ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

នៅ​កម្ពុជា​មាន​មនុស្ស​ពេញ​វ័យ​៣​-៤​នាក់​ បាន​ឆ្លង​​មេរោគ​អេដស៍​ថ្មី​ក្នុង​មួយ​ថ្ងៃ

កម្ពុជា​មាន​អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍​ចំណាស់​ថ្នាក់​ខ្ពស់​ទី​២​ក្នុង​​ចំណោម​ប្រទេស​ក្នុង​តំបន់​

ភ្នំពេញ​៖ តាម​ការ​អង្កេត​ឈាម​រក​អត្រា​ផ្ទុក​មេរោគ​អេដស៍​សម្រាប់​ឆ្នាំ​​២០០៦​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ នៅ​កម្ពុជា​​មាន​មនុស្ស​អាយុ​លើស​ពី​១៥​ឆ្នាំ​ចំនួន​៣​-៤​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០០៦​ក្នុង​មួយ​ថ្ងៃ។

លទ្ធផល​នេះ​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ​២០០៨​ នៅ​សណ្ឋាគារ​សាន់វ៉េ​ ដែល​កិច្ច​ប្រជុំ​នេះ​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​និង​កាម​រោគ​ ដោយ​មាន​ការ​ចូល​រួម​ពី​​លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។ តាម​ការ​អង្កេត​ឈាម​រក​អត្រា​ផ្ទុក​មេរោគ​អេដស៍​សម្រាប់​ឆ្នាំ​២០០៦​បាន​អនុវត្ត​លើ​ខេត្ត​-ក្រុង​ចំនួន​២២​ ក្នុង​ចំណោម​ខេត្ត​-ក្រុង​ទាំង​២៤​ (លើកលែង​ក្រុង​កែប​ និង​ខេត្ត​មណ្ឌល​គិរី)។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​​ជំងឺ​អេដស៍​ សើ​ស្បែក​ និង​កាម​រោគ​បាន​ឲ្យ​ដឹង​ថា​ ការ​សិក្សា​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០០៦​អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍​នៅ​លើ​ក្រុម​នារី​រក​ស៊ី​​ផ្លូវ​ភេទ​មាន​១៤,៧%​ និង​ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ​មាន​១,១%។

ផ្អែក​លើ​ទិន្នន័យ​ថ្មី​នេះ​យើង​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា​ អត្រា​មនុស្ស​ពេញ​វ័យ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ទូទាំង​ប្រទេស​គឺ​មាន​០,៩%​នៅ​ក្នុង​ឆ្នាំ​​២០០៦។ តួ​លេខ​នេះ​មាន​ន័យ​ថា​ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​អាយុ​១៥​-៤៩​ឆ្នាំ​ ១០០​នាក់​ មាន​មនុស្ស​ម្នាក់​មាន​ផ្ទុក​មេរោគ​អេដស៍​ហើយ​អត្រា​ប្រេវ៉ាឡង់​នេះ​បាន​ធ្លាក់​ចុះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៣​ដែល​មាន​អត្រា​ប្រមាណ​១,២%។

សម្រាប់​ក្រុម​ប្រជាជន​គោលដៅ​យើង​រក​ឃើញ​ថា​ អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃ​ពោះ​បាន​ធ្លាក់​ចុះ​ពី​១,៦%​នៅ​ឆ្នាំ​២០០៣​មក​នៅ​ត្រឹម​១,១%​ក្នុង​ឆ្នាំ​២០០៦​ ចំណែក​ឯ​ក្រុម​នារី​រកស៊ី​ផ្លូវ​ភេទ​​វិញ​បាន​ធ្លាក់​ចុះ​ពី​២៣,៤%​នៅ​ឆ្នាំ​២០០៣​មក​នៅ​ត្រឹម​១៤,៧%​ក្នុង​ឆ្នាំ​២០០៦។

