ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិមានការធ្លាក់ថ្លៃ សេដ្ឋកិច្ចវិទូនៃប្រទេសកម្ពុជានៅតែមានការអល់អែកដោយមិនអាចស្មានដឹងថា នៅប្រទេសកម្ពុជាតម្លៃប្រេងអាចនឹងធ្លាក់ថ្លៃបាននៅពេលណានោះទេ។
លោក ច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានពន្យល់ថា៖ "ក្នុងន័យសេដ្ឋកិច្ច ជាធម្មតា នៅពេលណាប្រេងនៅលើទីផ្សារអន្តរជាតិកើនថ្លៃឡើង ប្រទេសដែលទទួលប្រេងមកលក់ក៏ត្រូវមានការបង្កើនតម្លៃដែរ។ ផ្ទុយមកវិញ បើប្រេងមានការធ្លាក់ថ្លៃនៅលើទីផ្សារអន្តរជាតិ នៅប្រទេសទាំងនោះក៏ត្រូវធ្លាក់ថ្លៃទៅតាមនោះដែរ។ ដោយឡែកនៅប្រទេសកម្ពុជា គឺវាមានការខុសប្លែកពីនេះ គឺខុសប្លែកត្រង់ថា ក្រុមហ៊ុនរកស៊ីប្រេង គេរកស៊ីសហការគ្នា គឺពុំមានការប្រកួតប្រជែងទេ។ បើថ្លៃប្រេងឡើងគឺឡើងដូចគ្នា ហើយបើចុះថ្លៃគឺចុះដូចគ្នា"។
លោក ច័ន្ទ សុផល បានបន្តថា ៖ "ដូចជាទ្រឹស្ដីក្នុងសេដ្ឋកិច្ច បើកាលណាក្រុមហ៊ុនមានការសហការគ្នាដូចនេះ គឺដូចជាក្រុមហ៊ុនតែមួយ ដូច្នេះហើយបើកាលណាគេសហការគ្នាបានល្អគឺគេអាចចំណេញបានខ្ពស់ណាស់"។ លោក ច័ន្ទ សុផល គូសបញ្ជាក់ថា ការខ្វះការប្រកួតប្រជែង គឺជាបញ្ហាដែលមិនអាចធ្វើឲ្យតម្លៃប្រេងចុះ ឬឡើងថ្លៃតាមតម្លៃទីផ្សារអន្តរជាតិបានទេ។ លោក ច័ន្ទ សុផល មានប្រសាសន៍ថា ៖ "ប្រសិនបើមានការប្រកួតប្រជែងវិញ គឺក្រុមហ៊ុនណាមួយអាចទិញប្រេងដែលកំពុងចុះនៅលើទីផ្សារអន្តរជាតិនោះមកលក់ក្នុងស្រុកក្នុងតម្លៃថោក ហើយទោះបីជាក្រុមហ៊ុនដែលមានប្រេងនៅក្នុងស្ដុកមិនទាន់អស់ក៏ដោយ ក៏ត្រូវបញ្ចុះតម្លៃតាមគ្នាដែរដើម្បីលក់ដាច់"។
ចំណែកលោក សុខ ស៊ីណា សេដ្ឋកិច្ចវិទូឯករាជ្យមួយរូបទៀត បានអធិប្បាយថា៖ "តម្លៃប្រេងនៅទីផ្សារអន្តរជាតិធ្លាក់ចុះប្រមាណជា ២សប្ដាហ៍កន្លងមកហើយ ហើយនៅប្រទេសម៉ាឡេស៊ី គេកំពុងរៀបចំឲ្យតម្លៃប្រេងចុះដែរ ប៉ុន្តែខ្ញុំពុំដឹងថា តើតម្លៃប្រេងនៅប្រទេសកម្ពុជាធ្លាក់ចុះនៅពេលណានោះទេ"។ លោក សុខ ស៊ីណា ក៏បានកត់សម្គាល់ថា ៖ "កន្លងមកប្រេងនៅលើទីផ្សារអន្តរជាតិឡើងថ្លៃក្នុងរយៈពេលប្រមាណជា២សប្ដាហ៍ ទើបនៅកម្ពុជាឡើងថ្លៃដែរ ប៉ុន្តែបើប្រេងនៅទីផ្សារអន្តរជាតិធ្លាក់ចុះវិញនៅកម្ពុជាមិនងាយចុះនោះទេ"។ លោក សុខ ស៊ីណា បញ្ជាក់ថា ជាទូទៅរដ្ឋាភិបាលអាចអន្តរាគមន៍បានគ្រប់ពេល ជាទូទៅរដ្ឋាភិបាលអាចអន្តរាគមន៍បានគ្រប់ពេល នៅពេលណាដែលរដ្ឋាភិបាលគិតថា តម្លៃប្រេងនេះធ្វើឲ្យប៉ះពាល់មុខទំនិញដទៃទៀត បើទោះបីជាសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងទីផ្សារសេរីក៏ដោយ។
