ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍សភា និងក្រុមប្រឹក្សាភិបាលគម្រោងនៃគម្រោងជំនួយនីតិប្បញ្ញត្តិរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃទី២០ ខែមិថុនា នេះនៅមន្ទីរពេទ្យព្រឹទ្ធសភា ដោយផ្ដោតសំខាន់ទៅលើការពិនិត្យមើលលើការអនុវត្តន៍គម្រោងជំនួយផ្នែកនីតិប្បញ្ញត្តិនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។
សម្ដេច ស៊ីសុវត្ថិ ជីរ័នមុនីរ័ក្ស អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានបន្ទូលថា នាពេលបច្ចុប្បន្ននេះ សភាកម្ពុជាយើងកំពុងអនុវត្តគម្រោងជំនួយផ្នែកនីតិប្បញ្ញត្តិដែលមានរយៈពេល៣ឆ្នាំ (២០០៨-២០១០) ដែលបានចុះហត្ថលេខាជាផ្លូវការរវាងសភាកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៧។
ព្រះអង្គបានបញ្ជាក់ថា គម្រោងជំនួយផ្នែកនីតិប្បញ្ញត្តិថ្មី របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនេះ ត្រូវបានបង្កើតឡើងសម្រាប់ជួយគាំទ្រដល់ការពង្រឹងនិងបង្កើនសមត្ថភាពគណៈកម្មការជំនាញទាំង៩ ដើម្បីអនុវត្តឲ្យបានកាន់តែប្រសើរឡើងនូវមុខងារទាំងពីររបស់ខ្លួន គឺមុខងារតំណាង មុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យ។ ជាមួយគ្នានេះគម្រោងជំនួយនេះក៏ផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពអគ្គលេខាធិការដ្ឋានសភាទាំងពីរ ដើម្បីអាចផ្ដល់នូវសេវាប្រកបដោយប្រសិទ្ធភាពជូនដល់សមាជិកសភាផងដែរ។
លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងជាអនុប្រធានលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសបានមានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌនៃគម្រោងជំនួយផ្នែកនីតិប្បញ្ញត្តិសភាទាំងពីរបានឯកភាពគ្នាបង្កើតជាលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសមួយ ដើម្បីសម្របសម្រួលការងាររវាងដៃគូអភិវឌ្ឍន៍របស់គម្រោង និងស្ថាប័ននីតិប្បញ្ញត្តិ។ លេខាធិការដ្ឋាននេះ បានចាប់ផ្ដើមដំណើរការរបស់ខ្លួនកាលពីខែមករា ឆ្នាំ២០០៨ តាមសេចក្ដីសម្រេចរួមរបស់ព្រឹទ្ធសភា-រដ្ឋសភា លេខ០១៧ ព.រ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៨ និងមានទីតាំងស្ថិតនៅក្នុងបរិវេណនៃវិមានរដ្ឋសភា។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេសក៏បានបង្ហាញជូនកិច្ចប្រជុំអំពីផែនការសកម្មភាពដែលនឹងចាប់ផ្ដើមអនុវត្តពីខែកក្កដារហូតដល់ខែធ្នូ ឆ្នាំ២០០៨។
លោក ឡេង ប៉េងឡុង ក៏បានបង្ហាញជូនកិច្ចប្រជុំពីផែនការសកម្មភាពរបស់គម្រោងជំនួយនីតិប្បញ្ញត្តិនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិសម្រាប់អនុវត្តនៅក្នុងឆមាសទី២ឆ្នាំ២០០៨នេះ ដែលក្នុងនោះលោកបានសង្កត់ធ្ងន់ទៅលើគោលដៅជាសក្ដានុពលចំនួន២នៃសកម្មភាពការងារ ដែលគ្រោងនឹងអនុវត្តរួមមាន ១- ការពង្រឹងនិងពង្រីកគណៈកម្មការជំនាញ ដើម្បីបំពេញការងារដែលប្រទាក់ប្រទងគ្នាឲ្យកាន់តែប្រសើរឡើង (ការតាក់តែងច្បាប់ ការតាមដានការអនុវត្តន៍ច្បាប់និងតួនាទីជាតំណាង)។ ២- ការពង្រឹងសមត្ថភាពដល់មន្ត្រីអគ្គលេខាធិការដ្ឋានសភា ដើម្បីផ្ដល់សេវាប្រកបដោយប្រសិទ្ធភាពជូនដល់សភា រួមទាំងការអភិវឌ្ឍន៍សមត្ថភាពដល់លេខាធិការដ្ឋានសម្របសម្រួលបច្ចេកទេស។
លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាបានអះអាងថា រដ្ឋសភាកម្ពុជាក៏បានគាំទ្រយ៉ាងពេញទំហឹងនូវក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ ហើយរដ្ឋសភាកម្ពុជាយល់ថាក្របខ័ណ្ឌជាយុទ្ធសាស្ត្រនេះតម្រូវឲ្យមានការគាំទ្រផ្នែកបច្ចេកទេសពីដៃអភិវឌ្ឍន៍ដ៏មានសក្ដានុពល សំដៅលើកកម្ពស់សមត្ថភាពតាក់តែងច្បាប់ ការត្រួតពិនិត្យការអនុវត្តន៍ច្បាប់របស់ស្ថាប័ននីតិប្រតិបត្តិនិងតួនាទីជាតំណាង ព្រមទាំងលើកកម្ពស់សមត្ថភាពមន្ត្រីនៃអគ្គលេខាធិការដ្ឋានទាំងពីរតាមរយៈការបណ្ដុះបណ្ដាល៕

