បទវិចារណកថានេះត្រូវបានដាក់ផ្សាយលើវិបផតថលអំពីស្ត្រីកាលពីថ្ងៃទី ១៧មករាឆ្នាំ២០០៨
ដោយ ជឹម ម៉ាណាវី
នៅក្នុងពិភពលោកយើងនេះ មនុស្សទូទៅទទួលស្គាល់នូវសារសំខាន់ជាមូលដ្ឋាននៃព័ត៌មាន។ មនុស្សទូទៅអាចដឹងអំពីហេតុការកើតឡើងជំវិញខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរួមមានវិទ្យុ ទូរទស្សន៍ សារព័ត៌មាននានាជាលក្ខណៈបោះពុម្ពផ្សាយឬតាមរយៈអេឡិចត្រូនិក។ ល។ព័ត៌មានបានដើរតួនាទីសំខាន់ក្នុងជីវិតរស់នៅនិងការងារដែលយើងត្រូវការមិនឈប់ឈរ។
នៅក្នុងយុគសម័យសាកលភាវូបនីយកម្មនេះ អ្នកដែលទទួលបានព័ត៌មានច្រើនជាងគេ ត្រូវបានចាត់ទុកថាជាអ្នកដែលមានអំណាចជាងគេ ។ រីឯអ្នកដែលមិនបានទទួលព័ត៌មានហាក់បីដូចជាអ្នកអវិជ្ជា ពីព្រោះថាលំហូរព័ត៌មាននាំមកនូវការចែករំលែកបទពិសោធ ការរកឃើញនិងគំនិតឆ្នៃប្រឌិតថ្មីៗ និងផ្ដល់ដល់យើងនូវចំណេះដឹងផ្សេងៗ។ ដូច្នេះហើយ អ្នកដែលមិនបានទទួលឬពុំមានលទ្ធភាពចូលទៅកាន់ព័ត៌មានត្រូវស្ថិតក្រៅពិភពនៃចំណេះដឹង។ នៅបណ្ដាប្រទេសអភិវឌ្ឍ រដ្ឋបានយកចិត្តទុកដាក់បង្កើតនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចូលទៅកាន់ព័ត៌មានដើម្បីលើកកម្ពស់ការយល់ដឹងនិងដើម្បីកសាងសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន។

