ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

កែប​ ជុតិមា​ រដ្ឋាភិបាល​នឹង​ជួយ​ទប់ទល់​បង់​ខាត​ការ​ឧបត្ថម្ភ​ធន​ លើ​គម្រោង​ដឹកជញ្ជូន​រួម​មន្ត្រី​រាជការ​ និង​ពលរដ្ឋ​

មក​ដល់​ពេល​នេះ​ គម្រោង​ដែល​ចង់​បង្កើត​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​មន្ត្រី​រាជការ​ និង​ប្រជាពលរដ្ឋ​រួម​គ្នា​ ដែល​ស្រប​តាម​ការ​រៀបចំ​របស់​សាលាក្រុង​ភ្នំពេញ​​តាំង​​ពី​យូរ​មក​ហើយ​ក្នុង​ការ​​សន្សំ​សំចៃ​ប្រេង​សាំង​​ដែល​ចេះ​​តែ​កើន​ឡើង​​​ថ្លៃ​កំពុង​​តែ​ដំណើរការ​សិក្សា។ សាលាក្រុង​ភ្នំពេញ​កំពុង​ទទួល​ស្គាល់​ថា​ គម្រោង​នេះ​ គឺ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​មាន​ផែនការ​​រៀបចំ​ឲ្យ​បាន​ម៉ត់ចត់​បន្ថែម​ទៀត​ដើម្បី​ស្វែងរក​ថវិកា​បម្រុង​សម្រាប់​ទប់ទល់​​នឹង​ការ​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន​មន្ត្រី​រាជការ​ និង​ប្រជាពលរដ្ឋ​រួម​គ្នា​ជា​ដើម។

លោក​ កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៤​ កក្កដា​ ឲ្យ​ដឹង​ថា៖​ "គម្រោង​ដឹក​ជញ្ជូន​មន្ត្រី​រាជការ​​រួម​នេះ​ សាលាក្រុង​កំពុង​រង់ចាំ​បន្ទាប់​​ពី​ថ្ងៃ​បោះឆ្នោត​ហើយ។ ក្នុង​រយៈពេល​២​-៣ ថ្ងៃ​មុន​យើង​បាន​ធ្វើការ​ស្នើ​សុំ​មិន​ឲ្យ​មាន​ការ​ដំឡើង​​ថ្លៃ​ធ្វើ​ដំណើរ​ទេ"។ លោក​បាន​បន្ត​ថា៖ "ការ​រៀបចំ​ឲ្យ​មាន​គម្រោង​នេះ​ វា​គឺ​ជា​បញ្ហា​​មួយ​​ដែល​យើង​​ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បាន​ម៉ត់ចត់​ណាស់​សម្រាប់​​ការ​ដឹកជញ្ជូន​រួម​ ព្រោះ​ថា​ កាល​ពី​រយៈពេល​ ៥​ឆ្នាំ​មុន​នោះ​ គម្រោង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​តាម​ឡាន​បឺស​ ត្រូវ​បាន​​ទទួល​ការ​បរាជ័យ​ម្ដង​រួច​ហើយ​ ដូច្នេះ​យើង​ត្រូវ​តែ​​មាន​ថវិកា​បម្រុង​ទុក​មុន​មាន​ន័យ​ថា​ នេះ​គឺ​ត្រូវ​តែ​មាន​ការ​ឧបត្ថម្ភ​ធន"។ លោក​ កែប​ ជុតិមា​ ​បាន​ធ្វើ​ការ​គូស​បញ្ជាក់​ថា​ ចំពោះ​​គម្រោង​​ដឹក​ជញ្ជូន​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​តែ​កើត​មាន​សម្រាប់​ពេល​អនាគត​ ដូច្នេះ​នៅ​ក្នុង​គម្រោង​​នេះ​ យើង​ត្រូវ​រៀបចំ​ដំណើរការ​ឲ្យ​បាន​ត្រឹមត្រូវ​​ និង​ល្អិតល្អន់​ ដោយ​ក្នុង​នោះ​ ១០០%​រដ្ឋាភិបាល​ត្រូវ​​តែ​ជួយ​ទប់ទល់​​នឹង​ការ​បង់ខាត​ចំពោះ​ការ​ឧបត្ថម្ភ​ធន​នៅ​ពេល​​ដែល​ចាប់​ផ្ដើម​ដំណើរការ​គម្រោង​នេះ​នា​ពេល​អនាគត។

