ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ការ​សម្រេច​បន្ថែម​ប្រាក់​បំណាច់​ពីរ​ម៉ឺន​រៀល​ ដល់​មន្ត្រី​រាជការ​ទូទាំង​ប្រទេស​ មិន​អាច​គ្រប់គ្រាន់​នឹង​ការ​ទប់ទល់​អតិផរណា​លើ​ទីផ្សារ​ទេ

ឆ្លើយ​តប​ជា​មួយ​និង​គោលការណ៍​របស់​រដ្ឋាភិបាល​ខ្មែរ​​ក្នុង​ការ​សម្រេច​បន្ថែម​ប្រាក់​​បំណាច់​ពីរ​​ម៉ឺន​រៀល​​ទៅ​លើ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​​រាជការ​ ប៉ូលិស​ ទាហាន​នៅ​ទូទាំង​ប្រទេស​ដោយ​គិត​​ចាប់​ពី​ខែ​កក្កដា​នេះ​ រហូត​​ដល់​ខែ​ធ្នូ​ មន្ត្រី​ដែល​កំពុង​​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ និង​មន្ទីរ​ផ្សេងៗ​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​បន្ថែម​នេះ។ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​​មិន​ចាំបាច់​​ធ្វើការ​បន្ថែម​ប្រាក់​បំណាច់​មក​ដល់​មន្ត្រី​រាជការ​សម្រាប់​ពេល​នេះ​ទេ​ ប៉ុន្តែ​សំខាន់​បំផុត​រដ្ឋាភិបាល​​គួរ​តែ​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ចំពោះ​តម្លៃ​ទំនិញ​ដែល​ចេះ​តែ​ឡើង​ថ្លៃ​នៅ​ក្នុង​ពេល​​បច្ចុប្បន្ន​​នេះ​ប្រសើរ​ជាង។

លោក​ស្រី​ ទឹម​ ដាឡាត់​ មន្ត្រី​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​២៣​កក្កដា​ថា៖ "ចំពោះ​ខ្ញុំ​​ដែល​ជា​មន្ត្រី​រាជការ​មួយ​រូប​មាន​ការ​ត្រេកអរ​ណាស់​​ដែល​រដ្ឋាភិបាល​មាន​គោលការណ៍​សម្រេច​ឧបត្ថម្ភ​បន្ថែម​​លើ​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ។ ប៉ុន្តែ​តាម​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​​ជួប​កន្លង​មក​ នៅ​ពេល​ដែល​រដ្ឋាភិបាល​​បម្រុង​នឹង​ធ្វើ​ការ​ដំឡើង​​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ស្រាប់​តែ​តម្លៃ​ទំនិញ​មាន​​ការ​កើន​ឡើង​មុន​ការ​​ដំឡើង​ប្រាក់​ខែ​ទៅ​ទៀត"។ លោកស្រី​បាន​បន្ថែម​ថា៖ "ដូច្នេះ​​ការ​សម្រេច​បន្ថែម​ប្រាក់​បំណាច់​ទៅ​លើ​ប្រាក់​ខែ​នេះ​ វា​នៅ​​តែ​មិន​គ្រប់គ្រាន់​ដដែល។ មន្ត្រី​រាជការ​សុខចិត្ត​មិន​ទទួល​យក​ការ​បន្ថែម​ប្រាក់​បំណាច់​ទៅ​លើ​ប្រាក់​ខែ​ ប៉ុន្តែ​អ្វី​​ដែល​យើង​ចង់​បាន​នោះ​ គឺ​យើង​ចង់​ឲ្យ​រដ្ឋាភិបាលរក​​វិធានការ​យ៉ាង​ណា​ដោះស្រាយ​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​ជា​ការ​សំខាន់​ជាង"។

ចំពោះ​ការ​ដំឡើង​​ប្រាក់​បំណាច់​ពីរ​ម៉ឺន​រៀល​នេះ​ លោក​ រ៉ុង​ ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖ "យើង​សូម​ធ្វើ​​ការ​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​​ក្នុង​ការ​គិត​គូរ​សម្រេច​បន្ថែម​ប្រាក់​បំណាច់​ពីរ​ម៉ឺន​រៀល​​ទៅ​ដល់​មន្ត្រី​រាជការ​ ប៉ុន្តែ​ការ​បន្ថែម​នេះ​ វា​គាប់​ជួន​ទៅ​នឹង​ពេលវេលា​នៃ​ការ​បោះឆ្នោត​ឈាន​មក​ដល់។ ដូច្នេះ​​យើង​អាច​គិត​ថា​ វា​គឺ​​ជា​ការ​កេង​ចំណេញ​របស់​រដ្ឋាភិបាល​​ខាង​ផ្នែក​នយោបាយ​ ដោយ​ការ​បន្ថែម​នេះ​ វា​មិន​អាច​ប៉ះប៉ូវ​ទប់ទល់​​ទៅ​នឹង​​តម្លៃ​ទីផ្សារ​បាន​ទេ"។ លោក​ រ៉ុង​ ឈុន​ បាន​គូស​បញ្ជាក់​ថា៖ "រដ្ឋាភិបាល​គួរ​តែ​មាន​ការ​បន្ថែម​ប្រាក់​បំណាច់​ ឬ​ដំឡើង​​ប្រាក់​ខែ​ដល់​ទៅ​២០០% ទើប​អាច​​ធ្វើ​ឲ្យ​មាន​តុល្យភាព​ទៅ​នឹង​អតិផរណា​នៅ​លើ​ទីផ្សារ​បាន​ ព្រោះ​ក្នុង​ពេល​នេះ​រដ្ឋាភិបាល​​បន្ថែម​តែ​ពីរ​ម៉ឺន​រៀល​នេះ​គ្រាន់​តែ​ជា​ការ​ស្វែង​រក​ការ​គាំទ្រ​ពី​សំណាក់​គ្រូ​បង្រៀន​ និង​មន្ត្រី​រាជការ​ផ្សេងៗ​ទៀត​តែ​ប៉ុណ្ណោះ"។

