ក្រុមការងារអន្តរក្រសួងរបស់រដ្ឋាភិបាលរួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ និងត្រូវជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃនេះ ដើម្បីជជែកលើអនុក្រឹត្យមួយស្ដីពីចំណងអាពាហ៍ពិពាហ៍រវាងបរទេស និងខ្មែរ។ អនុក្រឹត្យថ្មីនេះក៏ដើម្បីបើកផ្លូវឲ្យជនបរទេសអាចរៀបការជាមួយពលរដ្ឋខ្មែរឡើងវិញ។
កាលពីថ្ងៃម្សិលមិញ លោក សក់ សេដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកកាសែតថា៖ "ប្រសិនបើអន្តរក្រសួងមានការឯកភាពគ្នា នោះអនុក្រឹត្យទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍រវាងជនកម្ពុជា និងជនបរទេសនឹងត្រូវដាក់ទៅកាន់លោកនាយករដ្ឋមន្ត្រីដើម្បីចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ភ្លាមៗ។ យើងចង់ធ្វើឲ្យបានឆាប់ៗនូវអនុក្រឹត្យដែលត្រូវដកបម្រាម ឈប់ហាមពលរដ្ឋខ្មែរមិនឲ្យរៀបការនឹងជនបរទេស"។ ក៏ប៉ុន្តែការងារនេះ លោកអគ្គនាយកអះអាងថា៖ "ពាក់ព័ន្ធនឹងនីតិវិធីដែលត្រូវការប្រយ័ត្នប្រយែងតាមរយៈ ការកំណត់នីតិវិធីបន្ថែម ដើម្បីបង្ការទប់ស្កាត់ការជួញដូរមនុស្ស ការរំលោភបំពារបំពាន និងការធ្វើអាជីវកម្មផ្លូវភេទ ដូចដែលយើងបានទទួលព័ត៌មានកន្លងមក"។
អាពាហ៍ពិពាហ៍ឆ្លងដែនរវាងពលរដ្ឋខ្មែរ និងជនបរទេស ជាបំណងប្រាថ្នារបស់នារីខ្មែរមួយចំនួន ដើម្បីឲ្យមានជីវភាពប្រសើរជាងនៅកម្ពុជា។ ក៏ប៉ុន្តែជាញឹកញាប់គេតែងតែទទួលដំណឹងថា នារីខ្មែរមួយភាគធំ ជាពិសេសនារីខ្មែរដែលបានរៀបការជាមួយបុរសចិនតៃវ៉ាន់ នារីខ្មែរទាំងនោះមានវាសនាមិនល្អ ត្រូវទទួលរងនូវការធ្វើទុក្ខបុកម្នេញទាំងរាងកាយ និងរហូតធ្លាក់ខ្លួនត្រូវបានគេលក់ឲ្យធ្វើជាស្រីពេស្យាក៏មាន។ បញ្ហានេះ ត្រូវបានរដ្ឋាភិបាលចេញបម្រាមកាលពីខែ មីនា ហាមមិនឲ្យមានអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។ ភ្នាក់ងារក្រុមហ៊ុនរកស៊ីខាងផ្គូផ្គងនារីខ្មែរ និងជនបរទេស ក៏ត្រូវបានបញ្ជាឲ្យបិទទ្វារផងដែរ។
តាមរបាយការណ៍ស្ត្រីខ្មែររៀបការជាមួយបុរសបរទេស ច្រើនកើតមានបញ្ហានៅកោះតៃវ៉ាន់ ប្រទេសម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូង។ សម្រាប់នៅកោះតៃវ៉ាន់តែមួយមានស្ត្រីខ្មែរក្មេងៗប្រមាណជាង ៥ ០០០នាក់ ត្រូវបានគេជួញដូរតាមរយៈ ការរៀបអាពាហ៍ពិពាហ៍ឆ្លងដែន។ ដើម្បីទប់ស្កាត់ការជួញដូរនេះ រដ្ឋាភិបាលកម្ពុជាបានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយ បញ្ឈប់ជាបណ្ដោះអាសន្ន នូវរាល់ការរៀបអាពាហ៍ពិពាហ៍រវាងស្ត្រីខ្មែរ និងជនបរទេស៕

