ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ឈ្មោះ​លោក​ជំទាវ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ នឹង​បញ្ចូល​ទៅ​ក្នុង​សៀវភៅ​ Encyclopedia​ ស្ដីពី​ជន​ឆ្នើម

ភ្នំពេញ​ ៖​ ដោយសារ​តែ​ការ​រួមចំណែក​ដ៏​ធំធេង​របស់​លោក​ជំទាវ ​នៅ​កិច្ចការ​សង្គម​ និង​មនុស្ស​ធម៌​នោះ​លោក​ជំទាវ​ ប៊ុន​ រ៉ានី​ ប្រធាន​អង្គការ​កាកបាទ​ក្រហម​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ឥស្សរជន​ឆ្នើម​មួយ​រូប​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​សៀវភៅ​អេនស៊ីក្លូប៉េឌៀ​ (Encyclopedia)។

លោក​ជំទាវ​បាន​អនុញ្ញាត​ឲ្យ​លោក​ ប៊ួន​ ហុកលីម​ អ្នក​កម្រង​ប្រវត្តិ​ឥស្សរជន​ឆ្នើម​ៗ​ចូលរួម​ និង​សម្ភាសន៍​កាល​ពី​ចុង​ខែ​ ឧសភា​ ដើម្បី​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​ឆាក​ជីវិត​ពោរពេញ​ទៅ​ដោយ​ការ​តស៊ូ​ ព្រម​ទាំង​ការ​ប្ដេជ្ញា​នៅ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​នៅ​ប្រទេស​កម្ពុជា។

សៀវភៅ​ Encyclopedia​ នេះ​ គឺ​ជា​វចនា​ក្រម​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក។​ ដូច្នេះ​លោក​ជំទាវ​ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ នឹង​ត្រូវ​បាន​ស្គាល់​ និង​ដឹង​អំពី​ស្នាដៃ​ទាំងឡាយ​ដែល​លោក​ជំទាវ​បាន​រួម​ចំណែក​សម្រាប់​សង្គម​ជាតិ​កម្ពុជា​ទាំង​មូល។

លោក​ជំទាវ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​បាន​ប្រាប់​ទៅ​លោក​ ប៊ួន​ ហុកលីម​ នៅ​ក្នុង​បទសម្ភាសន៍​នោះ​ថា​ លោក​ជំទាវ​កើត​នៅ​ភូមិ​ទី​២​ ឃុំ​រការ​ខ្នុរ​ ស្រុក​ក្រូច​ឆ្នារ​ ខេត្ត​កំពង់ចាម​ ក្នុង​គ្រួសារ​អ្នក​មាន​ជីវភាព​ធូរធារ​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់​ ដែល​មាន​លោក​ឪពុក​ឈ្មោះ​ លិន​ គ្រី​ និង​អ្នក​ម្ដាយ​ឈ្មោះ​ ប៊ុត​ ស៊ាងលី។​ ឆ្លង​កាត់​ជីវិត​កុមារភាព​ក្នុង​ពេល​ប្រទេស​កើត​សង្គ្រាម​ធ្វើ​ឲ្យ​ជីវិត​លោក​ជំទាវ​ត្រូវ​ពុះពារ​រៀន​សូត្រ​ដោយសារ​នៅ​ឆ្ងាយ​ពី​ភូមិ​ និង​ត្រូវ​ឆ្លង​ទឹក​ផង​ដើម្បី​បាន​ទៅ​ដល់​សាលារៀន។

ទោះ​ជា​ឧបសគ្គ​បាន​មក​ញាំញី​ក្នុង​ឆាក​ជីវិត​ក្ដី​ ប៉ុន្តែ​លោក​ជំទាវ​បាន​និយាយ​ថា​ មិន​ដែល​អស់​សង្ឃឹម​ក្នុង​ឆាក​ជីវិត​ឡើយ​ ហើយ​ក៏​មិន​ដែល​លះបង់​នូវ​អ្វី​ដែល​ជា​ការ​តស៊ូ​ក្នុង​ជីវិត​ និង​ការ​សិក្សា​រៀន​សូត្រ​ម្ដង​ណា​ទេ​ ដោយ​លោក​ជំទាវ​បាន​ព្យាយាម​សិក្សា​រហូត​ដល់​ចប់​កម្រិត​២។

នៅ​ពេល​លើក​ឡើង​ពី​ជីវិត​ក្នុង​របប​ខ្មែរក្រហម​ លោក​ជំទាវ​បាន​បន្ត​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​១៩៧០​ ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​សម្ដេច​ព្រះនរោត្ដម​សីហនុ​ លោក​ជំទាវ​បាន​ចូលរួម​ក្នុង​ចលនា​រំដោះ​ជាតិ​ បំពេញ​ភារកិច្ច​ជា​គិលានុបដ្ឋាយិកា​ និង​ឆ្មប​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ចុង​ជាច​ ស្រុក​តំបែរ​ ខេត្ត​កំពង់ចាម។

