ផ្ទៃដីមួយភាគធំក្នុងប្រទេសកម្ពុជា គ្របដណ្ដប់ដោយដំណាំជាច្រើនដូចជាស្រូវ ពោត សណ្ដែក និងដំណាំប្រភេទផ្សេងៗទៀត ដែលប្រភេទដំណាំទាំងអស់នោះ ត្រូវដាំដុះលើផ្ទៃដីមានជីវជាតិ និងមានទឹកស្រោចស្រពគ្រប់គ្រាន់ លើផ្ទៃដីធ្វើកសិកម្មសរុបប្រមាណជា ៣,៨លានហិកតា។
ដោយឡែក ផ្ទៃដីកសិកម្មមួយចំនួន ប្រមាណជា ៦០ ០០០ហិកតា នៃផ្ទៃដីកសិកម្មសរុប មិនអាចដាំដំណាំប្រភេទទាំងអស់នោះបាន ព្រោះប្រភេទដីនោះ ជាដីមានជីវជាតិមិនគ្រប់គ្រាន់ និងឆ្ងាយពីប្រភពទឹក ប៉ុន្តែ កសិករអាចទាញយកប្រយោជន៍ពីប្រភេទដីទាំងនោះបាន សម្រាប់សេដ្ឋកិច្ចក្នុងក្រុមគ្រួសាររបស់ពួកគាត់ ដោយដាំដំណាំស្វាយចន្ទីដែលអាចបង្កើនចំណូលក្នុងគ្រួសារ និងធ្វើឲ្យកម្រិតជីវភាពរបស់កសិករកាន់តែប្រសើរជាងមុន។
ដំណាំស្វាយចន្ទី ជាប្រភេទដំណាំសក្ដានុពល ដែលអាចរស់បានប្រមាណជាជាង ៣០ឆ្នាំ និងផ្ដល់ផលចាប់ពីរយៈពេល ៣ឆ្នាំ។ ម្យ៉ាងវិញទៀត តម្រូវការទីផ្សារអន្តរជាតិ មានការកើនឡើងយ៉ាងខ្លាំង និងទិញក្នុងតម្លៃខ្ពស់ពីប្រទេសផលិតគ្រាប់ស្វាយចន្ទី ដែលជាមូលហេតុសំខាន់សម្រាប់កសិករមានដីគ្មានជីវជាតិ ដែលទុកទំនេរចោល គឺអាចបង្វែរទៅដាំដំណាំស្វាយចន្ទីសម្រាប់បង្កើនចំណូលក្នុងគ្រួសារក្នុងបរិមាណកាន់តែច្រើនជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។
បើយោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្ទៃដីដាំស្វាយចន្ទីសរុបប្រមាណជា ៦០ ៨៧៤ហិកតា នៅឆ្នាំ២០០៧ ដែលកើនពី ១៥ ៦៥៣ហិកតា នៅឆ្នាំ២០០០។ ម្យ៉ាងវិញទៀត គ្រាប់ស្វាយចន្ទីមានតម្លៃប្រមាណជា ១ ០០០ដុល្លារ ក្នុងមួយតោន ហើយតម្លៃនេះមាននិន្នាការកើនឡើងរាល់ឆ្នាំ។
ការដាំដុះដំណាំស្វាយចន្ទី
ដំណាំស្វាយចន្ទី កំពុងដាំដុះភាគច្រើនក្នុងខេត្តកំពង់ចាម រតនគីរី កោះកុង ហើយផ្ទៃដី ដែលដាំដើមស្វាយចន្ទីធំជាងគេគឺ ខេត្តកំពង់ចាម ដែលផ្ទៃដីសរុបប្រមាណជាង ១០ ០០០ហិកតា។ ដើមស្វាយចន្ទី អាចទ្រាំទ្រនឹងអាកាសធាតុបានល្អ អាចដាំលើប្រភេទដីមានខ្សាច់ច្រើន និងដីមានគុណភាពអន់ និងតំបន់ដាច់ស្រយាលដែលឆ្ងាយពីប្រភេទទឹក។
វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានប៉ាន់ស្មានថា ពេលថ្មីៗនេះ គ្រាប់ស្វាយចន្ទីផលិតបានប្រមាណចន្លោះពី ៣០ ០០០ទៅ ៥០ ០០០តោន ក្នុងមួយឆ្នាំ ដែល ៦៥% ផលិតក្នុងខេត្តកំពង់ចាម និងរតនគីរី។
ចំពោះផលដែលផលិតបាន គឺកសិករងាយស្រួលលក់ ដោយមានឈ្មួញវៀតណាមមកទិញដល់ទីកន្លែងតែម្ដង ត្រង់ថ្លៃមួយខ្ពស់ជាងតម្លៃក្នុងស្រុក និងកសិករមិនចាំបាច់ចំណាយលើការដឹកជញ្ជូន ដែលជាឱកាសមួយធ្វើឲ្យកសិករចំណេញកាន់តែច្រើន។
ម្យ៉ាងវិញទៀត គ្រាប់ស្វាយចន្ទីមានសារប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់ដោយផ្ដល់នូវប្រូតេអ៊ីនខ្ពស់ ដែលធ្វើឲ្យតម្រូវការក្នុងស្រុក និងក្រៅស្រុកកើនឡើងខ្ពស់។ ប្រទេសជិតខាងដូចជាប្រទេសវៀតណាម បានក្លាយជាអ្នកបញ្ជាទិញផលគ្រាប់ស្វាយចន្ទីយ៉ាងច្រើនសន្ធឹកសន្ធាប់ពីកសិករនៅប្រទេសកម្ពុជា ហើយមួយឆ្នាំទៅមួយឆ្នាំ ត្រូវបាននាំចេញប្រទេសវៀតណាមជាលក្ខណៈក្រៅផ្លូវការ។
ការដាំដុះដំណាំស្វាយចន្ទី នឹងផ្ដល់ផលច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកសិករពង្រីកផ្ទៃដាំដុះ និងផលខ្ពស់ក្នុងខេត្តកំពង់ចាម និងរតនគីរី ដែលអាចមានលទ្ធភាពនាំចេញទៅទីផ្សារអន្តរជាតិបានដូចប្រទេសវៀតណាម។ ថ្មីៗនេះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួនទឹកប្រាក់ប្រមាណ ៥០លានដុល្លារ ក្នុងមួយឆ្នាំ។
បទពិសោធន៍ប្រទេសវៀតណាម
ប្រទេសវៀតណាម បានក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីលំដាប់ថ្នាក់លេខមួយលើពិភពលោក ហើយកម្ពុជានឹងរំពឹងថា អាចមានលទ្ធភាពនាំចេញទៅទីផ្សារដទៃបាន ប្រសិនកម្ពុជាមានឧបករណ៍កែច្នៃសម្រាប់បកយកគ្រាប់ស្វាយចន្ទីទៅតាមកម្រិតមួយដែលទីផ្សារបរទេសត្រូវការ និងការនាំចេញក្រៅផ្លូវការត្រូវបានកាត់បន្ថយ ដោយទុកឲ្យឈ្មួញ ឬម្ចាស់សិប្បកម្មនៅកម្ពុជា អាចនាំចេញទៅទីផ្សារដោយផ្ទាល់។
ថ្មីៗនេះ វៀតណាមបានមកទិញស្វាយចន្ទីដែលមិនទាន់កែច្នៃយ៉ាងច្រើនពីប្រទេសកម្ពុជា ហើយឈ្មួញ និងម្ចាស់សិប្បកម្មខាងវៀតណាម ទទួលបានផលចំណេញយ៉ាងច្រើន ដោយសារតែប្រទេសវៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយអ្នកបញ្ជាទិញថា នឹងផ្គត់ផ្គង់ក្នុងបរិមាណមួយធំជាងឆ្នាំមុន។
