ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ជយោ! គ្រូពេទ្យ​យើង

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

នៅ​ថ្ងៃ​ទី ១៩ និង​ទី ២០ ឧសភា ខាង​មុខ​នេះ គ្រូពេទ្យ​មួយ​ក្រុម ដែល​ក្នុង​នោះ​ក៏​មាន​អនុប្រធាន​មន្ទីរពេទ្យ​មួយ​រូប​ផង​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​នឹង​ត្រូវ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​តាម​អំណាច​ដីកា​កោះ​របស់​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង។

នេះ​គឺ​ជា​ករណី​ដ៏​កម្រ ឬ​ក៏​ទំនង​ជា​លើកដំបូង​ផង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ដែល​ស្ថាប័ន​តុលាការ​បាន​សម្រេច​កោះ​ហៅ​គ្រូពេទ្យ​ជា​ក្រុម​បែប​នេះ​ឲ្យ​មក​បំភ្លឺ​ពី​ករណី​ដែល​មាន​អ្នក​ជំងឺ​ស្លាប់​មិន​ប្រក្រតី​នៅ​ពេល​ប្រតិបត្តិការ​​អាជីព​របស់​ខ្លួន។

តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​កាសែត​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ការ​កោះ​ហៅ​របស់​តុលាការ​នេះ​គឺ​បណ្ដាល​មក​ពី​មាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង ដែល​គេ​សង្ស័យ​ថា គ្រូពេទ្យ​ទាំង​នោះ​បាន​រួម​គំនិត​គ្នា​បណ្ដែតបណ្ដោយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លង​ទន្លេ​ម្នាក់​ស្លាប់​ក្នុង​មន្ទីរពេទ្យ​របស់​ខ្លួន​យ៉ាង​ខ្លោចផ្សា​បំផុត​ជាមួយ​កូន​ក្នុង​ផ្ទៃ​កាល​ពី​ពាក់កណ្ដាល​ខែ​មីនា​កន្លង​ទៅ​ ដោយ​សារ​គ្រួសារ​ជនរងគ្រោះ​គ្មាន​ប្រាក់ ១០ ម៉ឺន​រៀល​បង់​ថ្លៃ​សេវា​តាម​ការ​ទាមទារ​របស់​ក្រុម​គ្រូពេទ្យ​ខាង​លើ។

នៅ​ក្នុង​រឿង​នេះ បុរស​ជា​ប្តី​ឈ្មោះ មិត្តរ៉ន អាយុ ៤៨ ឆ្នាំ​បាន​ចោទ​ថា ប្រពន្ធ​គាត់​ឈ្មោះ វ៉ន យឿន អាយុ ៣៧​ឆ្នាំ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ប៉ៃលិន ដោយសារ​តែ​ក្រុម​គ្រូពេទ្យ​នៅ​ទី​នោះ​បាន​ទុក​ប្រពន្ធ​គាត់​ចោល​រហូត​ដល់​ទៅ ​៦​ម៉ោង​ ដើម្បី​ទារ​ប្រាក់​១០​ម៉ឺន​រៀល។ ប៉ុន្តែ​គ្រូពេទ្យ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​នេះ ដោយ​និយាយ​ថា ពួកគេ​បាន​ជួយ​ខ្នះខ្នែង​ណាស់ តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

ទាក់ទិន​នឹង​ការ​ស្លាប់​របស់​អ្នកជំងឺ ដែល​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​បន្ទោស​ដល់​គ្រូពេទ្យ​នោះ​គឺ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​នៅ​ក្នុង​នគរ​យើង​នេះ។ ករណី​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើត​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​បណ្ដា​ខេត្ត​ដ៏ទៃៗ​ទៀត​ដែរ ដែល​កាល​ពី​ពេល​នោះ សារ​ព័ត៌មាន​ទាំង​ផ្នែក​សរសេរ​ទាំង​ផ្នែក​ផ្សាយ​តាម​រលកអាកាស​ក៏​បាន​ផ្សព្វផ្សាយ​មួយ​ទំហឹង​ដោយ​រិះគន់​យ៉ាង​ចាស់​ដៃ​ចំពោះ​កំហុស​ឆ្គង និង​ការ​ធ្វេស​ប្រហេស ហើយ​ក៏​មាន​ប្រតិកម្ម​ពី​ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ទៀត​ផង។​ តើ​មាន​ប៉ុន្មាន​ករណី និង​​មាន​អ្នក​ជំងឺ​​ប៉ុន្មាន​នាក់ ពិសេសអ្នកជំងឺជាស្រ្តី​ដែល​បាន​ស្លាប់ ហើយ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយនោះ?

