ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ជំរឿន​នឹង​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​តំបន់​មួយ​ចំនួន​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៤​មីនា

ជំរឿន​ទូទៅ​នូវ​ប្រជាជន​កម្ពុជា​ឆ្នាំ​២០០៨​រយៈពេល​១០​ថ្ងៃ​ ដែល​បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​​ទី​៣​ មីនា​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣​មីនា​នេះ។ មន្ត្រី​ក្រសួង​ផែន​ការ​បាន​ថ្លែង​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ យុទ្ធនាការ​ធ្វើ​ជំរឿន​ដែល​បាន​ចាប់​ផ្ដើម​ពី​ម៉ោង​០០​ថ្ងៃ​ទី​០៣​ ខែ​មីនា​ រហូត​មក​ដល់​ថ្ងៃ​១២​ខែ​មីនា​ឆ្នាំ​២០០៨​នេះ​សម្រេច​បាន​លទ្ធផល​ជាង​៩០​%​ ហើយ។ ការ​សម្រេច​លទ្ធផល​ល្អ​ ដែល​ត្រូវ​បាន​លោក​ស្រី​ហង្ស​ លីណា​អគ្គលេខាធិការ​រង​នៃ​ក្រសួង​ផែនការ​ថ្លែង​ពន្យល់​ថា​ គឺ​បណ្ដាល​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំរឿន​ចំពោះ​កិច្ច​ប្រតិបត្តិ​ការណ៍​ ភាព​សកម្ម​នៃ​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​សមត្ថភាព​នៃ​ក្រុម​មន្ត្រី​ចុះ​ធ្វើ​ជំរឿន​ជា​ដើម។

លោក​ស្រី​ហង្ស​ លីណា​មាន​ប្រសាសន៍​ថា​៖ "យោង​តាម​របាយការណ៍​ពី​ថ្នាក់​ខេត្ត​ និង​ក្រុង​ភ្នំពេញ​បាន​ឲ្យ​​ដឹង​ថា​ ចាប់​តាំង​ពី​ដំណើរការ​ក្នុង​ធ្វើ​ជំរឿន​មក​ កម្ពុជា​បាន​សម្រេច​លទ្ធផល​ជាង​ ៩០​%​ ហើយ​មក​ទល់​ថ្ងៃ​ពុធ​នេះ"។ លោក​ស្រី​បន្ត​ថា​​៖ "ទន្ទឹម​នឹង​ការ​សម្រេច​ជោគជ័យ​នេះ​ មាន​មន្ត្រី​ជំរឿន​មួយ​ចំនួន​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​លើ​បញ្ហា​ថវិកា​ ដែល​ផ្ដល់​សម្រាប់​មន្ត្រី​ធ្វើ​ជំរឿន​មាន​កម្រិត​ មន្ត្រី​ធ្វើ​ជំរឿន​ខ្លះ​ត្រូវ​ចុះ​បំពេញ​ភារៈ​កិច្ច​នៅ​តំបន់​ឆ្ងាយ​ៗ​ដាច់​ស្រយាល​ ឬ​ចូល​លុក​ទៅ​ក្នុង​ព្រៃ​ភ្នំ​ជា​ដើម។ ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី​ យើង​នៅ​តែ​សហការ​គ្នា​ដើម្បី​ធ្វើ​ដំណើរ​ទៅ​តំបន់​ព្រៃ​ដាច់​ស្រយាល​ដែរ ​ដើម្បី​ធ្វើ​ជំរឿន​ប្រជាជន។​ដូច្នេះ​នេះ​គឺ​ជា​ផល​ពិបាក​សម្រាប់​មន្ត្រី​ជំរឿន​យើង"។ បើ​ទោះ​បី​ជា​ដំណើរការ​ជំរឿន​ត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ក្ដី​ ប៉ុន្តែ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​ហង្ស​ លីណា​ ការ​ធ្វើ​ជំរឿន​នេះ​ត្រូវ​បាន​ពន្យារ​ពេល​សម្រាប់​តំបន់​មួយ​ចំនួន​​ ដូច​ជា​ទី​ក្រុង​ភ្នំពេញ​ និង​ខេត្ត​មណ្ឌលគីរី។ លោកស្រី​បាន​ថ្លែង​ថា​៖ "ការ​ពន្យារ​ពេល​នេះ​ គឺ​ត្រឹម​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ព្រោះ​យើង​គ្រាន់​តែ​មិន​ទាន់​បាន​ចុះ​ជួប​ជា​មួយ​អ្នក​ដែល​ត្រូវ​សម្ភាសន៍​​សម្រាប់​តំបន់​មួយ​ចំនួន​ ដោយ​សារ​តែ​កម្មករ​ដែល​ធ្វើ​ការ​សំណង់​គាត់​ពុំ​មាន​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ជួប​ជាមួយ​មន្ត្រី​ជំរឿន​ទេ​ ដូច្នេះ​យើង​ក៏​មាន​ការ​​យឺតយ៉ាវ។ ចំណែក​ឯ​ខេត្ត​មណ្ឌលគីរី​វិញ​យើង​ទើប​តែ​ទទួល​ព័ត៌មាន​នៃ​ការ​រស់នៅ​របស់​បងប្អូន​ដែល​នៅ​តំបន់​ឆ្ងាយ​ៗ​ដាច់ស្រយាល​ ដូច្នេះ​យើង​ត្រូវ​ចំណាយ​ពេលវេលា​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ"។