លោក សុខ ស៊ីណា ពន្យល់ថា ប្រសិនបើតម្លៃប្រេងមិនចុះទេនោះ គឺរាល់មុខទំនិញគ្រប់មុខមិនចុះទេ ពីព្រោះប្រេងគឺជាប្រភពសំខាន់ក្នុងសង្វាក់ផលិតកម្ម រាប់ទាំងសម្រាប់ដឹកជញ្ជូនផង។ លោក សុខ ស៊ីណា បញ្ជាក់ថា អ្នកសេដ្ឋកិច្ចអន្តរជាតិបានព្យាករណ៍ថា តម្លៃប្រេងនៅលើទីផ្សារពិភពលោកអាចនឹងធ្លាក់ចុះត្រឹមរង្វង់ ១០០ ដុល្លារអាមេរិកក្នុងមួយប៉ារែល ពីព្រោះប្រេងស្ដុកនៅអាមេរិកច្រើនដោយសារតែការកាត់បន្ថយនូវការប្រើប្រាស់ និងប្រទេសនីហ្សេរីយា បានតភ្ជាប់ឡើងវិញបន្ទាប់ពីពួកឧទ្ទាមបានមកកាត់ផ្ដាច់បំពង់បង្ហូរប្រេងរួចមក។
ទាក់ទងនឹងការឡើងថ្លៃប្រេងនៅកម្ពុជានេះ ត្រូវបានគណបក្សសម រង្ស៊ី លើកឡើងថា ដោយសារតែមានអំពើពុករលួយតាមរយៈការគាបសង្កត់យកពន្ធប្រេង។ ជាដំណោះស្រាយគណបក្សប្រឆាំងធ្លាប់បានស្នើសុំឲ្យរដ្ឋាភិបាលធ្វើការកាត់បន្ថយពន្ធនាំចូលលើប្រេង នឹងធ្វើការកាត់បន្ថយផលចំណេញរបស់ក្រុមហ៊ុននាំប្រេងចូល។ ប៉ុន្តែរហូតមកទល់ពេលនេះពុំទាន់មានដំណោះស្រាយអ្វីនៅឡើយទេ។ មិនអាចស្វែងរកការអត្ថាធិប្បាយពីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទេចំពោះបញ្ហានេះ។ ចំណែកក្រុមហ៊ុនធំៗដែលនាំប្រេងចូលក្នុងប្រទេសកម្ពុជាក៏មិនអាចទាក់ទងបានដែរកាលពីចុងសប្ដាហ៍កន្លងទៅ។
ប៉ុន្តែបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ជាង ២០ លានដុល្លារអាមេរិកក្នុង ១ខែៗ ដើម្បីទប់ទល់តម្លៃប្រេងមិនឲ្យឡើងថ្លៃនៅកម្ពុជា។ គឺជាវិធីសាស្ត្រទប់ការឡើងថ្លៃតម្លៃប្រេងតាមរយៈការឧបត្ថម្ភធនដោយស្ងៀមស្ងាត់។
សូមបញ្ជាក់ថា ចំណុះប្រេងឆៅក្នុងមួយបារ៉ែលស្មើនឹង ១៥៨,៩៨ លីត្រ ហើយតម្លៃនៅលើទីផ្សារអន្តរជាតិក្នុងរយៈពេលចុងសប្ដាហ៍នេះមានតម្លៃ ១២៤.០៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល គឺបានថយចុះតម្លៃក្នុងរយៈពេលពីរសប្ដាហ៍នេះចំនួនជាង ២៣ដុល្លារអាមេរិកក្នុងមួយប៉ារែល ពោលគឺបានថយចុះពីតម្លៃ១៤៧,២៧ ដុល្លារអាមេរិកមកត្រឹម ១២៤,០៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ អ្នកសេដ្ឋវិទូអន្តរជាតិរំពឹងថា តទៅមុខទៀតតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិអាចនឹងធ្លាក់ចុះនៅត្រឹមក្នុងរង្វង់ ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ ប្រេងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានតម្លៃរវាងពី ៥ ៦៥០ រៀលទៅ ៥ ៨៥០ រៀលក្នុងមួយលីត្រ៕