ជា​ធម្មជាតិ​នៅ​ក្នុង​ចក្រវាល​យើង​នេះ មាតា​បិតា​គឺ​ជា​អ្នក​មាន​គុណ​ក្នុង​ការ​ផ្ដល់​កំណើត និង​ជួយ​ថែទាំ​រក្សា​បីបាច់​ឲ្យ​យើង​បាន​ធំធាត់​ដឹង​ក្ដី​ដើម្បី​បន្ត​ពូជពង្សវង្សត្រកូល និង​ជួយ​ការងារ​សង្គម​ជាតិ​ទៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​ជីវិត​ដែល​មាតា​បិតា​បាន​ផ្ដល់​ឲ្យ​នោះ​ពិត​ជា​មិន​អាច​រក្សា​បាន​ឡើយ និង​អាច​ផុត​រលត់​ទៅ​វិញ​បាន​ដោយ​ងាយ នៅ​ពេល​ដែល​មាន​បញ្ហា​សុខភាព និង​មាន​ជំងឺ​ដង្កាត់​ធ្ងន់ធ្ងរ ហើយ​គ្មាន​គ្រូ​ពេទ្យ​ជំនាញ​ជួយ​សង្គ្រោះ​នោះ។ ហេតុនេះ គ្រូ​ពេទ្យ​គឺ​ជា​មាតា​ទី​ពីរ​ជួយ​សង្គ្រោះ​ជីវិត ហើយ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ចាត់​ទុក​គ្រូ​ពេទ្យ​ថា​ជា​ឥសី​ប្រស់​ជីវិត​សត្វលោក។ ចុះបើ​មាតា​ទី​ពីរ និង​ឥសី​ដែល​ជា​អ្នក​ជួយ​សង្គ្រោះ ឬ​ជួយ​ប្រស់​​ជីវិត​សត្វ​លោក​នោះ​មិន​យក​ចិត្ត​ទុកដាក់ មិន​ខ្វល់ខ្វាយ មិន​អើពើ គ្មាន​ក្រមសីលធម៌ គ្មាន​វិជ្ជាជីវៈ មិន​មាន​មេត្តាករុណា មុខ​លុយ ស្គាល់​តែ​ពី​ប្រយោជន៍ ស្គាល់​តែ​ពី​លាភសក្ការៈ តើ​ឲ្យ​​សត្វ​លោក ពិសេស​សត្វលោក​ក្រីក្រ​រំពឹង​លើ​អ្វី​នៅ​ក្នុង​នគរ​យើង​នេះ?

