ក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា រយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០០៧មកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០០៨នេះ មានបណ្ដឹងប្រឆាំងអ្នកកាសែតដោយសារការចុះផ្សាយអត្ថបទមានជំនួយ ៧ករណី ដែលឥឡូវកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។ ក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងដែរថា មានការគំរាមកំហែងមកលើអ្នកសារព័ត៌មានចំនួន ១១ ករណីនៅពេលបំពេញការងារ ខណៈពេលដែលរបាយការណ៍របស់អង្គការអ្នកសារព័ត៌មាន គ្មានព្រំដែននិយាយថា នៅឆ្នាំ២០០៧ មានអ្នកកាសែតចំនួន ៨៦ នាក់ត្រូវសម្លាប់ភាគច្រើននៅអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ា ប៉ុន្តែមិនមានអ្នកកាសែតកម្ពុជាណាម្នាក់ត្រូវគេសម្លាប់ឡើយ។ អង្គការនេះអះអាងថា សេរីភាពសារព័ត៌មានកម្ពុជា មានចំណាត់ថ្នាក់លេខរៀងទី ៨៥ ក្នុងចំណោម ១៦៩ប្រទេស ដែលគេបានធ្វើការអង្កេត។
នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា នេះក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានរួមចំណែកមិនអាចខ្វះបាននៅក្នុងការធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរឆ្ពោះទៅរកភាពល្អប្រសើរតាមរយៈការផ្ដល់ព័ត៌មានគ្រប់រូបភាព និងខ្លឹមសារជាអាទិ៍ពាក់ព័ន្ធទៅនឹងការលាតត្រដាងអំពើពុករលួយការចាប់យកដីធ្លីដោយខុសច្បាប់ និងការរំលោភសិទ្ធិមនុស្សជាដើម។ ទន្ទឹមនឹងនោះប្រព័ន្ធផ្សព្វផ្សាយបានបំពេញការងារយ៉ាងសកម្មនៅពេលដែលកម្ពុជាកំពុងតែបោះជំហានទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ខាងមុខនេះ។
ក្លឹបអ្នកកាសែតកម្ពុជាផ្សព្វផ្សាយក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០០៨ នេះបានមើលឃើញថា តម្រូវការយ៉ាងទទូចសម្រាប់ឲ្យអ្នកសារព័ត៌មានបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺអ្នកសារព័ត៌មានត្រូវតែមានសេរីភាពនៅក្នុងការធ្វើសេចក្ដីរាយការណ៍ ត្រូវមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មាន និងត្រូវតែមានលក្ខខណ្ឌការងារដ៏អំណោយផលមួយដែលមិនស្ថិតនៅក្រោមគំនាបនយោបាយ និងសេដ្ឋកិច្ច។
ក្លឹបអ្នកកាសែតកម្ពុជាបានសង្កត់ធ្ងន់លើបញ្ហាសំខាន់ពីរដែលជំរុញសិទ្ធិទទួលព័ត៌មាននៅកម្ពុជាឲ្យវិវត្តន៍បានឆាប់រហ័ស នោះគឺការបង្កើតប្រព័ន្ធអ្នកនាំពាក្យដ៏មានប្រសិទ្ធិភាពនៅតាមក្រសួង ស្ថាប័នរដ្ឋនានា និងការតាក់តែង និងអនុម័តឲ្យបានឆាប់រហ័សនូវច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន។ ទន្ទឹមនឹងនោះក៏គួរយកចិត្តទុកដាក់ផងដែរ ចំពោះលក្ខខណ្ឌការងារ និងកម្រិតជីវភាពរបស់អ្នកសារព័ត៌មាន ព្រោះអ្នកសារព័ត៌មានកម្ពុជាភាគច្រើនទទួលបានប្រាក់បៀវត្សរ៍ទាបដែលពិបាករស់ឲ្យបានសមរម្យនៅក្នុងសង្គម ហើយលក្ខខណ្ឌជាច្រើននៅក្នុងច្បាប់ការងារ ពួកគេស្ទើរតែមិនបានទទួល។ ក្លឹបអ្នកកាសែតកម្ពុជា បានអំពាវនាវដល់ក្រុមហ៊ុនសារព័ត៌មានទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់របស់ខ្លួនដល់អ្នកសារព័ត៌មាន ទាំងលើលក្ខខណ្ឌការងារ ក៏ដូចជាលើប្រាក់បៀវត្សរ៍។
នៅក្នុងឱកាសនៃការចូលរួមក្នុងទិវាសារព័ត៌មាននេះដែរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា វិស័យព័ត៌មានរឹងមាំ អ្នកសារព័ត៌មានល្អ គឺមិនមែនត្រឹមតែមានឆន្ទៈរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺអ្នកសារព័ត៌មានខ្លួនឯងដែលត្រូវកសាងសមត្ថភាពរបស់ខ្លួនឲ្យបានខ្លាំង និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ៕

