Software វចនានុក្រមខ្មែរដែលត្រូវរៀបចំរួចភ្នំពេញ៖ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលមានទីតាំងនៅជាប់សួនឧទ្យានសម្ដេច ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៨ បានធ្វើការផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបយ៉ាងទូលំទូលាយទៅដល់សាធារណជនអំពីការចេញផ្សាយវចនានុក្រមខ្មែរប្រភេទអេឡិចត្រូនិកតាមរយៈ Software ដោយបានពន្យល់ថា នេះជាការរួមចំណែកសម្រួលដល់ប្រជាជននៅក្នុងការប្រើប្រាស់ភាសាខ្មែរឲ្យបានត្រឹមត្រូវកាត់បន្ថយបាននូវកំហុសផ្នែកអក្ខរាវិរុទ្ធជាពិសេស គឺស្ថិតក្នុងន័យរៀបចំធ្វើយ៉ាងណាឲ្យការប្រើប្រាស់អក្ខរាវិរុទ្ធមានលំនាំឯកភាពគ្នាតែមួយ។
លោក ងួន វ៉ាន់ចន្ធី នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានបញ្ជាក់ឲ្យដឹងថា រយៈកាលកន្លងមកគ្រប់មជ្ឈដ្ឋានទាំងអស់សង្កេតឃើញមានការប្រើប្រាស់អក្សរខ្មែរនៅលើទំព័រសារព័ត៌មាននៅលើប៉ាយយីហោតាមទីសាធារណៈក៏ដូចជាតាមកញ្ចក់ទូរទស្សន៍មួយចំនួននៅមានកំហុសលើផ្នែកអក្ខរាវិរុទ្ធអាស្រ័យដោយមានគោលបំណងជួយសម្រួលដល់បញ្ហាខាងលើនេះ ទើបវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានផ្ដួចផ្ដើមចងក្រងជាវចនានុក្រមខ្មែរ អេឡិចត្រូនិកនេះឡើង ដោយចម្លងទាំងស្រុងចេញពីវចនានុក្រមដែលរៀបចំឡើងដោយសម្ដេចសង្ឃរាជ្យជួនណាត ដែលមានរហូតទៅ១៨០០៣ពាក្យតាមរយៈ Software។
លោក ងួន វ៉ាន់ចន្ធី ពន្យល់អំពីរបៀបប្រើប្រាស់វចនានុក្រមអេឡិចត្រូនិក
(រូបថត៖ ជុំ សម្បត្តិ)លោក ងួន វ៉ាន់ចន្ធី បានឲ្យដឹងទៀតថា វចនានុក្រមខ្មែរអេឡិចត្រូនិកត្រូវបានរៀបចំឡើងប្រើប្រាស់អស់រយៈពេល២ឆ្នាំមកហើយដោយមានក្រុមការងារចំនួន១៧នាក់បែងចែកជាផ្នែកចាត់ចែង និងសម្របសម្រួលការងារទូទៅផ្នែកបញ្ចូលទិន្នន័យ ផ្នែកពិនិត្យកែសម្រួលឯកសារ ផ្នែករៀបចំ និងសរសេរ Software កិច្ចសហការជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលមានទីតាំងជាប់សួនច្បារសម្ដេច ហ៊ុន សែន។
លោកនាយកវិទ្យាស្ថានបានឲ្យដឹងទៀតថា សព្វថ្ងៃភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្ដៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួនក៏ដូចជានៅលើទំព័រកាសែត។ មានមតិច្រើនត្រូវបានលើកឡើង ប៉ុន្តែផ្លូវដែលត្រូវដើររួមគ្នានោះមិនទាន់ត្រូវបានគេរកឃើញជាក់ច្បាស់នៅឡើយ។ ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្នគណៈកម្មាធិការជាតិភាសាខ្មែរសម្រេចឲ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ (សម្ដេចព្រះសង្ឃរាជ ជួនណាត)។ ម្យ៉ាងដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈរនៃការវិវត្តន៍សម្ភារៈបច្ចេកវិទ្យា និងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាតាមធនធានដ៏ស្ដួចស្ដើងដែលខ្លួនមានផងនោះ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានរៀបចំក្រុមការងារធ្វើឲ្យកើតចេញជារូបរាងនូវវចនានុក្រមអេឡិចត្រូនិកនេះឡើងក្នុងគោលបំណង៖ ទី១គឺអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជាលើវិស័យអក្សរសាស្ត្រ និងតាមស្មារតីនៃការណែនាំរបស់លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិភាសាខ្មែរដែលមានគោលដៅធ្វើឲ្យមានស្ថេរភាពនិងអភិវឌ្ឍន៍វិស័យអក្សរសាស្ត្ររួមចំណែកជាមួយគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។
ទីពីរគឺថែរក្សាលើកកម្ពស់ព្រះរាជស្នាព្រះហស្តរបស់សម្ដេចសង្ឃរាជជួនណាត និងបន្តនិរន្តរភាពរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យលើវិស័យអក្សរសាស្ត្រដោយធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវវចនានុក្រមនេះតាមជំហានដូចខាងក្រោម៖ រៀបចំការកែសម្រួលកំហុសអក្ខរាវិរុទ្ធ ដែលបណ្ដាលមកពីការបោះពុម្ពលើកទី៥។ រៀបចំបញ្ជីពាក្យ ក្នុងវចនានុក្រមក្នុងករណីពាក្យមួយអាចសរសេរបានពីរ ឬបីបែបដើម្បីដាក់ឆ្លងមតិគណៈកម្មាធិការជាតិភាសាខ្មែរអនុម័តនិងសម្រេចប្រើប្រាស់ឲ្យមានការឯកភាពគ្នា។
ជ្រើសរើសយកពាក្យពីនិយមន័យក្នុងវចនានុក្រមខ្មែរដែលបានបោះពុម្ពលើកទី៥ឲ្យក្លាយជាមេពាក្យឡើង។ រៀបចំបង្កើតវចនានុក្រមអេឡិចត្រូនិកដោយត្រូវកែលំអជារៀងរាល់ឆ្នាំ។
ក្រោយពីបានបន្ថែមពាក្យថ្មីរួចមកវិទ្យាស្ថានមានគម្រោងបោះពុម្ពវចនានុក្រមជាលើកទី៦បន្តទៀត។
ពាក់ព័ន្ធទៅនឹងរបៀប ឬបច្ចេកទេសបញ្ចូលកម្មវិធីវចនានុក្រមអេឡិចត្រូនិកតាមរយៈ Software នៅក្នុងកុំព្យូទ័ររបស់លោកអ្នក។ លោក ងួន វ៉ាន់ចន្ធី បានបញ្ជាក់ថា នៅក្នុង Software ដែលត្រូវបានរៀបរៀងហើយនោះ ក៏មានការពន្យល់ការណែនាំច្បាស់លាស់មិនពិបាកប្រើប្រាស់ឡើយ ពីព្រោះក្រុមការងារបានរៀបចំដើម្បីដោះស្រាយសម្រួលដល់ការប្រើប្រាស់។
លោកនាយកបានអំពាវនាវដល់សាធារណជនទាំងអស់គ្រប់ស្ថាប័ន អង្គភាព ក្រុមហ៊ុន ឯកជន សិស្សានុសិស្សនិស្សិតគ្រប់មជ្ឈដ្ឋានដែលមានបំណងប្រើប្រាស់វចនានុក្រមអេឡិចត្រូនិកខាងលើសូមអញ្ជើញមកទំនាក់ទំនងជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យតាមអាសយដ្ឋានដូចបានជម្រាបជូនស្រាប់ដោយពុំតម្រូវឲ្យមានការបង់នូវតម្លៃអ្វីឡើយ ឬក៏អាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទលេខ (៨៥៥) ២៣ ២១២ ០៤៦ ទូរសារលេខ (៨៥៥) ២៣ ២១៦ ៧៧៩។ កម្មវិធីនេះត្រូវបានផ្សព្វផ្សាយឲ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ៕





