អង្គការអន្តរជាតិ បម្រើសុខភាពប្រជាជន (ភី អេស អាយ) បានរៀបចំពិធីសម្ពោធយុទ្ធនាការផ្សព្វផ្សាយចំនួន២ ដើម្បីលើកកម្ពស់ផលប្រយោជន៍នៃការរៀបចំគ្រួសារ។ យុទ្ធនាការទី១ គឺ "យុទ្ធនាការស្វាមី" ជាយុទ្ធនាការលើកទឹកចិត្តស្វាមី ដើម្បីឲ្យពួកគេពិភាក្សាជាមួយភរិយារបស់គាត់អំពីផលប្រយោជន៍នៃការប្រើប្រាស់មធ្យោបាយពន្យារកំណើត។ យុទ្ធនាការទី២ គឺយុទ្ធនាការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ផលប្រយោជន៍នានារបស់មធ្យោបាយពន្យារកំណើតចំនួន៤ គឺថ្នាំគ្រាប់ពន្យារកំណើត ថ្នាំចាក់ពន្យារកំណើតកងដាក់ក្រោមស្បែកនៅដើមដៃស្ត្រី និងកងដាក់ក្នុងស្បូន។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៩ ដើម្បីលើកកម្ពស់ផលប្រយោជន៍នៃការរៀបចំ គ្រួសារក្នុងគោលបំណងបង្កើនចំនួននៃការប្រើប្រាស់មធ្យោបាយពន្យារកំណើតបែបទំនើប ដើម្បីរួមចំណែកក្នុងកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការផ្សព្វផ្សាយនេះរៀបចំឡើងដោយអង្គការអន្តរជាតិបម្រើសុខភាពប្រជាជនកម្ពុជា (ភី អេស អាយ កម្ពុជា) ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍ (USAID) នាយកដ្ឋានដើម្បីអភិវឌ្ឍន៍អន្តរជាតិនៃចក្រភពអង់គ្លេស (DFID) និងរាជរដ្ឋាភិបាលអាល្លឺម៉ង់ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល។ ការរៀបចំយុទ្ធនាការនេះមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងអង្គការជាតិ និងអន្តរជាតិនានា។
តាមសេចក្ដីប្រកាសព័ត៌មាន នាពេលនោះបានឲ្យដឹងថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានស្ត្រីម្នាក់ស្លាប់ក្នុងចំណោមស្ត្រី៥០នាក់ នៅពេលសម្រាលកូន។ អត្រាមរណភាពរបស់មាតា និងទារកនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺ៤៧២នាក់ ក្នុងចំណោម ១០០.០០០នាក់ ដែលបានសម្រាលកូន។ លោកស្រីវេជ្ជបណ្ឌិត ទុង រដ្ឋាវី នាយកកម្មវិធីសុខភាពបន្តពូជថ្នាក់ជាតិ បានមានប្រសាសន៍ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ "ការផ្ដល់លទ្ធភាពដល់ស្ត្រី ក្នុងការទទួលបានសេវាសុខភាពបន្តបន្តពូជ ដែលរួមមានមធ្យោបាយពន្យារកំណើត គឺជាយុទ្ធសាស្ត្រគន្លឹះដែលត្រូវបានកំណត់ក្នុងការជួយកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពការងាររបស់អង្គការអន្តរជាតិបម្រើសុខភាពប្រជាជនកម្ពុជា (ភី អេស អាយ កម្ពុជា) គឺបានរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការនៃសេវាពន្យារកំណើត"។
