ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

មហា​សង្ក្រាន្ត

ឆ្នាំ​ជូត​ សំរឹទ្ធិស័ក

ចុល្លសករាជ​ ១៣៧០ ​-​ មហាសករាជ​ ១៩៣០
ពុទ្ធសករាជ​ ២៥៥២ ​-​ គ្រិស្តសករាជ​ ២០០៨
សុភមស្តុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា​ អតិកន្តា​កន្លង​ទៅ​ហើយ​បាន​ ២៥៥១​ ត្រឹម​ថ្ងៃ​ ១៥​ កើត​ ខែ​ពិសាខ​លុះ​ដល់​ថ្ងៃ​ ១​ រោច​ ខែ​ពិសាខ​ ឆ្នាំ​ ជូត​ សំរឹទ្ធិស័ក​ ត​ទៅ​ចូល​ពុទ្ធ​សករាជ​ ២៥៥២។

នឹង​គណនា​ឆ្នាំ​ ជូត​ ឥឡូវ​នេះ​ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​អាទិត្យ​ ៨​ កើត​ ខែ​ចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៣​ ខែ​មេសា​ គ.ស.​ ២០០៨​ វេលា​ម៉ោង​ ១៨​ និង​ ២៤​ នាទី។ ពេល​នោះ​ព្រះអាទិត្យ​ចេញ​ពី​មីនរាសី​ ទៅ​ឋិត​នៅ​ឯមេសរាស៍​ តាម​ផ្លូវ​គោ​វិថី​ គឺ​ផ្លូវ​កណ្ដាល​ ទើប​មាន​ទេពធីតា​មួយ​ព្រះអង្គ​ជា​មគ្គនាយិកា​ ព្រះនាម​ ធុង្សៈទេវី​ (១) ជា​បុត្រ​ទី​ ១​ នៃ​កបិលមហាព្រហ្ម​ គង់​នៅ​​ចាតុម្មហារាជិកា​ ទ្រង់​អម្ពរពណ៌ក្រហម​​ លម្អ​នៅ​ព្រះកាណ៌​ដោយ​ ផ្កា​ទទឹម​ អភរណៈ​ទ្រង់​ពាក់​កែវ​បទុមរាគ​ ភក្សាហារ​ ទ្រង់​សោយ​ផ្លែ​ឧទុម្ពរ​ ព្រះហស្ត​ស្ដាំ​ទ្រង់​ចក្រ​ ព្រះហស្ត​ឆ្វេង​ ទ្រង់​ស័ង្ខ​ ទ្រង់​គង់​ពាក់​ឆៀង​បើក​ព្រះ​នេត្រ​លើ​ខ្នង​សត្វ​គ្រុឌ​បក្សី​ជា​ពាហនៈ។ ទើប​នាំ​អស់​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​ កែវ​ ធម្មមាលី​ នាទី​ភ្នំ​កៃលាស​ ខេត្ត​ហិមពាន្ត​ ជា​ទី​តម្កល់​ទុក​នូវ​ព្រះ​សិរសាកបិល​មហាព្រហ្ម​ ដែល​តម្កល់​លើ​ពាន​មាស​ នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះសុមេរុរាជ​តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​ ៦០​ នាទី​ (២៤​ម៉ោង)។ ទើប​នាំ​យក​ទី​តម្កល់​ទុក​កន្លែង​ដើម​វិញ​ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ ចូល​ទៅ​ស្រង់​ទឹក​អនោតត្តមហាស្រះ​ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ​ ដែល​ជា​មាត់​គោ​ ឧសភរាជ​ ទាំង​ ៧​ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហឫទ័យ​ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សា​សីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ​ក្នុង​ភគវតី​សភាសាលា​ដែល​វិស្សកម្ម​ទេវបុត្រ​និម្មិត​ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះ​ស្រឡះ​​ហើយ​ចម្រើន​នូវ​សិរីសួស្ដី​ ជយមង្គល​ ជន្មាយុ​យឺនយូរ​ ដល់​ទេវតា​ និង​មនុស្ស​សត្វ​ទាំងឡាយ​តាំង​ពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ​បាន​ធូរ​ទូលំទូលាយ​សុខ​ក្សេមក្សាន្ត​ត​រៀង​ទៅ។​​​​​

ថ្ងៃ​អាទិត្យ​ ៨​ កើត​ ខែ​ចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៣​ ខែ​មេសា​ គ្រិស្តសករាជ​ ២០០៨​ វេលា​ម៉ោង​ ១៨​ និង​ ២៤​ នាទី​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ជូត​សំរឹទ្ធិស័ក។

ថ្ងៃ​ចន្ទ​ ៩​ កើត​ ខែ​ចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៤​​ ខែ​មេសា​ គ្រិស្តសករាជ​២០០៨​ ជា​វារៈវ័នបត។

