ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

បដិវត្ត​បង្គន់​នឹង​​ចាប់​ផ្ដើម​ នៅ​កម្ពុជា​ឆាប់ៗ​នេះ

ប្រជាជន​១៤​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ប្រើប្រាស់​បង្គន់​

ផ្ទះ​របស់​ប្រធាន​សមាគម​បង្គន់​ពិភពលោក​មាន​រូប​ដូច​បង្គន់​ ហើយ​ល្បីល្បាញ​នៅ​ទូទាំង​ពិភពលោកភ្នំពេញ​៖ ប្រទេស​កម្ពុជា​​នឹង​ចាប់​ផ្ដើម​ចូល​រួម​​នៅ​ក្នុង​បដិវត្ត​បង្គន់​នៅ​ពេល​ឆាប់ៗ​នេះ​​ ដោយ​សហការ​ជាមួយ​សមាគម​បង្គន់​ពិភពលោក។

ចយ​ យុន​ ស៊ុង​ (CHOI Yoon-Sung) អ្នក​ពិគ្រោះ​យោបល់​នៃ​សមាគម​បង្គន់​ពិភព​លោក​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​មួយ​សម្រាប់​គម្រោង​សាកល្បង​សាងសង់​បង្គន់​សាធារណៈ​ ដែល​ផ្ដួចផ្ដើម​ដោយ​សមាគម​បង្គន់​ពិភពលោក។ ប្រទេស​​ទាំង​១០​ដែល​ត្រូវ​បាន​ជ្រើសរើស​នោះ​រួម​មាន​ ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ​ ប្រទេស​ឥណ្ឌូនេស៊ី​ ប្រទេស​ចិន​​ ប្រទេស​ម៉ុងហ្គោលី​ ហ្គាណា​ កាមេរូន​ កេនយ៉ា​ ប៉ាគីស្ថាន​ និង​​អាហ្វ្រិក​ខាង​ត្បូង។ ប្រទេស​ទាំង​១០​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ប្រទេស​ចំនួន​១៩​ ដែល​បាន​ស្នើ​សុំ​គម្រោង​នេះ។

ចយ​ យុន​ ស៊ុង​​ បាន​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ដី​ជិត​ព្រះបរមរាជវាំង​ដើម្បី​ធ្វើ​ការ​សាងសង់​បង្គន់​សាធារណៈ​នៅ​ក្នុង​គម្រោង​សាកល្បង​នេះ។ គម្រោង​ដែល​នឹង​ត្រូវ​ចំណាយ​លុយ​ពី​៣៥.០០០​ទៅ​៤៥.០០០​ដុល្លារ​អាមេរិក​ នឹង​សាងសង់​បង្គន់​ដែល​អាច​ឲ្យ​មនុស្ស​ពិការ​ក៏​មាន​លទ្ធភាព​ប្រើប្រាស់​​បង្គន់​នោះ​ផង​ដែរ។ គម្រោង​នេះ​គឺ​មាន​គោលបំណង​ដើម្បី​កែ​លំអ​បង្គន់​នៅ​កម្ពុជា​ និង​លើក​ទឹក​ចិត្ត​ប្រជាជន​​ឲ្យ​ប្រើប្រាស់​បង្គន់​ដើម្បី​រក្សា​អនាម័យ។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បដិវត្ត​បង្គន់​ ដោយ​ផ្ដោត​ទៅ​លើ​ការ​លើក​កម្ពស់​ឲ្យ​មាន​បង្គន់​សាធារណៈ​ដែល​អាច​បម្រើ​ដល់​សាធារណជន។

គម្រោង​សាកល្បង​សាងសង់​បង្គន់​សាធារណៈ​ដែល​ផ្ដួចផ្ដើម​ដោយ​សមាគម​បង្គន់​ពិភពលោក​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​រង្វង់​ខែ​កញ្ញា​ ហើយ​ត្រូវ​បញ្ចប់​ឲ្យ​បាន​មុន​ពេល​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​បង្គន់​ពិភពលោក​​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា។

សមាគម​បង្គន់​ពិភពលោក​កំពុង​​តែ​ធ្វើ​បដិវត្ត​បង្គន់​មួយ​នៅ​ទូទាំង​ពិភពលោក​ ដោយ​ក្នុង​នោះ​ក៏​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ គោល​បំណង​គឺ​ដើម្បី​បង្កើត​វប្បធម៌​នៃ​ការ​ប្រើប្រាស់​បង្គន់។

យោង​ទៅ​តាម​​ការ​អង្កេត​មួយ​កាល​ពី​ឆ្នាំ​២០០៤​បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​កម្ពុជា​ប្រមាណ​តែ​១៤​ភាគរយ​ប៉ុណ្ណោះ​ប្រើប្រាស់​បង្គន់។ រដ្ឋាភិបាល​កម្ពុជា​​មាន​គោល​បំណង​បង្កើន​ការ​ប្រើប្រាស់​បង្គន់​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ដល់​៣០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០១៥។ កង្វះ​ខាត​អនាម័យ​នេះ​បាន​រួម​ចំណែក​នាំ​ឲ្យ​មាន​ជំងឺ​រាករូស​ ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​​ប្រជាជន​កម្ពុជា​ ពិសេស​កុមារ។

ចយ​ យុន​ ស៊ុង​ បាន​និយាយ​ថា​ បង្គន់​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​​កម្ពុជា។ ប្រជាជន​ភាគ​ច្រើន​​នៅ​ជនបទ​មិន​ទាន់​មាន​ទម្លាប់​ប្រើប្រាស់​បង្គន់​នៅ​ឡើយ។ ចយ​ យុន​ ស៊ុង​ ក៏​បាន​សង្កេត​ឃើញ​ផង​ដែរ​ថា​ បង្គន់​សាធារណៈ​កម្ពុជា​​មាន​លក្ខណៈ​តូច​ចង្អៀត​ ហើយ​មិន​ទាន់​មាន​អនាម័យ​នៅ​ឡើយ។ យើង​ចង់​ឲ្យ​​​មាន​ករ​ផ្លាស់ប្ដូរ​ឥរិយាបថ​នៃ​ការ​បន្ទោ​បង់​ដោយ​មិន​ប្រើ​បង្គន់​ ហើយ​ឲ្យ​ពួក​គេ​ងាក​មក​ប្រើ​បង្គន់​វិញ។

ប្រទេស​កម្ពុជា​ក៏​មាន​គម្រោង​បង្កើត​សមាគម​បង្គន់​ថ្នាក់​ជាតិ​មួយ​ផង​ដែរ​ ដើម្បី​ដោះស្រាយ​បញ្ហា​បង្គន់​នេះ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 28 Aug 2008