ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​នឹង​ដំណើរការ​ផលិត​ជី​ឧស្ម័ន​ពី​ដំឡូង​មី​នៅ​កម្ពុជា​ ជា​លើក​ដំបូង​ក្នុង​ខែ​តុលា​ ឆ្នាំ​២០០៨​ នេះ

ស្រប​ពេល​ដែល​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​ចេះ​តែ​កើន​ឡើង​តម្លៃ​ខ្ពស់​ ក្រុមហ៊ុន​ផលិត​ជីវ​ឧស្ម័ន​ដែល​ចម្រាញ់​ចេញ​ពី​ដំឡូង​មី​របស់​កូរ៉េ​ខាង​ត្បូង​ នឹង​ត្រូវ​ដំណើរ​ការ​នៅ​កម្ពុជា​ជា​លើក​ដំបូង​ក្នុង​ខែ​ តុលា​ ខាង​មុខ​ ដើម្បី​ចូលរួម​ចំណែក​បំពេញ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា​ក៏​ដូចជា​ពិភពលោក​ទាំងមូល។

គម្រោង​នៃ​ការ​ផលិត​ជីវ​ឧស្ម័ន​នេះ​ គឺ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន​ MH. Bio-energy Group របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ទីក្រុង​តាខ្មៅ​ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ កន្លង​ទៅ។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ អ៊ាង​ សុផល្លែត​ ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។​ លោក​បាន​បន្ត​ដោយ​ស្រង់​ប្រសាសន៍​របស់​លោក​ ឆ័យ​ វីស៊ុង​ (Choi Wee Sung)​ ប្រធាន​ក្រុមហ៊ុន​ផលិត​ជីវ​ឧស្ម័ន​ថា​ ៖​ "លោក​ ឆ័យ​ វីស៊ុង​ បាន​បញ្ជាក់​ប្រាប់​ប្រមុខ​រដ្ឋាភិបាល​ថា​ ចាប់​ពី​ឆ្នាំ​២០០៩​ ទៅ​ រោងចក្រ​នឹង​ត្រូវ​ការ​ដំឡូង​មី​ដើម្បី​ផលិត​ជីវ​ឧស្ម័ន​ប្រមាណ​ជា​ ៣០​ ម៉ឺន​តោន​ ក្នុង​មួយ​ឆ្នាំ​ៗ​ ហើយ​នឹង​ចេះ​តែ​កើន​ជាង​នេះ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត"។​ លោក​ អ៊ាង​ សុផល្លែត​ បាន​បញ្ជាក់​ថា​ លោក​ ឆ័យ​ វីស៊ុង​ បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជំរុញ​ឲ្យ​ពលរដ្ឋ​ដាំ​ដំឡូង​មី​ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​ការ​ផលិត​របស់​រោងចក្រ។

លោក​ អ៊ាង​ សុផល្លែត​ បាន​ឲ្យ​ដឹង​ថា​ ប្រមុខ​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​ក្រុមហ៊ុន​ MH. Bio-energy Group​ និង​បាន​សុំ​ឲ្យ​នាយក​ក្រុមហ៊ុន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ឲ្យ​បាន​រឹងមាំ​ ដោយ​ក្នុង​នោះ​ប្រមុខរដ្ឋាភិបាល​មាន​ប្រសាសន៍​ថា​ រោងចក្រ​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​ជា​ច្រើន​ ក្នុង​នោះ​ដូចជា​ផ្ដល់​ជីវ​ឧស្ម័ន​ដែល​ជា​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ពិភពលោក​ ផ្ដល់​ទីផ្សារ​ដំឡូង​សម្រាប់​ប្រជាកសិករ​ខ្មែរ​ ផ្ដល់​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ផ្ដល់​បច្ចេកវិទ្យា​ទំនើប​ៗ​ដល់​កម្ពុជា​ផង​ដែរ។