ជា​ការពិត មាន​គ្រូពេទ្យ​ខ្មែរ​យើង​ជាច្រើន​មាន​ជំនាញ​ច្បាស់លាស់ សុភាពរាបសារ​គួរ​ឲ្យ​គោរព។ ពួកគេ​មាន សុជីវធម៌ មាន​កាយ​វិការ​ទន់ភ្លន់ ពាក្យពេចន៍​ពីរោះ​ស្ដាប់​មក​កាន់​អ្នក​ជំងឺ​ដែល​កំពុងតែ​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ពី​ពួកគេ។ ប៉ុន្តែ ក៏​មាន​មហា​គ្រូពេទ្យ​ដ៏​ឧត្ដុង្គឧត្ដម​មួយ​ចំនួន​មាន​អាកប្បកិរិយា​អស់​ទាស់។ ពួកគេ​មើល​ទៅ​ដូច​ជា​ឥសី​បម្រើការ​ឲ្យ​យមរាជ។ ពួកគេ​ពិតជា​មាន​សមត្ថភាព តែ​គ្មាន​ក្រមសីលធម៌ មាន​ចរិក​កោងកាច ច្រឡោងខាម ប្រើប្រាស់​ពាក្យ​ពេចន៍​គំរោះគំរើយ ទ្រគោះបោះបោក ប្រៀប​បាន​នឹង​លោក​គ្រូពេទ្យ​ដ៏​មហា​អស្ចារ្យ​មហា​លោតផ្លោះ​របស់​លោក​ខ្មែរ​ក្រហម​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍។ ពួក​គេ​គិត​ថា អ្នក​ជំងឺ​ដែល​មក​ជួប​ពួកគេ​គឺ​ជា​សត្វ ឬ​ក៏​ថា មុខ​របរ​របស់​ពួកគេ​គឺ​ប្រៀប​ដូច​ជា​ជំនួញ​នៅ​ទីផ្សារ​ដែរ គឺ​យក​ទ្រឹស្ដី​ដែល​ថា "No money no talk" ឬ​ថា "គ្មាន​លុយ កុំ​និយាយ"។ បើ​ពិត​ជា​អញ្ចឹង​មែន ជយោ! គ្រូពេទ្យ​យើង។ ពួកគេ​ពិត​ជា​​ពេទ្យ​​​មុខ​លុយ​ មិន​មែន​ជា​គ្រូពេទ្យ​មនុស្សជាតិ​នៅ​ឋាន​មនុស្ស​លោក​ឡើយ តែ​ជា​គ្រូពេទ្យ​នៅ​ឋាន​យមបាល។

ពិត​ជា​មិន​អាច​ប្រកែក​បាន​ទេ​ដែល​ថា នរណា​នរណា​ក៏​ចង់​បាន​លុយ​ដែរ ទាំង​គ្រូពេទ្យ ទាំង​អាជីវករ កសិករ កម្មករ មន្ត្រី​រាជការ មហា​មន្ត្រី គ្រូបង្រៀន នគរបាល និង​យោធា ហើយ​សូម្បី​តែ​ព្រះសង្ឃ​ខ្លះ​ក៏​ត្រូវការ​លុយ​ដែរ ប៉ុន្តែ​ពេល​ខ្លះ​មេត្តាករុណា ការ​យោគយល់ និង​ការ​សន្ដោស​ប្រណី​គឺ​ពិត​ជា​មាន​តម្លៃ​ជាង​លុយ ហើយ​បើ​តាម​ធម៌​ព្រះ គុណធម៌​ដែល​យើង​បាន​សាង​អាច​ជា​កុសល​ផលបុណ្យ​ដែល​នឹង​ទទួល​តប​ស្នង​មក​វិញ​ទាំង​នៅ​ក្នុង​បច្ចុប្បន្ន​ជាតិ និង​នៅ​អនាគត​ជាតិ។

មាន​ពេល​ខ្លះ​ទៀត បើ​ទោះ​ជា​អ្នក​ជំងឺ​បាន​បង់​សេវា​ជួន​មន្ទីរ​ពេទ្យ​ហើយ​ក៏​ដោយ ក៏​គ្រូពេទ្យ​ខ្លះ​មាន​ជំនាញ​ខាង​ឈ្លើយ ប្រើប្រាស់​ពាក្យពេចន៍​ដូច​មនុស្សគ្មានចំណេះ​ជា​មួយ​អ្នក​ជំងឺ ដែល​ពេល​ខ្លះ​ស្ដាប់​ទៅ​គឺ​ឈឺចាប់​ក្នុង​ចិត្ត​ជាង​ជំងឺ​ដែល​កំពុង​ឈឺ​នៅ​ក្នុង​សារពាង្គកាយ​ទៅទៀត ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច ហើយ​មិន​ដឹង​ទៅ​ទីណា បើ​គេ​ជា​ពេទ្យ​ទៅ​ហើយ​នោះ។

