គឺចាប់ពីម៉ោង ០០ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ កម្ពុជានឹងបើកការធ្វើជំរឿនជាផ្លូវការរាប់ចំនួនប្រជាជនរបស់ខ្លួនសារជាថ្មីឡើងវិញ។ ជំរឿនរយៈពេល១០ថ្ងៃដែលនឹងគ្រោងបញ្ចប់នៅថ្ងៃទី៣ ខែមីនា ធ្វើឡើងដើម្បីប្រមូលយកនូវទិន្នន័យប្រជាសាស្ត្រឲ្យបានច្បាស់ក្នុងគោលបំណងរៀបចំផែនការអភិវឌ្ឍន៍ប្រទេសឲ្យចំទិសដៅ។ លោកសន ស៊ីថន អគ្គលេខាធិការទទួលបន្ទុកស្ថិតិនៃក្រសួងផែនការ បានមានប្រសាសន៍ថា៖ "ជំរឿននៅថ្ងៃទី០៣ ខែមីនានេះ គឺជាជំរឿនលើកទី២ នៅកម្ពុជាក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសជាតិ ធ្វើការវាយតម្លៃទៅលើការអនុវត្តនូវគោលនយោបាយកន្លងមក រួមនឹងការរៀបចំផែនការសកម្មភាពនៅពេលបច្ចុប្បន្ន និងសម្លឹងទោរកការរៀបចំផែនការសម្រាប់ពេលអនាគត"។ ជំរឿនដែលកម្ពុជានឹងធ្វើជាលើកទី២ ក្នុងរយៈពេល ១០ ឆ្នាំនេះ ត្រូវចំណាយថវិកាចំនួនជាង៦ លានដុល្លារអាមេរិក ដែលនៅក្នុងនោះគឺបានទទួលមូលនិធិពីអង្គការ UNFPA JICA រដ្ឋាភិបាលជប៉ុន និងអាល្លឺម៉ង់។
មន្ត្រីរូបនេះបានបន្តថា៖ "ការធ្វើជំរឿនមានអត្ថប្រយោជន៍ណាស់ ព្រោះប្រវត្តិសាស្ត្របញ្ជាក់ថា៖ ក្នុងឆ្នាំ១៩៦២ ក្រោយពីការធ្វើជំរឿន កម្ពុជាមានការរុងរឿងណាស់ ដោយសារតែយើងមានតួលេខសម្រាប់ធ្វើផែនការលើគ្រប់វិស័យបានត្រឹមត្រូវ"។ ដើម្បីធ្វើជំរឿននេះលោកសន ស៊ីថន បានគូសបញ្ជាក់ថា៖ "យើងនឹងមានមន្ត្រីទទួលបន្ទុកធ្វើការងារជំរឿននេះជាង ៧ម៉ឺននាក់ដែលរួមមានគ្រូបង្រៀនចំនួន ៣ម៉ឺននាក់ និងប្រជាពលរដ្ឋទាំងមន្ត្រីដែលបម្រើការងារក្នុងឃុំសង្កាត់សរុបចំនួន ៤ម៉ឺននាក់ជាអ្នកចុះសាកសួរលើការងារនេះដោយផ្ទាល់ដល់កន្លែងរស់នៅ និងធ្វើការរបស់ប្រជាពលរដ្ឋ"។ ចំពោះការធ្វើជំរឿននេះ លោកសន ស៊ីថនឲ្យដឹងថា៖ "យើងនឹងធ្វើការប្រកាសលទ្ធផលបណ្ដោះអាសន្ននៅខែសីហា ក្នុងរយៈ ៥ខែ បន្ទាប់ពីការធ្វើជំរឿន ហើយចំពោះលទ្ធផលលម្អិតវិញនឹងត្រូវប្រកាសក្នុងរយៈមួយឆ្នាំកន្លះទៀត ពោលគឺនៅចុងឆ្នាំ២០០៩ ខាងមុខ"។
លោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការ Comfrel មានប្រសាសន៍ថា ការធ្វើជំរឿននេះ គឺជារឿងល្អណាស់ដើម្បីឲ្យបានទិន្នន័យស្ថិតិច្បាប់ប្រចាំរាល់១០ឆ្នាំម្ដង។ លោកបន្តឲ្យដឹងថា៖ "ចំពោះព័ត៌មានទាំងអស់នេះ ក៏មានសារៈសំខាន់ចំពោះដំណើរការបោះឆ្នោតនាពេលខាងមុខដែរ ដោយយើងអាចប៉ាន់ប្រមាណចំនួនអ្នកបោះឆ្នោតឲ្យបានត្រឹមត្រូវប៉ុន្តែមិនដឹងថា តើរដ្ឋាភិបាលមានយន្តការត្រួតពិនិត្យលើការងារនេះ ឬក៏អត់ទេ?"