ថ្ងៃ​អង្គារ​ ១០​ កើត​ ខែ​ចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៥​ ខែ​មេសា​ គ្រិស្តសករាជ​ ២០០៨​ នៅ​វេលា​ម៉ោង​ ២២​ និង​ ២៣​ នាទី​ ៥៤​ វិនាទី​ជា​វារៈ​ឡើង​ស័ក​ គម្រប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ​ស្រេច​បរិបូរណ៍​ ចូល​ជា​​សកល​ឆ្នាំ​ជូត​ សំរឹទ្ធិស័ក​ ចុល្លសករាជ​ ១៣៧០​ ត​ទៅ។

ក្នុង​ឱកាស​​សង្ក្រាន្ត​ទាំង​​បី​ថ្ងៃ​ សូម​អស់​ប្រជា​ពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​​ពលិការ​គ្រឿង​សក្ការ​បូជា​​ អុជ​ប្រទីបជ្វាលា​ថ្វាយ​ព្រះ​រតនត្រ័យ​ និង​ទទួល​ស្វាគមន៍​​ទេវបុត្រ​ធីតា​ឆ្នាំ​ថ្មី​ ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថិយ​ជា​ចិត្ត​អប្រិយ​ជាប់​ដោយ​គំនុំ​គុំ​កួន​ព្យាបាទ​​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ​ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកប​ដោយ​មេត្តា​ ករុណា​ មុទិតា​ ឧបេក្ខា​ និង​បញ្ញា​ ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី​ រក្សា​សីល​ប្រាំ​បាន​ជាប់​លាប់​ជានិច្ច​ នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរសព្ទសាធុការ​ លោក​អ្នក​នឹង​មាន​សិរីសួស្ដី​ សុភមង្គល​ វិបុលសុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ។


រណ្ដាប់​ទទួល​ទេវតា​

 

រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​ មាន​រាន​ទទួល​ទេវតា​មួយ​សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេៗ។ ត្រូវ​រៀប​ក្រោល​​សំពត់​ពណ៌ស​ ហើយ​រៀប​បាយសី​ ៩​ ថ្នាក់​មួយ​គូ​ បាយ​សី​ ៧​ថ្នាក់​មួយ​គូ​ បាយ​សី​ ៥ ​​ថ្នាក់​មួយ​គូ​ បាយ​សី​ ៣​ ថ្នាក់​មួយ​គូ​ ប៉ាឆាម​មួយ​គូ​ស្លា​ធម៌​មួយ​គូ​ ទឹក​អប់​មួយ​គូ​ ទៀន​ ៥​ ធូប​ ៥​ លាជ​ ៥​ផ្កា​ ដាក់​លើ​ជើង​ពាន​ ១​ គូ​ ចេកណាំវ៉ា​មួយ​គូ​ ផ្លែ​ឈើ​ ១១​ មុខ​ រៀប​ដាក់​ជើង​ពាន​ជា​គូៗ​ ដូង​ឡៅ​មួយ​គូ។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​គួរ​ដាក់​ផ្លែ​ល្វា​សម្រាប់​ទេវតា​ផង៕

(១) តាម​សៀវភៅ​មហា​ចង្ក្រាន​ខ្មែរ​ពី​អតីត​ និង​ Astronomei Cambodia តម្រា​ព្រហ្មជាតិ​ភាគ​ ១ ខ្មែរ​ (កផាន់)​ តម្រា​មហា​សង្ក្រាន្ត​របស់​ប្រទេស​ថៃឡង់ដ៍​ ប្រទេស​លាវ​ ព្រះនាម​ទេពធីតា​កបិលមហាព្រហ្ម​គឺ "ធុង្សៈទេវី" ដោយ​ឡែក​សៀវភៅ​ព្រះ​រាជ​ពិធី​ទ្វាទសមាស​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ​ ដែល​បោះពុម្ព​នៅ​ឆ្នាំ​ ១៩៦៩​ ថា​ "ទុង្សាទេវី"។

ចំពោះ​បាយ​សី​ ៩​ ថ្នាក់​ ៧​ ថ្នាក់​ សម្រាប់​នៅ​ព្រះបរមរាជវាំង​ ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​ ៥​ ថ្នាក់​ចុះ​មក​ក៏​ល្អ​ដែរ។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ​ គួរ​រៀប​ឲ្យ​បាន​ត្រឹម​ ៣​ ឬ​៥​ មុខ​ជា​ការ​ប្រសើរ​ តែ​បើ​សម្បូរ​បាន​ដល់​ ១១​ មុខ​ កម្រិត​តែ​ប្រសើរ។

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 10 Apr 2008