នៅកម្ពុជា គ្រាប់ស្វាយចន្ទីប្រមាណតែ ២% ប៉ុណ្ណោះដែលលក់ក្នុងស្រុក ក្នុងចំណោមទិន្នផលគ្រាប់ស្វាយចន្ទីដែលផលិតបានរៀងរាល់ឆ្នាំចំនួន ៥០ ០០០០តោន ដែលក្រៅពីនេះ គឺនាំចេញទៅវៀតណាម ដែលធ្វើឲ្យកម្ពុជាខាតបង់ក្នុងការបង្កើតតម្លៃបន្ថែមចំពោះសេដ្ឋកិច្ច និងការងារជូនប្រជាពលរដ្ឋខ្មែរ។
បើយោងតាម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម ឲ្យដឹងថា ប្រទេសវៀតណាម បានលក់ផលគ្រាប់ស្វាយចន្ទី ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៦៨០លានដុលារ ក្នុងឆ្នាំ ២០០៨ ដែលឆ្នាំ ២០០៧ លក់បានប្រមាណ ៦៥០លានដុល្លារ។
មូលហេតុជំរុញការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម
របាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា ៩៥% នៃគ្រាប់ស្វាយចន្ទី បាននាំចេញទៅប្រទេសវៀតណាមតាមព្រំដែន និងឈ្មួញខាងវៀតណាមមួយចំនួន ចូលមកទិញដោយផ្ទាល់ពីកសិករនៅកម្ពុជា ព្រោះវៀតណាមហ៊ានឲ្យថ្លៃខ្ពស់។
ម្យ៉ាងវិញទៀត នៅកម្ពុជាដោយសារខ្វះបច្ចេកទេសដើម្បីបកយកគ្រាប់ស្វាយចន្ទី និងរោងចក្រសម្រាប់កែច្នៃមានកម្រិតទើបធ្វើឲ្យយើងមិនអាចស្រូបយកផលស្វាយចន្ទីទាំងអស់នោះបាន។
ទន្ទឹមនឹងកម្ពុជាខ្វះរោងចក្រកែច្នៃ និងខ្វះបច្ចេកទេសផងនោះ ប្រទេសវៀតណាមជាអ្នកដែលមានតម្រូវការខ្ពស់ ដើម្បីបំពេញកិច្ចសន្យាបញ្ជាទិញខាងអន្តរជាតិបានចូលមកទិញ ដើម្បីកែច្នៃនាំចេញទៅទីផ្សារអន្តរជាតិ។
ឈ្មួញកណ្ដាលឈ្មោះ ឃុន ទ្រី បាននិយាយថា គាត់ទិញផលស្វាយចន្ទីប្រមាណ ១០០តោន ទៅ ២០០តោនហើយទិញក្នុងតម្លៃ ៣ ៥០០រៀល ទៅ ៣ ៨០០រៀលក្នុងមួយគីឡូក្រាម នៅឃុំតាំងក្រសាំងខេត្តកំពង់ធំ។ គាត់បានបន្តថា ចំនួននេះគាត់ប្រមូលបានដើម្បីលក់បន្តដល់អ្នកកែច្នៃ ភាគច្រើនខាងវៀតណាម ព្រោះវៀតណាមហ៊ានឲ្យថ្លៃខ្ពស់។
ទោះជាយ៉ាងណាក៏ដោយ ការនាំចេញទាំងអស់នោះ វាល្អសម្រាប់ឈ្មួញកណ្ដាលមួយចំនួន តែវាខាតបង់ដល់សេដ្ឋកិច្ចជាតិក្នុងការបង្កើតតម្លៃបន្ថែមព្រោះការនាំចេញទាំងអស់នោះ មានលក្ខណៈក្រៅផ្លូវការ៕

