ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

កម្ពុជា​ត្រៀម​ធ្វើ​ជំរឿន​ប្រជាជន​ ជា​លើក​ទី​៣​ ដើម្បី​អង្កេត​បញ្ហា​ទាំងអស់​របស់​មនុស្ស

លោក​ស ខេង​ អញ្ជើញ​កាត់​ខ្សែ​បូ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​វត្ត​ចែងរង្ស៊ី​ (រូប​ថត​ ៖​ អ.សំអាន)ខេត្ត​បាត់ដំបង​ ៖​    ប្រទេស​កម្ពុជា​យើង​ទើប​តែ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​បាន​ចំនួន​ ២​លើក​ប៉ុណ្ណោះ។​ ដែល​ក្នុង​នោះ​អំឡុង​សម័យ​សង្គម​រាស្ត្រ​និយម​ធ្វើ​បាន​ចំនួន​១​លើក​ ហើយ​ជា​លើក​ទី​២​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨​ ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើក​ទី​២​ ហើយ​សម្រាប់​ការ​ត្រៀម​រៀបចំ​ធ្វើ​ការ​ជំរឿន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣​ ដល់​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០០៨​ឆាប់ៗ​ខាងមុខ​នេះ​ គឺ​ជា​ការ​ធ្វើ​ជំរឿន​ និង​អង្កេត​ប្រជាពលរដ្ឋ​កម្ពុជា​លើក​ទី​៣​ ក្នុង​រយៈពេល​ចន្លោះ​១០​ឆ្នាំ​ កន្លង​មក​នោះ។

នេះ​ជា​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា​ វត្ត​ចែង​រង្ស៊ី​ ស្ថិត​ក្នុង​ឃុំ​អូរ​ដំបង​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​កន្លង​ទៅ​ថ្មីៗ​នេះ។

តាម​រយៈ​ប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​នូវ​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​សម្រាប់​ឆ្នាំ​២០០៨​នេះ​ថា​ ក្នុង​ឆ្នាំ​នេះ​មាន​ព្រឹត្តិការណ៍​សំខាន់​ចំនួន​២​ ដែល​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្រប់ទិសទី​ គ្រប់​ខេត្ត​ -​ ក្រុង​ត្រូវ​ចូល​រួម​ ដែល​ក្នុង​នោះ​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​ជា​សកល​អាណត្តិ​ទី​៤​នៃ​រដ្ឋ​សភា​ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ខាងមុខ។​ ព្រឹត្តិការណ៍​ទី​២​ទៀត​នោះ​ ឆ្នាំ​២០០៨​នេះ​នៅ​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០០៨​គឺ​កម្ពុជា​យើង​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ក្របខ័ណ្ឌ​ថ្នាក់​ជាតិ​នៅ​ទូទាំង​ប្រទេស​តែម្ដង។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​គូស​បញ្ជាក់​ពន្យល់​ហេតុផល​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា​ ការ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​គឺ​មានន័យ​ថា​ មិន​ត្រឹម​តែ​រាប់​ចំនួន​ប្រជាពលរដ្ឋ​នោះ​ទេ​ អត្ថន័យ​ផ្ដោត​យ៉ាង​សំខាន់​នោះ​ការ​ធ្វើ​ជំរឿន​នូវ​ប្រជាពលរដ្ឋ​បានន័យ​ថា​ រាប់​មនុស្ស​ផង​ និង​អង្កេត​លើ​បញ្ហា​ទាំងអស់​របស់​មនុស្ស​ផង។

