យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ឱនភាពស្ដីពីជញ្ជីងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយបណ្ដាប្រទេសអាស៊ានទាំង៩ នៅតែមានកម្រិតខ្ពស់ដដែល បើទោះបីរដ្ឋាភិបាលបានប្រកាសថា គេបានខិតខំធ្វើឲ្យមានតុល្យការនៅក្នុងបញ្ហានេះយ៉ាងណាក៏ដោយ។
តាមរយៈរបាយការណ៍ដែលទទួលបានកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០០៧ កន្លងទៅប្រទេសកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ានទាំង៩ ក្នុងទឹកប្រាក់នាំចូលប្រមាណ ១,៦ពាន់លានដុល្លារអាមេរិក ទល់នឹងការនាំចេញដែលមានបរិមាណសរុបជិត ១២០លានដុល្លារអាមេរិក។
របាយការណ៍ក៏បានឲ្យដឹងផងដែរថា ក្នុងបណ្ដាប្រទេសអាស៊ានទាំង៩នេះ មានប្រទេសអាស៊ាន៥ ដែលមានឱនភាពជញ្ជីងពាណិជ្ជកម្មខ្ពស់ជាមួយកម្ពុជា ក្នុងនោះរួមមានប្រទេសវៀតណាមមានឱនភាព ៦៧១លានដុល្លារអាមេរិកទល់នឹង ៨៣លានដុល្លារអាមេរិក ថៃ ៥៦២លានដុល្លារអាមេរិកទល់នឹង ១៦លានដុល្លារអាមេរិក សឹង្ហបូរី ២៥៤លានដុល្លារអាមេរិកទល់នឹង១២លានដុល្លារអាមេរិក ម៉ាឡេស៊ី ៩៩លានដុល្លារអាមេរិកទល់នឹង ៤លានដុល្លារអាមេរិក និងប្រទេស ឥណ្ឌូនេស៊ី ៦១លានដុល្លារអាមេរិកទល់នឹង ១លានដុល្លារអាមេរិក។ ដោយឡែកប្រទេស ៤ទៀតដែលមានឱនភាពមធ្យមដូចជាប្រទេសហ្វីលីពីនមាន ៥លានដុល្លារអាមេរិកទល់នឹង១ លានដុល្លារអាមេរិក ភូមា ៩ម៉ឺនដុល្លារអាមេរិកទល់នឹង ២០០០ដុល្លារ ប្រ៊ុយណេ ១សែនដុល្លារអាមេរិកទល់នឹង ២០០០ដុល្លារអាមេរិក និងប្រទេសឡាវ ៦សែនដុល្លារអាមេរិកទល់នឹង១ សែនដុល្លារអាមេរិក។
លោក ម៉ៅ ថូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា របាយការណ៍នេះមិនបានស្ដែងឡើងទាំងស្រុងនូវតួលេខនាំចេញរបស់ប្រទេសកម្ពុជាទេ ពីព្រោះថា គេមិនបានកត់ត្រាចូលនូវចំនួនទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មស្រូវក្រៅផ្លូវការទៅកាន់ប្រទេសវៀតណាមដែលមានតម្លៃគិតជាប្រាក់ជាង ៣០០លានដុល្លារអាមេរិកនោះឡើយ។ លោក ម៉ៅ ថូរ៉ា បានថ្លែងថា៖ "យើងទទួលស្គាល់ថា កម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ានទាំងអស់ដោយសារថា យើងមិនទាន់មានការនាំចេញទំនិញច្រើនទៅគេនៅឡើយ ប៉ុន្តែបើយើងរាប់ទាំងការនាំចេញស្រូវនោះខ្ញុំជឿថា ឱនភាពនេះនឹងមិនធំពេកទេ"។
លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍បន្ថែមថា៖ "ឥឡូវនេះយើងមិនអាចសម្រួលឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសអាស៊ានទាំងនេះបានទេ ប៉ុន្តែថា វិធានការចាំបាច់ទៅមុខយើងនឹងខំជំរុញការនាំចេញរបស់យើងដោយសិក្សាឲ្យអស់លទ្ធភាពទៅលើទីផ្សារមុខទំនិញទាំងឡាយ"។
ទោះជាយ៉ាងណាក៏ដោយ លោកអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើងនូវឱនភាពជញ្ជីងពាណិជ្ជកម្មនេះប្រហែលជាស៊ីពេលយូរទើបអាចដោះស្រាយបាន ព្រោះថា ប្រទេសនៅក្នុងអាស៊ានមិនទិញទំនិញឧស្សាហកម្មពីកម្ពុជាទេ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជានាំចេញកសិផលភាគច្រើនទៅកាន់បណ្ដាលប្រទេសអាស៊ាន ដូចជាស្រូវ កៅស៊ូ ពោត និងដំឡូងមីជាដើម ហើយនាំចូលវិញនូវផលិតផលឧស្សាហកម្មក៏ច្រើន ដែលរួមមានស៊ីម៉ងត៍ ដែក គ្រឿងឧបភោគ បរិភោគ និងគ្រឿងប្រើប្រាស់ដទៃទៀត។
លោក ច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថា វាមិនជាការអាក្រក់ទេដែលកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសអាស៊ានទាំង ៩នោះ ព្រោះថាផលិតផលសំខាន់ដែលប្រទេសនេះនាំចេញ គឺផលិតផលសំលៀកបំពាក់ ដែលក្នុងនោះលក់ភាគច្រើនទៅកាន់ទីផ្សារអាមេរិក និងសហគមន៍អឺរ៉ុប។ លោក ច័ន្ទ សុផល បានឲ្យដឹងថា៖ "ខ្ញុំយល់ថា វាមិនជារឿងចាំបាច់ដែលយើងត្រូវទាមទារឲ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្មស្មើគ្នាជាមួយអាស៊ាននោះទេ ព្រោះថា យើងអាចរកចំណូលបានច្រើនពីប្រទេសក្រៅអាស៊ាន ដែលសុទ្ធសឹងជាប្រទេសអ្នកមានហើយ"។
គួររម្លឹកថា សព្វថ្ងៃទំហំនាំចេញរបស់ប្រទេសកម្ពុជា ៨០% គឺជាផលិតផលសំលៀកបំពាក់ ហើយមានប្រមាណតែ ២០% ប៉ុណ្ណោះដែលជាកសិផលផ្ដល់មកដោយវិស័យកសិកម្ម។ កាលពីពេលថ្មីៗនេះក្រសួងពាណិជ្ជកម្មបានរាយការណ៍ថា កាលពីឆ្នាំ២០០៧ គេនាំចេញផលិតផលសំលៀកបំពាក់ទៅកាន់ទីផ្សារអាមេរិកក្នុងទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារអាមេរិកហើយ និងរាប់រយលានដុល្លារទៀតទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប៕

