមិនទាក់ទងនឹងការបោះឆ្នោតនាពេលខាងមុខ មិនទាក់ទងនឹងបញ្ហានយោបាយ មិនបម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយ មិនធ្វើឲ្យប្រជារាស្ត្រខាតបង់ប្រាក់កាស តែជាការងារដើម្បីអនាគតដ៏សម្បូរសប្បាយភាពរីកចម្រើនរបស់ប្រជារាស្ត្រកម្ពុជា ។
សម្ដេចហ៊ុន សែន បានថ្លែងអំពាវនាវថា ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ គាំទ្រ និងចូលរួមក្នុងការងារនេះដោយរីករាយផ្ដល់ព័ត៌មានតាមសំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ជូនដល់មន្ត្រីធ្វើជំរឿនប្រជារាស្ត្រដើម្បីជាប្រយោជន៍របស់បងប្អូនជនរួមជាតិផង និងជាប្រយោជន៍របស់ប្រទេសជាតិផង»៕

