ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

កម្ពុជា​មាន​ឱសថ​ចំនួន​២៦​មុខ​ មាន​គុណភាព​មិន​ត្រឹមត្រូវ

រាជធានី​ភ្នំពេញ៖​ លោក​ យឹម យ៉ាន់​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​នេះ​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​អត់​ច្បាប់​ចំនួន​ជាង​១.០០០​ផ្ទះ​ និង​ចំនួន​១៣០០​កន្លែង​ទៀត​មាន​ច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល។​ លើស​ពី​នេះ​មាន​បន្ទប់​ព្យាបាល​ចំនួន​១.៧០០​អត់​ច្បាប់​ គឺ​ស្មើ​គ្នា​ជា​មួយ​បន្ទប់​ព្យាបាល​ដែល​មាន​ច្បាប់​ត្រឹមត្រូវ។​ លោក​បញ្ជាក់​ថា​ ប៉ុន្មាន​ឆ្នាំ​មុន​ទីតាំង​លក់​ថ្នាំ​ពេទ្យ​ និង​បន្ទប់​ផ្ដល់​សេវា​ព្យាបាល​ដែល​អត់​ច្បាប់​ច្រើន​ជាង​កន្លែង​ដែល​មាន​ច្បាប់​ តែ​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​ហើយ។​ ក្នុង​អាណត្តិ​ថ្មី​នេះ​ក្រសួង​សុខាភិបាល​នឹង​ខិតខំ​លុប​បំបាត់​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​ចំពោះ​ទីតាំង​ដែល​អត់​ច្បាប់។

លោក​ យឹម យ៉ាន់​ បាន​ឲ្យ​ដឹង​បែប​នេះ​កាល​ពី​ថ្ងៃ​ទី​១៧​ វិច្ឆិកា​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ក្នុង​សន្និសីទ​កាសែត​មួយ​ដើម្បី​ឆ្លើយ​តប​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​បញ្ចប់​ប្រតិបត្តិការ​ប្រឆាំង​ផលិតផល​ឱសថ​ក្លែងក្លាយ​ និង​វគ្គ​បណ្ដុះបណ្ដាល​លើ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ក្លែង​ក្លាយ​ឱសថ​ ព្យាបាល​អន្តរជាតិ​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​លោក​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក្រោម​គំនិត​ផ្ដួចផ្ដើម​រួម​គ្នា​រវាង​អង្គការ​នគរបាល​អន្តរជាតិ​ អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​គយ។

លោក យឹម យ៉ាន់​ បន្ត​ឲ្យ​ដឹង​ថា​ ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​ឱសថ​ចំនួន​៧​កំពុង​ដំណើរ​ការ​ ដោយ​មាន​ថ្នាំ​ចំនួន​៩០០​មុខ​ត្រូវ​បាន​ចុះ​បញ្ជី​រួច​ហើយ​នៅ​ក្នុង​ក្រសួង​សុខាភិបាល​ ហើយ​មាន​ក្រុមហ៊ុន​រកស៊ី​ជួញដូរ​ថ្នាំ​ពេទ្យ​ចំនួន​១៤៨​ទៀត​ កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​បើក​សាខា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ក្រសួង​សុខាភិបាល​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ណា​នាំ​ចូល​ឱសថ​របេង​ទេ​ដើម្បី​ចៀសវាង​នូវ​ភាព​ស៊ាំ។

លោក​ ជូ យិនស៊ីម​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ឱសថ​មាន​គុណភាព​មិន​ត្រឹមត្រូវ​ចំនួន​២៦​មុខ​ ក្នុង​នោះ​មាន​បី​មុខ​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​សុខាភិបាល។​ ក្រុម​អ្នក​លួច​ផលិត​ឱសថ​ក្លែងក្លាយ​ភាគ​ច្រើន​គេ​ផលិត​ឱសថ​គ្រុនចាញ់​ របេង​ ពួក​អង់ទីប៊ីយ៉ូទិក​ និង​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ ពីព្រោះ​ពួក​ឱសថ​ទាំង​នេះ​សុទ្ធ​តែ​មាន​តំលៃ​ខ្ពស់​ ហើយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​អ្នក​ប្រើប្រាស់​ ពីព្រោះ​ថា​ ត្រូវ​ប្រើប្រាស់​ក្នុង​រយៈ​ពេល​យូរ។

លោក​បញ្ជាក់​ថា​ ក្រសួង​សុខាភិបាល​ធ្វើ​ការ​បែងចែក​ផ្ទះ​លក់​ឱសថ​អត់​ច្បាប់​ជា​បី​ប្រភេទ​ គឺ​ប្រភេទ​A ផ្ទះ​លក់​ឱសថ​ទ្រង់ទ្រាយ​ធំ​ ដែល​បច្ចុប្បន្ន​នេះ​ក្រសួង​សុខាភិបាល​បាន​លុប​បំបាត់​ចោល​អស់​ទៅ​ហើយ​មិន​មាន​ទៀត​ទេ​នៅ​ទីក្រុង​ភ្នំពេញ តែ​ខេត្ត​ខ្លះ​នៅ​តែ​មាន​នៅ​ឡើយ។​ ប្រភេទ​B​ គឺ​គ្លីនិក​មួយ​ចំនួន​មាន​លក់​ឱសថ​ដែល​ច្បាប់​មិន​ឲ្យ​មាន​លក់​នៅ​តាម​គ្លីនិក​ព្យាបាល​នោះ​ទេ។​ ប្រភេទ​C គឺ​ផ្ទះ​លក់​ឱសថ​អត់​ច្បាប់​ដែរ​ តែ​លក់​លាយ​ជាមួយ​ចាប់ហួយ។​ ចំពោះ​ថ្នាំ​ដែល​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​មាន​ជិត​៧​ពាន់​មុខ។​ តាម​ការ​អង្កេត​ទៅ​លើ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០០​មក។

ក្នុង​ឱកាស​នោះ​ លោក ស ខេង​ បាន​ថ្លែង​ថា​ តាម​ការ​ប៉ាន់​ប្រមាណ​របស់​អង្គការ​សុខភាព​ពិភពលោក​ ដែល​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០០៧​កន្លង​មក​នេះ​បាន​វាយ​តំលៃ​ថា​ មាន​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​ប្រមាណ​២​សែន​នាក់​ បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​ ជា​ពិសេស​គឺ​ឱសថ​សំរាប់​ព្យាបាល​ជំងឺ​គ្រុនចាញ់ ហើយ​បើ​សិន​ជា​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ គឺ​អាច​ជួយ​សង្គ្រោះ​មនុស្ស​បាន​១​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។​ លោក​បញ្ជាក់​ថា​ ទោះបី​ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រភព​ក្នុង​ការ​ផលិត​ឱសថ​ក្លែង​ក្លាយ​ ឬ​ចែកចាយ​ឱសថ​ប្រភេទ​នេះ​ក៏​ដោយ​ ក៏​រាជរដ្ឋាភិបាល​បាន​បង្កើត​ឡើង​នូវ​យន្តការ​ថ្នាក់​ជាតិ​ គឺ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​ និង​សេវា​សុខាភិបាល​ខុស​ច្បាប់​ដែល​មាន​សមាសភាព​ចម្រុះ​មក​ពី​ក្រសួង​សុខាភិបាល​ ក្រសួង​មហាផ្ទៃ​ ក្រសួង​ព័ត៌មាន​ ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​អប់រំ​ ក្រសួង​សេដ្ឋកិច្ច​ និង​ក្រសួង​កសិកម្ម៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ អង្គារ 18 Nov 2008