ពេលវេលាសម្រាប់កម្ពុជា ក្នុងការទទួលយកផលប្រយោជន៍ពីការបូមប្រេងកាតកំពុងតែខិតជិតមកដល់ហើយ នៅពេលដែលមន្ត្រីអាជ្ញាធរប្រេងកាតជាតិបានប្រកាសពីការចាប់ផ្ដើមផលិតកម្មនៅឆ្នាំ ២០១១។
លោក ទេ ដួងតារា អគ្គនាយកអាជ្ញាធរប្រេងកាតជាតិកម្ពុជា មានប្រសាសន៍នៅក្នុងសន្និសីទស្ដីពីប្រេង និងឧស្ម័ន កាលពីខែ មីនា នេះថា "កម្ពុជានឹងចាប់ផ្ដើម ផលិតប្រេងជាលើកដំបូងនៅឆ្នាំ ២០១១ ដើម្បីកាត់បន្ថយការនាំចូលប្រេងពីបរទេស"។
នេះគឺជាដំណឹងល្អមួយសម្រាប់កម្ពុជា ដោយទទួលបាននូវចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្នុងថវិកាជាតិ ដើម្បីយកទៅវិនិយោគលើវិស័យសាធារណៈ។ រហូតមកដល់ពេលនេះ បរិមាណប្រេង និងឧស្ម័ន ដែលកម្ពុជាអាចមាន គឺស្ថិតក្នុងការប៉ាន់ស្មាននៅឡើយ។ បើយោងតាមការសិក្សារបស់អង្គការ UNDP និងសាកលវិទ្យាល័យ Harvard បានឲ្យដឹងថាកម្ពុជា អាចមានប្រេងប្រហែល ២ ០០០លានធុង និងឧស្ម័នធម្មជាតិប្រមាណ ១០ ០០០កោដិហ្វីតគីប (ប្រមាណ ២៨៣ ០០០កោដិលីត្រ)។
ជាមួយនឹងបរិមាណនេះ កម្ពុជាអាចទទួលបានចំណូលសរុប ១ ៧០០លានដុល្លារ ប្រចាំឆ្នាំ ជាមួយនឹងតម្លៃ ៦០ដុល្លារក្នុងមួយធុង។ គួរចាប់អារម្មណ៍ផងដែរថា ឥឡូវនេះប្រេងមានតម្លៃជិត ២០០ដុល្លារហើយក្នុងមួយធុង។
ជាមួយនឹងនេះដែរ គេបារម្ភថា ប្រេងអាចប្រែជាបណ្ដាសាសម្រាប់កម្ពុជា ជាជាងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ មតិសាធារណៈ អង្គការក្រៅរដ្ឋាភិបាល អ្នកសេដ្ឋកិច្ច និងអ្នកវិភាគមួយចំនួន ភ័យខ្លាចកម្ពុជាដើរតាមគន្លងប្រទេសនីហ្សេរីយ៉ា វេណេហ្សុយអេឡា និងប្រទេសកំពុងអភិវឌ្ឍដទៃទៀត ដែលគ្មានបំណងបង្វែរចំណូលពីធនធានធម្មជាតិទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះ។
ប្រទេសជាច្រើន បានជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ច ដោយសារការហូរចូលយ៉ាងសន្ធឹកសន្ធាប់នៃចំណូលប្រេងទៅក្នុងចរន្តសេដ្ឋកិច្ច បណ្ដាលឲ្យអត្រាប្ដូរប្រាក់ឡើងថ្លៃខ្លាំង ហើយវិស័យដែលជួយជំរុញកំណើនសេដ្ឋកិច្ចបាត់បង់ភាពប្រកួតប្រជែង។ ជាលទ្ធផល ធ្វើឲ្យសេដ្ឋកិច្ចទាំងមូលពឹងផ្អែកទាំងស្រុងលើប្រាក់ចំណូលពីប្រេង ដែលប្រែប្រួលទៅតាមតម្លៃប្រេង។
មូលហេតុសំខាន់ៗនោះ គឺការឡើងថ្លៃនៃរូបិយប័ណ្ណ អតិផរណា ដែលមិនអាចគ្រប់គ្រងបាន ការធ្លាក់ចុះនៃផលិតផលកសិកម្ម និងឧស្សាហកម្ម ការបាត់បង់ជំនាញរបស់ពលករ និងបាត់ឱកាសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម។ ការគ្រប់គ្រងមិនល្អរបស់រដ្ឋាភិបាល និងអំពើពុករលួយ ក៏ជាបច្ច័យអាក្រក់មួយដែលអាចនាំទៅរកវិបត្តិទាំងនេះ។