ជាង​នេះ​ទៅទៀត គ្រូពេទ្យ​ត្បាញអាយ​មួយ​ចំនួន ពិសេស​នៅ​តាម​គ្លីនិក​ឯកជន​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់ គ្មាន​ឧបករណ៍​គ្រប់គ្រាន់ ចូលចិត្ត​បំភ័យ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លន់ស្លោ រួច​ហើយ​ក៏​បបួល​អ្នក​ជំងឺ​វះ​លេង ដើម្បី​បាន​លុយ​ច្រើន បើ​ទោះ​ជា​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​របស់​ខ្លួន​ព្រីក​ព្រាក​ក៏​ដោយ​ចុះ ដល់​ពេល​មាន​បញ្ហា​ទើប​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ ដោយ​ពេល​ខ្លះ​ពេទ្យ​រដ្ឋ​មិន​ខ្វល់ ព្រោះ​គេ​គិត​ថា អ្នក​ជំងឺ​ដុនដាប​ទៅ​ហើយ ហើយ​លុយ​ដុំ​ក៏​ត្រូវ​បាន​ពេទ្យ​ឯក​ជន​ស៊ី​អស់​រួច​ទៅ​ហើយ​ដែរ។ ជាង​នេះ​ទៅ​ទៀត ការ​លក់​ឱសថ​ឲ្យ​អ្នកជំងឺ​របស់​ពួក​គ្រូពេទ្យ​ត្បាញ​អាយ​ទាំង​នោះ​គឺ​ផ្សំ​ច្រើន​មុខ ដូច​ជា​ឧទាហរណ៍​គ្រាន់​តែ​ឈឺ​ក្បាល គេ​លក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ពី​បួន​ទៅ​ប្រាំ​មុខ ដោយ​មិន​បាន​ចេញ​វិក្កយបត្រ​ទេ ហើយ​នៅ​ពេល​អ្នក​ជំងឺ​មាន​ប្រតិកម្ម​ថ្នាំ ពួកគេ​មិន​មាន​ការ​ទទួល​ខុសត្រូវ។ ជយោ! គ្រូពេទ្យ​យើង។

ដោយ​សារ​តែ​បញ្ហា​នេះ​ហើយ ទើប​ពល​រដ្ឋ​ខ្មែរ​បាត់បង់​ជំនឿ​ចិត្ត​ចំពោះ​គ្រូពេទ្យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស ហើយ​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់ កុំ​ថា​ឡើយ​អ្នក​មាន​មហាសាល សូម្បី​តែ​អ្នក​មាន​លុយ​ល្មមៗ​ក៏​ទៅ​ពេទ្យ​បរទេស​ដែរ។ ដោយសារ​តែ​ពួកគេ​ពិបាក​ទុកចិត្ត​គ្រូពេទ្យ​ក្នុង​ស្រុក ពិសេស​ស្អប់​ចរិក​កោងកាច និង​គ្មាន​សីលធម៌​នេះ​ហើយ ទើប​ពួកគេ​បាន​នាំ​គ្នា​ទៅ​ពិនិត្យ និង​ព្យាបាល​រោគ​នៅ​បរទេស​ ពិសេស​ប្រទេស​វៀតណាម ដោយ​សារ​ពួក​គេ​​យល់​ថា នៅ​ទី​នោះ​មាន​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង

សូម្បីតែ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក៏​បាន​លើក​ឡើង​ដែរ​នា​ពេល​ថ្មី​នេះ​ថា ការ​ដែល​បាត់បង់​ជំនឿ​ចិត្ត​លើ​គ្រូពេទ្យ​ខ្មែរ​នេះ​ហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ឡើងៗ​ចេញ​ទៅ​ព្យាបាល​​ជំងឺ​នៅ​បរទេស​ ដោយ​ចំណុច​នេះ​គឺ​មិន​មែន​​ជា​សញ្ញា​ល្អ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​នោះ​ទេ។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​​សុខាភិបាល​ចាត់ការ​​ឲ្យ​បាន​ហ្មឺងម៉ាត់​លើ​ការងារ​មួយ​ចំនួន​ ដើម្បី​ស្ដារ​ជំនឿ​ចំពោះ​គ្រូពេទ្យ​ខ្មែរ ដោយ​សម្ដេច​បាន​បញ្ជាក់​ថា មាន​ករណី​ជា​ច្រើន ដូចជា​គ្រូ​ពេទ្យ​ចិញ្ចឹម​ជំងឺ​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​​ព្យាបាល​ឲ្យ​បាន​ច្រើន​ ការ​ទុក​អ្នក​ជំងឺ​ចោល​ដោយ​មិន​អើពើ​ប្រសិន​បើ​គ្មាន​ប្រាក់​ ការ​និយម​ការ​វះកាត់​ដោយ​មិន​ចាំបាច់​ ដើម្បី​ទទួល​បាន​ប្រាក់​ច្រើន​ ការ​គិត​តែ​ពី​ចង់​បាន​លុយ​ជា​ធំ​ ដោយ​ភ្លេច​ក្រម​វិជ្ជាជីវៈ។ល។ និង។ល។

