លេខ ៣៤/១៨០ ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧៩ របស់មហាសន្និបាតអង្គការសហប្រជាជាតិ
ចូលជាធរមាននៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ១៩៨១ ស្របតាមបទបញ្ញត្តិមាត្រា ២៧ (១)
រដ្ឋភាគីនៃអនុសញ្ញានេះ
កត់សំគាល់ឃើញថា ធម្មនុញ្ញសហប្រជាជាតិអះអាងជាថ្មី នូវជំនឿលើសិទ្ធិមូលដ្ឋានរបស់មនុស្ស លើសេចក្ដីថ្លៃថ្នូរ និងតម្លៃមនុស្ស និងលើសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី។
កត់សំគាល់ឃើញថា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស បញ្ជាក់នូវគោលការណ៍មិនរើសអើង និងបានប្រកាសថា មនុស្សគ្រប់រូបកើតមកមានសេរីភាពនិងសមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ ហើយថាមនុស្សគ្រប់រូប ត្រូវទទួលបានសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាសនោះ ដោយគ្មានការប្រកាន់បែងចែកណាមួយ រួមមានការបែងចែកខាងផ្លូវភេទផង។
កត់សំគាល់ឃើញថា រដ្ឋភាគីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស មានកាតព្វកិច្ចធានាសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី ក្នុងការអាស្រ័យផលសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ពលរដ្ឋ និងនយោបាយ។
យល់ឃើញ អនុសញ្ញាអន្តរជាតិដែលបានអនុម័តក្រោមកិច្ចឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ និងស្ថាប័នឯកទេសនានា ក្នុងការលើកស្ទួយសមភាពនៃសិទ្ធិរវាងបុរសនិងស្ត្រី។
កត់សំគាល់ឃើញ សេចក្ដីសម្រេចចិត្ត សេចក្ដីប្រកាស និងអនុសាសន៍នានា ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ និងស្ថាប័នឯកទេសនានា ក្នុងគោលបំណងលើកស្ទួយសមភាពនៃសិទ្ធិរវាងបុរសនិងស្ត្រី។
មានកង្វល់ថា ទោះបីមានលិខិតុបករណ៍ទាំងនេះហើយក្ដី ក៏ការរើសអើងដ៏រីករាលដាលប្រឆាំងនឹងស្ត្រីភេទ នៅតែបន្តកើតមាន។
រំលឹកឡើងវិញថា ការរើសអើងប្រឆាំងនឹងស្ត្រីភេទ រំលោភលើគោលការណ៍សមភាពនៃសិទ្ធិ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាឧបសគ្គដល់ការចូលរួមរបស់ស្ត្រី ក្នុងលក្ខខណ្ឌស្មើភាពគ្នាជាមួយបុរសក្នុងជីវភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ នៃប្រទេសរបស់ខ្លួន ធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើននៃភាពសម្បូណ៌រុងរឿងរបស់សង្គម និងគ្រួសារ ហើយបង្កឧបសគ្គដល់ការអភិវឌ្ឍន៍ពេញលេញនៃសក្ដានុភាពរបស់ស្ត្រី ក្នុងការបម្រើប្រទេសរបស់ខ្លួន និងមនុស្សជាតិ។
មានកង្វល់ថា ក្នុងស្ថានភាពក្រីក្រ ស្ត្រីភេទបានទទួលតិចបំផុតនូវម្ហូបអាហារ សេវាសុខាភិបាល ការអប់រំ ការហ្វឹកហ្វឺន និងឱកាសរកការងារធ្វើ ហើយនិងសេចក្ដីត្រូវការដទៃទៀត។
ជឿជាក់ថា ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិថ្មី ផ្អែកលើមូលដ្ឋានសមភាពនិងយុត្តិធម៌ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកស្ទួយសមភាពរវាងបុរសនិងស្ត្រី។
គូសបញ្ជាក់ថា ការលប់បំបាត់ចោលរបបអាប៉ាថេត គ្រប់ទម្រង់ពូជសាសន៍និយម ការរើសអើងពូជសាសន៍ អាណានិគមនិយម អាណានិគមនិយមបែបថ្មី ការឈ្លានពាន ការកាន់កាប់ និងជិះជាន់ដោយបរទេស និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ គឺជាការចាំបាច់ដល់ការអាស្រ័យផលពេញលេញពីសិទ្ធិរបស់បុរសនិងស្ត្រី។
