ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

បញ្ហា: ​គ្លីនិក​គ្មាន​ច្បាប់​ គ្រូពេទ្យ​មិន​ចុះ​ឈ្មោះ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ​៖ មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា​ គ្លីនិក​ចំនួន​ពាក់កណ្ដាល​ក្នុង​ចំណោម​គ្លីនិក​បើក​ព្យាបាល​ជំងឺ​ នៅ​រាជធានី​ភ្នំពេញ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ឡើយ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ វេង​ ថៃ​ នាយក​មន្ទីរ​​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ នៅ​រាជធានី​ភ្នំពេញ​មាន​គ្លីនិក​ចំនួន​១០០០​កន្លែង​ ក្នុង​នោះ​មាន​​គ្លីនិក​តែ​៥០០​កន្លែង​​ប៉ុណ្ណោះ​ មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។ លោក​បន្ត​ថា​ ក្រសួង​សុខាភិបាល​កំពុង​សម្រេច​មិន​អនុញ្ញាត​ឲ្យ​គ្លីនិក​ ឬ​សេវា​ព្យាបាល​ជំងឺ​ណា​មួយ​មាន​លក់​ឱសថ​នោះ​ឡើយ។

លោក​បន្ត​ថា "ច្បាប់​ដែល​ទើប​ធ្វើ​វិសោធនកម្ម​ថ្មីៗ​​នេះ​ ទាំង​សេវា​សាធារណៈ​ និង​សេវា​ឯកជន​​ត្រូវ​តែ​មាន​ទោស​ បើ​ប្រព្រឹត្ត​ខុស​ច្បាប់"។ លោក​បន្ថែម​ថា​ "អ្នក​លក់​ឱសថ​ក្លែងក្លាយ​មុន​ធ្វើ​វិសោធនកម្ម​ច្បាប់​ពី​ការ​គ្រប់គ្រង​ឱសថ​ បាន​និយាយ​ពី​ការ​ដាក់​ពិន័យ​ ឬ​ជាប់​ពន្ធនាគារ​ ប៉ុន្តែ​ក្រោយ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ​ បាន​ធ្វើ​ការ​ដាក់ទោស​ទាំងពីរ​ ទាំង​ផាក​ពិន័យ​ និង​ជាប់​ពន្ធនាគារ"។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ វេង​ ថៃ​ បាន​មាន​ប្រសាសន៍​ថា​ ដូច្នេះ​តម្រូវ​ឲ្យ​គ្រូពេទ្យ​ដែល​បើក​គ្លីនិក​ និង​បើក​ឱសថ​ស្ថាន​លក់​ឱសថ​ត្រូវ​ចុះ​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ ដែល​មាន​ទី​តាំង​នៅ​ជាន់​ទី​៥​ នៃ​មន្ទីរពេទ្យ​មិត្ត​​ភាព​ខ្មែរ-សូវៀត។ លោក​បន្ថែម​ថា​ អ្វី​ដែល​លំបាក​នោះ​ត្រង់​​ថា​ សមាគម​គ្រូពេទ្យ​ គ្រូពេទ្យ​ទៅ​ចុះ​ឈ្មោះ​៤ឬ៥​ដង​មិន​ជួប​ ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​ទាំងឡាយ​ខ្ជិល​ក្នុង​ការ​ចូល​ជា​សមាជិក​គណៈ​គ្រូពេទ្យ។

លោក​ ហ៊ុយ​ សេដ្ឋ​ អគ្គលេខាធិការ​សមាគម​គ្រូ​ពេទ្យ​ បាន​មាន​ប្រសាសន៍​ថា​ ដោយសារ​កង្វះ​ថវិកា​ និង​មិន​មាន​ការ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​របស់​សមាជិក​គណៈ​គ្រូ​ពេទ្យ​ ទី​តាំង​​បំពេញ​ការងារ​​របស់​គណៈ​គ្រូពេទ្យ​មិន​សូវ​មាន​មនុស្ស​ជួយ​ធ្វើ​ការ។ លោក​បន្ត​ថា​​ ជាមួយ​នឹង​ការ​រវល់​ការងារ​ជា​ច្រើន​របស់​ថ្នាក់​ដឹកនាំ​សមាគម​គណៈ​គ្រូពេទ្យ​ បាន​ធ្វើ​ឲ្យ​ការងារ​នេះ​មិន​សូវ​មាន​សកម្មភាព។

