ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

កម្ពុជា​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង​៤០០​លាន​ដុល្លារ​ នៅ​ក្នុង​ការ​ធ្វើ​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​

មន្ត្រី​រាជរដ្ឋាភិបាល​ខ្មែរ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ធនធាន​ទឹក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ កម្ពុជា​​នឹង​ចំណាយ​ប្រាក់​​ប្រមាណ​ជា​ ៤០០​លាន​ដុល្លារ​អាមេរិក​ចាប់​ពី​ចុង​ឆ្នាំ​​នេះ​ទៅ​ដើម្បី​សាងសង់​ទំនប់​ទឹក​នៅ​ក្រោម​មហិច្ឆតា​ក្នុង​ការ​ធ្វើ​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស។

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជា​មួយ​ឌឹ​ មេគង្គ​ ថែមស៍​ លោក​ លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បាន​មាន​ប្រសាសន៍​ថា​ ផ្ទៃ​ដី​ស្រែ​ប្រមាណ​ជាង​ ១​លាន​ហិកតា​នៅ​ទូទាំង​ប្រទេស​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ការ​ស្រោចស្រព​ក្រោយ​ពី​គម្រោង​នេះ​បញ្ចប់​ការងារ​របស់​ខ្លួន​ទាំង​ស្រុង​នៅ​ចុង​អាណត្តិ​រាជរដ្ឋាភិបាល​ទី​៤​ ខាង​មុខ​នេះ។

លោក​ លឹម​ គានហោ​ បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ "ឥឡូវ​នេះ​យើង​កំពុង​ស្ថិត​​នៅ​ក្នុង​ដំណើរការ​​សាងសង់​ក្នុង​​ជំហាន​​បឋម​ ហើយ​ក្រោយ​ពេល​បញ្ចប់​​យើង​សង្ឃឹម​ថា​ ការ​ស្រោចស្រព​អាច​នឹង​ឈាន​ដល់​កម្រិត​ជិត​ ៦០%​ នៃ​ផ្ទៃ​ដី​ស្រែ​ទាំង​មូល​ដែល​មាន​នា​ពេល​បច្ចុប្បន្ន"។

យោង​តាម​​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​​នៅ​ទូទាំង​ប្រទេស​​មាន​ផ្ទៃ​ដី​ស្រែ​ប្រមាណ​តែ​ ៤៤%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ស្រោចស្រព​ទឹក​ ក្រៅ​ពី​នោះ​នៅ​ពុំ​ទាន់​ទទួល​បាន​នៅ​ឡើយ​ទេ​ ដោយសារ​​មាន​បញ្ហា​កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ។

បច្ចុប្បន្ន​ក្រសួង​ធនធាន​ទឹក​មាន​គម្រោង​ធ្វើ​ទំនប់​ដ៏​ធំ​មួយ​នៅ​ក្នុង​រដូវប្រាំង​ខាង​មុខ​នេះ​ជាមួយ​ប្រទេស​កាតា​​ នៅ​ឯ​ទន្លេ​វ៉ាយកូ​ ក្នុង​ខេត្ត​ស្វាយរៀង​ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​ ២០០​លាន​ដុល្លារ​​អាមេរិក​ ហើយ​អាច​ស្រោចស្រព​ផ្ទៃដី​ស្រែ​ចំនួន​ជាង​ ៣០០​ពាន់​ហិកតា​ និង​ធ្វើ​ទំនប់​នៅ​ស្ទឹងសែន​ជា​មួយ​ប្រទេស​គុយវ៉ែត​ ដែល​មាន​តម្លៃ​សរុប​​ប្រមាណ​ជាង​ ១០០​លាន​ដុល្លារ​អាមេរិក​ ដែល​មាន​អានុភាព​ស្រោចស្រព​លើ​ផ្ទៃ​ដី​បង្កបង្កើន​ផល​ចំនួន​១០​ម៉ឺន​ហិកតា។ ដូចគ្នា​នេះ​ដែរ​ ក្រសួង​​ក៏​មាន​គម្រោង​ក្នុង​ការ​ធ្វើ​ទំនប់​​ក្រាំង​ពន្លៃ​នៅ​រដូវប្រាំង​នេះ​ ក្រោម​កម្ចី​សម្បទាន​របស់​រដ្ឋាភិបាល​​កូរ៉េ​ ដែល​មាន​ទឹក​ប្រាក់​ ៣៣​លាន​ដុល្លារ​អាមេរិក​ និង​ធ្វើ​ទំនប់​​បាសាល់​ និង​នៅ​ជីក្រែង​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ឥណ្ឌា​​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ៣០​លាន​ដុល្លារ​អាមេរិក​​ព្រម​ ទាំង​ធ្វើ​ទំនប់​គំហត​អូស​ទឹក​ពី​ស្ទឹង​សង្កែ​ដែល​មាន​តម្លៃ​ជាង​​ ៥២​លាន​ដុល្លារ​អាមេរិក។

