ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

កម្ពុជា​មាន​គម្រោង​ក្នុង​ការ​បញ្ជូន​ពលករ​ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កាតា

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ កម្ពុជា​​មាន​គម្រោង​ក្នុង​ការ​​បញ្ជូន​ពលករ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កាតា​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ បើ​សិន​ណា​ ការ​ពិភាក្សា​​ដែល​កំពុង​ធ្វើ​រវាង​រដ្ឋាភិបាល​​នៃ​ប្រទេស​ទាំងពីរ​អាច​អនុវត្តន៍​បាន។

លោក​ អ៊ំ​ មាន​ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មាន​​ប្រសាសន៍​ថា៖ "យើង​កំពុង​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៃ​អនុស្សរណៈ​ស្ដី​ពី​​ការ​យោគយល់​ក្នុង​ការ​បញ្ជូន​ពលករ​ ហើយ​យើង​នឹង​អនុវត្តន៍​វា​ភ្លាម​ បើ​សិន​ណា ​លក្ខខណ្ឌ​ទាំងឡាយ​ធានា​ដល់​សុវត្ថិភាព​ និង​សុខុមាលភាព​ពលករ​របស់​យើង"។ លោក​ អ៊ំ​ មាន​ បាន​ថ្លែង​ថា៖ "ការ​បញ្ជូន​ពលករ​របស់​យើង​ចេញ​ គឺ​អាច​ឲ្យ​​ពួក​គេ​បាន​សិក្សា​ និង​បង្កើន​នូវ​ជំនាញ​ថែម​មួយ​​កម្រិត​ទៀត​ ពីព្រោះ​ថា​ ពេល​ដែល​​ពួក​​គេ​ត្រឡប់​មក​​វិញ​គេ​អាច​​ធ្វើ​ការ​ក្នុង​នាម​ជា​​អ្នក​រួម​ចំណែក​​កសាង​​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ឲ្យ​មាន​សក្ដានុពល​កាន់​តែ​​ខ្លាំង"។ លោក​ អ៊ំ​ មាន​​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ "យើង​គិត​ថា​ ពលករ​ទាំង​នោះ​មិន​មែន​បាន​ត្រឹម​តែ​បៀវត្សរ៍​ច្រើន​សម្រាប់​​រួម​ចំណែក​​ដល់​ការ​បង្កើន​ជីវភាព​គ្រួសារ​​របស់​គេ​ផ្ទាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជួយ​ប្រមូល​រូបិយប័ណ្ណ​មក​ក្នុង​ប្រទេស​​កាន់​តែ​​ច្រើន​ផង​ដែរ"។

ប្រទេស​កម្ពុជា​ ដែល​មាន​កម្លាំង​​​ពលកម្ម​ប្រមាណ​ជាង​ ៣០​ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ មាន​​មហិច្ឆតា​ចង់​បញ្ជូន​ពលករ​របស់​ខ្លួន​ចេញ​ទៅ​កាន់​ទី​ផ្សារ​ការងារ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ពេលវេលា​​ដ៏​ខ្លី​ខាង​មុខ​នេះ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​​បាន​បញ្ជូន​ចេញ​ពលករ​ស្របច្បាប់​​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​តាម​ប្រព័ន្ធ​ ITS និង​ EPS សរុប​បាន​ចំនួន​ ២១ ៨២៦​ នាក់​​ ក្នុង​នោះ​ទៅ​ថៃ​ ៧ ៣៧៥​ នាក់​ ម៉ាឡេស៊ី​ ១១ ៨៥២​ នាក់​ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ២ ៥៩៩​ នាក់។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​កម្ពុជា​នឹង​នាំ​ចេញ​កម្លាំង​ពលកម្ម​របស់​ខ្លួន​ប៉ុន្មាន​នាក់​ ទៅ​កាន់​ប្រទេស​កាតា​នោះ​ ពីព្រោះ​ថា​ ប្រទេស​កាតា​ដែល​​ជា​អ្នក​ចង់​បាន​ពលករ​ពី​កម្ពុជា​នៅ​មិន​ទាន់​បញ្ជូន​បញ្ជី​ ស្ដី​ពី​តម្រូវ​ការ​ពលករ​របស់​ខ្លួន​មក​ឲ្យ​កម្ពុជា​នៅ​ឡើយ​ទេ។ បច្ចុប្បន្ន​កម្ពុជា​ និង​ប្រទេស​កាតា​កំពុង​តែ​ធ្វើ​ការ​ពិភាក្សា​តាមរយៈ​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំងពីរ​​ទៅ​លើ​ការងារ​នេះ​ហើយ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ"។