លោក​ជំទាវ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ក្នុង​ការងារ​មនុស្ស​ធម៌​នោះ​ហើយ​ ទើប​លោក​ជំទាវ​បាន​ជួប​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ ដែល​ជា​ស្វាមី​ឧត្ដុង្គឧត្ដម​របស់​លោក​ជំទាវ​នៅ​មន្ទីរ​ពេទ្យ​ចុង​ជាច​ នៅ​ពេល​ដែល​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​របួស​ភ្នែក។​ ការ​ជួប​គ្នា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​គូ​ស្វាមី​ភរិយា​នេះ។

លោក​ជំទាវ​បាន​លើក​ពី​ប្រវត្តិ​អាវ​ខ្មៅ​ដ៏​កម្សត់​នោះ​ថា​ បន្ទាប់​ពី​បាន​រៀបការ​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ លោក​ជំទាវ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ស្វាមី​ជា​ទី​ស្រឡាញ់​មួយ​រយៈ​ទៀត​ ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប៉ុល​ ពត​ ធ្វើ​ឲ្យ​លោក​ជំទាវ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាត់បង់​កូន​ប្រុស​ដំបូង​ជាទី​ស្រឡាញ់​ឈ្មោះ​ ហ៊ុន​ កំសត់​ ក្នុង​ស្រុក​មេមត់​ ខេត្ត​កំពង់ចាម។

ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ ១៩៧៩​ លោក​ជំទាវ​បាន​ជួបជុំ​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ឡើង​វិញ។​ ក្រោយ​ប្រទេស​បាន​សុខ​សន្តិភាព​ ប្រជាជន​ត្រូវ​បាន​រំដោះ​ បញ្ហា​សង្គម​បាន​លេច​ឡើង​យ៉ាង​ច្រើន​ ពិសេស​បន្សល់​ទុក​នូវ​ក្មេង​កំព្រា​ឥត​ទីពឹង​ មើល​ឃើញ​សភាព​បែប​នេះ​ លោក​ជំទាវ​បាន​ប្រមែប្រមូល​កុមារ​កំព្រា​ដោយសារ​ ប៉ុល​ ពត​ និង​ពី​មូលហេតុ​ផ្សេងៗ​ឲ្យ​ទៅ​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ ដើម្បី​ទទួល​បាន​នូវ​ការ​ថែទាំ​ និង​រៀន​សូត្រ​ បង្កើត​មុខរបរ​ និង​អាជីព​អាច​ចិញ្ចឹម​ខ្លួន​ឯង​បាន។

ចាប់​តាំង​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ១៩៩៨​ មហាសន្និបាត​លើក​ទី​២​នៃ​កាកបាទក្រហម​កម្ពុជា​នា​ថ្ងៃ​ទី​ ៥​ ខែ​ សីហា​ ឆ្នាំ​ ២០០២​ លោក​ជំទាវ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​រហូត​មក។

ក្នុង​រយៈ​ពេល​បំពេញ​ការងារ​ជា​ប្រធាន​អង្គការ​មនុស្ស​ធម៌​នេះ​ លោក​ជំទាវ​បាន​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​៨​ឆ្នាំ​ (២០០៣​ -​ ២០១០)​ ដោយ​រួម​ចំណែក​សម្រេច​បាន​នូវ​គោលដៅ​សហស្ស​វត្សរ៍​ ដែល​ក្នុង​នោះ​មាន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើក​កម្ពស់​តម្លៃ​មនុស្ស​ធម៌​របស់​អ្នក​ងាយ​រងគ្រោះ។

លោក​ជំទាវ​បាន​បន្ត​ឲ្យ​ដឹង​ថា​ក្នុង​ការ​បំពេញ​ការងារ​ជា​ប្រធាន​អង្គការ​មនុស្ស​ធម៌​ លោក​ជំទាវ​បាន​ផ្ដោត​លើ​សកម្មភាព​ការងារ​ចម្បង​ៗ​ចំនួន​៤​ រួម​មាន​ទី​១-​ លើក​កម្ពស់​គោលការណ៍​គ្រឹះ​ឧត្ដម​គតិ​មនុស្ស​ធម៌​ និង​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ ទី​២-​ ការ​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​ ទី​៣-​ ការ​ថែ​ទាំ​សុខភាព​តាម​សហគមន៍​ និង​ទី​៤-​ ការ​អភិវឌ្ឍន៍​ស្ថាប័ន​ និង​អភិវឌ្ឍន៍​ធនធាន។