លោក​ នី​ ចរិយា​ ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក​ការពារ​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ឲ្យ​​ដឹក​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ "ទាក់ទង​នឹង​ការ​បង្កើត​ឡាន​ក្រុង​សាធារណៈ​នេះ​ ប្រទេស​​ណា​ក៏​គេ​បាន​រៀបចំ​ឲ្យ​មាន​ដែរ​ ហើយ​វា​ក៏​ជា​មធ្យោបាយ​ល្អ​សម្រាប់​​ការ​ធ្វើ​​ដំណើរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​បាន​​ដោយ​ងាយ​ ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​​មធ្យោបាយ​ផ្ទាល់​ខ្លួន​ ព្រោះ​ថា​ប្រជាពលរដ្ឋ​ខ្លះ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់​ខ្លួន​ ដូច្នេះ​នេះ​ក៏​ជា​​ការ​សម្រួល​មួយ​ដល់​ចរាចរណ៍​ក្នុង​ការ​ធ្វើ​​ដំណើរ​​ដែរ"។ លោក​បាន​គូស​បញ្ជាក់​ថា៖ "ប៉ុន្តែ​​កន្លង​មក​ខ្ញុំ​​បាន​ឮ​ថា​ សាលាក្រុង​មាន​​គម្រោង​ធ្វើ​ជា​​រថយន្ត​សម្រាប់​ដឹក​មន្ត្រី​រាជការ​​នៅ​តាម​ស្ថាប័ន​នីមួយៗ​ ប្រសិន​បើ​សាលាក្រុង​មាន​គម្រោង​​សម្រាប់​ដឹក​មន្ត្រី​រាជការ​ដាច់​មុខ​នៅ​តាម​ស្ថាប័ន​ ក្រសួង​នីមួយៗ​មែន​គឺ​ខ្ញុំ​យល់​ថា​ ការ​ធ្វើ​បែប​នេះ​ គឺ​វា​ប្រាកដ​ជា​ខុស​តែ​ម្ដង។ ព្រោះ​ថា​ សម្រាប់​​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​នីមួយៗ​​គាត់​​មិន​ដែល​នៅ​ផ្ដុំ​គ្នា​មួយ​កន្លែង​នោះ​ទេ​ ដូច្នេះ​យើង​គិត​​ថា​ ទម្រាំ​តែ​បាន​ដឹកជញ្ជូន​​ដល់​ស្ថាប័ន​ក្រសួង​នីមួយៗ​នោះ​ គឺ​ដល់​ពេល​ចេញ​ទៅ​ផ្ទះ​វិញ​តែ​ម្ដង។ ទាំងនេះ​មាន​ន័យ​ថា​ បុគ្គលិក​​មន្ត្រី​រាជការ​​នៅ​តាម​ស្ថាប័ន​ក្រសួង​ផ្សេងៗ​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ការ​នោះ​ទេ"។

លោក​ ស្រីទឹម​ ដាឡាត់​ មន្ត្រី​​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ វា​ជា​ការ​ប្រសើរ​ណាស់​​ដែល​សាលាក្រុង​មាន​គម្រោង​​ចង់​បង្កើត​ឲ្យ​មាន​ការ​ដឹកជញ្ជូន​រួម​ទាំង​មន្ត្រី​រាជការ​ និង​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​កាត់​បន្ថយ​តម្លៃ​​ប្រេង​សាំង​​នៅ​ប្រទេស​កម្ពុជា​​យើង។ ប៉ុន្តែ​​បញ្ហា​​ដែល​ត្រូវ​ចោទ​ឡើង​នោះ​ ថា​តើ​តម្លៃ​​នៃ​ការ​ដឹកជញ្ជូន​នោះ​ បាន​ធ្វើ​​ឡើង​ក្នុង​កម្រិត​ប៉ុណ្ណា​ដែរ?​ ព្រោះ​រដ្ឋាភិបាល​​យើង​គួរ​​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​រាជការ​​ពុំ​សូវ​មាន​លក្ខណៈ​គ្រប់គ្រាន់​ប៉ុន្មាន​នោះ​ទេ ​ដូច្នេះ​ខ្ញុំ​​មាន​ការ​រីករាយ​កាល​ដែល​សាលាក្រុង​​បាន​រៀបចំ​​ឲ្យ​​មាន​សណ្ដាប់ធ្នាប់​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​ដូច​ដែល​បាន​បញ្ជាក់​ពី​ខាង​លើ​រួច​មក​ហើយ​ដែរ​ ថា​តើ​មន្ត្រី​រាជការ​ និង​រដ្ឋាភិបាល​​គួរ​តែ​​ត្រូវ​​ចំណាយ​បដិភាគ​ប៉ុន្មាន​សម្រាប់​ការ​ដឹក​ជញ្ជូន​នេះ។

លោកស្រី​ ពុង​ ឈីវកេក​ នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​គម្រោង​​របស់​សាលាក្រុង​ដែល​មាន​បំណង​ចង់​បង្កើត​ឲ្យ​មាន​ជា​ការ​ដឹកជញ្ជូន​រួម​គ្នា​​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​រាជការ"។ លោកស្រី​បាន​បន្ត​ថា៖ "ប្រសិន​​បើ​ប្រជាពលរដ្ឋ​ និង​មន្ត្រី​រាជការ​នាំ​គ្នា​ជិះ​ឡាន​បឺស​ដែល​មាន​​ចំនួន​ប្រមាណ​​ ២០-៣០​នាក់​ ឡាន​តែ​មួយ​គឺ​វា​មិន​អាច​ធ្វើ​ឲ្យ​មាន​ការ​រក​ស្ទះ​ដល់​ការ​ធ្វើ​ចរាចរណ៍​នោះ​ទេ"។ លោក​ស្រី​បាន​គូស​​បញ្ជាក់​ថា​ ការ​បង្កើត​​ឲ្យ​មាន​ការ​ដឹកជញ្ជូន​រួម​នេះ​ វា​ក៏​អាច​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​សាំង​ធ្វើ​ដំណើរ​​របស់​មន្ត្រី​រាជការ​ និង​ប្រជាពលរដ្ឋ​ដែរ​ ប៉ុន្តែ​​ប្រសិន​​បើ​បង្កើត​​ឡាន​បឺស​នេះ​មែន​ហើយ​អ្នក​ធ្វើ​ដំណើរ​​ត្រូវ​បង់​ថ្លៃ​​តែ​តម្លៃ​​​ ១០០​-២០០​រៀល​នោះ​ វា​គឺ​​ជា​​ការ​ប្រសើរ​ណាស់៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 17 Jul 2008