យោងតាម បទពិសោធន៍ប្រទេសផលិតប្រេងមួយចំនួន និងបញ្ហាដែលកម្ពុជាកំពុងប្រឈមមុខ ដូចជាអំពើពុករលួយ និងកង្វះខាតបទពិសោធន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេស ប្រេង និងឧស្ម័ន គេព្យាករណ៍ថា កម្ពុជានឹងគ្មានលទ្ធភាពគ្រប់គ្រងប្រាក់ចំណូលពីប្រេង និងឧស្ម័នទេ។ ការសន្និដ្ឋាននេះធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខឹងសម្បាយ៉ាងខ្លាំង។
នៅក្នុងសន្និសីទ រយៈពេល ៣ថ្ងៃ នាពេលថ្មីៗនេះ ក្ដីបារម្ភចំពោះបណ្ដាសារធនធានដែលអាចកើតមាន ត្រូវបានគ្របដណ្ដប់ដោយភាពប្រសិទ្ធពរជ័យ និងភាពជោគជ័យក្នុងការទាញប្រយោជន៍ពីប្រេងរបស់ប្រទេសន័រវ៉េ ទីម័រឡេសតេ និងឥណ្ឌូនេស៊ី។
ប្រទេសទទួលបានជោគជ័យ
លោកស្រី មឺរ៉ែត ហ្វែដ ប្រាតែសធីត ឯកអគ្គរដ្ឋទូតប្រទេសន័រវ៉េប្រចាំនៅកម្ពុជា និងជាអ្នកចូលរួមចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងប្រាក់ចំណូលពីប្រេង និងឧស្ម័ន នៅក្នុងសន្និសីទ មានប្រសាសន៍ថា "ន័រវ៉េ ជាប្រទេសក្រីក្រមួយនៅអឺរ៉ុប ក្រោយពេលសង្គ្រាមលោកលើកទី២"។ ប៉ុន្តែក្រោយពីរុករកឃើញមានប្រេង និងឧស្ម័ន នៅក្នុងដែនសមុទ្រកាលពីពាក់កណ្ដាលទសវត្សឆ្នាំទី៦០ មក លោកស្រីមានប្រសាសន៍បន្ថែមថា ន័រវ៉េ ទទួលបានប្រសិទ្ធពរជ័យពីធម្មជាតិ ហើយសេដ្ឋកិច្ចជាតិមានកំណើនយ៉ាងលឿន។
លោក ម៉ៃឃើល ហបគីន ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន MHC International Ltd របស់អង់គ្លេសមានប្រសាសន៍ថា កត្តាសំខាន់បំផុត ដើម្បីគ្រប់គ្រងប្រេង គឺត្រូវបំលែង "មាសខ្មៅឲ្យទៅជាមនុស្សមាស (Black Gold to Human Gold)"។ លោកបន្ថែមថា ការទាញយកផលពីប្រេងទៅអភិវឌ្ឍធនធានមនុស្ស នឹងជួយជំរុញវិស័យក្រៅពីប្រេងឲ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិ។
សន្និសីទនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីឧស្សាហកម្មនិស្សារណកម្ម និងការបង្កើតឲ្យមានមូលនិធិប្រេង និងឧស្ម័នសម្រាប់គ្រប់គ្រងប្រាក់ចំណូល។ លោក ម៉ាញ៉ូអែល ដឺ ឡេម៉ូស នាយក និងជារដ្ឋលេខាធិការប្រទេសទីម័រឡេសតេ សម្រាប់ធនធានធម្មជាតិ មានប្រសាសន៍ថា "ដើម្បីឲ្យមានតម្លាភាព យើងត្រូវផ្សាយជាសាធារណៈនូវអ្វី ដែលដាក់ចូលទៅក្នុងមូលនិធិ និងអ្វីដែលយកចេញមកខាងក្រៅ"។ លោកបន្ថែមទៀតថា គណនេយ្យមូលនិធិប្រេងរបស់ប្រទេសលោក គឺ ឯករាជ្យ។