ការ​សិក្សា​​នេះ​ក៏​បាន​ធ្វើ​ការ​ប៉ាន់ស្មាន​អត្រា​អាំងស៊ីដង់​(អត្រា​ករណី​ឆ្លង​ថ្មី)ផង​ដែរ​ ហើយ​អត្រា​អាំងស៊ីដង់​មេរោគ​អេដស៍​ក្នុង​ចំណោម​ក្រុម​នារី​រក​ស៊ី​ផ្លូវ​ភេទ​ និង​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​​មាន​ការ​ធ្លាក់​ចុះ​ដែរ​បើ​ប្រៀបធៀប​ជាមួយ​តួ​លេខ​ដែល​បាន​ប៉ាន់ស្មាន​នៅ​ឆ្នាំ​១៩៩៩,​២០០០​ និង​២០០៦។ ការ​សិក្សា​​បង្ហាញ​ថា​ នៅ​​ឆ្នាំ​២០០៦​ មាន​ស្ត្រី​មាន​ផ្ទៃពោះ​០,០៧%​នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​អស់​​បាន​ឆ្លង​មេរោគ​អេដស៍​ថ្មី​ដែល​តួ​លេខ​នេះ​មាន​ន័យ​ថា​ មាន​ស្ត្រី​មាន​ផ្ទៃ​ពោះ​ប្រមាណ​៧០​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ថ្មី​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​១០០.០០០​នាក់។ បន្ថែម​ពី​លើ​នេះ​ យើង​បាន​ធ្វើ​ការ​ប៉ាន់ស្មាន​ថា​ នៅ​កម្ពុជា​​មាន​មនុស្ស​អាយុ​លើស​ពី​១៥​ឆ្នាំ​ចំនួន​៣​ទៅ​៤​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ថ្មី​ នៅ​ក្នុង​​ឆ្នាំ​២០០៦​ក្នុង​មួយ​ថ្ងៃ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង​លើ​ឲ្យ​ដឹង​បន្ថែម​ថា​ ទោះ​បី​ជា​អត្រា​ប្រេវ៉ាឡង់​ និង​អាំងស៊ីដង់​​បាន​​ធ្លាក់​ចុះ​នៅ​តាម​ក្រុម​គោលដៅ​ក៏​ដោយ​ក៏​តួ​លេខ​នេះ​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​​នានា​​នៅ​ក្នុង​តំបន់។ យោង​តាម​របាយការណ៍​របស់​អង្គការ​ UNAIDS ស្ដី​ពី​ចំណាត់​ថ្នាក់​ស្ថានភាព​​មេរោគ​អេដស៍​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០០៨​ប្រទេស​កម្ពុជា​​យើង​ស្ថិត​នៅ​លំដាប់​ដែល​មាន​អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​ខ្ពស់​ទី​២​ក្នុង​ចំណោម​ប្រទេស​ទាំងអស់​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ និង​អាស៊ីអាគ្នេយ៍។

ទោះ​បី​កម្ពុជា​​បាន​ទទួល​លទ្ធផល​ល្អ​គួរ​ឲ្យ​កត់សំគាល់​នៅ​ក្នុង​ការ​កាត់​​បន្ថយ​អត្រា​ប្រេវ៉ាឡង់​និង​អាំងស៊ីដង់​របស់​មេរោគ​អេដស៍​ការ​បង្កើន​សេវា​ធ្វើ​តេស្តឈាម​​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រ​ចិត្ត​និង​សំងាត់​ និង​ការ​ផ្ដល់​ឱសថ​ប្រឆាំង​​មេរោគ​អេដស៍​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​ត្រូវ​ការ​ក៏​ដោយ​ក៏​យើង​នៅ​តែ​អាច​ជួប​នឹង​ការ​ផ្ទុះ​ឡើង​​សារ​ជា​ថ្មី​របស់​មេរោគ​អេដស៍​ដែរ​បើ​សិន​ជា​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដែល​កំពុង​​អនុវត្ត​មិន​ត្រូវ​បាន​ពង្រឹង​ និង​បាន​ធានា​​ឲ្យ​មាន​និរន្តរភាព។ ដូចនេះ​ ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរិមា​នូវ​អត្រា​ឆ្លង​របស់​មេរោគ​អេដស៍​រាជរដ្ឋាភិបាល​​កម្ពុជា​​នឹង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​និង​ការពារ​ការ​រាតត្បាត​របស់​មេរោគ​អេដស៍​ និង​ធានា​នូវ​ការ​​បង្ការ​ និង​​ការ​ថែទាំ​ព្យាបាល​សម្រាប់​អ្នក​ជំងឺ​​ដែល​ត្រូវ​ការ។ បន្ថែម​ពី​លើ​នេះ​ការ​គាំទ្រ​ពី​ដៃ​គូ​ជាតិ​ និង​​អន្តរជាតិ​​នៅ​តែ​មាន​សារៈសំខាន់​ក្នុង​ការ​​បន្ត​ និង​ជំរុញ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រាលដាល​របស់​មេរោគ​អេដស៍​ជំងឺ​អេដស៍​នៅ​ប្រទេស​កម្ពុជា។

លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​​ បាន​មាន​ប្រសាសន៍​នៅ​ការ​អង្កេត​ឈាម​រក​អត្រា​ផ្ទុក​មេរោគ​អេដស៍​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ចង្អុល​បង្ហាញ​​ទិស​ការ​រៀបចំ​ផែនការ​​សកម្មភាព​ប្រយុទ្ធ​ទប់ស្កាត់​ឲ្យ​បាន​សមស្រប​ទៅ​តាម​​ស្ថានភាព​ជាក់ស្ដែង​ និង​កម្រិត​គ្រោះថ្នាក់​នៃ​ការ​ចម្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​ក្រុម​គោលដៅ​ហើយ​ក៏​ជា​មធ្យោបាយ​​មួយ​សម្រាប់​ជួយ​​ឲ្យ​គ្រប់គ្រង​កម្មវិធី​អេដស៍​ទាំង​របស់​ស្ថាប័ន​រដ្ឋាភិបាល​ និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លៃលក​ថវិកា​ចំណាយ​ឲ្យ​ចំ​ទិសដៅ​ និង​មាន​ប្រសិទ្ធភាព។

លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ បន្ត​ថា​ ការ​អង្កេត​តាមដាន​នេះ​ត្រូវ​​បាន​ធ្វើ​ឡើង​យ៉ាង​ម៉ត់ចត់​តាម​បែប​វិទ្យាសាស្ត្រ​​ដើម្បី​កាត់​បន្ថយ​ភាព​លំអៀង​​ជា​អតិបរិមា​ដែល​​ធ្វើ​ឲ្យ​លទ្ធផល​ដែល​ចេញ​ពី​ការ​​អង្កេត​នេះ​មាន​ភាព​ត្រឹមត្រូវ​​អាច​យក​ទៅ​ប្រើប្រាស់​បាន។

លោក​វេជ្ជបណ្ឌិត​​ ម៉ម​ ប៊ុនហេង​ បាន​សំដែង​នូវ​ការ​កោត​សរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​​របស់​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​​អេដស៍​ សើ​ស្បែក​ និង​កាម​រោគ​ និង​​អង្គការ​ US-CDC, USAID, PRASIT និង​អង្គការ​សុខភាព​ពិភពលោក​ (WHO)៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ច័ន្ទ 18 Aug 2008

ឃ្លា ភាសាខ្មែរ !

       
បាន​ដាក់​ស្នើ​ដោយ Khmeritforyou នៅ ច័ន្ទ, 08/18/2008 - 22:42

"នៅ​កម្ពុជា​​មាន​មនុស្ស​អាយុ​លើស​ពី​១៥​ឆ្នាំ ​ចំនួន​៣​-៤​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ថ្មី​ នៅ​ក្នុង​ឆ្នាំ​២០០៦​ ក្នុង​មួយ​ថ្ងៃ"។

តើ មានមេរោគអេដ៍ប្រភេទថ្មី​ ឬ?    ​ឬ ... ​ចំនួន​៣​-៤​នាក់​ថ្មី បាន​ឆ្លង​មេរោគ​អេដស៍​ រៀងរាល់ថ្ងៃ ​ក្នុង​ឆ្នាំ​២០០៦?