រោង​ចក្រ​ផលិត​ជីវ​ឧស្ម័ន​របស់​ក្រុមហ៊ុន​ MH. Bio-energy Group ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខ័ណ្ឌ​ឫស្សីកែវ​ ក្រុង​ភ្នំពេញ​នោះ​ បាន​ពិពណ៌នា​លើ​គេហទំព័រ​របស់​ខ្លួន​តាម​ប្រព័ន្ធ​អ៊ិនធ័រណិត​ថា​ ខ្លួន​ជា​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រុមហ៊ុន​នេះ​គ្រោង​ចាប់ផ្ដើម​ផលិត​ជីវ​ឧស្ម័ន​អេតាណុល​នៅ​ក្នុង​ឆ្នាំ​២០០៨​នេះ។​ ក្រុមហ៊ុន​សរសេរ​ថា​ ៖​ "យើង​អាច​ផ្គត់​ផ្គង់​គ្រប់​ផលិត​ផល​កសិកម្ម​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ ជា​ពិសេស​ចំណិត​ដំឡូង​មី​ និង​ម្សៅ​មី"។

លោក​ ចាន់ តុងអ៊ីវ​ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​ប្រសាសន៍​ថា​ រោងចក្រ​ផលិត​ជីវ​ឧស្ម័ន​នេះ​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ដំឡូង​មី​របស់​កសិករ​កម្ពុជា​កាន់​តែ​ទូលាយ​ថែមទៀត។​ លោក​ ចាន់​ តុងអ៊ីវ​ មាន​ប្រសាសន៍​ថា​ កន្លង​មក​មាន​តែ​រោងចក្រ​ម្សៅ​ដំឡូង​មី​ប៉ុណ្ណោះ​ដែល​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម។​ បើ​តាម​លោក​ ចាន់ តុងអ៊ីវ​ គឺ​ទិន្នផល​ដំឡូង​មី​សរុប​នៅ​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ​ជាង​មួយ​ពាន់​តោន​ ដែល​ចំនួន​នេះ​នឹង​ត្រូវ​បង្កើន​ថែម​ទៀត​នៅ​ពេល​ដែល​រោងចក្រ​ជីវ​ឧស្ម័ន​ដំណើរការ។

សូម​បញ្ជាក់​ថា​ ជីវ​ឧស្ម័ន​ដែល​គេ​នឹង​ផលិត​នេះ​ គឺ​គេ​អាច​ប្រើ​ជំនួស​ប្រេង​ឥន្ធនៈ ធម្មជាតិ​បាន​ ហើយ​បើ​នៅ​ប្រទេស​កូរ៉េ​វិញ​គ្រោង​ប្រើ​ជីវ​ឧស្ម័ន​ជំនួស​ឲ្យ​បាន​ ៥%​ និង​ ប្រទេស​ម៉ាឡេស៊ី​ ២៤%។​ កន្លង​មក​នៅ​ប្រទេស​កម្ពុជា​ មាន​តែ​វិស័យ​វាយនភណ្ឌ​ទេ​ដែល​ធ្វើ​ការ​នាំ​ចេញ​ច្រើន​ជាង​គេ​ ប៉ុន្តែ​វត្ថុ​ធាតុ​ដើម​ដែល​ផលិត​នៅ​ក្នុង​វិស័យ​នេះ​ គឺ​ត្រូវ​នាំ​ចូល​ពី​បរទេស។​ ចំណែក​រោងចក្រ​ជីវ​ឧស្ម័ន​វិញ​ គឺ​វត្ថុធាតុដើម​ជា​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​ហើយ​នៅ​ក្នុង​ការ​ដំណើរ​ការ​នៃ​រោងចក្រ​នេះ​ គេ​សង្ឃឹម​ថា​ ទាំង​អ្នក​ទីក្រុង​ និង​អ្នក​ជនបទ​មាន​ការងារ​ធ្វើ​ច្រើន៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ សុក្រ 18 Jul 2008