រដ្ឋាភិបាលកម្ពុជា មិនទាន់ទទួលយកឧស្សាហកម្មនិស្សារណកម្មនៅឡើយទេប៉ុន្តែ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បង្ហាញថា ទស្សនវិស័យរបស់រដ្ឋាភិបាលគឺប្រយោជន៍យូរអង្វែង មិនមែនរយៈពេលខ្លីនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ដើម្បីជៀសឲ្យផុតពីបណ្ដាសារធនធានគឺត្រូវការជាចាំបាច់នូវកិច្ចសហការពហុភាគីរវាងអាជ្ញាធរប្រេងកាតជាតិកម្ពុជា និងសហគ្រាសឧស្សាហកម្មសំខាន់ៗ។ ហើយវាក៏ត្រូវការផងដែរ នូវការចូលរួមពីក្រសួង និងភ្នាក់ងាររដ្ឋាភិបាល ម្ចាស់ជំនួយ សង្គមស៊ីវិល និងសារព័ត៌មាន។
ហេតុអ្វីចាំបាច់ត្រូវការឧស្សាហកម្មនិស្សារណកម្ម?
ឧស្សាហកម្មនិស្សារណកម្ម អាចធ្វើឲ្យប្រសើរឡើងនូវបរិយាកាសនៃការវិនិយោគ និងពង្រឹងគណនេយ្យភាព និងអភិបាលកិច្ចល្អលើការទាញប្រយោជន៍ពីធនធានធម្មជាតិ។ ហើយជាកាតព្វកិច្ចប្រទេសជាសមាជិក ត្រូវបោះផ្សាយនូវរបាយការណ៍លម្អិតចំណូលដែលទទួលបានពីប្រេង និងនិស្សារណកម្មផ្សេងៗ។
របាយការណ៍របស់រដ្ឋាភិបាល អាចត្រូវគេត្រួតពិនិត្យគ្រប់ពេល ដើម្បីផ្ទៀងផ្ទាត់ជាមួយរបាយការណ៍ក្រុមហ៊ុនក្នុងបំណងលាតត្រដាងភាពខុសគ្នារវាងរបាយការណ៍ចំណាយរបស់ក្រុមហ៊ុនក្នុងបំណងលាតត្រដាងភាពខុសគ្នារវាងរបាយការណ៍ចំណាយរបស់ក្រុមហ៊ុនចំណូលរបស់រដ្ឋាភិបាល។
បច្ចុប្បន្ននេះ ឧស្សាហកម្មនិស្សារណកម្ម មានសមាជិក ២២ប្រទេសដោយរាប់ទាំងទីម័រឡេសតេ។ មកដល់ខែ កញ្ញា ឆ្នាំ ២០០៧ ប្រទេសន័រវ៉េ បានផ្ដល់នូវការគាំទ្រទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុ។ ហើយការផ្ដួចផ្ដើមបង្កើតមានការគាំទ្រពីក្រុមហ៊ុន សង្គមស៊ីវិលសមាគមឧស្សាហកម្ម ស្ថាប័នវិនិយោគអង្គការអន្តរជាតិ រដ្ឋាភិបាល និងប្រទេសឧស្សាហកម្មធំៗទាំង៨។
អ្នកវិភាគយល់ថា ការចូលរួមក្នុងឧស្សាហកម្មនិស្សារណកម្ម ជាសញ្ញាប្រសើរមួយសម្រាប់វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពីការតាំងចិត្តរបស់រដ្ឋាភិបាលដើម្បីរក្សាតម្លាភាពក្នុងវិស័យឧស្សាហកម្ម។
ឧស្សាហកម្មនិស្សារណកម្ម អាចធ្វើឲ្យរដ្ឋាភិបាលកាន់តែមានគណនេយ្យភាព តាមរយៈការបង្កើនកម្រិតព័ត៌មានទៅឲ្យសាធារណៈអំពីនិស្សារណកម្ម ដើម្បីឲ្យសង្គមស៊ីវិលឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាល៕

