កសិករកំពុងល្ហុងខ្វងដោយសារតែ តម្លៃប្រេងឆៅកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ ជាបន្ទុកដ៏ធ្ងន់ធ្ងរដល់ការធ្វើអាជីវកម្ម និងដំណើរការក្នុងបច្ចេកទេសកសិកម្មនៅតាមជនបទ ក្នុងចំណោមប្រទេសនាំចូលប្រេងសាំង និងម៉ាស៊ូត។ ប្រទេសជាច្រើន បាននិងកំពុងកាត់បន្ថយការប្រើប្រាស់ប្រេងសាំង ឬម៉ាស៊ូត ដោយការប្រើប្រេងឥន្ធនៈ ចម្រាញ់ពីដំណាំកសិកម្មមួយចំនួនដូចជា ដូងប្រេង ពោត អំពៅ ល្ង និងគ្រាប់ល្ហុងខ្វង ជាដើម។ ប៉ុន្តែ ក្នុងប្រទេសកម្ពុជា មានតែប្រភេទដំណាំល្ហុងខ្វងមួយទេ ដែលផលិតជាជីវឥន្ធនៈបាន ដោយសារតែមានការសហការពីក្រុមហ៊ុនមួយចំនួន ក្នុងការបង្កើតម៉ាស៊ីនសម្រាប់ចម្រាញ់ប្រេងល្ហុងខ្វង ដើម្បីផលិតជាប្រេងម៉ាស៊ូត។
ប្រេងម៉ាស៊ូត ដែលគេប្រើភាគច្រើនក្នុងម៉ាស៊ីនម៉ាស៊ូតនៅជនបទ សម្រាប់ជាចរន្តអគ្គិសនី បូមទឹកស្រោចដំណាំ និងអាជីវកម្មខ្នាតតូចមួយចំនួន។ ម្យ៉ាងវិញទៀត អ្នកជំនាញបាននិយាយថា ដំណាំល្ហុងខ្វង ជាដំណាំដែលជាប្រភពចំណូលរបស់កសិករ ព្រោះកសិករអាចទាញប្រយោជន៍យ៉ាងច្រើនក្នុងការរកចំណូលរបស់កសិករនៅជនបទ ដោយសារផលិតផលមានទីផ្សារស្រាប់។
បច្ចុប្បន្ន កសិករកម្ពុជាកំពុងចាប់អារម្មណ៍ដាំដំណាំល្ហុងខ្វងយ៉ាងច្រើនដោយសារតែតម្រូវការគ្រាប់ល្ហុងខ្វងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែកើនឡើងរៀងរាល់ឆ្នាំ។ ចំនួនផ្ទៃដីដាំល្ហុងខ្វងមានប្រមាណជា ៣០ ០០០ហិកតាដែលត្រូវដាំក្នុងខេត្តកំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ព្រៃវែង សៀមរាប និងខេត្តមួយចំនួនទៀត ដែលផលិតជាគ្រាប់ល្ហុងខ្វងសរុបប្រមាណជា ៤០ ០០០តោនរៀងរាល់ឆ្នាំ។
លោក ដាវីឌ ហ្វូ (David Foo) នាយកក្រុមហ៊ុនជីវឥន្ធនៈកម្ពុជា (Biodiesel Cambodia Company) បានមានប្រសាសន៍ថា បរិមាណនេះ នឹងកើនឡើងពីមួយទៅមួយឆ្នាំ ដែលបង្កើតការងារយ៉ាងច្រើននៅជនបទ និងជួយកាត់បន្ថយភាពក្រីក្របានក្នុងរយៈពេលមួយយូរអង្វែង ព្រោះការដាំល្ហុងខ្វង អាចឲ្យផលដល់កសិករក្នុងរយៈពេលប្រមាណជា ៥០ឆ្នាំ។
ការដាំដំណាំល្ហុងខ្វង
ជាទូទៅ ល្ហុងខ្វងត្រូវដាំនៅក្នុងព្រៃប៉ុន្តែ សម្រាប់ប្រជាកសិករខ្មែរ និយមដាំល្ហុងប្រភេទនេះ នៅតាមរបងផ្ទះដើម្បីធ្វើជារបងការពារសត្វពាហនៈផ្សេងៗមិនឲ្យចេញពីផ្ទះ។ បច្ចុប្បន្ន ដំណាំនេះ កំពុងមានសក្ដានុពលពង្រីកផ្ទៃដីដាំដុះក្នុងបរិមាណកាន់តែច្រើន និងជំរុញដល់កសិករឲ្យដាំដំណាំល្ហុងខ្វង ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុនជីវឥន្ធនៈកម្ពុជា។
លោក ដេវីឌ ហ្វូ កំពុងពិនិត្យដំណាំល្ហុងខ្វងជាមួយកសិករខ្មែរលោក ដាវីឌ គ្រែងចឺ បានមានប្រសាសន៍បន្តថា ការដាំល្ហុងខ្វង នឹងផ្ដល់ផលដល់កសិករបានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ បើសិនជាមានការយកចិត្តទុកដាក់លើបច្ចេកទេសដូចជា ការប្រើប្រាស់ជី និងការស្រោចស្រពឲ្យបានល្អ។
លោកបានបន្ថែមថា ល្ហុងខ្វងមួយដើម ផ្ដល់ផលប្រមាណជា ៩គីឡូក្រាមសម្រាប់ក្នុងប្រទេសកម្ពុជា ប៉ុន្តែចំពោះប្រទេសថៃ ល្ហុងខ្វងមួយដើមផ្ដល់ផលប្រមាណ ២០គីឡូក្រាម ដោយសារដាំវា គឺអាស្រ័យលើបច្ចេកទេស និងប្រភេទដី។
