វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានរាយការណ៍កាលពីថ្ងៃអង្គារថា ការចូលជាសមាជិកភាពរបស់ប្រទេសកម្ពុជា ក្នុងអង្គការពាណិជ្ជកម្មពិភពលោកក្នុងរយៈពេលបួនឆ្នាំកន្លងមកបានជួយធ្វើឲ្យប្រទេសនេះមានកំណើនសេដ្ឋកិច្ចយ៉ាងល្អ ប៉ុន្តែថា បើទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសនេះនៅតែប្រឈមនឹងឱនភាពជញ្ជីងពាណិជ្ជកម្មខ្ពស់គួរឲ្យព្រួយបារម្ភដែរ។ ថ្លែងក្នុងបទបង្ហាញរបស់ខ្លួននៅក្នុងសិក្ខាសាលាស្ដីពី "ការបញ្ជ្រាបបញ្ហាអភិវឌ្ឍន៍នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក" ដែលបើកធ្វើនៅទីក្រុងភ្នំពេញ លោក នៅ សីហា អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ថា៖ "យើងឃើញមានកំណើនសេដ្ឋកិច្ចយ៉ាងល្អក្នុងរយៈពេល ៤ ឆ្នាំ ជាប់ៗគ្នាចាប់តាំងពីកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែថា កំណើននៃឱនភាពជញ្ជីងពាណិជ្ជកម្មក៏មានលក្ខណៈខ្ពស់ណាស់ដែរ"។
យោងតាមស្ថិតិដែលបង្ហាញដោយវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៤មក កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនក្នុងអត្រាលេខពីរខ្ទង់ជាប់គ្នា ពោលគឺពី ១០,៣ រហូតដល់ ១៣,៣ ហើយឱនភាពជញ្ជីងពាណិជ្ជកម្មបានកើនដោយមានការនាំចេញ ៦០០ លានដុល្លារអាមេរិកទល់នឹងការនាំចូល ៣ ០០០ លានដុល្លារនៅឆ្នាំ២០០៤ ហើយ ១ ៥០០ លានដុល្លារអាមេរិកទល់នឹង ៦ ០០០ ពាន់លានដុល្លារនៅឆ្នាំ២០០៨។
លោក សុខ ហាច នាយកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា៖ "យើងខ្វាយខ្វល់អំពីឱនភាពជញ្ជីងពាណិជ្ជកម្ម ពីព្រោះថា ការរីកធំពេកនៃបញ្ហានេះក៏ធ្វើឲ្យកម្ពុជាបាត់បង់លុយអស់ពីដៃច្រើនដែរ"។ លោក សុខ ហាច បានថ្លែងឲ្យដឹងថា៖ "យើងមិនអាចមើលរំលងបញ្ហាឱនភាពនេះបានទេ ទោះបីជាវាមានកម្រិតនៅទាបជាងឱនភាពដែលកម្ពុជាធ្លាប់ជួបក្នុងឆ្នាំ២០០៣ក៏ដោយ"។
ប្រទេសកម្ពុជាដែលប្រកាន់យករបបសេដ្ឋកិច្ចទីផ្សារសេរីនៅឆ្នាំ១៩៩៣ ធ្លាប់ជួបឱនភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិយ៉ាងខ្ពស់ជាលើកដំបូងនៅឆ្នាំ២០០៣ ខណៈដែលប្រទេសនេះមានការនាំចេញក៏តិចបំផុតបើធៀបជាមួយនិងការនាំចូលនោះ។
លោក តឹក រ៉េតសម្រេច អតីតប្រធានក្រុមបច្ចេកទេសក្នុងការចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ "យើងគិតថា ការចូលWTO ជាឱកាសមួយរបស់កម្ពុជាកាន់តែរឹងមាំ ដូច្នេះគេមិនត្រូវយកបញ្ហាឱនភាពពាណិជ្ជកម្មនេះជារឿងធំសម្រាប់ធ្វើការពិចារណាទេ"។ លោក តឹក រ៉េតសម្រេច បានមានប្រសាសន៍ថា៖ "ចំពោះយើង ការនាំចូលកាន់តែច្រើន គឺមានន័យថា មូលដ្ឋានសេដ្ឋកិច្ចកាន់តែរឹងមាំ ព្រោះថា ប្រជាជនមានលុយទិញកាន់តែច្រើនមិនមែនកាន់តែក្រនោះទេ"។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវការនៅខែ តុលា ឆ្នាំ ២០០៤ នៅក្រោមលក្ខខណ្ឌដែលត្រូវកែជាមួយអង្គការនេះចំនួន ២២២ ចំណុច ប៉ុន្តែរហូតមកដល់សព្វថ្ងៃនៅសល់ចំណុចសំខាន់ៗចំនួនតែ ៤០ ចំណុចប៉ុណ្ណោះដែលត្រូវកែ។
លោក ហង់ សុជីវីន អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើរឡើងដល់សមាជិកភាពរបស់ខ្លួននៅក្នុង WTO ដូច្នេះនៅពេលខាងមុខ យើងនឹងមានការផលិតហើយនាំចេញច្រើនជាងសព្វថ្ងៃ។ លោក ហង់ សុជីវីន បានឲ្យដឹងថា៖ "ខ្ញុំគិតថា ឱនភាពជញ្ជីងពាណិជ្ជកម្មដែលកម្ពុជាកំពុងមានមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទេ ពីព្រោះថា នៅពេលខាងមុខ នៅពេលដែលយើងមានការផលិតបានច្រើនយើងនឹងមានការនាំចេញច្រើនវិញហើយ"៕

