លោក ថោ ខុន ចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាភ្នំពេញ៖ ក្រសួងទេសចរណ៍សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្ដពី "ការវាយតំលៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងវិស័យទេសចរណ៍នៅកម្ពុជា" នាព្រឹកថ្ងៃទី២៨ សីហា ឆ្នាំ២០០៨នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រុងភ្នំពេញក្រោមការអញ្ជើញចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រួមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួន។
លោក ថោង ខុន បានមានប្រសាសន៍ថា គោលបំណងដែលរៀបចំឲ្យមានជាសិក្ខាសាលានេះឡើងពោលគឺដើម្បីពិភាក្សា និងផ្ដល់នូវអនុសាសន៍ទៅលើរបាយការណ៍បញ្ចប់ឲ្យកាន់តែមានលក្ខណៈសុក្រឹត្យហើយយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងរួមចំណែកដល់ការកាត់បន្ថយនៃបំរែបំរួលធាតុអាកាស និងការកើនកំដៅក្នុងពិភពលោកព្រមទាំងឈានទៅសំរេចបាននូវគោលដៅអភិវឌ្ឍន៍សហវត្សរបស់អង្គការសហប្រជាជាតិ។
លោក ថោង ខុន បានមានប្រសាសន៍ឲ្យដឹងបន្តថា តាមការព្យាករណ៍រហូតដល់ចុងឆ្នាំ២០០៨នេះកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន២,៣លាននាក់នៅឆ្នាំ២០១០នឹងអាចទទួលបានភ្ញៀវទេសចរចំនួន៣,២លាននាក់នឹងនៅឆ្នាំ២០១៥យើងនឹងទទួលបាន៥លាននាក់។ ដើម្បីបំពេញតាមតម្រូវការទីផ្សារទេសចរណ៍អន្តរជាតិដែលចេះតែកើនឡើងនាពេលបច្ចុប្បន្នក៏ដូចជាទៅអនាគតក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍យ៉ាងហ្មត់ចត់ដើម្បីធានាការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តរភាពដែលក្នុងនោះអេកូទេសចរណ៍បានដើរតួនាទីជាគន្លឹះក្នុងការទាក់ទាញភ្ញៀវទេសចរការកាត់បន្ថយភាពក្រីក្រ និងការការពារបរិស្ថានផងដែរ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នវិស័យអេកូទេសចរណ៍គឺជាឧស្សាហកម្មកើតថ្មីហើយវានឹងក្លាយជាផលិតផលទេសចរណ៍ទាក់ទាញដ៏មានប្រសិទ្ធភាព និងថ្មីក្នុងតំបន់អាស៊ី។ បច្ចុប្បន្នកម្ពុជាមានឧទ្យានជាតិចំនួន៧តំបន់អភិរក្ស២៣ ទន្លេមេគង្គដ៏ល្បីល្បាញលើពិភពលោក(ដោយមានសត្វផ្សោតទឹកសាប បឹងទន្លេសាបជាបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានផ្ទៃ១,៥លានហិកតា និងបណ្ដោយ១០០គីឡូម៉ែត្រ) ព្រៃកោងកាងនៅខេត្តកោះកុង និងតំបន់ភូមិភាគឦសាន។ ដូច្នេះយើងពិតជាមានសក្ដានុពលសំបូរបែបក្នុងការអភិវឌ្ឍន៍អេកូទេសចរណ៍ហើយយើងនៅសល់តែការរៀបចំ និងការគ្រប់គ្រងតំបន់ទាំងនេះតែប៉ុណ្ណោះ។ ក្រសួងទេសចរណ៍បាននឹងកំពុងរៀបចំគោលនយោបាយស្ដីពីអេកូទេសចរណ៍សំដៅដល់ការរៀបចំនឹងគ្រប់គ្រងវិស័យនេះដោយធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍន៍អេកូទេសចរណ៍ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់៕

