(ពីស្ដាំ) លោកសុខ សំអឿន លោកស្រីហូយ សុជីវណ្ណី និងស្ត្រីដែលមកពីបណ្ដាអង្គការមិនមែនរដ្ឋាភិបាលនានា ដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រី (រូបថត ៖ វិសាល)ភ្នំពេញ ៖ ដើម្បីពីនិត្យលើការលើកស្ទួយដល់សិទ្ធិស្ត្រីគណៈកម្មាធិការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនារីភេទ (CEDAW) បានបើកសិក្ខាសាលាមួយកាលពីថ្ងៃទី១១ ខែមករា នេះក្នុងគោលបំណងផ្សព្វផ្សាយពីលទ្ធផលនៃការស្រាវជ្រាវលើប្រសិទ្ធភាពអនុវត្តច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស។
លោកស្រីហូយ សុជីវណ្ណីប្រធានស្ដីទីនៃអង្គការ CEDAW បានមានប្រសាសន៍ថា យើងបានដំណើរការរៀបចំការតស៊ូមតិ៤ឆ្នាំកន្លងមកហើយពីព្រោះ CEDAW មានកង្វល់ទៅលើការអនុវត្តន៍ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស។
លោកស្រីបានមានប្រសាសន៍ថា ច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារបានត្រូវផ្សព្វផ្សាយតាំងពីឆ្នាំ២០០៦ ដោយក្រសួងកិច្ចការនារីនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែយើងសង្កេតឃើញថា ការអនុវត្តន៍ច្បាប់នេះនៅមិនទាន់ទទួលលទ្ធផលបានច្រើនឆ្លើយតបទៅនឹងបញ្ហាស្ត្រីរងគ្រោះដោយអំពើហិង្សានៅឡើយទេ។ រីឯច្បាប់ប្រឆាំងនឹងការជួញដូរមនុស្ស ត្រូវបានធ្វើវិសោធនកម្មលើមាត្រាខ្លះ ហើយឥឡូវត្រូវបានបញ្ជូនទៅដល់រដ្ឋសភាដើម្បីអនុម័ត។ ពាក់ព័ន្ធនឹងបញ្ហានេះ យើងបានរកឃើញពីមូលហេតុនៃបញ្ហាដែលបណ្ដាលមកពីកង្វះខាតព័ត៌មាននៃការបោកប្រាស់ បោកបញ្ឆោតស្ត្រីដោយសន្យារកការងារឲ្យធ្វើ ឬទៅធ្វើការបានប្រាក់កម្រៃច្រើន ជាពិសេសនាំចេញទៅធ្វើការនៅក្រៅប្រទេស ដោយប្រើរូបភាពបំភ័ន្ដនាំទៅជួញដូរផ្លូវភេទ។
លោកស្រីបានលើកឡើងអំពីព័ត៌មានខ្លះទាក់ទងនឹងច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារថា ច្បាប់អាពាហ៍ពិពាហ៍នេះ មានការទាក់ទងនឹងច្បាប់ប្រឆាំងអំពើហិង្សាក្នុងគ្រួសារដែរ ព្រោះវាផ្សារភ្ជាប់គ្នា និងជាចំណែកមួយពាក់ព័ន្ធនឹងការលែងលះ ហើយនឹងការកើនឡើងនូវអំពើហិង្សាក្នុងគ្រួសារ។
ទាក់ទងនឹងច្បាប់អាពាហ៍ពិពាហ៍នេះ ប្រជាជន និងក្រុមប្រឹក្សាឃុំ មេភូមិ ចង់ឲ្យមានតុលាការនៅថ្នាក់មូលដ្ឋាន ដើម្បីងាយស្រួលជួយដោះស្រាយបញ្ហាទាំងឡាយទាក់ទងនឹងច្បាប់ទាំង៣ខាងលើ ដោយពួកគេលើកហេតុផលថា ប្រជាជននៅមូលដ្ឋានខ្វះពេលវេលា ខ្វះទំនាក់ទំនង ខ្វះមធ្យោបាយធ្វើដំណើរទៅដល់ខេត្ត។
រីឯប៉ូលិស និងតុលាការបានលើកឡើងថា មិនគួរឲ្យមានតុលាការនៅថ្នាក់មូលដ្ឋានទេ។
លោកសុខ សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ជាក់ថា យើងនឹងពិនិត្យមើលផងដែរអំពីចំណុចអវិជ្ជមាននៃការអនុវត្តន៍ច្បាប់ទាំង៣នេះ ហើយបើមានចន្លោះប្រហោងក្នុងការអនុវត្តន៍ច្បាប់យ៉ាងម៉េចនោះ យើងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យកែលំអច្បាប់ឲ្យបានកាន់តែប្រសើរ។
ក្រៅពីការពិភាក្សាលើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវប្រមូលព័ត៌មានទៅលើការអនុវត្តន៍ច្បាប់ទាំង៣ខាងលើនេះ សិក្ខាសាលារបស់ CEDAW ក៏បានបង្ហាញអំពីផែនការយុទ្ធសាស្ត្រ២០០៧ - ២០១០ ហើយ CEDAW ក៏បានរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់៥ឆ្នាំខាងមុខ២០០៨ -២០១០ ដោយបានពិភាក្សាស្វែងរកបញ្ហាទាំងឡាយរបស់នារី ដែលកំពុងជួបប្រទះទៅនឹងវិស័យសេដ្ឋកិច្ចសង្គមវប្បធម៌ បរិស្ថាន និងនយោបាយ ហើយឆ្លើយតបទៅនឹងយោបល់សន្និដ្ឋានទាំង៣៤ចំណុចក្នុងចំណោម៤២ចំណុចនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិ៕