លោក​ សុន​ ឆ័យ​ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភាជាតិ​ បាន​មាន​ប្រសាសន៍​ថា​ យើង​មាន​ការ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​ផែនការ​បញ្ជូន​ចេញ​នូវ​​កម្លាំង​ពលកម្ម​ពី​កម្ពុជា​ ពីព្រោះ​ថា​ ភាគ​ច្រើន​​នៃ​ពលករ​ទាំង​នោះ​ ច្រើន​តែ​ទៅ​ធ្វើការ​ផ្អែក​ទៅ​លើ​ការ​ប្រើ​កម្លាំង​ច្រើន​ជាង​ជំនាញ។ លោក​ សុន​ ឆ័យ​ បាន​ថ្លែង​ថា៖ "យើង​គិត​ថា​ ការ​បញ្ជូន​ពលករ​ចេញ​​ទៅ​ក្រៅ​ប្រទេស​ មិន​មែន​ជា​មធ្យោបាយ​ពង្រឹង​ និង​លើក​តម្កើង​ជីវភាព​ពលរដ្ឋ​ និង​សេដ្ឋកិច្ច​ជាតិ​ទេ។ ការ​ធ្វើ​ឲ្យ​ជោគជ័យ​ដល់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ប្រសើរ​ឡើង​ គឺ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​​រៀបរយ​ប្រទេស​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទាញ​វិនិយោគ​ដោយ​បង្កើត​ការងារ​ក្នុង​ស្រុក"។

ដោយ​លើក​ឧទាហរណ៍​ពី​ប្រទេស​ហ្វីលីពីន​ដែល​មាន​ការ​បញ្ជូន​ចេញ​ពលករ​ទៅ​ក្រៅ​ប្រទេស​ជិត​ពាក់កណ្ដាល​ក្នុង​មួយ​ឆ្នាំៗ​នោះ​លោក​ សុន​ ឆ័យ​ បាន​មាន​ប្រសាសន៍​ថា៖ "យើង​មិន​ឃើញ​ប្រទេស​នេះ​មាន​ជីវភាព​ និង​សេដ្ឋកិច្ច​ប្រសើរ​ជាង​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់​ទេ។ ពួកគេ​អន់​ជាង​ថៃ​ និង​ម៉ាឡេស៊ី​ទៅ​ទៀត"។

គួរ​រម្លឹក​ថា​ ដើម្បី​ធ្វើ​ឲ្យ​ពលករ​កម្ពុជា​​មាន​សក្ដានុពល​ក្នុង​ការ​រក​ប្រាក់​ចំណូល​ជួយ​គ្រួសារ​​ និង​សេដ្ឋកិច្ច​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០០៨​ លោក​ឧបនាយក​រដ្ឋមន្ត្រី​​ សុខ​ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​គ្រប់​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ធ្វើ​ការ​តម្រង់​ទិស​អប់រំ​ធនធាន​​មនុស្ស​របស់​ខ្លួន​ឲ្យ​ត្រូវ​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​ព្រោះ​ថា​ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ចំ​ទិស​ គឺ​ជា​ឆ្អឹង​ខ្នង​នៃ​ការ​អភិវឌ្ឍ​ជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ អ៊ំ​ មាន​ បាន​មាន​ប្រសាសន៍​ថា៖ "យើង​នឹង​បណ្ដុះបណ្ដាល​យុវជន​របស់​យើង​ឲ្យ​តម្រង់​ទិស​ទៅ​រក​ជំនាញ​ខ្ពស់ៗ​ដើម្បី​អាច​ប្រកួតប្រជែង​ការងារ​នៅ​ក្រៅ​ប្រទេស​បាន។ កម្ពុជា​នឹង​បញ្ជូន​ចេញ​តែ​ពលករ​ដែល​មាន​ជំនាញ​​ប៉ុណ្ណោះ​នៅ​ពេល​អនាគត"៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ពុធ 09 Jul 2008