ចំណែក​ឯ​គ្លីនិក​ឯកជន​ខ្លះ​ទៀត មិន​បាច់​និយាយ​ទេ គឺ​ព្រឺក្បាល​ដូច​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ធ្លាប់​លើក​ឡើង​ថា ពួកគេ​ដណ្ដើម​អ្នក​ជំងឺ​គ្នា ពិសេស​ជន​រងគ្រោះ​ថ្នាក់​ចរាចរ​នៅ​តាម​ដង​ផ្លូវ​ដូច​ឡាន​តាក់ស៊ី​ដណ្ដើម​ម៉ូយ​គ្នា។ មាន​ពេល​ខ្លះ​ទៀត​គឺ​អ្នក​បើកបរ​រថយន្ត​សង្គ្រោះ​អ្នក​គ្រោះ​ថ្នាក់​ចរាចរ​បាន​ស៊ី​ដាច់​សម្ភារៈ​ជន​រងគ្រោះ​ដែល​មិន​ដឹង​ខ្លួន ដូច​ជា​នាឡិកា ស្បែក​ជើង​ល្អៗ សូម្បី​តែ​ខ្សែ​ក្រវ៉ាត់​ក៏​ស៊ី​ដែរ នេះ​មិន​ទាន់​គិត​ពី​កាបូប​លុយ​ក្នុង​ហោប៉ៅ​ផង។ ស្ដាប់​ទៅ​គឺ​មិន​គួរ​ឲ្យ​ជឿ​ទេ ប៉ុន្តែ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ។

បន្ទាប់​ពី​ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​អំពី​ឯ​គ្លីនិក​ឯកជន​នេះ​មក ទើប​ក្រសួង​សុខាភិបាល​ប្រកាស​ហាម​មិន​ឲ្យ​គ្លីនិក​ឯកជន​ប្រើ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ និង​ចាត់វិធានការចំពោះ​គ្លីនិក​គ្មាន​ច្បាប់ និង​គ្រូពេទ្យ​មិន​បានចុះឈ្មោះ ហើយ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏​បាន​ព្រមាន​​មន្ត្រី​សុខាភិបាល​មក​ពី​តាម​បណ្ដា​ខេត្ត​​ក្រុង​ និង​តាម​មន្ទីរពេទ្យ​នានា ដោយ​ទទូច​ឲ្យ​មន្ត្រី​នៅ​តាម​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំងឺ​ដោយ​មិន​ប្រកាន់​មាន-ក្រ​និង​​ព្យាបាល​​ឲ្យ​អ្នក​ ជំងឺ​ជា​សិន​ចាំ​គិត​ហិរញ្ញប្បទាន ហើយ​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​មាន​ទំនុក​ចិត្ត​លើ​​ប្រព័ន្ធ​សុខាភិបាល​ឡើង​វិញ​នោះ ក្រសួង​នឹង​បង្កើត​នគរបាល​យុត្តិធម៌​ក្នុង​ការ​រឹត​បន្តឹង​សេវា​ឯកជន​ខុសច្បាប់

