ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ក្រុមហ៊ុន​រុករក​ប្រេង​សាំងហ្គាពួរ​ ចាប់​ផ្ដើម​ខួង​អណ្ដូង​ប្រេង​នៅ​ក្នុង​ប្លុក​បេ

ភ្នំពេញ​ ៖​ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សាំងហ្គាពួរ​ (Singapore Petroleum Company)​ បាន​អះអាង​ថា​ ខ្លួន​ និង​ក្រុមហ៊ុន​ដៃគូ​កំពុង​តែ​ចាប់ផ្ដើម​ដំណើរ​ការ​ខួង​រុករក​អណ្ដូង​ប្រេង​កាត​នៅ​ក្នុង​ប្លុក​បេ​ នា​តំបន់​ឆ្នេរ​របស់​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ អង្គារ​ កន្លង​ទៅ​នេះ។

យោង​ទៅ​តាម​សេចក្ដី​ប្រកាស​មួយ​របស់​ក្រុមហ៊ុន​ខាង​លើ​ កាល​ពី​ថ្ងៃ​ទី​ ៨​ ខែ​ កក្កដា​ កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ អណ្ដូង​ដែល​កំពុង​តែ​ខួង​នោះ​ គឺ​ជា​អណ្ដូង​ទី​មួយ​នៅ​ក្នុង​ប្លុកបេ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ១៦០​គីឡូម៉ែត្រ​ ភាគ​និរតី​ពី​ទីក្រុង​ព្រះសីហនុ​ ហើយ​មាន​ចម្ងាយ​ប្រមាណ​ជា​៨០​គីឡូម៉ែត្រ​ ពី​កន្លែង​ត្រួត​ស៊ី​គ្នា​នៃ​ព្រំដែន​សមុទ្រ​កម្ពុជា​ និង​ថៃ។​

ប្រភព​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា​ ការ​ខួង​នេះ​ គឺ​ដើម្បី​សាកល្បង​ពិសោធន៍​សក្ដានុពល​នៃ​អ៊ីដ្រូកាបូន​ (Hydrocarbon)​ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​កំណត់​អំពី​ការ​ធ្វើ​អាជីវកម្ម​ធនធាន​ប្រេងកាត។​ គេ​រំពឹង​ថា​ នឹង​អាច​ទទួល​បាន​លទ្ធផល​នៅ​ក្នុង​រង្វង់​ប្រមាណ​ជា​ ១៥​ថ្ងៃ​ ដោយ​ត្រូវ​ខួង​រហូត​ដល់​ទៅ​ជម្រៅ​២.៩១៧ម៉ែត្រ​ ក្រោម​សមុទ្រ។

លោក​ តែ ដួងតារា​ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​មិន​អាច​ទំនាក់​ទំនង​បាន​ទេ​កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ប៉ុន្តែ​កាល​ពី​ដើម​ខែ​ មីនា​ កន្លង​ទៅ​លោក​បាន​អះអាង​ថា​ ការ​ធ្វើ​អាជីវកម្ម​ប្រេង​កាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​ជា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រង្វង់​ឆ្នាំ​ ២០១១​ ខាង​មុខ​ ហើយ​នៅ​ពេល​នោះ​តម្លៃ​ប្រេង​នៅ​ក្នុង​ប្រទេស​នឹង​ចុះ​ថោក។

កំណប់​រ៉ែ​ប្រេង​កាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​អះអាង​អំពី​វត្តមាន​របស់​វា​ពិតប្រាកដ​កាល​ពី​ឆ្នាំ​ ២០០៥​ ដោយ​ក្រុមហ៊ុន​អាមេរិកាំង​ មួយ​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​បែងចែក​នៃ​ការ​រុករក​វត្តមាន​រ៉ែ​ដ៏​មាន​តម្លៃ​នេះ​ជា​៦​ប្លុក។

ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សាំងហ្គាពួរ​ គឺ​ជា​ក្រុមហ៊ុន​រុករក​រ៉ែ​ប្រេងកាត​ និង​ឧស្ម័ន​នៅ​ក្នុង​តំបន់​មួយ​ដែល​កំពុង​តែ​កាន់​កាប់​ភាគហ៊ុន​នៅ​ក្នុង​ប្លុក​បេ​នោះ​ចំនួន​៣៣,៣៣​ភាគរយ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ សុក្រ 11 Jul 2008