ការស្រាវជ្រាវបានបញ្ជាក់ថា ស្វាមី គឺជាអ្នកមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត ថាតើភរិយារបស់គាត់គួរទទួល ឬមិនទទួលយកមធ្យោបាយពន្យារកំណើតបែបទំនើប។ ដើម្បីឆ្លើយតបទៅនឹងរបកគំហើញនេះ អង្គការអន្តរជាតិ បម្រើសុខភាពប្រជាជន (ភី អេស អាយ) បានរៀបចំនៅយុទ្ធនាការផ្សព្វផ្សាយ ដែលផ្ដោតលើក្រុមគោលដៅជាស្វាមី។ ហើយយុទ្ធនាការនេះមានគោលបំណង ដើម្បីជំរុញឲ្យបុរសពិភាក្សាជាមួយភរិយារបស់ពួកគេពីផលប្រយោជន៍នៃការកំណត់ ទំហំគ្រួសារ និងសារសំខាន់នៃការទៅទទួលចំណេះដឹងដែលត្រឹមត្រូវ ទាក់ទងទៅនឹងមធ្យោបាយពន្យារកំណើតសម្រាប់គ្រួសាររបស់គេ ពីអ្នកផ្ដល់សេវាសុខភាពដែលមានការបណ្ដុះបណ្ដាល។ ស្ពតវីដេអូ ត្រូវបានផលិត ឡើងដោយផ្សារភ្ជាប់ទៅនឹងកម្មវិធីសុខភាពបន្តពូជថ្នាក់ជាតិ ហើយបានចាប់ផ្ដើមធ្វើការចាក់ផ្សាយពីខែកក្កដា រហូតដល់ឆ្នាំ២០១០។
យុទ្ធនាការទី២ គឺលើកកម្ពស់ផលប្រយោជន៍នានារបស់មធ្យោបាយពន្យារកំណើត និងឆ្លើយតបទៅនឹងទស្សនៈភាន់ច្រឡំសំខាន់ៗដែលទាក់ទងទៅនឹងការប្រើប្រាស់មធ្យោបាយពន្យារកំណើតបែបទំនើប។ គោលបំណងនៃស្ពតវីដេអូចំនួន៤ គឺដើម្បីផ្ដល់នូវព័ត៌មានពីគុណប្រយោជន៍ និងផលរំខាននានាដែលអាចកើតមាន និងពាក្យចចាមអារ៉ាមរបស់ថ្នាក់គ្រាប់ពន្យារកំណើតកងដាក់ក្រោមស្បែកនៅដើមដៃស្ត្រី និងកងដាក់ក្នុងស្បូន។ គោលគំនិតនៃសារអប់រំ គឺផ្ដោតទៅលើការបង្កើនជីវភាព និងសុខភាពរបស់គ្រួសារឲ្យកាន់តែប្រសើរជាមួយមធ្យោបាយពន្យារកំណើត។ យុទ្ធនាការទាំង២នេះក៏មានជំនួយបន្ថែមពីស្ពតវីដេអូផ្ទាំងប៉ាណូខិត្តប័ណ្ណ និងឧបករណ៍នានាសម្រាប់អ្នកកៀរគរសហគមន៍។
សមាសភាពសំខាន់នៃយុទ្ធនាការនីមួយៗបានផ្សារភ្ជាប់ទៅនឹងបណ្ដាញប្រឹក្សាយោបល់តាមរយៈទូរស័ព្ទអំពីសុខភាពស្ត្រី (០១២ ៩៩៩ ១២៤) ដែលបានចាប់ផ្ដើមដំណើរការក្នុងខែសីហា ឆ្នាំ២០០៩ ហើយបណ្ដាញប្រឹក្សាយោបល់តាមរយៈទូរស័ព្ទនេះ គឺបានផ្ដល់នូវការប្រឹក្សាជាលក្ខណៈបុគ្គល ដល់បុរស និងស្ត្រីជាង៥០០នាក់ ក្នុងមួយខែៗ បណ្ដាញប្រឹក្សាយោបល់ពីសុខភាពស្ត្រី ត្រូវបានគ្រប់គ្រងក្រោមកិច្ចសហការជាមួយអង្គការឥន្ទធនូ ដែលជាអង្គការជាតិហើយថែមទាំងគ្រប់គ្រងការប្រឹក្សាយោបល់អំពមេរោគអេដស៍/ជំងឺអេដស៍ផង។
កម្មវិធីសុខភាពបន្តពូជរបស់អង្គការអន្តរជាតិ បម្រើសុខភាព ប្រជាជន (ភី អេស អាយ) មានរួមបញ្ចូលទាំងការធ្វើអន្តរាគមន៍ ដើម្បីបង្កើនលទ្ធភាពទទួលបាន និងការផ្គត់ផ្គង់មធ្យោបាយពន្យារកំណើត និងសេវាកម្មដែលមានគុណភាព ជាមួយតម្លៃអាចទទួលយកបាន។ សកម្មភាពទាំងអស់នេះ រួមមានការធ្វើទីផ្សារសង្គមនៃផលិតផលពន្យារកំណើតគ្រួសារ អូខេ ហើយរួមទាំងការគាំទ្រដល់អ្នកផ្ដល់សេវាសុខភាពឯកជនតាមរយៈការបង្កើននូវជំនាញទាក់ទងនឹងមធ្យោបាយពន្យារកំណើតបែបទំនើបរយៈពេលខ្លី និងរយៈពេលវែងផងដែរ៕