យើង​ពិត​ជា​គាំ​ទ្រ និង​សូម​អបអរសាទរ​ចំពោះ​ចំណាត់​ការ​ខាង​លើ​នេះ ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​សុខាភិបាល​ឲ្យ​មាន​សេវា​រហ័ស និង​ប្រកប​ដោយ​គុណភាព និង​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​មហាជន​ដល់​គ្រូពេទ្យ​របស់​យើង ពិសេស​មហាជន​កំពុង​រង់​ចាំ​មើល​ចំណាត់​ការ​របស់​​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​នា​ថ្ងៃ​ទី ១៩ និង​ទី ២០ ឧសភា ខាង​មុខ​នេះ​ដែល​ជា​ករណី​ដ៏​កម្រ​មួយ។

តុលាការ​ត្រូវ​តែ​ស្វែង​រក​យុត្តិធម៌ បើ​ទោះ​ជា​នរណា​ត្រូវ​នរណា​ខុស​ក៏ដោយ សំខាន់​គឺ​យុត្តិធម៌ ដើម្បី​កុំ​ឲ្យ​ខូច​ពូជ​គ្រូពេទ្យ​ល្អៗ​របស់​យើង​ជា​ច្រើន​រូប​ទៀត​ដែល​មាន​ជំនាញ​មាន​វិជ្ជាជីវៈ និង​មាន​សីលធម៌​ថ្លៃថ្នូរ​នោះ និង​គេច​ឲ្យ​ផុត​ពី​ពាក្យ​ដែល​គេ​ចំអក​ថា ពេទ្យ​ខ្មែរ​គឺ​ពេទ្យ​មុខ​លុយ ហើយ​ជា "ពេទ្យ​ព្រួក ពួក​ប្រេត" គឺ​មិន​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ទេ តែ​បែរ​ជា​បណ្ដោយ​ឲ្យ​យមរាជ​មក​ឆក់​ជីវិត​តាម​សម្រួល​ទៅវិញ។ ជយោ! គ្រូពេទ្យ​យើង៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ឆាយ សុផល  កាល​បរិច្ឆេទ៖ ពុធ 29 Apr 2009
រូបភាព​របស់ សុខាយុ

វា​ជា​លើក​ទី១ និង​ជា​ការ​ចាប់​ផ្ដើម​ដ៏​​ល្អ

       
បាន​ដាក់​ស្នើ​ដោយ សុខាយុ នៅ ព្រហស្បតិ៍, 04/30/2009 - 14:51

ខ្ញុំ​យល់​ថា​បញ្ហា​ដែល​បាន​លើក​ឡើង​នេះ វា​មិនមែន​ជា​លើក​ទី​១​ទេ តែ​វា​ជា​លើក​ទី​១​ដែល​តុលាការ​ធ្វើ​ការ​កោះ​ហៅ​ក្រុម​គ្រូ​ពេទ្យ​មក​បំភ្លឺ ដែល​នេះ​​ជា​ការ​បង្ហាញ​នូវ​ការ​អនុវត្តន៍​ល្អ​នៃ​ប្រព័ន្ធ​តុលាការ។​ ក្នុង​កំឡុង​ពេល​៥​ឆ្នាំ​នេះ​ ប្រទេស​កម្ពុជា​ពុំ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​មរណភាព​នៃ​មាតា និង​ទារក​ទេ។ ស្ត្រី​​ត្រូវ​បាន​ទទួល​នូវ​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ និង​មហិមា ក្នុង​ការ​បង្កើត​ធនធាន​មនុស្ស​ដែល​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ តែ​បែ​​ជា​មិន​ទទួល​បាន​នូវ​ការ​ផ្ដល់​តម្លៃ និង​ត្រូវ​លះ​បង់​ជីវិត​ទាំង​អាណោចអាធ័ម​​ទៀត​ផង។ ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​ខាង​មុខ​បន្ត​ទៀត រដ្ឋាភិបាល​នឹង​រឹត​តែ​យកចិត្ត​ទុក​ដាក់​លើ​ការ​ផ្ដល់​សេវាកម្ម​សុខភាព​ ជា​ពិសេស​ចំពោះ​ការ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក​នេះ៕

 សុខាយុ

Great article!

       
បាន​ដាក់​ស្នើ​ដោយ soben នៅ ពុធ, 04/29/2009 - 11:34

Brilliant editorial! A must read for everyone. Best reflection on health sector in Cambodia.
I will share it on Facebook.