អះអាងថា ការពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ការបន្ធូរភាពតានតឹងអន្តរជាតិ សហប្រតិបត្តិការទៅវិញទៅមករវាងរដ្ឋទាំងអស់ ដោយមិនគិតដល់ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចរបស់រដ្ឋទាំងនោះ ការដកហូតអាវុធជាទូទៅនិងទាំងស្រុង ជាពិសេសការដកហូតអាវុធនុយក្លេអ៊ែរ ក្រោមការត្រួតពិនិត្យហ្មត់ចត់ និងដោយប្រសិទ្ធិភាពពីអន្តរជាតិ ការអះអាងនូវគោលការណ៍យុត្តិធម៌ សមភាព និងអត្ថប្រយោជន៍ទៅវិញទៅមក ក្នុងទំនាក់ទំនងរវាងប្រទេសទាំងឡាយ និងការសម្រេចបាននូវសិទ្ធិស្វ័យសម្រេច និងឯករាជ្យភាពរបស់ប្រជាជាតិក្រោមការជិះជាន់ និងអាណានិគមបរទេស និងការកាន់កាប់ដោយបរទេស ហើយនិងការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងលើកស្ទួយវឌ្ឍនភាព និងការអភិវឌ្ឍន៍សង្គម ហើយផលនេះនឹងរួមចំណែកដល់ការធ្វើឱ្យសម្រេចបាននូវសមភាពពេញលេញ រវាងបុរសនិងស្ត្រី។
ជឿជាក់ថា ការអភិវឌ្ឍន៍យ៉ាងពេញលេញរបស់ប្រទេសមួយ សុខុមាលភាពរបស់ពិភពលោក និងបុព្វហេតុសន្តិភាព ត្រូវការឱ្យមានការចូលរួមជាអតិបរមារបស់ស្ត្រី ដោយសមភាពជាមួយបុរស នៅក្នុងវិស័យទាំងអស់។
ចងចាំថា វិភាគទានធំធេងរបស់ស្ត្រីចំពោះសុខុមាលភាព គ្រួសារ និងការអភិវឌ្ឍន៍នៃសង្គម ដែលមិនបានទទួលស្គាល់ពេញលេញមកទល់ពេលនេះ សារសំខាន់ខាងសង្គមនៃមាតុភាព និងតួនាទីរបស់ឪពុកម្ដាយក្នុងគ្រួសារ និងក្នុងការអប់រំកូន និងដឹងថា តួនាទីរបស់ស្ត្រីក្នុងការបង្កើតកូន មិនគួរជាមូលហេតុនៃការរើសអើងទេ ប៉ុន្តែការអប់រំកូនតម្រូវឱ្យចែករំលែកការទទួលខុសត្រូវ រវាងបុរសនិងស្ត្រី និងសង្គមទាំងមូល។
ដឹងថា តួនាទីជាប្រពៃណីរបស់បុរសនិងស្ត្រីនៅក្នុងសង្គម និងគ្រួសារ ចាំបាច់ត្រូវមានការផ្លាស់ប្ដូរ ដើម្បីធ្វើឱ្យសម្រេចបាននូវសមភាពពេញលេញ រវាងបុរសនិងស្ត្រី។
ប្ដេជ្ញាចិត្ត អនុវត្តគោលការណ៍ទាំងឡាយ ដែលមានចែងក្នុងសេចក្ដីប្រកាសស្ដីពីការបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីភេទ ហើយដើម្បីគោលបំណងនោះ អនុម័តវិធានការចាំបាច់នានា ដើម្បីលប់បំបាត់ចោលការរើសអើងគ្រប់ទម្រង់ និងគ្រប់ការសម្ដែងចេញ។
បានព្រមព្រៀងគ្នាតទៅ ៖
ផ្នែកទី ១
មាត្រា ១
ដើម្បីបម្រើគោលដៅនៃអនុសញ្ញានេះ ពាក្យ "ការរើសអើងប្រឆាំងស្ត្រីភេទ" សំដៅដល់ការ ប្រកាន់បែងចែក ការផាត់ចេញ ឬការរឹតត្បិតផ្អែកលើភេទ ដែលមានអនុភាព ឬមានបំណងធ្វើឱ្យខូចខាត ឬធ្វើឱ្យមោឃៈនូវការទទួលស្គាល់ ការអាស្រ័យផល ឬការប្រើប្រាស់ដោយស្ត្រី ដោយឥតគិតដល់ស្ថានភាពអាពាហ៍ពិពាហ៍របស់ស្ត្រី ផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងស្ត្រី នូវសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងពលរដ្ឋ ឬក្នុងវិស័យដទៃទៀត។
មាត្រា ២
រដ្ឋភាគី ផ្ដន្ទាទោសការរើសអើងប្រឆាំងស្ត្រីភេទក្នុងគ្រប់ទម្រង់ ព្រមព្រៀងគ្នាអនុវត្តគោល នយោបាយ តាមមធ្យោបាយសមស្រប និងដោយឥតពន្យារពេល ដើម្បីឈានទៅលប់បំបាត់ការរើសអើង ប្រឆាំងស្ត្រីភេទ ហើយក្នុងទិសដៅនេះសន្យាថា ៖