​ចំពោះ​ការ​សម្រេច​​បន្ថែម​ប្រាក់​បំណាច់​​ពីរ​ម៉ឺន​រៀល​ដល់​មន្ត្រី​រាជការ​នៅ​ទូទាំង​ប្រទេស​នេះ​ រដ្ឋាភិបាល​​ពន្យល់​ថា​ ការ​សម្រេច​​បន្ថែម​ប្រាក់​បំណាច់​នេះ​ គឺ​ដោយសារ​​តែ​កាល​ពី​លើក​មុន​ រដ្ឋាភិបាល​​បាន​ធ្វើ​ការ​ដោះស្រាយ​សម្រេច​បន្ថែម​ប្រាក់​បំណាច់​​ទៅ​ដល់​កម្មករ​កម្មការិនី​ម្ដង​រួច​មក​ហើយ​ក្នុង​ការ​ទាមទារ​​សុំ​ដំឡើង​​ប្រាក់​ខែ។ ដូច្នេះ​ហើយ​ នៅ​ពេល​នេះ​រដ្ឋាភិបាល​បាន​​ធ្វើ​ការ​សម្រេចចិត្ត​​​ផ្ដល់​ថវិកា​ពីរ​ម៉ឺន​រៀល​ទៀត​ជូន​បុគ្គលិក​មន្ត្រី​រាជការ​វិញ​ម្ដង​តាម​លទ្ធភាព​របស់​រដ្ឋាភិបាល​ដែល​មាន។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កាញារីទ្ធ​ ដែល​ជា​អ្នក​​នាំ​ពាក្យ​​រដ្ឋាភិបាល​កម្ពុជា​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖ "កន្លង​មក​យើង​បាន​ធ្វើ​ការ​បន្ថែម​ដល់​កម្មករ-កម្មការិនី​ចំនួន​៦​ដុល្លារ​អាមេរិក​រួច​ហើយ​ ចុះ​មន្ត្រី​រាជការ​ហេតុ​អ្វី​បាន​ជា​យើង​មិន​ធ្វើ​ការ​ដំឡើង​​ឲ្យ​គេ​ផង?"។ លោក​បាន​បន្ត​ថា៖ "រដ្ឋាភិបាល​បាន​ធ្វើ​ការ​សម្រេច​ឲ្យ​បន្ថែម​ជូន​មន្ត្រី​រាជការ​បាន​ចំនួន​​តែ​ប៉ុណ្ណឹង​​ទេ​ ដោយ​ការ​ជូន​នេះ​យើង​គិត​ត្រឹម​ពី​ខែ​កក្កដា-ខែ​​ធ្នូ​ ឆ្នាំ​២០០៨​នេះ។ ប៉ុន្តែ​នៅ​ពេល​ចូល​ដល់​ឆ្នាំ​ក្រោយ​ទៀត​ រដ្ឋាភិបាល​នឹង​គិត​បញ្ចូល​ទៅ​ក្នុង​ប្រាក់​បៀវត្សរ៍​ហើយ"។

លោក​ ខៀវ​ កាញារីទ្ធ​ បាន​គូស​បញ្ជាក់​ថា៖ "ជាក់ស្ដែង​ដើម្បី​គិតគូរ​ទៅ​លើ​ការ​បញ្ចុះ​តម្លៃ​​ទំនិញ​​នៅ​លើ​ទី​ផ្សារ​បាន​មាន​តែ​វិធី​មួយ​គត់​គឺ​ឲ្យ​​កសិករ​ដែល​លក់​ស្រូវ​ ឲ្យ​គាត់​ធ្វើ​ការ​បញ្ចុះ​តម្លៃ​លក់​ ដោយ​ក្នុង​ ១​គីឡូ​ មាន​តម្លៃ​១០០-២០០​ រៀល​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្នុង​នោះ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ទេ?"។ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​បាន​ពន្យល់​ថា៖ "ប្រសិន​បើ​ទំនិញ​មាន​ច្រើន​​ទើប​វា​អាច​ចុះ​ថោក​បាន​ ចុះ​មក​ដល់​​ពេល​ឥឡូវ​​នេះ​ទំនិញ​កំពុង​តែ​ឡើង​ថ្លៃ​ហើយ​ កម្ពុជា​​យើង​មាន​ដល់​ទៅ​ ៨០%​ ជា​កសិករ​ តើ​យើង​អាច​ធ្វើ​ការ​​បង្ខំ​​ឲ្យ​កសិករ​​យើង​លក់​ក្នុង​តម្លៃ​ ១០០-២០០​បាន​ទេ? ហើយ​ចំពោះ​រដ្ឋាភិបាល​​បន្ថែម​​លុយ​ពីរ​ម៉ឺន​រៀល​នេះ​ គឺ​សម្រាប់​អ្នក​ដែល​អត់​ធ្វើ​ស្រែ​នេះ​ ដើម្បី​ឲ្យ​គាត់​មាន​លុយ​បាន​ទៅ​ទិញ​ថែម​ទៀត"៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ channim  កាល​បរិច្ឆេទ៖ សុក្រ 25 Jul 2008