វិចិត្រករ ទៀង ផល្លា គូរគំនូរផ្កាធំៗប៉ុនមនុស្ស (រូប៖សាម៉ែន)ភ្នំពេញ ៖ កាលពីនៅសិក្សាវិចិត្រករ ទៀង ផល្លា ចូលចិត្តគូរគំនូរបុរាណ និងគំនូរសត្វតូចៗ ប៉ុន្តែថ្មីៗនេះ លោកបានធ្វើការច្នៃប្រឌិតពីការគូរគំនូរសត្វតូចៗ មកគូរគំនូរផ្កាធំៗប៉ុនមនុស្ស ទទួលបានការពេញនិយមខ្លាំង ពិសេសជនជាតិបរទេស។
កាលពីខែមិថុនា ២០០៨ កន្លងទៅ វិចិត្រករ ទៀង ផល្លា បានយកគំនូរផ្កាធំៗប៉ុនរូបមនុស្សប្រមាណ១០ផ្ទាំងទៅដាក់តាំងពិព័រណ៍រួមជាមួយវិចិត្រករមួយរូបទៀត ឈ្មោះ ឯម រៀម ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនានៅហាងមួយមានឈ្មោះថា LA GALERIE XEM Design ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយជាប់ខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ។
ផ្ទាំងគំនូរផ្កាធំៗប៉ុនរូបមនុស្សដែលវិចិត្រករ ទៀង ផល្លា យកទៅដាក់តាំងពិព័រណ៍នៅពេលនោះ គឺជាស្នាដៃដំបូងរបស់លោកក្នុងការគូរគំនូរប្រភេទនេះ។
លោកបានរៀបរាប់ឲ្យដឹងថា កាលពីលោកនៅសិក្សា នៅមហាវិទ្យាល័យសូន្យរូប ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០០៤ លោកមានជំនាញខាងគូរគំនូរបុរាណ និងគំនូរសត្វល្អិតតូចៗ មានដូចជាត្រីជាដើម។ គំនូរបុរាណដែលលោកបានគូរនៅពេលនោះ មួយចំនួនបានបញ្ចេញលក់នៅតាមហាងលក់គំនូរនានា នៅរាជធានីភ្នំពេញ និងមួយចំនួនទៀតលក់ឲ្យគេយកទៅលក់បន្តនៅក្រៅប្រទេស។ លោកបានបញ្ជាក់ថា ក្រៅពីគូរគំនូរបុរាណ និងគំនូរសត្វល្អិត លោកក៏ចេះគូរប្លង់ផ្ទះ និងម៉ូតូផ្ទះគំរូ ព្រមទាំងគូរគំនូរនៅតាមវិហារចិនផងដែរ។
វិចិត្រករ ទៀង ផល្លា បានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមានការមមាញឹកខ្លាំងក្នុងការគូរគំនូរនៅតាមវិហារចិន ដែលគំនូរទាំងនោះទាក់ទងនឹងជំនឿសាសនារបស់ជនជាតិចិន។ ក្នុងវិហារមួយ លោកត្រូវចំណាយពេលគូរយ៉ាងតិចក៏ជាងមួយខែដែរ ហើយជាទូទៅគឺគូរទៅតាមគេកុម្ម៉ង់។
វិចិត្រករវ័យ៣៣ឆ្នាំរូបនោះ បាននិយាយឲ្យដឹងដែរថា តាមរយៈផ្ទាំងគំនូរដែលលោកគូរលក់នៅតាមហាងនានានៅរាជធានីភ្នំពេញ និងតាមរយៈ ការគូរគំនូរនៅតាមវិហារចិន ធ្វើឲ្យស្នាដៃរបស់លោកមានការចាប់អារម្មណ៍ពីវិចិត្រករមួយរូប ដែលឆ្លងកាត់ការសិក្សានៅប្រទេសបារាំង គឺលោក ឯម រៀម។ វិចិត្រករ ឯម រៀម បានមកទំនាក់ទំនងជាមួយលោក ដើម្បីឲ្យលោកគូរគំនូរផ្កាធំៗប៉ុនរូបមនុស្សសម្រាប់យកទៅតាំងពិព័រណ៍។
គំនូរផ្កាធំៗប៉ុនមនុស្ស (រូប៖សាម៉ែន)មុនដំបូង វិចិត្រករ ឯម រៀម បានសាកល្បងឲ្យលោកគូរគំនូរផ្កាធំទំហំ ៥០x៦០ សង់ទីម៉ែត្រឲ្យគាត់មើលសិន។ នៅពេលគាត់ពិនិត្យមើលឃើញថា ទឹកដៃរបស់លោកក្នុងការគូរគំនូរផ្កាធំបានល្អ គាត់ក៏សម្រេចឲ្យលោកគូរគំនូរប្រភេទនេះចំនួន១០ផ្ទាំង សម្រាប់យកទៅដាក់តាំងពិព័រណ៍។
គួរបញ្ជាក់ថា នៅថ្ងៃតាំងពិព័រណ៍គំនូរធំៗដែលជាស្នាដៃរបស់វិចិត្រករ ទៀង ផល្លា និង ឯម រៀម បានទទួលការកោតសរសើរយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលទស្សនា។ នៅពេលនោះ មានភ្ញៀវអន្តរជាតិមួយចំនួនបានទិញផ្ទាំងគំនូរផ្កាធំៗពីរបីផ្ទាំងយកទៅដាក់តាំងនៅកន្លែងធ្វើការ ឬលំនៅស្ថានរបស់ពួកគេផងដែរ។
វិចិត្រករ ទៀង ផល្លា បានបញ្ជាក់ថា "ពីមុនមក ខ្ញុំមិនដែលធ្លាប់គូរគំនូរផ្កាធំៗទេ ប៉ុន្តែដោយសារការច្នៃប្រឌិតរបស់លោក ធ្វើឲ្យមានសមត្ថភាពអាចគូរគំនូរប្រភេទនេះបានទទួលការកោតសរសើរគួរឲ្យមោទនភាពបំផុត"៕