លោក​គល់​ បញ្ញា​នាយក​ប្រតិបត្តិ​អង្គការ​ Comfrel បាន​មាន​ប្រសាសន៍​ថា​៖ "ការ​ពន្យារ​ពេល​នៃ​ការ​ធ្វើ​ជំរឿន​លើស​១​ថ្ងៃ​ទៀត​វា​គឺ​ជា​រឿង​ល្អ​ព្រោះ​យើង​អាច​មាន​​ឱកាស​ច្រើន​ប្រមូល​ប្រជាពលរដ្ឋ​ ម៉្យាង​ទៀត​យើង​ក៏​អាច​ដឹង​ពី​ភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​​នៅ​តាម​តំបន់​ដាច់ស្រយាល​ និង​តាម​ជន​បទ​មួយ​ចំនួន​ដែល​កំពុង​ជួប​ផល​លំបាក"។ លោក​ក៏​បាន​ជំរុញ​ឲ្យ​ក្រសួង​ផែនការ​សម្រេច​ការ​ធ្វើ​ជំរឿន​ឲ្យ​បាន​ ១០០​%​ និង​បាន​ថ្លែង​ថា​ ដើម្បី​អាច​ឲ្យ​លទ្ធផល​នៃ​ជំរឿន​នេះ​ទុក​ចិត្ត​បាន​គួរ​តែ​មាន​ការ​ត្រួត​ពិនិត្យ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ។

សម្រាប់​លោក​ហង្ស​ ​ពុទ្ធា​ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វីក​ មាន​ប្រសាសន៍​ថា​៖"អ្វី​ដែល​អ្នក​អង្កេត​ការណ៍​បាន​រាយការណ៍​មក​អំពី​ដំណើរ​ការ​ជំរឿន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​តួ​លេខ​អាច​យក​ជា​ផ្លូវ​ការ​បាន"។ លោក​គូស​បញ្ជាក់​ថា​ ដោយសារ​កត្តា​ភូមិសាស្ត្រ​ និង​កត្តា​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ជំរឿន​មាន​ការ​លំបាក​ និង​ត្រូវ​ពន្យារ​ពេល​ ពិសេស​ទាក់ទង​ និង​បញ្ញត្តិ​ និង​ការ​ចំណាយ​ថវិកា​ ឬ​ពេលវេលា​ជា​ដើម"។ លោក​បន្ត​ថា៖"ដូច្នេះ​ក្នុង​នាម​ជា​អង្គការ​សង្កេតការណ៍​ក៏​ជួប​បញ្ហា​លំបាក​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​ គឺ​ដើម្បី​ឲ្យ​បាន​តួ​លេខ​​មួយ​ប្រាកដ​ច្បាស់លាស់​ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវ​ការ​បាន​​យើង​ទាំងអស់​គ្នា​គួរ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ហើយ​ក្រសួង​គួរ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ ល្អិតល្អន់​ចំពោះ​ការ​ស្រង់​ទិន្នន័យ​ និង​ការ​ចំណាយ​ថវិកា​ចំពោះ​មន្ត្រី​ជំរឿន​ជា​ដើម។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​របប​ប៉ុល​ ពត​បាន​ដួល​រលំ​ទៅ​នៅ​ឆ្នាំ​១៩៧៩​ កម្ពុជា​បាន​ធ្វើ​ជំរឿន​ប្រជារាស្ត្រ​ពីរ​លើក​ធំ​ៗ​ គឺ​ជំរឿន​ប្រជារាស្ត្រ​ និង​លំនៅ​ដ្ឋាន​លើក​ទី​១​ ដែល​ប្រទេស​កម្ពុជា​បាន​ដឹក​នាំ​ធ្វើ​នៅ​ឆ្នាំ​១៩៩៨​ ហើយ​បាន​បង្ហាញ​ថា​ កម្ពុជា​មាន​ប្រជាជន​ចំនួន​១១.៤​លាន​នាក់។ សម្រាប់​ឆ្នាំ​២០០៨​នេះ​ កម្ពុជា​បាន​បើក​ធ្វើ​ជំរឿន​រាប់​ប្រជាជន​ខ្លួន​ ម្ដង​ទៀត​ហើយ​ត្រូវ​គេ​ប៉ាន់ស្មាន​ថា​ ប្រជាជន​កម្ពុជា​ និង​មាន​ជាង​១៤.៥​លាន​នាក់៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ សុក្រ 14 Mar 2008