លោក ហេន សុផល កំពុងគូរ (រូបថត៖សារ៉ាយ)រាជធានីភ្នំពេញ ៖ បើយើងធ្វើដំណើរតាមផ្លូវលេខ១៧៨ ចំហៀងខាងជើងសាលារចនា ហើយទៅដល់ផ្ទះលេខ៣៩C ដែលដាក់ស្លាកយីហោ ហេន សុផល វិចិត្រសាលយើងនឹងបានជួបបុរសវ័យចំណាស់ម្នាក់ ដែលកំពុងតែផ្ដោតអារម្មណ៍ទៅលើផ្ទាំងគំនូរនៅពីមុខគាត់យ៉ាងស្ងៀមស្ងាត់ ដៃម្ខាងកាន់ជក់ជូតស្រាលៗទៅលើរូបភាពយ៉ាងផ្ចិតផ្ចង់នោះ គឺលោក ហេន សុផល ដែលជាវិចិត្រករខ្មែរជើងចាស់ និងជាអតីតសិស្សសាលារចនាដើមទសវត្សឆ្នាំ៨០។
លោក ហេន សុផល ដែលគេស្គាល់ថាជាមនុស្សរាក់ទាក់រួសរាយ និងទទួលភ្ញៀវនោះ បាននិយាយថា លោកគឺជាអតីតសិស្សសាលារចនា តាំងពីឆ្នាំ១៩៨២ ហើយបានប្រកបមុខរបរគូររូបនេះ ចាប់តាំងពីឆ្នាំ១៩៨៣ផងដែរ ដែលរហូតមកដល់ពេលនេះលោកក៏មិនបោះបង់អាជីពជាជាងគំនូរនៅឡើយដែរ ព្រោះថាមុខរបរនេះកំពុងតែកាក់កប ហើយអាចចិញ្ចឹមជីវិតក្នុងគ្រួសារបានដោយងាយស្រួលទៀតផង។ លោកបញ្ជាក់ថា ក្នុងមួយខែៗគ្រួសារគាត់អាចរកប្រាក់ចំណូលបានប្រមាណពី១.០០០ដុល្លារទៅ១.៥០០ដុល្លារពីការលក់ផ្ទាំងគំនូរដែលគាត់បានគូរ។
លោក ហេន សុផល បាននិយាយថា មកដល់ឆ្នាំនេះគាត់មានអាយុជាង៥០ឆ្នាំ ហើយមានភរិយានិងកូនផងដែរ។ គាត់មានចំណង់ចំណូលចិត្តខាងរូបគំនូរ និងចេះគូរដោយខ្លួនឯងតាំងពីក្មេងមកម្ល៉េះ ដែលកាលនោះគាត់ច្រើនគូរតាមរូបថតខ្សែភាពយន្តខ្មែរ និងបរទេស តែការគូរដោយចំណេះដឹងខ្លួនឯងគឺមិនសូវជាបានទទួលស្នាដៃជាទីពេញចិត្តប៉ុន្មានទេ។ លុះនៅឆ្នាំ១៩៨២ គាត់បានចូលរៀនមុខវិជ្ជាគំនូរនេះនៅសាលារចនា ដែលកាលនោះមានសិស្សតែចំនួនតិចតួចប៉ុណ្ណោះ។ ក្នុងអំឡុងឆ្នាំ១៩៨៣ គាត់បានបញ្ចេញស្នាដៃលើផ្ទាំងគំនូរជាច្រើន និងដាក់លក់ជាសាធារណៈ ហើយស្នាដៃទាំងនោះទទួលបានការគាំទ្រយ៉ាងខ្លាំង។ ដោយមើលឃើញថា ផ្ទាំងគំនូរទទួលបានការគាំទ្រលោកក៏រៀបចំផ្ទះមួយកន្លែងដើម្បីបង្កើតអាជីពនេះតែម្ដង ដោយរៀនផង គូរផ្ទាំងគំនូរលក់ផង។ ការប្រកបមុខរបរនេះហាក់ដូចជាកាក់កប ព្រោះពីមួយថ្ងៃទៅមួយថ្ងៃផ្ទាំងគំនូររបស់គាត់កាន់តែមានការគាំទ្រ និងមានអតិថិជនកាន់តែច្រើនឡើង ដែលធ្វើឲ្យរូបគាត់រកពេលទំនេរគ្មាន។
