
កម្មកររោងចក្រកាត់ដេរសំលៀបពាក់កម្ពុជាដែលទទួលបានប្រាក់បៀវត្សទាបបំផុតបើប្រៀបធៀបក្នុងចំណោមប្រទេសទាំង៤០ដែលជាអ្នកផលិតសំលៀកបំពាក់កំពុងនាំគ្នាចេញពីរោងចក្រមួយក្នុងខណ្ឌមានជ័យទីក្រុងភ្នំពេញនោះក៏ព្រោះតែកម្ពុជាត្រូវនាំក្រណាត់ចូល ហើយក៏ត្រូវគេដឹងផងដែរថា "បានប្រមូលផ្ដុំការងារទៅលើតែសំលៀកបំពាក់សាមញ្ញធម្មតា និងសំលៀកបំពាក់សម្រាប់គេងយប់ ហើយមិនគិតខិតខំរកវិធីពង្រីកសមត្ថភាពក្នុងការកាត់ដេរសំលៀកបំពាក់ឲ្យកាន់តែល្អឡើងនោះទេ"។ នេះគឺជាសំដីរបស់ លោកស្រី O'Rouke ដែលបានសរសេរនៅក្នុងអ៊ីមែលមួយ ផ្ញើចេញពីទីក្រុង ញូវយ៉ក កាលពីថ្ងៃពុធ។
លោកស្រី O'Rouke បានបន្តទៀតថា "កម្ពុជានៅតែត្រូវបានចាត់ចូលក្នុងកម្រិតខ្ពស់ ក្នុងចំណោមម្ចាស់យីហោផលិតផលសំលៀកបំពាក់ប្រពៃណី និងសំលៀកបំពាក់សំខាន់ៗសម្រាប់លក់រាយ" ហើយប្រទេសនេះ "នឹងបន្តទទួលដោយរីករាយនូវការវិនិយោគនាំមុខគេនៅទ្វីបអាស៊ី ដើម្បីពង្រីកសមត្ថភាព ជាពិសេសនៅពេលដែលតម្លៃរបស់ចិននៅតែបន្តឡើងតទៅទៀត"។
ក៏ប៉ុន្តែ លោកស្រីបញ្ជាក់ថា កម្ពុជាត្រូវតែងាកពីការផលិតសំលៀកបំពាក់សម្រាប់កុមារ ហើយត្រូវឈានឆ្ពោះទៅរកការផលិតសំលៀកបំពាក់មនុស្សចាស់ និងសំលៀកបំពាក់ជំនួញ ដោយត្រូវខិតខំពង្រីកសមត្ថភាពច្នៃម៉ូដប្លែកៗវិញ។ កម្ពុជាក៏ចាំបាច់ត្រូវរកប្រភពសាច់ក្រណាត់ថែមទៀត និងត្រូវបង្កើនផលិតភាពពលកម្មថែមទៀត។
អ្នកដឹកនាំនៅក្នុងរោងចក្រឧស្សាហកម្មសំលៀកបំពាក់ជាច្រើន បានឯកភាពតាមមតិណែនាំរបស់ លោកស្រី O'Rouke ថាត្រូវតែជំរុញផលិតភាព ដែលលោកស្រីបានលើកឡើងកាលពីថ្ងៃពុធនេះ ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមសហគ្រាសផលិតសំលៀកបំពាក់កម្ពុជា បាននិយាយថា ក្នុងពេលជាមួយគ្នាដែលកម្មករចិនអាចផលិតខោបានពី ២៨ ដល់ ៣២ ក្នុងមួយថ្ងៃ ហើយកម្មករវៀតណាមបានពី ១៨ ទៅ ២២ខោនោះ កម្មករសំលៀកបំពាក់កម្ពុជាផលិតបានតែពី ១២ ទៅ ១៤ខោប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។
លោក វ៉ាន់ ស៊ូអៀង បាននិយាយតាមទូរស័ព្ទថា "និយាយឲ្យចំទៅ តម្លៃពលកម្មនៅប្រទេសកម្ពុជាថោកជាងនៅប្រទេសវៀតណាម ។ ប៉ុន្តែបើនិយាយពីផលិតភាពវិញ វាមិនថោកជាងទេ" ។
លោកបានបន្តទៀតថា ផលិតភាពនៅកម្ពុជាមានតម្លៃថោក ពីព្រោះតែកម្លាំងពលកម្មនៃកម្មករគ្មានបទពិសោធន៍ មកពីទីជនបទ។
លោកស្រី ទេព ម៉ូណា នាយកមជ្ឈមណ្ឌលផលិតភាពឧស្សាហកម្មសំលៀកបំពាក់ ដែលត្រូវផ្គត់ផ្គង់ថវិកាដោយទីភ្នាក់ងារអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ បានយល់ស្របថា តម្លៃពលកម្មសរុបនៅទីនេះ ហាក់ដូចជាខ្ពស់ជាងនៅវៀតណាម ។
លោកស្រី ទេព ម៉ូណា បានបន្តថា ផ្នែកឧស្សាហកម្មសំលៀកបំពាក់កម្ពុជា ដំណើរការបានផលប្រយោជន៍ល្អ បានត្រឹមតែ ៣៥ ទៅ ៤០ភាគរយ ប៉ុណ្ណោះ ហើយកម្មករត្រូវបានចាត់ទុកថាមានផលិតភាពបានតិចជាងកម្មករវៀតណាម។ លោកស្រីបានបន្តទៀតថា ការបង្កើនផលិតភាពនៅទីនេះ គឺជាការចាំបាច់ត្រូវតែរក្សា និងទាក់ទាញអ្នកវិនិយោគអោយបានច្រើន។
លោកស្រីបានបន្ថែមថា "នេះគឺជាអ្វីដែលយើងត្រូវឈានទៅដំណាក់កាលបន្តទៀតក្នុងដំណើរការផលិតកម្មនៅពេលខាងមុខ" ។
លោក អ៊ុំ មាន អនុរដ្ឋលេខាធិការក្រសួងការងារ និង លោក ជា ម៉ូនី ប្រធានសហជីពសេរី មានយោបល់ដូចគ្នាថា តម្លៃពលកម្មថោកអាចជួយទាក់ទាញវិនិយោគបរទេសបាន ។
លោក ជា ម៉ូនី បាននិយាយតាមទូរស័ព្ទ កាលពីថ្ងៃពុធថា "ប្រាក់បៀវត្សរ៍កម្លាំងពលកម្មទាប មិនល្អសម្រាប់កម្មករនិយោជិកទេ ប៉ុន្តែវាល្អសម្រាប់អ្នកវិនិយោគ"៕