។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនីកហ្វិច មានប្រសាសន៍ថា ការធ្វើជំរឿននៅពេលខាងមុខនេះ គឺជាការចាំបាច់ដែលរដ្ឋាភិបាលត្រូវតែគ្រប់គ្រងឲ្យបាននូវចំនួនប្រជាពលរដ្ឋរបស់ខ្លួន ដែលជាជំហានមួយឈានទៅរកការធ្វើផែនការក្នុងកិច្ចអភិវឌ្ឍន៍ជាតិផ្សេងៗ។ លោកបន្ថែមថា លោកមានការគាំទ្រសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើជំរឿនឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបានដោយការធ្វើជំរឿននេះត្រូវតែបញ្ជាក់ឲ្យច្បាស់ថា វានឹងមិនពាក់ព័ន្ធដល់គណបក្សនយោបាយ ឬដំណើរការហេតុផលអ្វីផ្សេងក្រៅពីស្រង់ស្ថិតិទេ។
លោកនី ចរិយា អ្នកអង្កេតសមាគមអាដហុកមានប្រសាសន៍ថា៖ "ជាទូទៅនៅប្រទេសនីមួយៗគេតែងតែធ្វើជំរឿនដើម្បីវាយតម្លៃលើចំនួនប្រជាពលរដ្ឋ និងធនធានមនុស្សដើម្បីការអភិវឌ្ឍន៍ ប៉ុន្តែដោយឡែកយើងមានការឆ្ងល់ថា តើហេតុអ្វីបានជាជំរឿននៅកម្ពុជា ត្រូវធ្វើឡើងក្នុងខណៈពេលដែលជិតបោះឆ្នោតមកដល់ ព្រោះបើកម្ពុជាអាចធ្វើជំរឿននៅក្រោយការបោះឆ្នោតវិញវាអាចនឹងមិនពាក់ព័ន្ធ និងនយោបាយផ្សេងៗទេ។ ដូច្នេះបើអាចធ្វើទៅបានជំរឿនគួរធ្វើឡើងនៅក្រោយពេលបោះឆ្នោតទើបជាការប្រសើរ ហើយយើងក៏មិនព្រួយបារម្ភចំពោះបញ្ហាទាក់ទងនឹងនយោបាយដែរ"។
ចំពោះការព្រួយបារម្ភទាំងនេះត្រូវបានលោកសន ស៊ីថន អគ្គលេខាធិការទទួលបន្ទុកស្ថិតិនៃក្រសួងផែនការ បានច្រានចោល និងបានអះអាងថា៖ "ការធ្វើជំរឿនឆ្នាំ២០០៨គឺមិនទាក់ទងនឹងបញ្ហានយោបាយជិតបោះឆ្នោតអ្វីនោះទេ ប៉ុន្តែគឺជារឿងដែលទាក់ទងនឹងបញ្ហាបច្ចេកទេស និងការអភិវឌ្ឍន៍ប្រទេសជាតិ"។ ជាមួយនឹងការធ្វើជំរឿននេះរដ្ឋាភិបាលកម្ពុជា និងមានព័ត៌មានច្បាស់លាស់ពីប្រជាជនរបស់ខ្លួនទាក់ទងនឹងភេទ អាយុ ស្ថានភាពគ្រួសារជាដើម ដែលទាំងនេះត្រូវបានក្រសួងផែនការការអះអាងថា ដើម្បីរៀបចំនូវផែនការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
គូរបញ្ជាក់ថា កម្ពុជាបានធ្វើជំរឿនប្រជារាស្ត្របីលើកធំៗក្នុងរយៈពេលជិត ៥០ ឆ្នាំគឺលើកទី១ ធ្វើឡើងនៅឆ្នាំ១៩៦២ ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្ដេចឪ ដែលក្នុងនោះបង្ហាញថា កម្ពុជាមានប្រជាជនចំនួន១១.៤លាននាក់។ ជាងបីទសវត្សរ៍ក្រោយមកគឺនៅក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីប្រទេសកម្ពុជាបញ្ចប់នូវភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងការឆ្លងកាត់អំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម កម្ពុជាបានរៀបចំធ្វើជំរឿនស្រង់ស្ថិតិប្រជាជនជាលើកទី២ ហើយជាលទ្ធផលគឺកម្ពុជាមានប្រជាជនចំនួន ១៣.៤លាននាក់។ នៅឆ្នាំ២០០៣ ជំរឿនដោយអន្លើបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពនៃចំនួនប្រជាសាស្ត្រ។ ចំណែកឯជំរឿនខែមីនា ឆ្នាំ២០០៨ នេះ ដែលជាជំរឿនធំលើកទី៣ នេះ ត្រូវបានគេរំពឹងថា ចំនួនប្រជាជនកម្ពុជានឹងមានជាង ១៤លាននាក់៕

