ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា គេមានគម្រោងនឹងផលិតស្រូវសរីរាង្គប្រមាណជា ៤ ០០០តោន នៅឆ្នាំនេះ ដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ ឌឹ មេគង្គ ថែមស៍ លោក យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានមានប្រសាសន៍ថា ៖ "យើងកំពុងធ្វើសហប្រតិបត្តិការជាមួយកសិករចំនួន ១ម៉ឺនគ្រួសារ នៅក្នុងខេត្ត ៨ ដើម្បីផលិតស្រូវសរីរាង្គចំនួន ៤០០០តោន ជាការតម្រង់ទិស ការធ្វើកសិកម្មឆ្ពោះទៅរកទីផ្សារដែលមានសក្ដានុពល"។ លោក យ៉ង សាំងកុមារ បានថ្លែងថា ៖ "យើងគិតថា មានតែការផលិតស្រូវសរីរាង្គប៉ុណ្ណោះដែលអាចជួយដល់ផ្នែកសេដ្ឋកិច្ច ពីព្រោះស្រូវប្រភេទនេះ អាចលក់បានថ្លៃនៅលើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ហើយអាចជួយឲ្យកសិករកាត់បន្ថយការនាំចូលជីគីមី ចំណេញដល់ធនធានធម្មជាតិមិនប៉ះពាល់សុខភាព ព្រមទាំងផ្ដល់ផលប្រយោជន៍ដល់អ្នកបរិភោគ"។ លោក យ៉ង សាំងកុមារ បានបន្ថែមថា ៖ "យើងនឹងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសនាំចេញអង្ករសរីរាង្គនាំមុខនៅក្នុងតំបន់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ពីព្រោះថា តម្រូវការទីផ្សារអង្ករប្រភេទនេះកំពុងតែមានបរិមាណច្រើនឡើងៗ។ ឥឡូវនេះយើងកំពុងតែទទួលការបញ្ជាទិញអង្ករសរីរាង្គពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកហើយ"។
បច្ចុប្បន្នប្រទេសកម្ពុជាកំពុងធ្វើការផ្សព្វផ្សាយ និងចងក្រងសហគមន៍កសិករដើម្បីផលិតស្រូវសរីរាង្គនៅពាសពេញទូទាំងផ្ទៃប្រទេស ជាការចាប់ផ្ដើមមួយនៅក្នុងការតម្រង់ទិសទៅរកទីផ្សារដែលគេគិតថា ជាឱកាសមួយដ៏មានសក្ដានុពល។ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានទាក់ទងមានប្រសាសន៍ថា ក្រសួងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការផលិតស្រូវសរីរាង្គដើម្បីនាំចេញ ព្រោះថា ស្រូវប្រភេទនេះមានតម្រូវការ និងតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖ "គោលនយោបាយរបស់យើង គឺជំរុញឲ្យកសិករនៅទូទាំងប្រទេសក្លាយទៅជាអ្នកផលិតស្រូវសរីរាង្គ ហើយយើងសង្ឃឹមថា ប្រជាជនជាច្រើននឹងអនុវត្តន៍"។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីឆ្នាំ ២០០៧ កន្លងទៅ ប្រទេសកម្ពុជាបាននាំចេញអង្ករសរីរាង្គប្រមាណ ៣ ០០០តោន ទៅកាន់ទីផ្សារក្រៅប្រទេស។ លោក ធន់ វីរៈ អគ្គនាយករងក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកផ្នែកនាំចេញបានឲ្យដឹងថា ក្នុងមួយឆ្នាំៗ សហគមន៍អឺរ៉ុបត្រូវអង្ករសរីរាង្គពីកម្ពុជាចំនួន ៥ ០០០តោន ហើយ ប្រទេសមួយចំនួនទៀតក៏មានតម្រូវការអង្ករប្រភេទនេះដែរ។ លោក ធន់ វីរៈ បានមានប្រសាសន៍ថា ៖ "ឥឡូវនេះតម្រូវការអង្ករប្រភេទនេះមានច្រើនណាស់ ប៉ុន្តែសម្រាប់កម្ពុជានៅមិនទាន់មានការនាំចេញបានច្រើននៅឡើយទេ ព្រោះប្រទេសទាំងនោះកំណត់គុណភាពស្តង់ដារអង្ករខ្ពស់ពេក"។
បច្ចុប្បន្នប្រទេសកម្ពុជាដែលមានសក្ដានុពលដឹកកសិកម្មដ៏មហាសាល មិនទាន់មានសមត្ថភាពក្នុងការកិនជាអង្ករដែលមានលក្ខណៈស្តង់ដារសម្រាប់តម្រូវតាមទីផ្សាររបស់អឺរ៉ុប និងបណ្ដាប្រទេសមួយចំនួននៅឡើយទេ ដោយសារឧស្សាហកម្មខាងផ្នែករោងម៉ាស៊ីនរបស់ប្រទេសនេះនៅមានកម្រិត។ លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖ "សព្វថ្ងៃអង្ករសរីរាង្គដែលកសិករផលិតបាននៅតែលក់ភាគច្រើននៅលើទីផ្សារក្នុងស្រុកនៅឡើយ ព្រោះថា នៅទីផ្សារអឺរ៉ុបគេត្រូវការគ្រាប់អង្កររលូនល្អដែលមានការបាក់តិចជាង ៣០% " ។
លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖ "ខ្ញុំគិតថា ដោយសារភាពទន់ខ្សោយខាងរោងម៉ាស៊ីន យើងប្រហែលជាមិនអាចនាំអង្ករសរីរាង្គចេញបានច្រើនឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងនៅតែសង្ឃឹមថា យើងនៅតែអាចនាំមុខថៃ និងវៀតណាម នៅក្នុងការនាំចេញអង្ករសរីរាង្គនៅក្នុងរយៈពេលដ៏ខ្លីនេះដែរ ព្រោះថា ប្រជាពលរដ្ឋរបស់យើងនៅធ្វើកសិកម្មរបៀបប្រពៃណីច្រើន។ ដូច្នេះគេងាយស្រួលងាកមករក បើធៀបជាមួយប្រទេសទាំងពីរនេះ។ ថៃ និងវៀតណាម ប្រើគីមីខ្លាំងណាស់ក្នុងការធ្វើកសិកម្ម។ ដូច្នេះគេមិនងាយស្រួលងាកមករកការធ្វើស្រូវសរីរាង្គស្រួលដូចកម្ពុជាឡើយ"។
គួររម្លឹកថា កាលពីខែ តុលា ឆ្នាំ ២០០៧ កន្លងទៅ លោក យ៉ង សាំងកុមារ ធ្លាប់បានប្រកាសថា លោកមានមហិច្ឆតាក្នុងការជំរុញឲ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសផលិតស្រូវសរីរាង្គឈានមុខគេក្នុងតំបន់ ដោយផលិតស្រូវប្រភេទនេះប្រមាណជា ១សែនតោនក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០២០ទៅ៕

