ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ក្រៅ​ពី​ផ្សារ​មូលបត្រ​កម្ពុជា​​នឹង​មាន​ផ្សារ​ "សញ្ញាប័ណ្ណ​រដ្ឋ"

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ភ្នំពេញ៖ ក្រៅ​ពី​​ផ្សារ​មូលបត្រ​ប្រទេស​កម្ពុជា​កំពុង​​បាន​ណែនាំ​​ឲ្យ​ស្គាល់​នូវ​ "ផ្សារ​សញ្ញាប័ណ្ណ​រដ្ឋ" មួយ​ទៀត​ដែល​ក្នុង​វិស័យ​នេះ​ផ្សារ​មូលបត្រ​ត្រូវ​​បាន​ជួយ​រៀបចំ​បង្កើត​ដោយ​ប្រទេស​កូរ៉េ​ ហើយ​ផ្សារ​សញ្ញាប័ណ្ណ​រដ្ឋ​ត្រូវ​បាន​ជួយ​ដោយ​ប្រទេស​ជប៉ុន។ កាល​ពី​ថ្ងៃ​អង្គារ​​ទី​៣០​មិថុនា​ឆ្នាំ​២០០៩​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ រួម​ជាមួយ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​ ក្រោម​ជំនួយ​គាំទ្រ​ហិរញ្ញវត្ថុ​​របស់​ប្រទេស​ជប៉ុន​បាន​រៀបចំ​ធ្វើ​សិក្ខាសាលា​មួយ​ដើម្បី​ហៅ​មន្ត្រី​​ស្ថាប័ន​នានា​មាន​គ្រឹះស្ថាន​អប់រំ​ផង​ឲ្យ​មក​ស្វែង​យល់​អំពី​ "ផ្សារ​សញ្ញាប័ណ្ណ​រដ្ឋ" ទាំង​អំពី​អត្ថប្រយោជន៍​និង​ការ​វិនិយោគ​ទៅ​លើ​វា។

លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈន់​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​ថ្លែង​ប្រាប់​សិក្ខាកាម​ថា​ ដំណើរ​ការ​អភិវឌ្ឍន៍​ទី​ផ្សារ​​សញ្ញាប័ណ្ណ​រដ្ឋ​នៅ​កម្ពុជា​ កំពុង​​បោះ​ជំហាន​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ហើយ​ថា​ ការ​បោះផ្សាយ​សញ្ញាប័ណ្ណ​រដ្ឋ​នឹង​​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់​នៃ​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ។

លោក​មាន​ប្រសាសន៍​ថា​ និយាយ​បែប​នេះ​ ពុំ​មែន​មាន​ន័យ​ថា​ រដ្ឋាភិបាល​​នឹង​​ប្រើប្រាស់​យន្ត​ការ​​ទី​ផ្សារ​សញ្ញាប័ណ្ណ​រដ្ឋ​ ដើម្បី​កៀរគរ​ហិរញ្ញប្បទាន​​ជំនួស​ឲ្យ​ប្រើប្រាស់​ហិរញ្ញប្បទាន​​របស់​ដៃ​គូ​អភិវឌ្ឍន៍​ទេ​ ហើយ​ក៏​ពុំ​មែន​មាន​ន័យ​ថា​ រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ហិរញ្ញប្បទាន​​របស់​ដៃ​គូ​អភិវឌ្ឍន៍​ជា​រហូត​នោះ​ដែរ។ លោក​មាន​ប្រសាសន៍​ថា​ មូលបត្រ​រដ្ឋ​នឹង​ជួយ​ជា​ប្រភព​ហិរញ្ញប្បទាន​​បម្រុង​ដ៏​សំខាន់​មួយ​សម្រាប់​គាំទ្រ​គម្រោង​​អភិវឌ្ឍន៍​នានា​របស់​រដ្ឋាភិបាល។

លោក​ គាត​ ឈន់​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ជា​ទ្រឹស្ដី​ទី​ផ្សារ​សញ្ញាប័ណ្ណ​រដ្ឋ​នឹង​ជួយ​លើក​តម្កើង​ការ​អភិវឌ្ឍន៍​​ផ្សារ​ទុន​របៀប​ច្រើន​​យ៉ាង​ហើយ​ដែល​សំខាន់​បំផុត​នោះ​ ទី​ផ្សារ​នេះ​នឹង​​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​នូវ​ខ្សែ​កោង​ទិន្នន័យ​​គ្មាន​ហានិភ័យ​មួយ​ ដោយ​ដើរ​តួ​ជា​បទដ្ឋាន​ប្រៀបធៀប​សម្រាប់​​វិស័យ​ឯកជន​ និង​អ្នក​បោះផ្សាយ​សញ្ញាប័ណ្ណ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ លោក​មាន​ប្រសាសន៍​​ដែរ​ថា​ ការ​បោះផ្សាយ​សញ្ញាប័ណ្ណ​ នឹង​បង្កើន​សក្ដានុពល​នៃ​ចំនួន​អ្នក​វិនិយោគ​និយាយ​ឲ្យ​ចំ​គឺ​អ្នក​ទិញ​សញ្ញាប័ណ្ណ​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​ ដោយសារ​ថា​​តម្លៃ​​ចារឹក​នៃ​សញ្ញាប័ណ្ណ​មាន​ទំហំ​តូច​ហើយ​តាមរយៈ​នេះ​អ្នក​បោះ​ផ្សាយ​នឹង​ទទួល​បាន​មូលនិធិ​ដែល​មាន​ទំហំ​សម្រាប់​​គាំទ្រ​គម្រោង​វិនិយោគ​រយៈកាល​វែង​​របស់​ខ្លួន តាមរយៈ​ការ​កេណ្ឌ​ប្រមូល​មូលនិធិ​ពី​ប្រាក់​សន្សំ​តូច​ និង​ធំ​គ្រប់​មជ្ឈដ្ឋាន។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​ការ​អភិវឌ្ឍន៍​​ទី​ផ្សារ​សញ្ញាប័ណ្ណ​រដ្ឋ​នៅ​កម្ពុជា​ ស្ថិត​​ក្នុង​​ដំណាក់កាល​នៃ​ការ​​រៀបចំ​ក្របខ័ណ្ឌ​បទបញ្ញត្តិ​ការ​កសាង​ធនធាន​មនុស្ស​និង​ស្ថាប័ន​និង​ការ​អប់រំ​​ចំណេះដឹង​សាធារណៈ​អំពី​ដំណើរការ​​ទីផ្សារ​នេះ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 02 Jul 2009