ភ្នំពេញ ៖ ចាប់តាំងពីអំឡុងពេលពាក់កណ្ដាលខែមករា ឆ្នាំ២០០៨មកម្ល៉េះ ដែលវត្តមាននៃវណ្ណកម្មប្រលោមលោករូបភាពរឿង «បុប្ផាបាត់ដំបង» បានបង្ហាញខ្លួននៅតាមបណ្ណាគារនិងតូបលក់សៀវភៅនានា ក្នុងក្រុងភ្នំពេញ ដើម្បីរង់ចាំការទិញអានពីសំណាក់អ្នកស្នេហាការអានប្រលោមលោកទាំងឡាយ។
សៀវភៅប្រលោមលោករូបភាព រឿង "បុប្ផាបាត់ដំបង" ជាស្នាដៃនិពន្ធ និងគូរដោយលោកឯម សត្យា វិចិត្រករដ៏ល្បីម្នាក់។ ការបោះពុម្ពសៀវភៅនេះទទួលបានការជួយជ្រោមជ្រែងពីសំណាក់អង្គការសៀវភៅយើង និងទទួលការឧបត្ថម្ភពីស្ថានទូតបារាំងនៅកម្ពុជា នៃកម្មវិធីជំនួយដល់ការបោះពុម្ពផ្សាយរឹម គិន FSP VALEASE។ ផ្អែកតាមការឱ្យដឹងពីម្ចាស់វណ្ណកម្មនេះបានបង្ហាញថា សៀវភៅប្រលោមលោករូបភាពនេះ គាត់បានចាប់ផ្ដើមដំណើរការនិពន្ធ និងគូរឡើងចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយទើបត្រូវបានបញ្ចប់កាលពីឆ្នាំ២០០៧កន្លងមកតែប៉ុណ្ណោះ។
លោកឯម សត្យា ត្រូវបានមជ្ឈដ្ឋានមហាជនខ្មែរទូទៅស្គាល់ និងចាត់ទុកជាវិចិត្រករដ៏ល្បីល្បាញម្នាក់ តាមរយៈស្នាដៃគំនូរក្នុងសៀវភៅជាច្រើន ក្នុងនេះមានក្របសៀវភៅប្រលោមលោក និងសៀវភៅរឿងនិទានផ្សេងៗផងដែរ។ ស្នាដៃគំនូររបស់លោកឯម សត្យា ត្រូវបានបាត់មួយរយៈពីទំព័រសៀវភៅផ្សេងៗ កាលពីឆ្នាំកន្លងមក ដោយសារលោកមានជំងឺដាច់សរសៃឈាមស្លាប់មួយចំហៀងខ្លួន ហើយទើបតែនៅពេលថ្មីៗនេះតែម្ដង ដែលវណ្ណកម្មថ្មីរបស់លោករឿង "បុប្ផាបាត់ដំបង" ត្រូវបានចេញផ្សាយ ធ្វើឱ្យមានការភ្ញាក់ផ្អើលពីសំណាក់មហាជនមួយចំនួន រួមទាំងអ្នកគាំទ្រស្នាដៃគំនូររបស់លោកផងដែរ។ ផ្អែកតាមសាច់រឿង និងខ្លឹមសារនៃរឿងប្រលោមលោករបស់លោកនេះមានប្រិយមិត្តអ្នកអានបានប្រៀបប្រដូចទៅនឹងប្រលោមលោករឿង "Silver Age" ដោយក្នុងនេះឈុតឆាក និងដំណើររឿងនៃប្រលោមលោក "បុប្ផាបាត់ដំបង" ហាក់បង្ហាញពីស្នេហាមួយ ដែលអស់សង្ឃឹម ក៏ប៉ុន្តែនៅចុងបញ្ចប់នៃសាច់រឿងអ្នកនិពន្ធបែរជាបានផ្ដល់នូវក្ដីសង្ឃឹមថ្មីសម្រាប់តួអង្គ ដែលធ្វើឱ្យអ្នកអានស្ទើរតែរកនឹកស្មានមិនដល់។
សៀវភៅរឿង "បុប្ផាបាត់ដំបង" មានកម្រាស់ចំនួន៩៤ទំព័រនៃសាច់រឿង ហើយត្រូវបានដាក់លក់ក្នុងតម្លៃ១ដុល្លារអាមេរិកស្មើនឹង៤០០០រៀល រក្សាសិទ្ធិការបោះពុម្ពផ្សាយដោយអង្គការសៀវភៅយើង និងមានដាក់លក់នៅតាមបណ្ណាគារសំខាន់ៗក្នុងប្រទេសកម្ពុជាមានបណ្ណាគារអន្តរជាតិ ហាងសៀវភៅ Monument Book បណ្ណាគារអង្គរ បណ្ណាគារអង្គរធំ Siem Reap Book Center ផ្សារទួលទំពូង និងផ្សារអូរឫស្សីក្រុងភ្នំពេញ សម្រាប់សៀវភៅដែលបោះពុម្ពជាភាសាខ្មែរ។ ដោយឡែកសម្រាប់សៀវភៅរឿង "បុប្ផាបាត់ដំបង" ដែលបានបោះពុម្ពជាភាសាបារាំង និងអង់គ្លេសមានលក់នៅ Cernets d'Asia (ភ្នំពេញនិងសៀមរាប) និង SAVA Express Bohr's Books ហើយនិង The Shop៕