(ខ) អនុម័តបទបញ្ញត្តិ និងវិធានការច្បាប់ និងវិធានការសមស្របផ្សេងៗ រួមមានទណ្ឌកម្មផង បើចាំបាច់ ដើម្បីហាមឃាត់ការរើសអើងទាំងអស់ប្រឆាំងនឹងស្ត្រី។
(គ) បង្កើតកិច្ចការពារសិទ្ធិរបស់ស្ត្រីតាមផ្លូវច្បាប់ ផ្អែកលើមូលដ្ឋានសមភាពជាមួយបុរស និងធានាការពារដោយស័ក្ដិសិទ្ធិដល់ស្ត្រី ប្រឆាំងនឹងអំពើរើសអើង តាមរយៈសាលាជំរះក្ដីជាតិដែលមានសមត្ថកិច្ចនិងស្ថាប័នសាធារណៈដទៃទៀត។
(ឃ) ទប់មិនឱ្យធ្វើអំពើ ឬការអនុវត្តដែលមានលក្ខណៈរើសអើងប្រឆាំងនឹងស្ត្រី និងធានាថា អាជ្ញាធរ និងស្ថាប័នសាធារណៈ ធ្វើសកម្មភាពស្របតាមកាតព្វកិច្ចនេះ។
(ង) ចាត់វិធានការសមស្របទាំងអស់ ដើម្បីលប់បំបាត់ចោលការរើសអើងប្រឆាំងនឹងស្ត្រី ដែលធ្វើឡើងដោយបុគ្គល អង្គការ ឬសហគ្រាសណាមួយ។
(ច) ចាត់វិធានការសមស្របទាំងអស់ រួមការធ្វើច្បាប់ផង ដើម្បីកែប្រែ ឬដាក់ឱ្យនិរាករណ៍ច្បាប់ បទបញ្ជា ទម្លាប់ និងការអនុវត្តណាដែលបង្កើតការរើសអើងប្រឆាំងនឹងស្ត្រី។
(ឆ) ដាក់ឱ្យនិរាករណ៍បទបញ្ញត្តិព្រហ្មទណ្ឌណា ដែលបង្កើតជាការរើសអើងប្រឆាំងនឹងស្ត្រី។
មាត្រា ៣
ក្នុងគ្រប់គ្រប់វិស័យ ជាពិសេសវិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ រដ្ឋត្រូវចាត់ វិធានការសមស្របទាំងអស់ រួមមានការធ្វើច្បាប់ផង ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចម្រើនពេញលេញរបស់ស្ត្រី ដើម្បីធានាឱ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ដោយសមភាពជាមួយបុរស។
មាត្រា ៤
១. ការអនុម័តដោយរដ្ឋភាគី នូវវិធានការពិសេសបណ្ដោះអាសន្ន ដើម្បីពន្លឿនការកសាងសមភាពរវាងបុរសនិងស្ត្រី មិនត្រូវចាត់ទុកជាការរើសអើងដូចបានចែងក្នុងអនុសញ្ញានេះទេ ប៉ុន្តែទោះតាមបែបណាមួយក៏ដោយ មិនត្រូវមានន័យថា រក្សាទុកបទដ្ឋានវិសមភាព ឬដាច់ដោយឡែកឡើយ វិធានការទាំងនេះត្រូវដាក់ឱ្យនិរាករណ៍ នៅពេលគោលដៅខាងសមភាពនៃឱកាស និងនៃការប្រព្រឹត្តមកលើស្ត្រីបានសម្រេចហើយ។
២. ការអនុម័តដោយរដ្ឋភាគីនូវវិធានការពិសេស រួមមានវិធានការទាំងឡាយដែលមានក្នុង អនុសញ្ញានេះផង ដើម្បីការពារមាតុភាព មិនត្រូវចាត់ទុកជាការរើសអើងឡើយ។
រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ ដើម្បី៖
(ខ) ធានាថា ការអប់រំគ្រួសារ មានរាប់បញ្ចូលការយល់ដឹងត្រឹមត្រូវអំពីមាតុភាព ដែលជាមុខងាររបស់សង្គម និងការទទួលស្គាល់ ការទទួលខុសត្រូវរួមរបស់បុរសនិងស្ត្រី ក្នុងការចិញ្ចឹមកូន និងការអភិវឌ្ឍន៍របស់កូន ហើយប្រការនេះក៏ត្រូវមានការយល់ថា ប្រយោជន៍របស់កុមារគឺជាលក្ខខណ្ឌចម្បងក្នុងគ្រប់ករណីទាំងអស់។
មាត្រា ៦
រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ រួមមានការធ្វើច្បាប់ផង ដើម្បីបង្ក្រាបគ្រប់ទម្រង់នៃការជួញដូរស្ត្រី និងអាជីវកម្មពេស្យាកម្មលើស្ត្រី។


ការទទួលខុសត្រូវចំពោះអក្ខរាវិរុទ្ធ
កម្មវិធីស្ត្រី នៃអង្គការវិទ្យាស្ថានបើកទូលាយ សូមពុំទទួលខុសត្រូវណាមួយ ចំពោះកំហុសនៃអក្ខរាវិរុទ្ធដែលមាននៅក្នុងឯកសារខាងលើនេះទេ។ ការវាយឯកសារខាងលើនេះ គឺត្រូវបានវាយអក្ខរាវិរុទ្ធ ដោយរក្សាតាមច្បាប់ដើមនៃឯកសារទាំងស្រុង៕