ក្នុង​ចក្ខុវិស័យ​ និង​ទស្សន​ទាន​ច្បាស់លាស់​ក្នុង​ការ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នេះ​ លោក​ជំទាវ​ប៊ុន​ រ៉ានី​ បាន​ធ្វើ​ការ​លើក​កម្ពស់​សមត្ថភាព​ថ្នាក់​ដឹកនាំ​គ្រប់គ្រង​ ទាំង​ថ្នាក់​កណ្ដាល​ និង​សាខា​បន្ត​លើក​កម្ពស់​កិត្តិនាម​ល្អ​របស់​កាកបាទ​ក្រហម​កម្ពុជា​ បន្ត​ឲ្យ​មាន​ផែនការ​រយៈ​ពេល​វែង​ និង​ផែន​ការ​យុទ្ធសាស្ត្រ​ជាក់លាក់​តាម​ជំនាញ​ ដើម្បី​ងាយស្រួល​ស្វែង​រក​ដៃគូ​ក្នុង​ការ​វាស់វែង​លទ្ធផល​សម្រេច​បាន​ និង​ធានា​បាន​នូវ​ការ​ជឿជាក់​ទៅ​វិញ​ទៅ​មក។​ ពង្រឹង​ការ​ផ្ដល់​សេវាកម្ម​ដែល​មាន​គុណភាព​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​ដៃគូ​សហប្រតិបត្តិការ​ជាតិ​ និង​អន្តរជាតិ។

ជាមួយ​ផ្លែផ្កា​ និង​ស្នាដៃ​កើត​ចេញ​ពី​សន្ដាន​ចិត្ត​ ពី​ដួងចិត្ត​មិន​ចេះ​នឿយ​ហត់​នេះ​ លោក​ជំទាវ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ រួម​មាន​ឆ្នាំ​២០០១​ ទទួល​បាន​មេដាយ​ព្រះ​មហាក្សត្រិយានី​ ព្រះស៊ីសុវត្ថិ​ មុនីវង្សកុសុមនារីរតន៍សេរីវឌ្ឍនា​ ថ្នាក់​មហា​សេរីវឌ្ឍន៍។​ ឆ្នាំ​ ២០០៥​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​មុនីសារភណ្ឌ​ ថ្នាក់​មហាសេរីវឌ្ឍន៍​ ជា​ការ​ទទួល​ស្គាល់​ពី​ភាព​ជា​អ្នក​ដឹកនាំ​កាកបាទក្រហម​កម្ពុជា​ ក្នុង​ការ​ស្ដារ​កសាង​ឡើង​វិញ​ និង​អភិវឌ្ឍន៍​ក្នុង​ប្រវត្តិ​៥០​ឆ្នាំ​របស់​កាកបាទក្រហម​កម្ពុជា។

ឆ្នាំ​២០០៦​ ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​មុនីសារភណ្ឌ​ថ្នាក់​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​ស្គាល់​សកម្មភាព​ការងារ​ក្នុង​ការ​ឆ្លើយ​តប​មេរោគ​អេដស៍​ ជំងឺ​អេដស៍​នៅ​កម្ពុជា​ ពី​ព្រះករុណា​ ព្រះបាទ​សម្ដេច​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ឆ្នាំ​២០០៧​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​បំផុត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ «ជាតូបការ»​ ទទួល​ស្គាល់​គុណបំណាច់​ដែល​បាន​ធ្វើ​ជា​ច្រើន​ក្នុង​ការ​ស្ថាបនា​ជាតិ​មាតុភូមិ​ និង​កិច្ចការ​មនុស្ស​ធម៌​ សង្គម​ជាច្រើន​ ក្នុង​នោះ​មាន​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​របស់​កាកបាទក្រហម​កម្ពុជា​ គឺ​ទីស្នាក់ការ​កណ្ដាល​ថ្មី​មួយ​ពី​ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយ​គ្នា​នោះ​ ក៏​ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស​អន្តរជាតិ​ មេដាយ​កាកបាទក្រហម​ថេគើក​ Taegeug​ ជា​ការ​ទទួល​ស្គាល់​នូវ​សេវាកម្ម​មនុស្ស​ធម៌​ដ៏​ឆ្នើម​ក្នុង​បុព្វហេតុ​មនុស្ស​ជាតិ​សមាគម​ជាតិ​កាកបាទក្រហម​នៃ​សាធារណរដ្ឋ​កូរ៉េ​ និង​គ្រឿង​ឥស្សរិយយស​លើក​កម្ពស់​ពិភពលោក​ដោយ​ភាព​តែ​មួយ​ពី​មជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ​ស្រ៊ីជិនម៉យ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោក​ជំទាវ​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ក៏​ទទួល​បាន​នូវ​គោរម្យងារ​មួយ​ចំនួន​ដូចជា​ ថ្ងៃ​ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០០៧​ ត្រូវ​បាន​អង្គការ​យូអិនអេដស៍​ យូអិនឌីភី​ និង​វេទិកា​នៃ​ភាព​ជា​អ្នក​ដឹកនាំ​តំបន់​អាស៊ី​ -​ ប៉ាស៊ីហ្វិក​ ឆ្លើយ​តប​មេរោគ​អេដស៍​ ជំងឺ​អេដស៍​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ នៃ​ភាព​ជា​អ្នក​ដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ឆ្លើយ​តប​មេរោគ​អេដស៍​ ជំងឺ​អេដស៍​នៅ​កម្ពុជា៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 05 Jun 2008