លោក កាំង ម៉ូនីការ អ្នកគ្រប់គ្រងផ្នែកកិច្ចការខាងក្រៅប្រទេសនៃសមាគមកាត់ដេរកម្ពុជា(GMAC) មានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា រយៈពេលតទៅមុខទៀតការនាំចេញទំនិញវាយនភ័ណ្ឌរបស់ប្រទេសកម្ពុជាទៅបរទេសអាចមិនមានការកើនឡើងទៀតទេ ដែលករណីនេះបណ្ដាលមកពីកត្តាជាច្រើន ដូចជាការបញ្ជាទិញមានការថយចុះថ្លៃដើមនៃការផលិតចេះតែឡើងថ្លៃ និងមានការប្រកួតប្រជែងខ្លាំងជាមួយទំនិញប្រទេសដទៃទៀត។
លោក កាំង ម៉ូនីការ បញ្ជាក់ថា៖"សហរដ្ឋអាមេរិកធ្លាប់បញ្ជាទិញ (ទំនិញវាយនភ័ណ្ឌរបស់កម្ពុជា)ច្រើនជាងគេរហូតដល់៧០% ប៉ុន្តែឥឡូវសេដ្ឋកិច្ចនៃប្រទេសនេះប្រែប្រួលនាំអោយការបញ្ជាទិញបានថយចុះ១,៥%"។ ចំណែកថ្លៃដើមនៃការផលិតវិញលោក កាំង ម៉ូនីការ ឲ្យដឹងថា៖ "កាលពីមុនប្រេងត្រូវចំណាយតែ៥%ប៉ុណ្ណោះក្នុងដំណើរការនៃការចំណាយសរុបលើសង្វាក់ផលិតកម្មប៉ុន្តែឥឡូវគឺត្រូវចំណាយដល់ទៅ១៥%ហើយម៉្យាងទៀតតម្លៃពលកម្មក៏ចេះតែកើនឡើងដែរ"។ក្នុងនោះដែរលោក កាំង ម៉ូនីការ មានប្រសាសន៍ថា ប្រទេសវៀតណាម ចិន ឥណ្ឌា និងបង់ក្លាដេសជាដើម គឺជាដៃគូប្រកួតប្រជែងរបស់ប្រទេសកម្ពុជាលើវិស័យវាយនភ័ណ្ឌនេះ។លោកបន្តថា៖ "បើប្រៀបធៀបពីថ្លៃពលកម្មរវាងកម្មករប្រទេសវៀតណាម និងកម្ពុជាវិញគឺប្រហាក់ប្រហែលគ្នា ប៉ុន្តែដោយផលិតភាពរបស់គេខ្ពស់ បើយើងគិតលើការចំណាយថ្លៃដើមវិញគឺទាបជាងនៅកម្ពុជា"។
ជាមួយគ្នានេះដែរមន្ត្រី GMACដដែលក៏បានលើកឡើងពីការបិទទ្វាររបស់រោងចក្រមួយចំនួនផងដែរ។លោក កាំង ម៉ូនីការ បញ្ជាក់ថា នៅឆ្នាំ២០០៨នេះ រោងចក្របានបិទទ្វារចំនួន២២ ប៉ុន្តែមានរោងចក្របានកើតឡើងវិញចំនួន៨ ហើយមូលហេតុនៃការបិទទ្វាររោងចក្រនេះ គឺដោយសារតែពុំមានការបញ្ជាទិញពីបរទេស។
ចំណែកលោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថាលោកមិនរំពឹងថា ការនាំចេញទំនិញវាយនភ័ណ្ឌនៅទ្រឹងនោះទេ គឺមានតែការធ្លាក់ចុះ។ លោកបន្តថា នៅក្នុងអំឡុងខែសីហា ឆ្នាំ២០០៨នេះ ប្រទេសចិននឹងពង្រីកការនាំចេញទំនិញរបស់ខ្លួន ដូចជាទំនិញស្បែក ឡែន នីឡុង ជាដើមទៅទីផ្សារអឺរ៉ុបបន្ថែមទៀត ដែលលក្ខណៈនេះធ្វើអោយទំនិញកម្ពុជាអាចនឹងធ្លាក់ចុះ។ លោក ជា មុនី បានលើកឡើងថា៖ "ការធ្លាក់ចុះនៃការបញ្ជាទិញមិនមែនបណ្ដាលមកពីការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិកនោះទេ ផ្ទុយទៅវិញគឺបណ្ដាលមកពីថៅកែរោងចក្រមិនគោរពច្បាប់ការងារប្រព្រឹត្តកំហុសឆ្គងលើកម្មករ ហើយដែលធ្វើឲ្យបរទេសយល់ថាទំនិញរបស់ប្រទេសកម្ពុជា គឺកើតឡើងពីការកេងប្រវ័ញ្ចកម្មករដែលលក្ខណៈនេះ ប្រទេសអ្នក បញ្ជាទិញទាំងឡាយបញ្ឈប់បញ្ជាទិញ"។ លោក ជា មុនី អធិប្បាយថា កត្តាអំពើពុករលួយ គឺជាកត្តាដែលជំរុញឲ្យមានការចំណាយលើថ្លៃដើមក្នុងការផលិតកើនឡើងខ្ពស់។ លោកបញ្ជាក់ថា៖ "មន្ត្រីរដ្ឋាភិបាលមួយចំនួនដាក់ខែតាមរោងចក្រពី៣០០ ទៅ ៤០០ដុល្លារអាមេរិកក្នុងមួយខែៗហើយដំណើរការនៃការនាំចេញមួយចំនួនក៏ត្រូវចំណាយប្រាក់ពុករលួយដែរ"។ លោក មុនី បន្ថែមទៀតថា ប្រសិនបើរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងចាត់វិធានការឲ្យបណ្ដារោងចក្រគោរពច្បាប់ការងារនោះការចំណាយថ្លៃដើមផលិតរបស់រោងចក្រក៏ទាប ហើយការបញ្ជាទិញពីបរទេសក៏កើនឡើងដែរ។
លោក ម៉ៅ ថូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ក្នុងរយៈកាលកន្លងមកនេះលោកពុំទាន់ទទួលបានរបាយការណ៍ណាមួយដែលបញ្ជាក់ថា ការនាំចេញទំនិញវាយនភ័ណ្ឌកម្ពុជាមានការធ្លាក់ចុះ ឬកើនឡើងនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា រោងចក្រស្បែកជើង នៅប្រទេសវៀតណាមកំពុងទំនាក់ទំនងរត់មកប្រទេសកម្ពុជា ដោយសារតែនៅប្រទេសវៀតណាមទំនិញស្បែកជើងនេះនាំទៅទីផ្សារអឺរ៉ុបត្រូវបង់ពន្ធ។
ប្រទេសកម្ពុជាមានកម្មកររោងចក្រកាត់ដេរប្រមាណជាង ៣៥០ ០០០ នាក់កំពុងបម្រើការនៅក្នុងរោងចក្រចំនួនជាង៣០០។ កន្លងមកគេធ្លាប់បានពិពណ៌នាថា កម្ពុជាមានចំណូលលើវិស័យវាយនភណ្ឌនេះប្រមាណជា៨០% នៃចំណូលសរុបទាំងអស់របស់កម្ពុជា៕