លោក ហេន សុផល បានបញ្ជាក់ថា រូបគំនូរដែលពេញនិយមបំផុតនោះ គឺរូបដែលបង្ហាញពីការពាក់ព័ន្ធនឹងប្រាសាទបុរាណខ្មែរ ដូចជាការសាងសង់ប្រាសាទអង្គរជាដើម។ ប៉ុន្តែសព្វថ្ងៃនេះ គាត់មមាញឹកខ្លាំងក្នុងការគូរតាមរូបថត ព្រោះបងប្អូនអតិថិជនជាច្រើនបានយករូបថតឪពុកម្ដាយ បងប្អូនជីដូនជីតារបស់គេមកគូរជាប់មិនដាច់ ហើយការគូរតាមរូបថតគឺមានការលំបាកបន្តិចមែន តែស្រួលយកលុយ ព្រោះវាមិនសូវស្មុគស្មាញដូចគំនូរប្រាង្គប្រាសាទ ឬទេសភាព។ ចំពោះតម្លៃនៃផ្ទាំងគំនូរវិញ គឺគិតតាមការចំណាយពេលវេលា ដោយមិនគិតថាផ្ទាំងគំនូរស្អាតទើបបានថ្លៃនោះឡើយ។ លោកប្រាប់ថា ផ្ទាំងគំនូរដែលមានតម្លៃ១.៥០០ដុល្លារក្នុងមួយផ្ទាំង គឺគាត់ប្រើពេលវេលាជាងមួយខែទើបចប់សព្វគ្រប់។ ដូច្នេះផ្ទាំងគំនូរណាដែលប្រើពេលវេលាខ្លីជាងនេះគឺតម្លៃវាក៏ថោកជាងផងដែរ។
លោក ហេន សុផល បានអះអាងថា មុខរបរគូររូបលក់នេះ ប្រសិនបើអ្នកគំនូរមានជំនាញនិងចេះស្ទាត់ដូចរូបលោក គឺមិនលំបាករកលុយទេ ហើយទោះបីជាមិនអាចក្លាយជាអ្នកមានស្ដុកស្ដម្ភបាន តែវាអាចចិញ្ចឹមជីវិតមួយគ្រួសារបានដោយស្រួល បើប្រៀបធៀបទៅនឹងមុខរបរដទៃទៀត ព្រោះគាត់គិតថា ចំណូលមួយខែពី១.០០០ទៅ១.៥០០ដុល្លារ គឺមិនតិចឡើយ សំរាប់ជីវភាពប្រជាពលរដ្ឋខ្មែរសម័យនេះ។
លោក ហេន សុផល ក៏បាននិយាយឲ្យដឹងដែរថា គាត់ចូលចិត្តគូរគំនូរតាមការស្រមើស្រមៃរបស់ខ្លួនច្រើនជាងគំនូរចម្លង ព្រោះគាត់គិតថា ការគូរគំនូរដោយការគិតខ្លួនឯងវានឹងបានផ្ដល់គំនិតថ្មីៗបន្តទៀតសំរាប់យើង ហើយវាក៏ជាផ្ទាំងគំនូរដែលមានតម្លៃផងដែរ សំរាប់អ្នកជំនាញម្នាក់ៗដែលបានបញ្ចេញស្នាដៃដោយខ្លួនឯង។ លោកបន្តថា ផ្ទាំងគំនូរដែលផ្ដើមចេញពីគំនិតរបស់គាត់ គឺត្រូវបានយកទៅតាំងតាមពិព័រណ៍ជាច្រើន ហើយថ្មីៗនេះលោកទើបតែបានយកផ្ទាំងគំនូរមួយដែលរំលឹកអំពីទារុណកម្មក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ទៅចូលរួមក្នុងពិព័រណ៍សិល្បៈនៃ ការរស់ឡើងវិញ និងសិល្បៈបែបទំនើបឆ្លុះបញ្ចាំអំពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលរៀបចំដោយមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ ផ្ទះនៃក្ដីសង្ឃឹម និងមជ្ឈមណ្ឌលវប្បធម៌បុប្ផាណា។
លោក ហេន សុផល បានធ្វើសំណូមពរជាចុងក្រោយ ឲ្យបងប្អូនខ្មែរជួយគាំទ្រផ្ទាំងគំនូរដែលគូរដោយវិចិត្រករខ្មែរ ដើម្បីជាការលើកកំពស់ស្នាដៃវប្បធម៌ខ្មែរ និងលើកទឹកចិត្តដល់វិចិត្រករខ្មែរ ឲ្យខិតខំបង្កើតស្នាដៃថ្មីៗបន្ថែមទៀត៕