លោក​ស ខេង​ បាន​លើក​ជា​ឧទាហរណ៍​ពន្យល់​ថា​ ឧបមា​ក្រុម​គ្រួសារ​មួយ​ហ្នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់?​ អាយុ​១៨​ឆ្នាំ​ប៉ុន្មាន​នាក់?​ អាយុ​១​ខែ​ប៉ុន្មាន​នាក់?​ កម្រិត​សិក្សា​ដល់​ថ្នាក់​ណា?​ ជីវភាព​រស់នៅ​យ៉ាង​ដូចម្ដេច?​ សុខភាព។ល។​ និង។ល។​ ទាំងអស់​នេះ​ជា​ព័ត៌មាន​អង្កេត​ហើយ​ត្រូវ​បាន​គេ​ប្រមូល​នូវ​ព័ត៌មាន​ទាំង​អស់​នេះ​ឡើង​ដើម្បី​ធ្វើការ​វិភាគ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ដើម្បី​យក​ទៅ​ពិនិត្យ​ផ្អែក​លើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ទាំង​នេះ​ ដើម្បី​ប្រើប្រាស់​នូវ​តម្រូវ​ការ​ចាំបាច់​របស់​ប្រទេស​កម្ពុជា​ ហើយ​ការ​ធ្វើ​របៀប​នេះ​ ប្រទេស​ណា​ក៏​គេ​ធ្វើ​របៀប​នេះ​ដែរ​ លើ​សកលលោក។

លោក​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ក្រើន​រំលឹក​ដាស់តឿន​ និង​ជំរុញ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ដែល​អនុវត្ត​ និង​ទទួល​ខុសត្រូវ​ផ្ទាល់​ ជាពិសេស​គឺ​ថ្នាក់​មូលដ្ឋាន​ឃុំ​តែ​ម្ដង​ ដែល​ត្រូវ​ធ្វើ​កិច្ច​ការងារ​នេះ​ជាក់ស្ដែង​នោះ។​ កិច្ចការ​នេះ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ប៉ុណ្ណោះ​ ដូចនេះ​គ្រប់​អាជ្ញាធរ​ទទួល​ខុសត្រូវ​ ត្រូវ​ចេះ​បែងចែក​កម្លាំង​ចុះ​ស្រង់​ស្ថិតិ​ព័ត៌មាន​ធ្វើ​បទសម្ភាសន៍​ឲ្យ​បាន​សមស្រប​ទាន់​ពេលវេលា​ ដោយ​ត្រូវ​ចាត់​កម្លាំង​ចុះ​តាម​ខ្នង​ផ្ទះ​នីមួយៗ​ក្នុង​មូលដ្ឋាន​ភូមិ​ -​ ឃុំ​របស់​ខ្លួន។​ ការ​ចុះ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង​ យ៉ាង​ហោច​ណាស់​ជាង​៣០០០​នាក់​ ដើម្បី​ចុះ​ស្រង់​ និង​ធ្វើ​ជំរឿន​ក្នុង​ខេត្ត។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ស ខេង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ដោយ​លើក​ឡើង​ និង​រំលឹក​ថា​ ក្នុង​ចន្លោះ​ពេល​វេលា​ដែល​ធ្វើ​ជំរឿន​នេះ​ គួរ​ប្រជាពលរដ្ឋ​ទាំងអស់​លៃលក​ពេលវេលា​ដើម្បី​មាន​វត្តមាន​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​សម្រាប់​ការ​ចុះ​ស្រង់​ព័ត៌មាន​ និង​ជំរឿន​ និង​ជួយ​សម្រួល​ដល់​ការ​ចុះ​ធ្វើ​ជំរឿន​របស់​មន្ត្រី​ជំនាញ​ទាំងនោះ។​ ជា​ការ​ល្អ​ទៀត​នោះ​ គួរ​មាន​វត្តមាន​មេ​គ្រួសារ​ប្ដី​ឬ​ប្រពន្ធ​សម្រាប់​ការ​ផ្ដល់​បទសម្ភាសន៍​ដល់​មន្ត្រី​ទាំង​នោះ​ ក្នុង​ខណៈ​ពេល​ដែល​ក្រុម​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់​លំនៅឋាន​របស់​ខ្លួន។

តាម​ការ​ប៉ាន់​ប្រមាណ​របស់​លោក​ស ខេង​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ប្រជាពលរដ្ឋ​ថ្នាក់​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ ដល់​ថ្ងៃ​នេះ​មាន​ចំនួន​ប្រជាជន​អាច​កើន​ប្រមាណ​១៥​លាន​នាក់៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ពុធ 13 Feb 2008