មួយថ្ងៃបន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោករួចមក សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ១៦២ នៅទូទាំងប្រទេសកម្ពុជា បានសម្ដែងក្ដីរំពឹងថា ប្រាសាទដ៏ល្បាញដែលស្ថិតនៅលើជួរភ្នំដងរែកនេះនឹងទទួលបានកំណើនភ្ញៀវទេសចរទៅទស្សនាកាន់តែច្រើននាពេលអនាគតឆាប់ៗនេះ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយ ឌឹ មេគង្គ ថែមស៍ កាលពីថ្ងៃ ពុធ ម្សិលមិញ លោក ហូ វណ្ឌី ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា៖ "យើងសង្ឃឹមថា នឹងបានឃើញភាពប្លែកនៅប្រាសាទព្រះវិហារក្នុងរយៈ ពេលមួយឆ្នាំក្រោយការចុះបញ្ជីបេតិកភណ្ឌពិភពលោក ហើយភាពប្លែកនេះនឹងទាក់ទាញភ្ញៀវទេសចរនៅពាសពេញពិភពលោក មិនមែនត្រឹមតែសហគមន៍ និងតំបន់របស់យើងទេ"។ លោក ហូ វណ្ឌី បានថ្លែងទៀតថា៖ "ខ្ញុំរំពឹងថា ភ្ញៀវទេសចរនឹងទៅកាន់ប្រាសាទនេះច្រើន បើសិនណាការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីនោះធ្វើបានលឿនប្រកបដោយសក្ដានុពល"។ លោក ហូ វណ្ឌី បានមានប្រសាសន៍បន្ថែមទៀតថា៖ "ឥឡូវនេះផ្នែកឯកជនត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើសហប្រតិបត្តិការដល់ការបង្កើតខ្សែទស្សនកិច្ចទៅកាន់ប្រាសាទនេះ ដើម្បីជួយធ្វើឲ្យមានការកើនឡើងនូវចំនួនភ្ញៀវទេសចរដ៏ច្រើននោះ"។
ប្រាសាទព្រះវិហារ ដែលមានអាយុជាង៩០០ឆ្នាំមកហើយនោះ ត្រូវបានចុះបញ្ជីចូលជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនោះ ពុំទាន់មានទេសចរទៅទស្សនាច្រើននៅឡើយទេ ដោយហេតុថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងតំបន់នោះមានការរៀបចំ និងអភិវឌ្ឍន៍នៅមានកម្រិតនៅឡើយ។
លោក ហង់ សុត អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាដែលខ្នះខ្នែងចង់អភិរក្សប្រាសាទនេះ កំពុងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះ ហើយសង្ឃឹមថា នឹងទទួលបានផ្លែផ្កាក្នុងពេលឆាប់ៗនេះ។ លោកអគ្គនាយកបានថ្លែងថា៖ "យើងកំពុងស្ថិតលើផ្លូវអភិវឌ្ឍន៍ក្នុងគ្រប់ផ្នែកទាំងអស់ ក្នុងនោះរួមមានការសាងសង់ផ្លូវ ភោជនីយដ្ឋាន និងកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរផងដែរ"។ លោក ហង់ សុត បានមានប្រសាសន៍បន្ថែមថា៖ "ឥឡូវនេះ យើងមិនទាន់បញ្ចប់ការអភិវឌ្ឍរបស់យើងនៅឡើយទេ ប៉ុន្តែយើងសង្ឃឹមថា ប្រជាជនជាច្រើនដែលអន្ទះសារចង់ឃើញប្រាសាទនេះក្រោយការចុះបញ្ជី ពួកគេនឹងមកកាន់ទីនេះជាចំនួនច្រើនចាប់ពីចុងឆ្នាំនេះទៅ ពីព្រោះពួកគេចង់ដឹងថា តើមានអ្វីប្លែកនៅទីនេះដែលពួកគេគួរមើលនោះ"។
គួររម្លឹកថា កាលពីដើមឆ្នាំកន្លងទៅអាជ្ញាធរជាតិព្រះវិហារបានរាយការណ៍ថា ប្រាសាទព្រះវិហារមានភ្ញៀវទេសចរចូលទៅទស្សនាទាំងខ្មែរ និងបរទេសមួយថ្ងៃៗសរុបប្រមាណ ៣០០ ទៅ ៤០០នាក់ ក្នុងនោះមួយភាគធំចូលតាមរយៈទឹកដីថៃ។
ទាក់ទងនឹងបញ្ហានេះ លោក ហូ វណ្ឌី បានមានប្រសាសន៍ថា៖ "ខ្ញុំគិតថា ទាំងភ្ញៀវជាតិ និងអន្តរជាតិនឹងទៅកាន់តំបន់ប្រាសាទព្រះវិហារក្នុងចំនួនច្រើនជាងមុនទ្វេដងឬលើសពីនេះ បើសិនណាកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំដូចជានៅក្នុងតំបន់អង្គរខេត្តសៀមរាប"។ លោក ហូ វណ្ឌី បានបន្ថែមទៀតថា៖ "ឥឡូវនេះម្នាក់ៗដែលរកស៊ីក្នុងវិស័យទេសចរណ៍ ពួកគេបានដាក់ខ្សែទស្សនកិច្ចរបស់គេចូលទៅក្នុងកម្មវិធីអស់ហើយ ដូច្នេះខ្ញុំជឿជាក់ថា មិនយូរមិនឆាប់ប្រាសាទនេះនឹងទាក់ទាញបានភ្ញៀវទេសចរមកពីគ្រប់ទិសទីក្នុងពិភពលោកក្នុងចំនួនច្រើន មិនមែនតិចតួចដូចបច្ចុប្បន្ននេះទេ"៕