លោក​បន្ត​ថា​ បញ្ហា​នេះ​ទាមទារ​​ឲ្យ​សមាជិក​​គណៈ​គ្រូពេទ្យ​ និង​គ្រូ​ពេទ្យ​ទាំងអស់​ចូល​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ និង​គ្រូ​ពេទ្យ​ទាំងអស់​ចូល​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ ហើយ​ត្រូវ​បង់​ថវិកា​ប្រចាំ​ខែ​ម្នាក់​១០០០​រៀល​ជាប់​​ជា​ប្រចាំ​នឹង​ធ្វើ​ឲ្យ​សមាគម​គណៈ​គ្រូពេទ្យ​ដំណើរ​ការងារ​របស់​ខ្លួន​បាន​ល្អ។

លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់អ៊ាង​ នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ជា​កាតព្វកិច្ច​​របស់​គ្រូពេទ្យ​ទាំងអស់​ដែល​នេះ​ជា​កិច្ចការ​មួយ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​​វិស័យ​សុខាភិបាល​កម្ពុជា។ លោក​បន្ត​ថា​ នៅ​សហរដ្ឋអាមេរិក​ គ្រូ​ពេទ្យ​ វេជ្ជបណ្ឌិត​ត្រូវ​មាន​​ទិដ្ឋាការ​ចំនួន​២​បន្ថែម​លើ​សញ្ញាប័ត្រ​ដែល​ខ្លួន​មាន​ ទើប​អាច​បំពេញ​ការងារ​បាន។

លោក​បន្ត​ថា​ ទិដ្ឋាការ​ទាំង​នោះ​មាន​ទិដ្ឋាការ​ការងារ​ និង​ទិដ្ឋាការ​កន្លែង​​ដែល​គ្រូ​ពេទ្យ​ត្រូវ​តែ​មាន​ ទើប​អាច​រក​ទទួល​ទាន​លើ​វិស័យ​វេជ្ជសាស្ត្រ​បាន​ ហើយ​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​គេ​តែងតែ​មាន​ការ​ឆែក​ពី​សមត្ថភាព​ការងារ​ និង​ចំណេះ​ដឹង​​របស់​គ្រូ​ពេទ្យ​ទាំង​នោះ​ថា​ ទទួល​បាន​នូវ​ការ​បណ្ដុះបណ្ដាល​ និង​ទទួល​បាន​​ចំណេះ​ដឹង​ថ្មីៗ​តាម​ការ​វិវឌ្ឍន៍​របស់​អ្នក​វិទ្យាសាស្ត្រ​ដែរ​ឬ​យ៉ាង​ណា​ព្រោះ​វិទ្យាសាស្ត្រ​តែងតែ​មាន​ការ​វិវឌ្ឍន៍​ជានិច្ច​លើ​ការ​ប្រើប្រាស់​ឱសថ​ ឬ​សម្ភារៈ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​ ដែល​តែងតែ​ផ្លាស់ប្ដូរ។

លោក​វេជ្ជបណ្ឌិត​ ម៉ៅ​ តាន់អ៊ាង​​ បាន​មាន​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​ថា​ នៅ​ស្រុក​ខ្មែរ​​គេ​និយាយ​ពី​ប្រព័ន្ធ​អប់រំ​យើង​គ្មាន​ស្តង់ដារ​អន្តរជាតិ​ គេ​មើល​ងាយ​ថា​ ខ្មែរ​អន់​ ដូច្នេះ​ការ​ចូល​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ជា​កាតព្វកិច្ច​ដែល​​ត្រូវ​តែ​ធ្វើ​ ដើម្បី​យើង​អាច​​ប្រមូល​ចងក្រង​គ្នា​ រួមគ្នា​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​វេជ្ជសាស្ត្រ​កម្ពុជា​ បើ​ពុំ​ដូច្នេះ​​ទេ​គេ​ថា​ យើង​អន់​មក​ពី​ខ្មែរ​អន់៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ សុក្រ 19 Sep 2008