ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អគ្គទេសាភិបាល​ធនាគារ​ជាតិ​បង្ហាញ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ ២០០៨​ មាន​កំណើន​ក្នុង​កំរិត​៩,៥%

រាជធានី​ភ្នំពេញ​៖ នៅ​សាល​ប្រជុំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី​៧​ កក្កដា​មាន​ប្រារព្ធ​ពិធី​បើក​វគ្គ​សុក្រឹតការ​សម្រាប់​មន្ត្រី​បុគ្គលិក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំនាន់​ទី​៩​ ក្រោម​អធិបតីភាព​លោក​ ជា​ ចាន់តូ​ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ដោយ​មាន​សិក្ខាកាម​ចូល​រួម​ចំនួន​៩០​នាក់។

តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​វគ្គ​សុក្រឹតការ​នេះ​បាន​ឲ្យ​ដឹង​ថា​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក​ទេសាភិបាល​គណៈកម្មការ​រៀបចំ​វគ្គ​សិក្សា​ បាន​រៀបចំ​វគ្គ​សុក្រឹតការ​ជំនាន់​ទី​៩​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​​ពី​ថ្ងៃ​ទី​ ៧​ កក្កដា​ រហូត​ដល់​ថ្ងៃ​ទី​ ១១​ កញ្ញា​ ឆ្នាំ​ ២០០៨​ ដោយ​មាន​សិក្ខាកាម​ជា​មន្ត្រី​បុគ្គលិក​ចំនួន​៩០​នាក់​ ក្នុង​នោះ​មក​ពី​ទី​ស្នាក់​ការ​កណ្ដាល​៤៩​នាក់​ និង​មក​ពី​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចំនួន​៤១​នាក់។ វគ្គ​សុក្រឹត​ការ​សម្រាប់​មន្ត្រី​បុគ្គលិក​បាន​អនុវត្ត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៩​រហូត​មក​ដល់​ឆ្នាំ​ ២០០៧​ គឺ​មាន​ចំនួន​៨​វគ្គ​ រួច​មក​ហើយ​ ដោយ​មាន​មន្ត្រី​បុគ្គលិក​ក្នុង​ក្របខណ្ឌ​ និង​មន្ត្រី​បុគ្គលិក​ជ្រើសរើស​សរុប​ចំនួន​៥៥៥​នាក់​ ក្នុង​នោះ​ មក​ពី​ទី​​ស្នាក់​ការ​កណ្ដាល​ចំនួន​២៨៩​នាក់​ និង​មក​ពី​សាខា​ធនាគារ​ជាតិ​​នៃ​កម្ពុជា​ចំនួន​២៦៦​នាក់។ វគ្គ​សុក្រឹត​ការ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​​ជំរុញ​ឲ្យ​សិក្ខាកាម​យល់​ដឹង​អំពី​ប្រតិបត្តិការ​​របស់​ធនាគារ​កណ្ដាល​ និង​សកម្មភាព​ការងារ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ប្រព័ន្ធ​ធនាគារ​ និង​ហិរញ្ញវត្ថុ។

មន្ត្រី​ដែល​ត្រូវ​ឧទ្ទេសនាម​​ក្នុង​វគ្គ​សុក្រឹតការ​ជំនាន់​ទី​៩​នេះ​ រួម​មាន​លោក​ជំទាវ​ទេសាភិបាល​រង​ លោក​- លោក​ស្រី​ថ្នាក់​​អគ្គនាយក​ ថ្នាក់​ការិយាល័យ​ និង​ជំនាញ​ការ​អម​ធនាគារ​ជាតិ​នៃ​កម្ពុជា។ លើស​ពី​នេះ​ទៀត​ វគ្គ​សុក្រឹត​ការ​នេះ​មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ទេសាភិបាល​បាន​ចូល​រួម​ផ្ដល់​នូវ​​បទ​ឧទ្ទេសនាម​ដូច​វគ្គ​មុនៗ​ដែរ​ ដើម្បី​ញ៉ាំង​ឲ្យ​ដំណើរការ​ប្រកប​ដោយ​ជោគជ័យ។

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ជា​ ចាន់តូ​ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ថ្លែង​ថា​ ឆ្នាំ​នេះ​ វគ្គ​សុក្រឹតការ​​របស់​យើង​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចំ​ពេល​​ដែល​ប្រជាជន​កម្ពុជា​​នៅ​ទូទាំង​ប្រទេស​ កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៤​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៧​ កក្កដា​ ឆ្នាំ​ ២០០៨​ ខាង​មុខ​នេះ។