គ្រាប់ល្ហុងខ្វង អាចចម្រាញ់ជាប្រេងល្ហុងខ្វង ដើម្បីផលិតជាប្រេងម៉ាស៊ូត និងអាចលាយជាមួយប្រេងម៉ាស៊ូតសម្រាប់ប្រើក្នុងម៉ាស៊ីនម៉ាស៊ូតគ្រប់ប្រភេទបានដែលអាចជួយកាត់បន្ថយការចំណាយលើប្រេងម៉ាស៊ូតបានមួយកម្រិតធំ។ ម្យ៉ាងវិញទៀត វាអាចផលិតបានជាផលិតផលច្រើនមុខផ្សេងទៀត ក្រៅពីម៉ាស៊ូត ដូចជាសាប៊ូ និងជាប្រេងសម្រាប់បំភ្លឺនៅតាមតំបន់ដាច់ស្រយាលជាដើម។
ថ្មីៗនេះ ទិន្នផលដំណាំល្ហុងខ្វង អ្នកជំនាញជាច្រើនរំពឹងថា នឹងមានកំណើនកាន់តែខ្លាំងដោយសារការវិនិយោគពីក្រុមហ៊ុនជប៉ុន។
ម្យ៉ាងវិញទៀត ដំណាំនេះវាងាយស្រួលដាំ ហើយដំណើរការចម្រាញ់ជាប្រេង ក៏មានលក្ខណៈងាយស្រួលផងដែរដោយមានម៉ាស៊ីនសម្រាប់កិនជាប្រេងល្ហុងខ្វងជាលក្ខណៈខ្នាតតូចសម្រាប់កសិករក្នុងការយកប្រេងនោះសម្រាប់ប្រើជាប្រយោជន៍យ៉ាងច្រើននៅក្នុងក្រុមគ្រួសារនៅតាមទីជនបទ។
កសិករម្នាក់ឈ្មោះ ប៊ុនហាក់ នៅខេត្តបន្ទាយមានជ័យ បាននិយាយថា ប្រមាណជា ៣គីឡូក្រាមនៃគ្រាន់ល្ហុងខ្វងអាចផលិតជាប្រេងល្ហុងខ្វងបានប្រមាណជា ១លីត្រ ដែលអាចប្រើក្នុងម៉ាស៊ីនសម្រាប់ជាប្រភពផ្គត់ផ្គង់អគ្គិសនីក្នុងសហគមន៍របស់គាត់។
ទីផ្សារល្អសម្រាប់ជីវឥន្ធនៈ
យោងតាម របាយការណ៍កសិកម្មសម្រាប់ការអភិវឌ្ឍន៍របស់ធនាគារពិភពលោក បានបង្ហាញថា ជីវឥន្ធនៈជាប្រភពនៃការបង្កើតជាថាមពល ដែលចម្រាញ់មកពីដំណាំកសិកម្មមួយចំនួន និងបានបង្កើតសក្ដានុពលថ្មីមួយសម្រាប់ដំណាំកសិកម្មមានទីផ្សារកាន់តែធំសម្រាប់កសិករ។
ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងផលិតជីវឥន្ធនៈ ដូចជាប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កំពុងផលិតជីវឥន្ធនៈពីដូងប្រេង ដោយឡែកប្រទេសឥណ្ឌា កំពុងចម្រាញ់គ្រាប់ល្ហុងខ្វងឲ្យទៅជាប្រេងម៉ាស៊ូត។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ឲ្យដឹងថា ហេតុផលសំខាន់នៃការផលិតជីវឥន្ធនៈ គឺជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងចំណាយលើការដឹកជញ្ជូនមួយចំនួនធំ។ កសិករនិងអ្នកវិនិយោគកម្ពុជា បានខិតខំដាំដំណាំល្ហុងខ្វងលើផ្ទៃដីកាន់តែធំទៅៗជារៀងរាល់ឆ្នាំ ដើម្បីឈានដល់ការបង្កើតម៉ាស៊ីនខ្នាតធំ សម្រាប់ចម្រាញ់ប្រេងល្ហុងខ្វង។
ក្នុងការបង្កើតម៉ាស៊ីនខ្នាតធំនោះកម្ពុជាត្រូវផលិតបរិមាណគ្រាប់ល្ហុងខ្វងប្រមាណជា ៤០ ០០០តោន សម្រាប់ដំណើរការក្នុងម៉ាស៊ីននោះ។ យោងតាមការសិក្សារបស់ក្រុមហ៊ុនជប៉ុនមួយចំនួន បានបង្ហាញថា បរិមាណនោះនឹងផលិតប្រេងល្ហុងខ្វងប្រមាណជា ១២ ០០០តោន រាល់ឆ្នាំ។
លោក ដាវីឌ គ្រែងចឺ បញ្ជាក់ថា ការដាំដំណាំល្ហុងខ្វង បានបង្កើតការងារបន្ថែមដល់កសិករខ្មែរក្នុងការអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។
លោកបានបន្ថែមថា ការបង្កើតម៉ាស៊ីនកែច្នៃឲ្យទៅជាជីវឥន្ធនៈគឺជួយឲ្យកសិករទទួលបាននូវការប្រើប្រាស់ប្រេងម៉ាស៊ូតក្នុងតម្លៃមួយទាប និងជំរុញកំណើនការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មនៅកម្ពុជា។ នៅពេលដែលកម្ពុជាដាំល្ហុងខ្វង និងផលិតប្រេងម៉ាស៊ូតបានដោយខ្លួនឯងនោះកម្ពុជា នឹងមិនទទួលផលអាក្រក់ពីការឡើងថ្លៃប្រេងសាំង និងម៉ាស៊ូតយ៉ាងគំហុកក្នុងទីផ្សារអន្តរជាតិឡើយ៕

