ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាសម្ដេច ព្រះនរោត្តមសីហមុនី ទ្រង់ប្រសូតនាថ្ងៃទី១៤ ឧសភា ឆ្នាំ១៩៥៣ នៅទីក្រុងភ្នំពេញ។ ព្រះអង្គជាព្រះរាជបុត្រារបស់សម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ និងសម្ដេចព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ។
ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ព្រះអង្គទ្រង់សិក្សានៅសាលាបឋមសិក្សាព្រះនរោត្ដម បន្ទាប់មកចូលសិក្សានៅសាលាដេកាតបារាំង ក្រុងភ្នំពេញ។ ពីឆ្នាំ១៩៦៧ មក ១៩៧១ ទ្រង់សិក្សាសិល្បៈ (របាំ ដូរតន្ត្រី ល្ខោន) នៅឯវិជ្ជាឋានអភិរក្សជាតិទីក្រុងប្រាក។ ឆ្នាំ១៩៧០ ទ្រង់ប្រឡងជាប់សញ្ញាប័ត្របាក់កាឡូរេអា នៅទីក្រុងប្រាកនិទ្ទេសល្អណាស់។ ឆ្នាំ១៩៧១ ទ្រង់ទទួលរង្វាន់លេខមួយខាងរបាំក្លាស៊ិកនៃវិជ្ជាឋានអភិរក្សជាតិក្រុងប្រាក។ ឆ្នាំ១៩៧១ ដល់១៩៧៥ ទ្រង់សិក្សាសាលាជាន់ខ្ពស់នៃរបាំដូរតន្ត្រី និងល្ខោននៅបណ្ឌិតសភាសិល្បៈដូរតន្ត្រីក្រុងប្រាក។ ឆ្នាំ១៩៧៥ទ្រង់ទទួលសញ្ញាប័ត្រសិក្សាជាន់ខ្ពស់ខាងសិល្បៈ (របាំ ដូរតន្ត្រី ល្ខោន) នៃបណ្ឌិតសភាសិល្បៈដូរតន្ត្រីក្រុងប្រាក។ ឆ្នាំ១៩៧៥ ទ្រង់ជាអ្នកសរសេរនិក្ខេបបទស្ដីពីទស្សនាទាន និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា។ ឆ្នាំ១៩៧៥-១៩៧៦ ទ្រង់សិក្សាថ្នាក់ខ្ពស់ខាងថតខ្សែភាពយន្តនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ ឆ្នាំ១៩៨១ ទៅ ២០០០ ទ្រង់ជាសាស្ត្រាចារ្យខាងរបាំក្លាស៊ិក និងគរុកោសល្យសិល្បៈនៅវិជ្ជាឋានអភិរក្ស MARIUS PETIPA នៅវិជ្ជាឋានអភិរក្ស GARRIEL FAURE និងនៅវិជ្ជាឋានអភិរក្ស W.A.MOZART នៃទីក្រុងប៉ារីស។
ឆ្នាំ១៩៨៨ ដល់១៩៩៣ ទ្រង់ជាអគ្គនាយក និងសិល្បករនៃសមាគមថតខ្សែភាពយន្តខ្មែរខេមរា។ ឆ្នាំ១៩៩២ ដល់១៩៩៣ ទ្រង់ត្រូវបានជ្រើសតាំងជាឯកច្ឆន្ទ ដោយបណ្ដាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់របស់កម្ពុជាជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអ.ស.ប។ ឆ្នាំ១៩៩៣ ដល់២០០៣ទ្រង់ជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូនេស្កូ។
ថ្ងៃទី១ កុម្ភៈ ឆ្នាំ១៩៩៤ ទ្រង់ត្រូវបានថ្វាយព្រះបរមងារជាសម្ដេចក្រុមឃុន។ ខែមករា ឆ្នាំ២០០៤ទ្រង់ជាទីប្រឹក្សាជាន់ខ្ពស់ផ្ទាល់របស់ព្រះមហាក្សត្រ។ ក្រៅពីភាសាខ្មែរទ្រង់ចេះភាសាបារាំង អង់គ្លេស និងឆេក៕