លោក​ ជា​ ចាន់តូ​ បាន​លើក​ឡើង​នៅ​ចុង​ឆ្នាំ​ ២០០៧​ និង​ដើម​ឆ្នាំ​ ២០០៨​ នេះ​ ពិភពលោក​​ទាំងមូល​ប្រឈម​មុខ​នឹង​បញ្ហា​ធំៗ​មួយ​ចំនួន​ដូចជា​ ១​-វិបត្តិ​ឥណទាន​និក្ខេប​ (Mortgage loan crisis) ២​-ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​ ៣- ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​ ៤​-គ្រោះ​ធម្មជាតិ​ក្នុង​តំបន់​ ៥​- ការ​ឡើង​ថ្លៃ​នៃ​​គ្រឿង​ឧបភោគ​- បរិភោគ​ ឬ​វិបត្តិ​អង្ករ​ និង​ ៦​- បញ្ហា​អតិផរណា​ដែល​ជា​កង្វល់​រួម​របស់​កម្ពុជា​យើង​ផង​ របស់​តំបន់​ផង​ និង​របស់​ពិភពលោក​ទាំងមូល​ផង។ តាម​របាយការណ៍​របស់​អង្គការ​​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) នៅ​ឆ្នាំ​ ២០០៨​ សេដ្ឋកិច្ច​ពិភពលោក​រំពឹង​ថា​ កំណើន​ធ្លាក់​ចុះ​មក​ត្រឹម​ ៤,៨%​ ធៀប​ជាមួយ​អត្រា​កំណើន​ ៥,២%​ ក្នុង​ឆ្នាំ​២០០៧។ សេដ្ឋកិច្ច​ សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​មាន​ការ​កើន​ឡើង​ ១,៩%​ និង​ ២,១%​ រៀង​គ្នា។ កំណើន​សេដ្ឋកិច្ច​ខ្ពស់​​ក្នុង​បណ្ដា​ប្រទេស​​អាស៊ី​ត្រូវ​បាន​រំពឹង​ថា​ សន្ទុះ​កំណើន​នឹង​រក្សា​បាន​នូវ​ភាព​ប្រសើរ​ដោយ​ប្រទេស​ចិន​មាន​កំណើន​១០% ​ប្រទេស​ឥណ្ឌា​កើន​៨%​ ប្រទេស​ជប៉ុន​នឹង​កើន​១,៧% និង​ក្រុម​ប្រទេស​អាស៊ាន​នឹង​ធ្លាក់​មក​ត្រឹម​៥,៧%​ ក្នុង​ឆ្នាំ​២០០៨​ ធៀប​នឹង​៦,៥%​ នៅ​ឆ្នាំ​ ២០០៧។

ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ នៅ​ឆ្នាំ​ ២០០៨​ នេះ​ បើ​តាម​ការ​ព្យាករណ៍​ដោយ​ប្រុងប្រយ័ត្ន​គ្រោង​ថា​ មាន​កំណើន​ក្នុង​កំរិត​៩,៥%​ ធៀប​នឹង​អត្រា​កំណើន​១០,១%​ នៅ​ឆ្នាំ​ ២០០៧។ ជា​រួម​ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​​កម្ពុជា​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ទោះ​បី​ជា​សម្ពាធ​​អតិផរណា​នៅ​ចុង​ឆ្នាំ​ ២០០៧​ និង​ដើម​ឆ្នាំ​ ២០០៨​ កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់​ក៏​ដោយ។ អត្រា​ប្ដូរ​ប្រាក់​ និង​តម្លៃ​​ប្រាក់​រៀល​មាន​ស្ថិរភាព​ល្អ​ បើ​ធៀប​នឹង​ដុល្លារ​អាមេរិក។ ចំណែក​ឯ​ទុន​បម្រុង​អន្តរជាតិ​បាន​បន្ត​កើន​ឡើង​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក។ ឥណទាន​ចំពោះ​វិស័យ​ឯកជន​មាន​ការ​កើន​ឡើង​​ចំនួន​៨០%​ និង​ប្រាក់​បញ្ញើ​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ការ​កើន​ឡើង​ចំនួន​៧៥%​ នៅ​ឆ្នាំ​ ២០០៧។ ប្រការ​នេះ​បង្ហាញ​ថា​ ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​កើន​ឡើង​ហើយ​ប្រតិបត្តិការ​ធនាគារ​ក៏​កាន់​តែ​មាន​សកម្មភាព​ខ្លាំង​ឡើង​ផង​ដែរ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ អង្គារ 08 Jul 2008