លោក​ យ៉ង​ សាំងកុមារ​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​​ (សេដាក) បាន​ស្វាគមន៍​ភ្លាមៗ​ចំពោះ​គម្រោង​ចំណាយ​ប្រាក់​ក្នុង​ការ​ធ្វើ​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​ ដោយ​លោក​វាយ​តម្លៃ​ថា​ ផែនការ​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​​ទិន្នផល​ស្រូវ​នៅ​ក្នុង​ប្រទេស​កើន​ឡើង​យ៉ាង​តិច​ក៏​ជាង​​១​លាន​តោន​ដែរ​ក្នុង​​មួយ​ឆ្នាំៗ។ លោក​ យ៉ង​ សាំងកុមារ​ បាន​មាន​ប្រសាសន៍​​បាន​មាន​ប្រសាសន៍​ថា៖ "នេះ​ជា​គម្រោង​ល្អ​ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​តែ​​កម្រិត​ការ​ចាយ​វាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ ជា​ពិសេស​ពាក់ព័ន្ធ​ថា​ តើ​ប្រព័ន្ធ​​របៀប​ណា​ដែល​គេ​ត្រូវ​​សាងសង់​ ឬ​ស្ដារ​ដើម្បី​កុំ​ឲ្យ​មាន​ការ​បាត់បង់​ថវិកា​ជាតិ"។

លោក​ យ៉ង​ សាំងកុមារ​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ "យើង​គួរ​តែ​ផ្ដោត​ការ​​ជួយ​ផ្ដល់​ទឹក​ឲ្យ​កសិករ​ធ្វើ​ស្រូវ​រដូវវស្សា​ឲ្យ​មាន​ស្ថេរភាព​ជា​អាទិភាព​​ទី​១​ ពី​ព្រោះ​ថា​ ការ​ធ្វើ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​​ទិន្នផល​ស្រូវ​របស់​យើង​មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​ពេល​សព្វ​ថ្ងៃ"។

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​ដោយសារ​កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ការ​ស្រោចស្រព​ផលិតកម្ម​​ស្រូវ​របស់​ប្រទេស​កម្ពុជា​​ទទួល​បាន​​ទិន្នផល​ជា​មធ្យម​តែ​ ១,៦​តោន​ ទៅ​២​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា។ ទាក់ទង​នឹង​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​ លោក​ យ៉ង​ សាំងកុមារ​ បាន​ថ្លែង​ថា៖ "បើ​សិន​ជា​ផ្ទៃដី​របស់​យើង​ជាង​មួយ​លាន​ហិកតា​មាន​ការ​ស្រោចស្រព​ទឹក​គ្រប់គ្រាន់​នៅ​រដូវវស្សា​តាម​បទពិសោធន៍​របស់​​យើង​នោះ​ កសិករ​អាច​នឹង​​ទទួល​ទិន្នផល​ស្រូវ​កើន​ឡើង​យ៉ាង​តិច​ក៏​ក្នុង​ចន្លោះ​ពី​ ៣០%​ ទៅ​ ៥០%​ ដែរ​ ពោល​គឺ​ប្រមាណ​ជា​ជាង​ ១​លាន​តោន​ថែម​ទៀត"។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ដែល​មាន​ផ្ទៃ​ដី​សម្រាប់​ការ​ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ​សរុប​ប្រមាណ​ជាង​២,៥​លាន​ហិកតា​ ទទួល​បាន​បរិមាណ​ផល​ស្រូវ​ក្នុង​មួយ​ឆ្នាំៗ​ ប្រមាណ​ពី​ ៦​ទៅ​៧​លាន​តោន​ ក្នុង​នោះ​​អាច​មាន​លទ្ធភាព​​ធ្វើ​ការ​នាំ​ចេញ​ចំនួន​ប្រមាណ​ជាង​ ២​លាន​តោន។ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​សីហា​ ឆ្នាំ​២០០៨​​ថ្លែង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​នាក់​ដែល​ជួបជុំ​នៅ​ឯ​ពិធី​ស្ទូង​ស្រូវ​ជា​និមិត្ត​រូប​ក្នុង​ខេត្ត​កំពង់ស្ពឺ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ក្នុង​អាណត្តិ​បន្ទាប់​ដែល​ទើប​កើត​ចេញ​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​​២៧​ ខែ​កក្កដា​ មាន​បំណង​ធ្វើ​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​​ឲ្យ​ទៅ​ជា​ប្រទេស​អ្នក​នាំ​អង្ករ​ចេញ​មួយ​ដ៏​ធំ​ក្នុង​តំបន់។ លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា៖ "កម្ពុជា​​នឹង​មាន​លទ្ធភាព​​សល់​ស្រូវ​លក់​ទៅ​ក្រៅ​ប្រទេស​​ពី​ ៤​ ទៅ​៥​ លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​នៅ​ក្រោម​នយោបាយ​នៃ​ការ​ធ្វើ​អនុត្តរភាព​ប្រព័ន្ធ​ធារាសាស្ត្រ​ទឹក​នេះ"៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ច័ន្ទ 11 Aug 2008